សមាជិកសភាស៊ុយអែត ជំរុញឱ្យកម្ពុជាអនុវត្តន៍អនុសាសន៍អ្នករាយការណ៍ពិសេស UN

សមាជិកសភាប្រទេសស៊ុយអែត លោកស្រី Asa Eriksson (រូបភាព៖សភាស៊ុយអែត)

សមាជិកសភាស៊ុយអែត ជំរុញឱ្យកម្ពុជាអនុវត្តន៍​អនុសាសន៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ពិសេសស្នើឱ្យនាយករដ្ឋមន្រ្តីកម្ពុជា ដោះលែងលោក កឹម សុខា និងបើកផ្លូវឱ្យមានកិច្ចសន្ទនារវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំង។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦តុលា សមាជិកសភាស៊ុយអែត៦រូប មកពីគណបក្សសង្គម​ប្រជាធិបតេយ្យ ដែល​កំពុងដឹកនាំប្រទេស បានរួមគ្នាស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យអនុវត្តអនុសាសន៍អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ដែលបានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លើកទី៤២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមុន។

សេចក្តីថ្លែងការណ៍ដដែល ក៏ទាមទារឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយដល់មន្រ្តីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ១១៨រូប គោ​រពសិទ្ធិធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំអតីតបក្សនេះ៧រូប ដែលកំពុងរស់នៅនិរទេសខ្លួន ហើយស្តារលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាត់ទុកការ​ទាមទាររបស់សមាជិកសភាស៊ុយអែតទាំងនេះ​ មិនឆ្លុះប​ញ្ចាំ​​ងការពិតនៅកម្ពុជា ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់នោះទេ ហើយថា ពួកគេគួរតែមកសិក្សាពីតថភាពជាក់ស្តែងនៅកម្ពុជា។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖«សេចក្តីថ្លែងការរបស់ពួកគេហ្នឹងមិនបញ្ជាក់ថាពួកគេហ្នឹងស្គាល់ច្បាស់ពីបញ្ហានៅកម្ពុជានោះទេ។ អាហ្នឹងជាការសោកស្តាយមួយ។ គេគួរតែមកសិក្សាឱ្យច្បាស់តើរឿងអ្វីៗដែលកើតឡើង​ឆ្លើយតបនឹងសេចក្តីថ្លែងអត់ ថ្លែងការរបស់គេហ្នឹងគឺមានគុណភាព ហើយនិងប្រសិទ្ធភាព? ដូច្នេះសេចក្តីថ្លែងការហ្នឹងវាអត់មានបានប្រយោជន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជានោះទេ»។

លោកបន្ថែមថា​ រដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាងទៅតាមច្បាប់ ហើយថាអង្គកា​រ ឬរដ្ឋបរទេសមានតួនាទីត្រឹមជាដៃគូអភិវឌ្ឍ គ្មានសិទ្ធិបង្គាប់បញ្ជាមកលើរដ្ឋាភិបាលឡើយ។

សមាជិកសភាប្រទេសស៊ុយអែត លោកស្រី Asa Eriksson ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា លោកស្រីតាមដានការអភិវឌ្ឍនៅកម្ពុជាពីរឆ្នាំមកហើយ ហើយលោកស្រីក៏បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយសមាជិកសភាដទៃម្តង និងគ្រោងមកម្តងទៀតផងដែរ។

លោកស្រី ប្រាប់ វីអូឌី​ តាមសារអេឡិចត្រូនិកបន្ថែមថា៖«ការការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺជាកិច្ចការអាទិភាពមួយក្នុងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ និងបរទេស នៃប្រទេសស៊ុយអែត និងជាចំណាប់អារម្មណ៍ដំបូងនិងសំខាន់បំផុតរបស់ខ្ញុំ។ សិទ្ធិមនុស្សគឺជាបញ្ហាសកល និងគ្មានព្រំដែនខណ្ឌចែក។ សេរីភាពបញ្ចេញមតិ និងសិទ្ធិក្នុងការចូលរួមក្នុងអភិបាលកិច្ចនៃប្រទេសរបស់នរណាម្នាក់ជាសិទ្ធិមនុស្សសំខាន់។ សិទ្ធិវិលត្រឡប់មកកាន់ប្រទេសដែលខ្លួនគឺជាពលរដ្ឋម្នាក់ត្រូវបានចែងយ៉ាងរឹងមាំក្នុងសទ្ធិសញ្ញាអន្តរជាតិដែលកម្ពុជាគឺជារដ្ឋភាគី»

អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានចាត់ទុកសេចក្តីថ្លែងការណ៍នោះ ជាការជំរុញឱ្យមានការលើកស្ទួយការគោ​រពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា របស់តំណាងរាស្រ្តនៃប្រទេសលោកសេរី។

លោកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់​ វីអូឌី តាមប្រព័ន្ធ Telegram ថា៖«ការទាមទារឱ្យមានការដោះលែងលោកប្រធា​ន កឹម សុខា ក៏ដូចជាការចោទប្រកាន់ ព្រមទាំងឱ្យត្រឡប់បានមកវិញនៃគណបក្សស​ង្គ្រោះជាតិ និងអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ១១៨រូបនេះ គឺជាការទាមទាររបស់គេដើម្បីឱ្យប្រទេសកម្ពុជាយើង ជាពិសេសលោក ហ៊ុន សែន គោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»

សាស្រ្តាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការមិនយកចិត្តទុកដាក់លើសំណើរបស់សមាជិកសភានៃប្រ​ទេសដែលជាសមាជិកសហភាពអឺរ៉ុប នឹងធ្វើឱ្យកម្ពុជាអាចប្រឈមកាន់តែខ្លាំងចំពោះលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុ​គ្រោះ​ពន្ធ EBA។

លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា៖«កម្ពុជាយើង(នឹង)បាត់បង់នូវគេហៅថាឱកាស ឬក៏លទ្ធភាពនៃការនាំទំនិញកម្ពុជាចូលទីផ្សារអឺរ៉ុប។ យើងនឹងជាប់ពន្ធ ហើយកាលណាជាប់ពន្ធកម្ពុជាមានបញ្ហានៅក្នុងការបង់ពន្ធបន្ថែម ឬចំណាយថវិកាបន្ថែមទៅលើថវិការបស់(ទំនិញ)រួចពន្ធរបស់អឺរ៉ុបដែលផ្តល់ឱ្យកម្ពុជា។ កម្ពុជាអាចមានបញ្ហាដល់ពេលអភិវឌ្ឍសេដ្ឋកិច្ច។ ចឹងអ្វីដែលជាកង្វល់របស់សហគមន៍អឺរ៉ុបលើកឡើងក៏ជាលក្ខខណ្ឌ ឬក៏ជាកតាព្វកិច្ចរបស់កម្ពុជា ធ្វើការនៅក្នុងស្មារតី ឬក៏ហៅថាខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងបារីសដែរបាទ»

ធនាគារ​ពិភព​លោក​បានព្យាករណ៍ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ការ​គំរាម​កំហែង​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»ឬ​ហៅ​កាត់​ថា«EBA»ដែល​ផ្ដល់​ឱ្យ​ដោយ​សហភាព​អឺរ៉ុប។

តែយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា កម្ពុជានឹងមិនយកអធិបតេយ្យភាពខ្លួនទៅដោះដូរនឹងលក្ខ​ខណ្ឌ​ជំនួយណាមួយពីអន្តរជាតិឡើយ ហើយថាការបាត់បង់ EBA នឹងមិនធ្វើឲ្យកម្ពុជាស្លាប់ដែរ។

ចាប់តាំងពីប្រធានអតីតបក្សសង្គ្រោះជាតិ និងបក្សនេះត្រូវបានរំលាយក្នុងឆ្នាំ២០១៧ សហភាពអឺរ៉ុបបានដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្ស ជាថ្នូរនឹងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ