កម្មករ៥០នាក់នៅរោងចក្រហ៊ឹងជីងបាត់បង់ប្រយោជន៍ប្រមាណ១០ម៉ឺនដុល្លារក្រោយថៅកែបិទអាជីវកម្ម

កម្មកររោងចក្រហ៊ឹងជីងឈរលើកមុខក្រសួងការងារដើម្បីសុំអន្តរាគមន៍ពីក្រសួងជួយដោះស្រវិវាទការងានៅថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩

កម្មករ​កម្មការិនីប្រមាណ៥០នាក់ដែល​ធ្លាប់​​បម្រើការ​នៅ​រោងចក្រ​ ហ៊ឹង​ ជីង ​ ស្ថិត​ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញបានបាត់ផលប្រយោជន៍ប្រមាណ១០ម៉ឺនដុល្លារ ក្រោយពីថៅកែរោងចក្របិទទ្វាអាជីវកម្មរត់ចោលដោយមិនទូទាត់សំណងជូនពួកគេ។

មន្រ្តី​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ​ លោក​ ស៊ាង​ យ៉ូ​ត ដែលចូលប្រជុំ​ស្វែងរកដំណោះស្រាយ​ជាមួយភាគីពាក់ព័ន្ធកាលពីម្សិលមិញមានប្រសាសន៍ថា បើដោះស្រាយតាមផ្លូវច្បាប់ គឺកម្មករប្រមាណ៥០នាក់ត្រូវទទួលបានប្រាក់សំណងជាង១៣ម៉ឺនដុល្លារ។ ទោះយ៉ាងណាក៏ដោយមន្ត្រីសហជីពរូបនេះបន្តថា ក្រោយជួបប្រជុំរកដំណោះស្រាយក្រុមកម្មករសម្រេចព្រមទទួលយកទឹកប្រាក់ត្រឹមតែ៣៧០០០ដុល្លារប៉ុណ្ណោះ ​ដោយសារពួកគេមិនចង់ខាតពេល និងរង់ចាំយូរបន្តទៀត។

បើតាម លោក​ ស៊ាង​ យ៉ូ​ត តំណាងអ្នកទិញសំភារៈក្រុមហ៊ុនហ៊ឹង ជីង និងភាគីក្រសួងការងារបានសន្យាប្រគល់ប្រាក់ចំនួន៣៧០០០ដុល្លារ​នោះឲ្យកម្មករនៅថ្ងៃទី៣១តុលា។

លោក ស៊ាង យ៉ូត មានប្រសាសន៍ថា ការមិនដោះស្រាយបញ្ហាជូន​កម្មករឲ្យបានឆាប់ និងធ្វើកម្មករខាតបង់ផលប្រយោជន៍ដ៏ច្រើន​នេះ គឺដោយសារភាពកំសោយរបស់ក្រសួងការងារដែលមិនខិតខំយកចិត្តទុកដោះស្រាយជូនកម្មករ។

លោក និយាយថា៖«បញ្ហានេះដោយសារមន្ត្រីរបស់ក្រសួងពុំមានចំណាត់ការច្បាស់លាស់ទៅលើការដោះស្រាយហ្នឹង។ ហើយអាជ្ញាធរអះអាងថា ស្រាវជ្រាវរកថៅកែមិនឃើញ។ ខ្ញុំគិតថាវា គឺភាពកម្សោយរបស់អាជ្ញាធរ និងក្រសួងការងារក្នុងការដោះស្រាយរឿងហ្នឹង»

កម្មការនីអ្នកស្រី ពៅ លីណា ប្រាប់វី.អូ.ឌីថា ក្រុមកម្មករបានដេកយាមមុខរោងចក្ររយៈពេល៣ខែហើយ ចាប់តាំងពីថៅកែបិទទ្វារឈប់ដំណើរការអាជីវកម្ម ដោយមិនបានដោះស្រាយសំណងជូនពួកគេ។

កម្មការនីរូបនេះបន្តថា មិនតិចជាង៣ដងទេ ដែលអាជ្ញាធរពាក់ព័ន្ធបានជួបប្រជុំគ្នារកដំណោះស្រាយជូនកម្មករ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែពុំទទួលបានដំណោះស្រាយដដែល ដែលធ្វើឲ្យកម្មកររងទុក្ខលំបាក ខាត់បង់ពេលវេលា និងពុំមានថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ និង​បង់បន្ទប់ជួល ទឹក ភ្លើងជាដើម។

អ្នកស្រីបន្ថែមថា៖«ក្នុងថ្ងៃហ្នឹង[៣១]ខាងអាជ្ញាធរក៏ដោយ ខាងក្រសួង ខាងថៅកែក៏ដោយ ប្រសិនបើថ្ងៃ៣១ហ្នឹងបើអត់បើលុយឲ្យខ្ញុំទេ ពួកខ្ញុំនឹងទាមទារទូទាត់សំណងតាមច្បាប់ស្តីពីការងារវិញហើយ។ ព្រោះខ្ញុំបានសម្រួលអស់ប៉ុណ្ណឹងហើយ ការពិតពួកខ្ញុំត្រូវទទួលបានលុយច្រើនជាងនេះ»។

វី.អូ.ឌី មិនអាចសុំការបកស្រាយពីប្រធានរដ្ឋបាលរោងចក្រហ៊ឹងជីង អ្នកស្រី អួយ ណៃស៊ីម បានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។

អនុប្រធាននាយកដ្ឋានវិវាទការងារលោក ខៀវ សាវុធ ដែលទទួលបន្ទុកដោះស្រាយករណីវិវាទការងាររោងចក្រហ៊ឹង ជីង មានប្រសាសន៍ថា ក្រសួងការងារកំពុងខិតខំសម្របសម្រួលដោះស្រាយបញ្ចប់ជូនកម្មករ។

លោក បន្ថែមថា៖« យើងបន្តសម្របសម្រួលគ្នាជាបន្តបន្ទាប់ទៀតរហូតដល់ចប់ ព្រោះយើងមានសិទ្ធិមួយគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ»

បើ​តាម​កំណត់ហេតុប្រជុំរកដំណោះស្រាយរវាងភាគីពាក់ព័ន្ធកាលពីថ្ងៃទី២១ ខែតុលា​ ម្ចាស់​រោងចក្រ​ ហ៊ឹង​ ជីង​ ឈ្មោះ​ FAN​ XIAO​ LIN​ ជា​ជនជាតិ​ចិន​  និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ឈ្មោះ​ DAI​ ZENG​ JIA​ ក៏​ជា​ជាតិចិន​ដែរ​ ដែល​មានកម្ម​ករ​សរុប​ ១៥០នាក់​បម្រើការ​ងារ​នៅ​រោងចក្រ​មួយ​នេះ ​ដោយក្នុងនោះ​កម្មករចំនួន៥០នាក់ជាសមាជិកសហជីពស៊ីខាវឌូបានបម្រើការងារនៅរោងចក្រ ហ៊ឹង ជីង ចម្លោះពី៣ទៅ៩ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ