លោក​ សម​ រង្ស៊ី​ ប្រកាស​បូជាជីវិត​ដើម្បី​ស្ដា​រប្រ​ជា​ធិប​តេយ្យ​

លោក សម រង្សុី បានបង្ហោះវីដេអូ នៅថ្ងៃទី២៩ តុលា ២០១៩ អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ ឱ្យ​ជួយ​ធានា​សន្តិភាព​ និង​សេរីភាព​ប្រជាពលរដ្ឋ​កម្ពុជា​ និង ប្រកាស​ចូល​កម្ពុជា ​ទោះ​ត្រូវ​បូជាជីវិត (រូបភាពពីវីដេអូ)

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ប្រកាស​ចូល​កម្ពុជា​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃទី៩ វិច្ឆិកា​ ទោះ​ត្រូវ​បូជាជីវិត​ក៏ដោយ​ ដោយ​ថា​ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​ ខណៈ​បក្ស​កាន់អំណាច​បន្ត​ផាត់ចេញ​ពី​ឆាកនយោបាយ​។

តា​ម​វីដេអូ​រយៈពេល​ជាង ៣នាទី​ បង្ហោះ​លើ​ហ្វេ​សប៊ុ​ក លោក​ សម​ រង្ស៊ី​ អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ដែ​ល​​​និយម​ប្រជាធិបតេយ្យ​ ឱ្យ​ជួយ​ធានា​សន្តិភាព​ និង​សេរីភាព​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​ សម​ រង្ស៊ី​ ថ្លែង​ទៀត​ថា​ មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ បាន​ចោទប្រកាន់​លោក​ថា​ ជា​មេ​ឧទ្ទាម​ ហើ​យ​ថា​ ពេលនេះ​ បាន​បញ្ជា​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ត្រៀម​កម្ទេច​ក្រុម​លោក​ពេល​មកដល់​កម្ពុជា​។

លោក​ សម​ រង្ស៊ី​ បន្ត​ថា​ គម្រោង​វិល​ចូល​កម្ពុជា​របស់​លោក​ ដើម្បី​បំផុស​ឱ្យ​មាន​ចលនាមហាជន​ ឬអំណាច​ប្រជាពលរដ្ឋ​ ដូចដែល​បាន​កើតឡើង​ដោយសន្តិវិធី​ និង​អហិង្សា​ នៅ​ប្រទេស​ហ្វីលី​ពិន​ ក្នុង​ឆ្នាំ​១៩៨៦​។

លោក​ថា​៖ «នៅ​ថ្ងៃទី៩ វិច្ឆិកា​ ខាងមុខនេះ​ សូមអ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ទូទាំង​ពិភពលោក​នឹក​មក​ប្រទេស​កម្ពុជា​ផង​ ពីព្រោះ​ប្រជា​រា​ស្រ្តខ្មែរ​កំពុងតែ​តស៊ូ​ដើម្បី​ដណ្ដើ​មសេរីភាព​របស់​ខ្លួន​មកវិញ​ ។ ខ្ញុំ​ត្រៀមខ្លួន​រួចស្រេច​ហើយ​ ដើម្បី​បូជា​សេរីភាព​ហើ​យស្ម័​គ្រចិត្ត​បូជាជីវិត​របស់ខ្ញុំ​ដើម្បី​ផ្តល់​ឱកាស​ជា​ប្រវត្តិ​សា​ស្រ្តឱ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើងវិញ​​នៅ​ប្រទេសកំណើត​របស់ខ្ញុំ​ និង​ផ្តល់​សេរីភាព​ជូន​ប្រជា​រា​ស្រ្តដ៏​កម្សត់​របស់ខ្ញុំ​»។

លោក​ សម​ រង្ស៊ី​ រំឭក​ទៀត​ថា​ គណ​បក្ស​សង្ក្រោះ​ជាតិ​ ដែល​លោក​បង្កើត​ជាមួយ​លោក​ កឹម​ សុខា​ ទទួល​បាន​សំ​ឡេង​គាំ​ទ្រ​ ពីសំណាក់​ប្រជា​រា​ស្ដ្រប្រមាណ​ពាក់​កណ្ដាលន​គរ​ ប៉ុន្តែថា ​ត្រូវ​បាន​គេ​រំលាយ​ដោយ​អត្តនោ​ម័ត​មិន​អាច​​ចូលរួម​​ប្រកួត​ការបោះឆ្នោត​នា​ពេល​អនាគត​ដ៏​ខ្លី​នេះ​បាន​។

ម្យ៉ាង​វិញទៀត​ លោក​ សម​ រង្ស៊ី​ អះអាង​ថា ​សហការី​ដ៏​ឆ្នើម​បំផុត​របស់​លោក​ ត្រូវ​គេ​បាញ់សម្លាប់​ ឬក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំឃាំង​ លោកថា ដូច្នេះ​លោក​គ្មាន​ជម្រើស​ ក្រៅពី​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ដោយសន្តិវិធី​ និង​អហិង្សា​ ដើម្បី​ស្ដារល​ទ្ធិ​ប្រជាធិបតេយ្យ​ឱ្យរស់​ឡើងវិញ​។

​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ ថាមិន​ចាប់​អា​រម្មណ៍​ទៅ​នឹង​សារ​អំពាវនាវ​របស់​ លោក​ សម​ រង្ស៊ី​ នេះ​ទេ​ ដោយ​ចាត់ទុកថា​ សារ​នេះ​គ្រាន់តែ​ជា​កា​រកៀរ​គរ​មនុស្ស​ដើម្បី​ធ្វើជា​ឈ្នាន់​ ទាមទារ​អំណាច​តែ​ប៉ុ​ណ្នោះ​។

លោក​ថា​៖«យើង​ដឹង​ហើយ​ថា​ [លោក​ សម​ រង្ស៊ី​ ]ជិតដល់​ថ្ងៃអន្សា​ហើយ​ ថ្ងៃ៩ វិច្ឆិកា​ ជា​ថ្ងៃអន្សា​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​ហើយ​។ អ៊ីចឹង​ទេ​ ដើម្បី​កម្លាំងចិត្ត​របស់​ខ្លួន​មិន​ឱ្យ​រា​ថយ​ គឺ​ទណ្ឌិត​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ កងទ័ព​ ងើបឡើង​ពាំងមុខ​ខ្លូន​ ដើម្បី​យក​អំណាច​ឱ្យ​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ​»។

អ្នកនាំពាក្យបក្សកាន់​អំណាច​រូប​នេះ​ អះអាង​ទៀត​ថា​ កម្ពុជា​ជារ​ដ្ឋ​ឯករាជ្យ​ គ្មាន​បរទេស​​​ណា​ ប្រើ​សិទ្ធិ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពូ​ជាទេ​ ទោះ​ពួកគេ​ជា​តំណាង​រា​ស្រ្តក៏ដោយ​។

អ្នកវិភាគ​បញ្ហាសង្គម​​លោក​បណ្ឌិត​ មាស​ នី​ មានប្រសាសន៍​ថា​ ឫស​គល់​នៃជ​ម្លោះ​នយោបាយ​ វា​កើតឡើង​ដោយ​សារ​តែ​អ្នកនយោបាយ​​គិតតែ​ប្រយោជន៍​បក្សពួក​ច្រើនជាង​ប្រយោជន៍ជាតិ​។

អ្នកវិភាគ​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា​ ដើម្បី​ផ្សះផ្សា​ជម្លោះ​ អ្នកនយោបាយ​ខ្មែរ​ ត្រូវ​ហ៊ាន​ប្រកួត​អំណាច​ ដោយ​តម្លាភាព​ តម្កល់​ប្រយោជន៍ជាតិ​ជាធំ​ ដូចដែល​កម្ពុជា​បាន​សន្យា​ជាមួយ​អង្គការសហប្រជាជាតិ​ ពី​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​។

លោក​ថា​៖ «បើសិន​បើ​អ្នកនយោបាយ​ទាំងសងខាង​ហ្នឹង​គាត់​គិតថា​ អ្វី​ដែល​កំពុងតែ​ខិត​មក​​ជិត​នេះ​ វា​នឹង​ធ្វើ​ឱ្យ​ស​ង្គ​ម​​នេះ​​វា​ប្រឈម​ទៅ​នឹង​អំពើ​ហិង្សា​ ប្រសិនបើ​រឿ​ងហ្នឹង​កើត​មែន​។ យើង​ដឹង​ហើយ​ថា​ ទោះបីជា​រដ្ឋាភិបាល​គាត់​ព្យា​យាម​បង្ក្រាប​យ៉ាងណាក៏ដោយ​ បើ​យើង​មិនបាន​ឆ្លើយតបទៅនឹង​អ្វី​ដែល​ជា​ឫសគល់​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ពីដើម​​ទី​ម​ក​​​ទេ​ ហើយ​យើង​បន្ត​ធ្វើអ្វី​ដែល​ធ្លាប់ធ្វើ​អ៊ីចឹង​អា​បញ្ហា​ហ្នឹង​វា​អត់​ទៅណា​ឆ្ងាយ​ពី​យើង​ទេ​»។

ការ​រំលាយ​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ជំរុញ​ឱ្យ​បណ្ដាប្រ​ទេ​ស​នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ​ ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុ​ស្ស​​ និង​ប្រជាធិបតេយ្យ​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​ ដែល​ថា ​កម្ពុជា​អាច​នឹង​វិល​ទៅ​រក​របប​ដឹកនាំ​បែប​ផ្តាច់​ការ​។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ប្រើ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ កឹម​ សុខា​ ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​យន្តការ​ប្រជាធិបតេយ្យ​ មាន​អតី​តគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​រំលាយ​ទៅ​ហើយ​នោះ​ បាន​ចូលរួម​ប្រកួត​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ