តើ​ប្រមុខរដ្ឋាភិបាល​ក្រុងហុងកុងនឹងត្រូវចិន​បញ្ចប់តំណែងដើម្បីពន្លត់កំហឹងពលរដ្ឋដែរឬទេ?

លោកស្រី Carrie Lam ត្រូវបានរដ្ឋាភិបាលកម្មុយនីសចិនជ្រើសតាំងជាប្រធានប្រតិបត្តិក្រុងហុងកុង នៅឆ្នាំ២០១៧

យោងតាមសារព័ត៌មាន Financial Times ចេញផ្សាយថ្ងៃម្សិលមិញ លើកឡើងថា ប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងបញ្ចប់មុខតំណែងលោកស្រី Carrie Lam មុនអាណត្តិ ហើយដាក់ជំនួសមេដឹកនាំចាំផ្ទះមួយរូប ដើម្បីដោះស្រាយវិបត្តិនៅហុងកុងនៅបានអូសបន្លាយជាច្រើនខែ។

ប្រភពដដែលឱ្យដឹងទៀតថា បើគ្រោងការនេះកើតឡើងមែន អតីតប្រធានអាជ្ញាធររូបីយវត្ថុហុងកុង លោក Norman Chan ឬអតី​តប្រធានលេខាធិការហុងកុង លោក Heng Tang អាចនឹងមកជំនួសលោកស្រី Lam។ ព័ត៌មាននេះ ត្រូវបានប្រមុខការទូតក្រុងប៉េកាំងប្រកាសទាត់ចោលភ្លាមៗ និងថាជាព័ត៌មានចចាមអារ៉ាមនយោបាយបែបបំផុសបំផុល។

បើតាមសារព័ត៌មាន Shanghai Daily រដ្ឋមន្រ្តីការបរទេសចិន លោក Hua Chunying លើកឡើងថា៖«រដ្ឋាភិបាលកណ្តាលក្រុងប៉េកាំង នឹងបន្តគាំទ្រយ៉ាងមុតមាំលើលោកស្រី Lam និងកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលហុងកុងក្នុងការបញ្ឈប់អំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ទីក្រុងឱ្យបានឆាប់តាមដែលអាចធ្វើបាន»

យ៉ាងណាទាក់ទិននឹងព័ត៌មាននេះ គេមិនទាន់ទទួលបានការប្រកាសបដិសេធជាផ្លូវការពីមន្រ្តីរដ្ឋបាលក្រុងហុងកុងនៅឡើយ។

កាលពីខែកក្កដា សារព័ត៌មាន Financial Times ដដែល បានរាយការណ៍ថា លោកស្រី Carrie Lam មានបំណងលាលែងតំណែងដើម្បីបញ្ចប់វិបត្តិ ប៉ុន្តែ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងបង្ខំមិនឱ្យលោកស្រីឈប់។ បន្ទាប់មក លោកស្រីក៏ចេញមុខប្រកាសបដិសេធចំពោះការលើកឡើងនោះ។

លោកស្រី Carrie Lam ត្រូវបានរដ្ឋាភិបាលកម្មុយនីសចិនជ្រើសតាំងជាប្រធានប្រតិបត្តិក្រុងហុងកុង នៅឆ្នាំ២០១៧ ដោយមានអាណត្តិរយៈពេល៥ឆ្នាំ ពោលគឺ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។

តំណែងលោកស្រី បានរង្គោះរង្គើចាប់តាំងពីចលនាបាតុកម្មអូសបន្លាយជាច្រើន​ខែ និងបង្កជាអំពើហិង្សាធ្ងន់ធ្ងរជារឿយៗ ហើយមានបាតុករជាង២៣០០នាក់ត្រូវបានចាប់ខ្លួន។

ចលនាបាតុកម្ម ផ្តើមពីដើមខែមិថុនា ទាមទារឱ្យលោកស្រី Lam ទម្លាក់ចោលសំណើច្បាប់ធ្វើបត្យាប័នពលរដ្ឋហុងកុងដែលជាប់សង្ស័យពីបទឧក្រិដ្ឋទៅជំនំជម្រះទោសនៅចិនដីគោក។ ក្រុមបាតុករចាត់ទុកថា ច្បាប់នេះរំលោភលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពលរដ្ឋហុងកុង។

បើទោះបីលោកស្រី Lam យល់ព្រមទម្លាក់ចោលសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះក្តី ក៏មិនអាចពន្លត់កំហឹងក្រុមបាតុករហុងកុងដែរ។ ក្រុមបាតុករទាំងនោះ ទាមទារលោកស្រីបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីហិង្សាចំពោះបាតុករ ដោះលែងបាតុករជាប់ឃុំទាំងអស់ ឱ្យលោកស្រីលាលែងពីតំណែង​ និងកែទម្រង់នយោបាយដើម្បីឱ្យមានសិទ្ធិកាន់កាប់ជាសកលពិតប្រាកដ។ ការទាមទារទាំងនេះ ត្រូវលោក​ស្រីទាត់ចោល។

ចាប់តាំងផ្ទុះការតវ៉ាមក ប្រជាប្រិយភាពរបស់លោកស្រី Carrie Lam បានធ្លាក់ចុះ២២.៣ពិន្ទុ នៅក្នុងការបោះឆ្នោតថ្មីមួយធ្វើឡើងដោយអង្គការ Freedom House។

លោកស្រីព្យាយាមស្តារទំនុកចិត្តពីក្រុមបាតុករ ដោយបង្កើតកម្មវិធីសន្ទនារវាងថ្នាក់ដឹកនាំ និងអ្នកដែលមិនពេញចិត្តការដឹកនាំលោកស្រី​ បង្កើតគោលនយោបាយលំនៅដ្ឋានថ្មី និងចុងក្រោយទម្លាក់ចោលច្បាប់ធ្វើបត្យាប័នជាផ្លូវការ តែការខំប្រឹងប្រែងទាំងនេះ នៅតែមិនមានប្រសិទ្ធិភាព។

បើតាមសារព័ត៌មាន Financial Times ដដែល ក្រុមបាតុករលើកឡើងថា ពួកគេនឹងមិនបញ្ឈប់ការតវ៉ានោះទេ ដរាបណាសមាជិកសភា និងប្រធានប្រតិបត្តិដែនដីរបស់ខ្លួន មិនត្រូវបានជ្រើសតាំងដោយការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងពិធីរំឭកខួប៧០ឆ្នាំនៃការបង្កើតបក្សកម្មុយនីសប្រជាជនចិន កាលពីថ្ងៃទី១តុលា លោក Xi Jinping បានអំពាវនាវឱ្យរក្សាស្ថិរភាពនៅហុងកុង និងបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនលើនយោបាយ”ប្រទេសមួយ ប្រើប្រព័ន្ធពីរ” ពោលគឺចាត់ទុកកិច្ចការរបស់ហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ