វៀតណាម ទាក់ទាញ​ការ​វិនិយោគផ្ទាល់ពីបរទេសបានជាង២៩ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែ

វៀតណាមនៅក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩នេះ បានទាក់ទាញការវិនិយោគពីក្រៅប្រទេស គិតក្នុងទំហំទឹកប្រាក់សរុបបានចំនួន២៩,១១ពាន់លានដុល្លារអាមេរិក លើគម្រោងថ្មី និងគម្រោងចាស់ បូករួមការបណ្តាក់ និងទិញភាគហ៊ុន ដែលសរុបបានកើន៤,៣ភាគរយ ធៀបនឹងរយៈពេលដដែល នៅឆ្នាំ២០១៨។

យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានស្ថិតិក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម វិនិយោគិនបរទេសបានចាក់ទុនវិយោគរបស់ពួកគេសរុបចំនួន ១២,៨៣ពាន់លានដុល្លារ លើគម្រោងដែលបានចុះបញ្ជីការថ្មីចំនួន ៣០៩៤គម្រោង ស្មើនឹង៨៥,៤ភាគរយ នៃតួលេខស្ថិតិក្នុងឆ្នាំមុន ខណៈវិនិយោគខ្នាតយក្សតម្លៃខ្ទង់ពាន់លានដុល្លារពុំមាននៅក្នុងឆ្នាំនេះ។

របាយការណ៍ស្ថិតិដដែលឱ្យដឹងបន្ថែមថា ចំពោះគម្រោងចាស់ចំនួន១១៤៥ ត្រូវបានវិនិយោគពង្រីកបន្ថែមជាមួយទឹកប្រាក់សរុបចំនួន៥,៤៧ពាន់លានដុល្លារ ធ្លាក់ចុះ១៦,៤ភាគរយ បើគិតជាចំនួនទុន តែកើន២០ភាគរយ បើគិតជាចំនួនគម្រោង ធៀបនឹងរយៈពេលដដែលនៅឆ្នាំមុន។

ក្រុមអ្នកវិនិយោគបរទេសបានចំណាយទុនសរុប១០,៨១ពាន់លានដុល្លារ សម្រាប់ការបណ្តាក់ទុនក្នុងភាគហ៊ុន និងទិញភាគហ៊ុន ជាមួយកិច្ចព្រមព្រៀងចំនួន៧៥០៩ អំឡុងពេល១០ខែដូចគ្នានេះ ដែលតំណាងឱ្យកំណើនទុនសរុប៧០,៥ភាគរយ។

តួលេខនៃការវិនិយោគនេះ បានបង្ហាញពីកំណើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបង្កើតបានជាចំណែកមួយភាគធំនៃលំហូរទុនវិនិយោគពីក្រៅប្រទេសសរុប ចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម។ ពោលគឺ បានកើន១៧,០២ភាគរយ នៅឆ្នាំ២០១៧, ២៧,៧៨ភាគរយ នៅឆ្នាំ២០១៨ និង៣៧,១ភាគរយ គិតត្រឹមរយៈពេល១០ខែដំបូងឆ្នាំ២០១៩។

សកម្មភាពវិនិយោគពីក្រៅប្រទេសអំឡុង១០ខែចុងក្រោយនៃឆ្នាំនេះដែរ ត្រូវបានប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន១៦,២១ពាន់លានដុល្លារ កើន៧,៤ភាគរយក្នុងមួយឆ្នាំ។

ការកែច្នៃ និងការផលិតបានបន្តជាកត្តាទាក់ទាញខ្លាំងបំផុតសម្រាប់ក្រុមអ្នកវិនិយោគបរទេសអំឡុងពេល១០ខែចុងក្រោយនេះ ដែលមានទឹកប្រាក់ចំនួន១៨,៨៣ពាន់លានដុល្លារ ស្មើនឹង៦៨,១ភាគរយនៃទំហំទុនវិនិយោគសរុប តាមពីក្រោយដោយទុនវិនិយោគលើវិស័យអចលនទ្រព្យចំនួន២,៩៨ពាន់លានដុល្លារ (ស្មើ១០,២ភាគរយនៃទុនវិនិយោគសរុប)។

ក្នុងចំណោមប្រទេស និងទីក្រុងចំនួន១០៧ ដែលកំពុងបណ្តាក់ទុនវិនិយោគក្នុងប្រទេសវៀតណាមអំឡុង១០ខែចុងក្រោយ ហុងកុងគឺជាប្រភពធំបំផុតជាមួយទឹកប្រាក់ ៦,៤៥ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូងជាមួយទឹកប្រាក់៥,៥២ពាន់លានដុល្លារ និងប្រទេសសិង្ហបុរី ជាមួយទឹកប្រាក់ចំនួន៤,២១ពាន់លានដុល្លារ។

ទីក្រុងហាណូយ គឺជារដ្ឋធានីដែលជាគោលដៅវិនិយោគពីបរទេសច្រើនបំផុតនៅឆ្នាំនេះ ជាមួយទឹកប្រាក់ចំនួន៦,៦១ពាន់លានដុល្លារ ស្មើនឹង២២,៧ភាគរយនៃទំហំទឹកប្រាក់វិនិយោគពីក្រៅប្រទេសសរុប ខណៈទីក្រុងហូជីមិញជាគោលដៅបន្ទាប់ដែលទទួលបានទុន៤,៩៦ពាន់លានដុល្លារ ស្មើនឹង១៧ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ