ក្រសួងមហាផ្ទៃ ណែនាំមន្ត្រីរាជការ​មិនឱ្យឈប់​ក្នុង​អំឡុងថ្ងៃផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី

ក្រសួង​មហាផ្ទៃ

អាជ្ញាធរខេត្តខ្លះបានចេញបម្រាមមិនឱ្យមន្ត្រីរាជការរបស់ខ្លួនឈប់សម្រាកឬ ចេញទៅក្រៅប្រទេស​ចាប់ពី​ចុងខែ​តុលា​ រហូតដល់ថ្ងៃទី១៣វិច្ឆិកា ដោយថាជាការបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

​បញ្ជានេះ ធ្វើឡើងស្របពេលនៃផែនការវិលត្រឡប់ចូលមកកម្ពុជា របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់ខ្លួន នៅថ្ងៃទី ៩វិច្ឆិកា ខាងមុខ។

កាលពីថ្ងៃទី ២៤ តុលា អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានចេញលិខិតមួយដោយណែនាំទៅមន្ត្រី រាជការក្នុងខេត្ត តាំងពីថ្នាក់ប្រធានមន្ទីរ ស្ថាប័ននានា ​ រហូតដល់ថ្នាក់ឃុំ សង្កាត់ទាំងអស់ ដោយមិន​អនុញ្ញាត​ឱ្យឈប់សម្រាកឬ ចេញទៅក្រៅប្រទេសចាប់តាំងពីចុងខែតុលា រហូតដល់ថ្ងៃទី ១៣តុលា លើកលែងតែ​មានករណី​ឈឺធ្ងន់ធ្ងរ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មិនបានបំភ្លឺបន្ថែមលើសេចក្តីណែនាំនេះទេរហូតមកទល់​រសៀល​ថ្ងៃទី២៨តុលានេះ ដោយថាជាប់រវល់ប្រជុំ​។

យ៉ាងណាលិខិតដដែលបានអះអាងថា បម្រាមនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តទទួល​បានសេចក្តីណែនាំ​ពីថ្នាក់​ដឹកនាំក្រសួងមហាផ្ទៃ។

លិខិតសរសេរថា៖ «ខ្ញុំសូមជម្រាបជូនលោក លោកស្រី ជ្រាបថា ដោយមានការណែនាំពីថ្នាក់ដឹក​នាំក្រសួង​មហាផ្ទៃ ចំពោះការសុំច្បាប់ឈប់សម្រាក និងការធ្វើដំណើរបេសកកម្មទៅ​ក្រៅប្រទេសចាប់ពីថ្ងៃជូន​ដំណឹង រហូតដល់ថ្ងៃទី ១៣ វិច្ឆិកា ២០១៩ មិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែមានករណីឈឺធ្ងន់ធ្ងរ»។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍ថា ខាងលោកក៏ទទួលបានសេចក្តីណែនាំ​របស់​ក្រសួង​​មហាផ្ទៃ អំពីបញ្ហានេះដែរ ប៉ុន្តែលោកមិនទាន់សេចក្តីណែនាំឬ សេចក្តីជូនដំណឹងទៅមន្ត្រីក្រោមឱវាទ​នៅឡើយទេ។ អភិបាលខេត្តរូបនេះ ថាការចេញលិខិតណែនាំនេះ ក៏មិនមានអ្វីនោះទេ ដោយថាជារឿងធម្មតា​ប៉ុណ្ណោះ។

លោកបន្តថា ៖ «បាទ! កាលណាមានលិខិតអីចឹង គឺ ផ្សព្វផ្សាយទាំងអស់ហើយ។ ខ្ញុំមិនទាន់បានធ្វើផង​(សេចក្តីជូន​ដំណឹង) ។ យើងយកលិខិតហ្នឹងហើយ(លិខិតណែនាំរបស់ក្រសួងមហាផ្ទៃ) ផ្សព្វផ្សាយ​ដល់ស្រុកដល់អី លិខិតរបស់ក្រសួងដើម្បីចម្លងជូនទៅស្រុក»។

ចំណែកអភិបាលខេត្តកំពង់ធំ លោក សុខ លូ លើកឡើងថា ខាងលោកនៅមិនទាន់ទទួលបានសេចក្តីណែនាំ​ណាមួយពីក្រសួងមហាផ្ទៃ ដើម្បីហាមប្រាមមិនឱ្យមន្ត្រីក្រោមឱវាទឈប់សម្រាក អំឡុងពេលព្រឹត្តិការណ៍នៃ​ការវិល​​ត្រឡប់​ចូលស្រុក របស់ លោក សម រង្ស៊ី នៅឡើយទេ ហើយលោកក៏មិនទាន់មានគម្រោង​ធ្វើលិខិត​ណែនាំ​ទៅថ្នាក់ក្រោមជុំវិញបញ្ហាឈប់សម្រាកនេះដែរ។

យ៉ាងនេះក្តី អភិបាលខេត្តរូបនេះ បានលើកឡើងថា លោក​បានផ្សព្វផ្សាយអំពីអំពើក្បត់ជាតិរបស់លោក សម រង្ស៊ី ទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការរួចហើយ ហើយនឹងចាត់វិធានការតាមច្បាប់ប្រសិនបើមន្ត្រីរាជការឬ ពលរដ្ឋទាំងនោះនាំគ្នាចូលរួមគាំទ្រឬ ទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី ។

លោកមានប្រសាសន៍ថា៖ «ជារួមគម្រោងប្រកូកប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី អាហ្នឹងរដ្ឋបាល​ខេត្តមាន​កាតព្វកិច្ច កងម្លាំងគណៈបញ្ជាការខេត្តគឺចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់។ បងប្អូនដែល​ចូល​រួមសមគំនិត នេះ ពីបទឧបឃ្ឃាត ជាប់ទោសពី៥ ទៅ ១០ឆ្នាំ ហើយបើជាមន្ត្រីរាជការ ជាប់ទោស​ពី១០​ឆ្នាំទៅ​២០ឆ្នាំ។ អីចឹងរឿងនេះ ទោះបីជាតម្លៃណាក៏ដោយយើងមិនអាចឱ្យជនណា មកបំផ្លាញសុខ​សន្តិភាព​របស់​ប្រទេស​យើង​បានទេ  »។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំមិនបកស្រាយបន្ថែមលើករណីនេះឡើយ។

លោកមានប្រសាសន៍ថា៖ «ពូ មិនឆ្លើយសំណួរហ្នឹងទេ ព្រោះសំណួរហ្នឹងមិនអព្យាក្រឹត្យ»។

នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សេចក្តីណែនាំដល់មន្ត្រីរាជការនេះ ត្រូវបានគេ​មើល​ឃើញថាជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ លើសពីនេះ លោកថា សេចក្តីណែ​នាំ​ហាមឃាត់មន្ត្រីរាជការ មិនឱ្យឈប់សម្រាក ឬ ចេញទៅក្រៅប្រទេសនេះ ក៏ជាការរំលោភ​សិទ្ធិមនុស្ស​ផង​ដែរ។

លោកមានប្រសាសន៍បន្ថែម៖«មួយទៀតជាការព្រួយបារម្ភ(របស់រដ្ឋាភិបាល) ក្រែងលោអាជ្ញាធរ ឬ ក៏អីហ្នឹង ​គាត់អាចពាក់ព័ន្ធនឹងបញ្ហាអីផ្សេងៗ អីចឹងបានគេមានការរឹតបន្តឹង។ អាហ្នឹងបើយើងគិតពីបញ្ហាសិទ្ធិមនុស្ស វាជាការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិពលរដ្ឋ។ បើទោះបីជាពួកគាត់ជាមន្ត្រីរាជការ ក៏ជាពលរដ្ឋដែរ ហើយការបិទសិទ្ធិមិនឱ្យឈប់សម្រាក ឬចេញទៅក្រៅប្រទេសក្នុងកាលៈទេសៈហ្នឹង វាជាការរឹតត្បិតសេរីភាពរបស់ពួកគាត់មួយហើយ »។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានកំណត់យកថ្ងៃទី ៩ វិច្ឆិកា ជាថ្ងៃវិលត្រឡប់ចូលស្រុក​របស់​អតីតប្រធានគណបក្សដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស លោក សម រង្ស៊ី និងមន្ត្រី​ជាន់​ខ្ពស់របស់​ខ្លួនចូល​មកកម្ពុជា។

ទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី នៅតែប្រកាសជំហរម៉ឹងមាត់ថានឹងចូលប្រទេសកម្ពុជាឱ្យបាននៅថ្ងៃទី ៩ វិច្ឆិកាខាងមុខ ដោយថាចូលមករំដោះប្រទេសចេញពីក្រញាំដៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង​បក្ខពួក​ ហើយដើម្បីឱ្យមានដំណោះស្រាយសម្រាប់ជាតិកម្ពុជា។

អតីតមេបក្សប្រឆាំងរូបនេះ ក៏បានអំពាវនាវឱ្យអ្នកគាំទ្រនៅក្រៅប្រទេសពិសេស ពលករនៅប្រទេសថៃ ឱ្យនាំគ្នាចូលរួមអមដំណើរលោក ក្នុងការវិលត្រឡប់ចូលមកកម្ពុជានៅថ្ងៃទី៩ វិច្ឆិកាឱ្យបានកាន់តែច្រើន​ទៀតផង។

កាលពីថ្ងៃទី ២៦ តុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងលើទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា ​ផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ​និងបក្សពួកគឺជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយ​ដែល​នឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាពនិងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិនិងប្រជាជនកម្ពុជា។

លោកបញ្ជាក់ថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថិរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំ​រាជ​រដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យឡើយ។

ហ្វេសប៊ុកលោក ស ខេង សរសេរថា៖ «សូមអំពាវនាវដល់អ្នកនយោបាយនិងបងប្អូនជនរួមជាតិទាំងអស់ ត្រូវ​រួបរួមគ្នាប្រឆាំងចំពោះ​គំរោងផែនការនៃចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវ​ចូល​រួម​ក្នុង​សកម្មភាពណាមួយរនៃផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ជាដាច់ខាត»។ 

កាលពីថ្ងៃទី ១៦តុលា សមាជិកសភាប្រទេសស៊ុយអែត បានផ្ញើសេចក្តីថ្លែងការមួយមកកាន់លោក ហ៊ុន សែន ដោយជំរុញឱ្យកម្ពុជាអនុវត្តន៍​អនុសាសន៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ពិសេសស្នើឱ្យ​ ដោះលែងលោក កឹម សុខា និងបើកផ្លូវឱ្យមានកិច្ចសន្ទនារវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំង។

សេចក្តីថ្លែងការណ៍ដដែល ក៏ទាមទារឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយដល់​មន្រ្តីជាន់ខ្ពស់​អតីតបក្ស​សង្គ្រោះ​ជាតិ​​១១៨រូប គោ​រពសិទ្ធិធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំអតីតបក្សនេះ៧រូប ដែលកំពុងរស់​នៅនិរទេស​ខ្លួន ហើយស្តារលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ