ក្រសួងមហាផ្ទៃប្រកាសពិគ្រោះយោបល់លើសំណើរវិសោធនកម្មច្បាប់ NGO

ក្រុមយុវជនមកពីអង្គការសង្គមស៉ីវិល ជួបជុំគ្នានៅមុខរដ្ឋសភាដើម្បីដាក់ញត្តិទាមទារអោយទន្លាក់ចោលច្បាប់ស្ដីNGO ,កាលពីឆ្នាំ២០១៥ (រូបថតហ្វេសបុក លោក ស ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជា)

ក្រសួងមហាផ្ទៃប្រកាសពិគ្រោះយោបល់ លើសំណើរវិសោធនកម្មច្បាប់ស្ដីពី សមាគម​និង​អង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី០៤ខែវិច្ឆកាខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់​ក្រសួងមហាផ្ទៃចុះកាលបរិច្ឆេទថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩។

ក្រសួងមហាផ្ទៃបញ្ជាក់ក្នុងសេចក្ដីប្រកាសដដែលថា កិច្ចប្រជុំពិគ្រោះយោបល់នេះជា​ការស្វែង​យល់បន្ថែម លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលស្នើឡើងដោយក្រុមអង្គការសង្គមស៊ីវិល។ ម្យ៉ាងទៀតការប្រជុំនេះគឺ ក្រុមការងារ​រាជ​រដ្ឋាភិបាល ជាអ្នកសម្របសម្រួលដោះស្រាយសំណើរនិងសំណូមពររបស់​អង្គការ​សង្គមស៊ីវិល។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស  មាន​​ប្រសាសន៍​ថា អង្គការខុមហ្វ្រែលនិងអង្គការចំនួន១៩ផ្សេង​ទៀត បានដាក់លិខិតរួមគ្នាទៅ​ក្រសួងមហាផ្ទៃកាលពីខែកញ្ញាកន្លងទៅ ដើម្បីស្នើសុំដាក់សំណើរធ្វើវិសោធនកម្មច្បាប់​នេះ​ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ លោកបន្តថារូបលោកផ្ទាល់ស្វាគមន៍​ចូលរួម​វេទិកាពិគ្រោះយោបល់នៅថ្ងៃទី០៤វិច្ឆកាខាងមុខ  ប្រសិនណាមានការអញ្ជើញ​ពី​ក្រសួង​មហាផ្ទៃ។

លោក កន សាវាង្ស មានប្រសាសន៍ថា៖ «យើងនឹងរៀបចំក្រុមអ្នកច្បាប់ រួមទាំងតំណាងក្រុមសង្គមស៊ីវិលចំនួន១៩ដែលគាំទ្រចូលជួប បើយើងមានការអញ្ជើញ។យើងខ្ញុំមិនទាន់សន្និដ្ឋានថា តើការកែប្រែនៃច្បាប់នេះ ក្នុងកម្រិតណានោះទេ តែយើងនូវតែមានសង្ឃឹមថាក្រសួងនិងមានការពិនិត្យឡើងវិញ ក្រោយពីច្បាប់នេះបានដាក់ចេញ និងអនុវត្តរួចមកហើយនោះ។ បញ្ហាដែលកើតឡើង សមាគម និងអង្គការក៏បានបង្ហាញដល់ក្រសួងផងដែរ ហេតុយើងយល់ថាក្រសួងមិនអាចធ្វើត្រឹមរូបភាពឱ្យល្អមើលនោះទេ»។

បើតាមខុមហ្វ្រែលក្រុមអង្គការសង្គមស៊ីវិល បានស្នើធ្វើវិសោធនកម្មច្បាប់នេះលើមាត្រាចំនួន ចំនួន៩ ។ មាត្រាទាក់ទងការចុះឈ្មោះមាន ៣មាត្រា គឺ មាត្រា៧ មាត្រា៨ មាត្រា៩ ។​មាត្រានិយាយពីដំណើរការប្រព្រឹត្តទៅនៃសមាគម និងអង្គការរួមមាន៤មាត្រាគឺ មាត្រា១០ មាត្រា២០ មាត្រា២៤ និងមាត្រា២៥។រីឯមាត្រានិយាយពីទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស មាន២មាត្រាគឺមាត្រា៣០ និងមាត្រា៣១។

ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រឡាយព្រះ​ហស្ដ​លេខា ដាក់ឱ្យប្រើកាលពីថ្ងៃទី១២សីហាឆ្នាំ២០១៥ មាត្រា៨ជំពូកនិង៣៩មាត្រា។

កាលនោះអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ព្រួយបារម្មណ៍ជុំវិញការប្រើប្រាស់ច្បាប់នេះដើម្បីគាបសង្កត់លំហសេរីភាពរបស់សង្គមស៊ីវិល ប៉ុន្តែ​រាជរដ្ឋាភិបាលសន្យាថានឹងធ្វើវិសោធនកម្មបើសិនជាការអនុវត្តច្បាប់បង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ