ជនជាតិដើមភាគតិចថាការបាត់បង់ដីធ្លី និងព្រៃឈើ ធ្វើឲ្យប៉ះពាល់​ដល់​ប្រភពស្បៀងសំខាន់ៗរបស់ពួកគាត់

ក្រុមជនជាតិដើមភាគតិច ដែលមកពីតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា (រូបភាពពីវីដេអូ វីអូឌី)

ក្រុមជនជាតិដើមភាគតិច ដែលមកពីតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានអះអាងថាការបាត់បង់ដីធ្លី និងព្រៃឈើ គឺបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហាររបស់ពួកគាត់ ដោយថាពួកគេរស់នៅពឹងផ្អែកស្ទើរទាំងស្រុងទៅលើធនធានធម្មជាតិ​​ទាំងនេះ។

តំណាងជនជាតិដើមភាគតិចកួយមកពីឃុំប្រមែរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា សហគមន៍របស់ពួកគាត់កំពុងប្រឈមនឹងជីវភាពរស់នៅ ក្រោយដីធ្លី ពិសេសដីព្រៃសមូហភាព​របស់ខ្លួ​ន​ត្រូវបាន​បាត់បង់​ បន្ទាប់ពីមានវត្តមានក្រុមហ៊ុនវិនិយោគនៅតំបន់នោះ។

អ្នកស្រីបន្តថា ដីធ្លី និងព្រៃឈើ គឺ មានសារៈសំខាន់ណាស់​ ព្រោះវាជាប្រភពផលិតស្បៀងអាហារ និងចំណូលប្រចាំដល់ពួកគាត់ ដូចជាធ្វើស្រែចម្ការ រុករកបន្លែបង្ការ ឬ រកផលអនុផលព្រៃឈើ រួមមានរកឃ្មុំ វល្លិ៍ ជ័រ ផ្តៅ​ ដើម្បីចិញ្ចឹមជីវិតជាដើម។

អ្នកស្រីបន្តថា ៖ «ព្រោះអីជនជាតិដើមភាគតិចខ្ញុំរស់ពឹងផ្អែកអាស្រ័យលើដីធ្លី ធនធានធម្មជាតិ ។ បើកាលណាតែអស់ដីធ្លី អស់ព្រៃ យើងអត់មានអ្វីប្រកបមុខរបរ ធ្វើឱ្យយើងធ្លាក់ខ្លួនទៅក្នុងជីវភាពក្រីក្រ ហើយស្បៀងអាហារក៏អត់មានដែរ»។

ក្រុមការងារស្តី្រជនជាតិដើមភាគតិច បានរៀបចំវេទិកាស្តីពីស្បៀងអាហារពិភពលោក ក្រោមប្រធានបទ របបអាហារដែលគិតពីសុខភាព ដើម្បីពិភពលោកគ្មានភាពអត់ឃ្លាន ដែលមានអ្នកចូលរួមនៅព្រឹកថ្ងៃទី១ជាង១រយនាក់ ហើយកម្មវិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃ២៩ និង ៣០តុលា។

កម្មវិធីនេះ ជនជាតិដើមភាគតិចក៏បានលើកឡើងពីយុទ្ធនាការដីធ្លី ដើម្បីសុវត្ថិភាពស្បៀងអាហារជនជាតិដើមភាគិច។ យុទ្ធនាការលុបបំបាត់ករណីចាប់រំលោភ រំលោភសម្លាប់ទៅលើស្ត្រី និងក្មេងស្រីជនជាតិដើមភាគតិចផងដែរ។

អនុប្រធានក្រុមការងារស្ត្រីជនជាតិភាគតិចនៅកម្ពុជា និងជាជនជាតិដើមភាគតិចចារ៉ាយ  អ្នកស្រី ហ្វុង ពិសី មានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើង ដើម្បីផ្សព្វផ្សាយពីបញ្ហាប្រឈមរបស់ពួកគាត់ទៅកាន់ស្ថាប័នពាក់ព័ន្ធ សម្រាប់រួមគ្នាដោះស្រាយ។

អ្នកស្រីថា សុវត្ថិភាពស្បៀងអាហាររបស់​ជនជាតិដើមភាគតិច នឹងលែងមាន នៅពេលសុវត្ថិភាពដីធ្លី ព្រៃឈើ ត្រូវបាត់បង់។ ​

អ្នកស្រីបន្តថា៖ «ដូចពេលបច្ចុប្បន្នអីចឹងយើងឃើញថា ដីធ្លី ព្រៃឈើនៅតំបន់ជនជាតិដើមភាគតិចចាប់ផ្តើមបាត់បង់។ អីចឹងសុវត្ថិភាពស្បៀងអាហារសម្រាប់ជនជាតិដើមភាគតិចនឹងលែងមានដូចគ្នា។ ចំណុចសំខាន់សម្រាប់ជនជាតិដើមភាគតិចពួកយើងមានតែ​ បង្កើនការសាមគ្គីដើម្បីការពារដីធ្លីរបស់ពួកយើង»។

អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ទទួលបន្ទុកចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចនិងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃ លោក អាំ វាសនា លើកឡើងថាជនជាតិដើមភាគតិចពិតជាប្រឈម​បញ្ហាសន្តិសុខស្បៀងអាហារប្រាកដមែន។

លោកថាបញ្ហានេះកើតឡើង​ ដោយសារពួកគាត់ភាគច្រើនរស់នៅតំបន់ដាច់ស្រយាល ហើយពឹងស្ទើរទាំងស្រុង​លើដីធ្លី ធនធានធម្មជាតិ ស្របពេលដីធ្លី និងធនធានធម្មជាតិនោះក៏ចេះតែបាត់បង់។ ប៉ុន្តែលោកផ្តល់​យោបល់ថាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ពលរដ្ឋជនជាតិដើមភាគតិចគប្បីបង្កើនការដាំបន្លែបង្ការក្បែរផ្ទះ និងចិញ្ចឹមសត្វបន្ថែមទៀត។

លោកបន្តថា៖ «ជាយោបល់ខ្ញុំ ពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាព សុវត្ថិភាពស្បៀងអាហារនេះ គួរបងប្អូនជនជាតិដើមភាគតិចទាំងអស់គិតគូឡើងវិញ ធ្វើឱ្យខ្លួនឯងហ្នឹងឧស្សាហ៍ព្យាយាម ឱ្យមានការដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វនានា ក្នុងមូលដ្ឋានរបស់ខ្លួន»។

លើកឡើងក្នុងឱកាសនោះ នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថាសុវត្ថិភាពស្បៀងអាហារ របស់ជនជាតិដើមភាគតិច គឺ កើតចេញពីសុវត្ថិភាពដីធ្លី ពិសេសដីសមូហភាពរបស់ពួកគាត់ ដោយធានាសិទ្ធិកាន់កាប់ និងអាស្រ័យផល ដែលគ្មានការគំរាមកំហែងឬ រំលោភបំពាន។

ជាមួយគ្នានេះ អ្នកស្រី ស្នើឱ្យរដ្ឋាភិបាលពន្លឿនក្នុងការចុះបញ្ជីទទួលស្គាល់សិទ្ធិដីព្រៃសហគមន៍របស់ឱ្យបានឆាប់រហ័សផងដែរ។

អ្នកស្រីមានប្រសាសន៍ថា៖ «ចាស៎! ការដែលយើងមានសុវត្ថិភាពផ្នែកដីធ្លីនេះ គឺវាធានាដល់សុវត្ថិភាពស្បៀងអាហារដូចគ្នា»។

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា កាលពីដើមឆ្នាំ២០១៧ បង្ហាញថា ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន ២៤ក្រុមឬ២៤អំបូរ នៅខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនៈគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានចំនួនជនជាតិដើមភាគតិចខ្ពស់ជាងគេ។

នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង បញ្ជាក់ថាមិនទាន់មានទិន្នន័យជាក់លាក់ បង្ហាញពីចំនួនជនជាតិដើមភាគតិចនៅឡើយទេ ប៉ុន្តែលោកប៉ាន់ប្រមាណថាបច្ចុប្បន្នអាចមានចំនួនជនជាតិដើមភាគតិចមានប្រមាណ៤០ម៉ឺននាក់ឬ ស្មើប្រមាណ២ភាគរយនៃប្រជាជនកម្ពុជាសរុប។

បើតាមលោក ប៊ុនហៀង ឱ្យដឹងថា ក្នុងចំណោមដីសហគមន៍ជនជាតិដើមភាគតិចជាង ៥រយសហគមន៍ គឺ មានប្រមាណ៣០សហគមន៍ប៉ុណ្ណោះ ត្រូវបានចុះបញ្ជីទទួលស្គាល់​ជាដីសមូហភាពរបស់ជនជាតិដើមភាគតិចស្របច្បាប់៕ 

ដោយលោក៖ វ៉ា សុភានុត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ