ប្រជាសហគមន៍ចោទអាជ្ញាធរមូលដ្ឋានថាប្រកាន់បក្សពួកមិនដោះស្រាយបញ្ហាដីធ្លី និងធនធានធម្មជាតិជូនពួកគេ

សន្និសីទថ្នាក់ជាតិលើកទី១២ ស្តីពីអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩

ប្រជាសហគមន៍មកពីបណ្តារាជធានី ខេត្តមួយចំនួន​ បានចោទអាជ្ញាធរមូលដ្ឋានខេត្តថា​ធ្វើការងារប្រកាន់បក្សពួកនិយម ដោយមិនសហការជួយប្រជាពលរដ្ឋទាក់ទងបញ្ហាដីធ្លី និងធនធានធម្មជាតិ ដែលពួកគេរាយការណ៍ឲ្យជួយអន្តរាគមន៍នោះទេ។

ក្នុង​សន្និសីទថ្នាក់ជាតិលើកទី១២ ស្តីពីអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ នៅថ្ងៃទី២៥ ខែតុលានេះ តំណាងប្រជាសហគមន៍ម​កពីភូមិតានូន ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង លោក  សំ វុទ្ធី បាននិយាយថា អាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាជាមួយក្រុមហ៊ុន យូ.ឌី.ជី បានទន្ទ្រានយកដីរបស់ប្រជាពលរដ្ឋដែលបន្សល់ទុកពីដូនតា ដែលក្នុងនោះ ចំនួន២ស្រុក ចំនួន៥ឃុំ លើផ្ទៃដី ជាង១ពាន់ហិចតា។

លោកបន្តថា ជំម្លោះដីធ្លីនេះកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមិនបានរកដំណោះស្រាយឲ្យស្របតាមគោលនយោបាយរដ្ឋាភិបាល និងប្រសាសន៍លោកនាយករដ្ឋមន្ត្រីដែលធ្លាប់អះអាងថាមិនឲ្យប្រជាពលរដ្ឋរូបណារងគ្រោះដោយសារដីធ្លីនោះឡើយ។

លោកមានប្រសាសន៍៖ «ពាក្យសម្តេច [ហ៊ុន សែន] គាត់និយាយថា មិនឲ្យប្រជាពលរដ្ឋណាមួយរងគ្រោះដោយសារដីធ្លីនោះទេ  ឬក៏ចាប់ដាក់ទោស ឬក៏អ្វីមួយច្បាស់នោះទេ អត់ឲ្យមានរឿងចឹងកើតឡើងសោះ។ ប៉ុន្តែអាជ្ញាធរ អាជ្ញាធរថ្នាក់ក្រោម ហើយខ្ញុំមកដល់ថ្នាក់ជាតិទៀត គាត់អត់ព្រមគិតគួពន្លឿនរឿងហ្នឹងទេ ពីរស្រុក ប្រាំឃុំ រងគ្រោះណាស់ បើមិនជឿទេអាចទាក់ទងតាមក្រសួងដែនដី ឬតាមដំណឹងសមន៍នីនយៗ​»

អ្នកស្រី ភោគ ហុង  ដែលអះអាងថា ជាតំណាងហគមន៍នៅតំបន់ព្រៃឡង់ ស្ថិតនៅក្នុងខេត្តព្រះវិហារ បានលើកឡើងថា ពួកគេជួបបញ្ហាប្រឈមជាច្រើនជាមួយអាជ្ញាធរភូមិ ឃុំ ពិសេសជុំវិញការ​ជំរុញឲ្យមានការបង្រ្កាប​បទល្មើសព្រៃឈើ និងកាប់រានដីព្រៃសហគមន៍។ ករណីនេះ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាល ស្រាវជ្រាវចាត់វិធានការច្បាប់លើមន្ត្រីថ្នាក់ក្រោម ទើបទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធិភាពខ្ពស់។

អ្នកស្រីមានប្រសាសន៍ថា៖ «​ច​ង់ឲ្យរដ្ឋាភិបាលនៅថ្នាក់លើជួយធ្វើម៉េច​​ចាត់វិធាន[ច្បាប់]ការលើអាជ្ញាធរភូមិឃុំ ដែលគាត់គាំទ្របទល្មើស ហើយជំរុញបទល្មើសឲ្យមានកាប់រានដីបន្ត គឺធ្វើការតាមផ្លូវច្បាប់ មិនសំខាន់ទៅលើយើងមានអំណាច មានអ្វីទេ។ អ្នកមានអំណាច អ្នកដែលគាំទ្រក៏គាត់ខុសច្បាប់ដែរ ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី ព្រៃឈើ»

លោក ជា សុផាត តំណាងសហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ ដែលអះអាងថា ធ្លាប់ធ្វើជាទាហាន និងមានផ្កាយមួយ ទើបចូលនិវត្តន៍ បានលើកឡើងថា ពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ​ ដោយលោកចោទក្រុមហ៊ុននោះថាបានឈូសឆាយយកដីពួកគាត់រាប់សិបហិចតា ខណៈប្រជាពលរដ្ឋដែលមិនទាន់ទទួលយកសំណងនាពេលបច្ចុប្បន្ននេះ មានចំនួនជាង៧០គ្រួសារ។

លោក សុផាត អះអាងថា បើស្ថាប័នរដ្ឋមិនជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាមួយក្រុមហ៊ុន OCIC ទេ និងធ្វើឲ្យពួកគាត់ជួបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំនៅតស៊ូរាល់ថ្ងៃ ដោយសារអយុត្តិធម៌សំរាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ដីជ្រោយចង្វារ​អាចចែករំលែកដល់កូនចៅឲ្យរស់នៅបានស្រួល។ ប្រសិនជាអស់លោកអភិវឌ្ឍន៍គិតតែខ្លួនឯង តើឲ្យពួកខ្ញុំរស់នៅបែបម៉េច​»

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ទទួលស្គាល់ថា អាជ្ញាធរមូលដ្ឋានមួយចំនួនមិនទាន់មានការសហការល្អជាមួយប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិល ក្នុងការធ្វើកិច្ចការការពារដីធ្លី និងធនធានធម្មជាតិនៅឡើយ។

នាយកប្រតិបត្តិអង្គការនេះ អះអាងថាសន្និសីទថ្នាក់ជាតិលើកទី១២ នឹងយកចំនុចខ្វះខាត ដាក់ទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើ​ម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន។

លោកមានប្រសាសន៍ថា៖ «មានការខ្វះខាតអ្វី បញ្ហាប្រឈមអ្វីខ្វះ? ហើយមានផែនការសកម្មភាពធំៗអ្វីខ្លះ ដែលស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ ប្រជាសហគមន៍ខ្លួនឯងអាចចូលរួមចំណែកទាំងអស់គ្នា ?ហើយធ្វើការដាក់ជាសកម្មភាពរួម ហើយចូលរួមចំណែកក្នុងការដោះស្រាយ​»

វីអូឌី មិនអាច​សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងក្រសួងមហាផ្ទៃ លោក​ ខៀវ សុភ័គ និង អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម​ និងសំណង់ លោក សេង ឡូត បានទេ​នៅរសៀលថ្ងៃនេះ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសា​សន៍ថា ​លោកស្រីនឹងចាត់មន្ត្រីជំនាញ ដើម្បីធ្វើការចុះធ្វើការស្រាវជ្រាវលើមន្ត្រីថ្នាក់ក្រោម ដែលថាមិនសហការជាមួយប្រជាសហគមន៍។ លោកស្រីបន្តថា ប្រជាពលរដ្ឋ ឬប្រជាសហគមន៍ដែលចង់រាយការណ៍ពាក់ព័ន្ធរឿងដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ ត្រូវផ្ញើសារទៅក្នុងហ្វេសប៊ុកសាលាខេត្ត ដើម្បីងាយស្រួលលោកស្រីចាត់មន្ត្រីជំនាញជួយដល់ពួកគេឲ្យបានទាន់ពេលវេលា។

លោក​ស្រីមានប្រសាសន៍ថា៖ «ហ្វេសប៊ុករបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក​ ហើយនិងមានលេខទូរសព្ទថាជួយដោះស្រាយ និងបែងចែកទៅតាមថ្នាក់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ