បទ​យកការណ៍៖ ស្រ្តីពិការជើងម្នាក់នៅខេត្តកំពង់ធំ​ត្រូវ​បាន​ជ្រើសជាកសិករគម្រូ​ផ្នែកដំណាំ​ក្រូច​ឆ្មា

អ្នក​នាង​ ឃ្លី នី បញ្ឆេះ​ម៉ាស៊ីន​បូម​ទឹកក្នុងផ្ទះរបស់គាត់នៅ​ភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។​(រូបភាព៖សាញ់ ប៊ុនហឿន)

« ខ្ញុំ​គិត​ថា​មិន​ធ្វើ​ទៅ តើ​បាន​អី​ចឹញ្ចឹម​ជីវិត​ទៅ​មុខ​ទៀត? យើង​នៅ​ផ្ទះ​ដេក​ក្រោកៗ ក៏​វា​មិន​កើត​ យើង​ដើរ​រួច​ដែរហ្នឹង​ មិន​មែន​ដើរ​មិន​រួចឯណា។ បើ​ខ្វាក់​ខ្វិន​អស់​ទៅវា​ដើរ​មិន​រួច នៅ​ជើង​ម្ខាង​អញ្ចេះ​បើ​នៅ​ធ្វើ​បាន​គឺ​ខ្ញុំ​នៅ​ធ្វើ » ។

នេះជាការរៀបរាប់របស់ស្រ្តីពិការអាយុ ៣៦ឆ្នាំ ឈ្មោះ ឃ្លី នី។

កញ្ញា ឃ្លី នី បានបាត់បង់ជើងម្ខាង​ដោយ​គ្រាប់​មីន​កាល​ពី​ជាង​២០ឆ្នាំ។  

« វា​ដាក់​មីន​តាម​ផ្លូវ លើ​ផ្លូវ​រទេះ​យើង​បរ វា​ដាក់​នៅ​ទ្រូង​ផ្លូវដាក់​កប់​ខ្សាច់​​។ ខ្ញុំ​ពរ​ប្អូន​(ជីដូន​មួយ)ខ្ញុំ​សព្វថ្ងៃ វា​បាន​ប្រពន្ធ​កូន​ហើយ ពរចង្កេះ​ខាង​នេះ​ឯង(ខាង​ឆ្វេង) ដើរ​មួយ​ជំហានៗ​ម្នាក់​តែ​បងខ្ញុំ​គាត់​ឃើញ​ពំនូក​ដី​គាត់​លោត​ទៅ​ផុត ដល់​ខ្ញុំ​ពរ​ប្អូន​ខ្ញុំ​ដែល​វា​យំ ជាន់​ទៅ​ទុល អត់​ដឹង​ថា​ត្រូវ​ខ្លួន​ឯងទេ របូត​ជង្គង់​ទេ។ ដល់​អ៊ុំ​ខ្ញុំ​រត់​ទៅ​លើក​ក្មួយ​ស្រាប់​តែ​ដាច់​ជើង​ ទើប​ដឹង​ថា​ខ្លួន​ដាច់​ជើងហើយ » ។

កញ្ញា ឃ្លី នី រស់នៅក្នុង​ផ្ទះទំហំ​ប្រហែលជា​ប្រាំម៉ែត្រគុណនឹង​បី​ម៉ែត្រ ប្រក់​ស្លឹក និង​ជញ្ជាំ​ង​អបដោយ​ស្បូវ​ដែល​ដាច់ដោយ​អន្លើអស់​រយៈ​ពេល​ជាង​២០ឆ្នាំ​មកហើយ។ គាត់​រស់នៅ​ជាមួយ​ម្តាយ​និង​ប្អូនស្រី​គាត់​ម្នាក់ទៀត។​ ប្អូន​ស្រី​គាត់ មាន​ប្តី និង​កូន​ចំនួន​បីនាក់​។ ពួកគេ​កំពុងតែ​រស់នៅក្នុង​បន្ទុក​គ្រួសារ​តែមួយជាមួយនឹង​ឃ្លី នី។

គ្រួសារនេះ​កំពុងរស់នៅក្នុង​ភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង ដែលមានចំងាយជាង១០០គីឡូម៉ែត្រពីខេត្តកំពង់ធំ។​

ប្រហែលជា១០ឆ្នាំ​ក្រោយពេល​ដែល​ ក្លាយជា​កុមារពិការ​ជើងម្ខាង ឃ្លី នី​ បាន​ចាកចេញពី​គ្រួសារ​ទៅធ្វើជាកម្មកររោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ។ គាត់ទទួល​បាន​ប្រាក់​ខែ១៥០ដុល្លារក្នុង​មួយខែ។

« រហូតទៅដល់ពេលភ្ជុំ ពេលចូលឆ្នាំមកផ្ទះ បានយកមកតែម្ដង កាលនុងបានមួយខែ១៥០ (ដុល្លារ)។ ខ្ញុំផ្ញើ(យក​មក​ផ្ទះ)ឲ្យគាត់[ម្តាយ]បានតែក្បាលទេ (១០០ដុល្លារ) កន្ទុយដាច់ហើយ (៥០ដុល្លារ) »

៣ឆ្នាំក្រោយមក​ គាត់​បាន​បោះបង់​ការងារ​ជា​កម្មករ​រោចក្រ ហើយ​មក​ធ្វើការ​ជា​កម្មករ​ឆ្លាក់​រូប​ជំនួសវិញ។​ ឃ្លី នី​ប្រាប់​ថា អង្គការ​មនុស្ស​ធម៌មួយ​ដែល​គាត់​មិន​ចាំ​ឈ្មោះ បាន​ជួយ​គាត់​ដើម្បី​ទទួល​បាន​ការងារនោះ។ ឃ្លី នី ប្រកប​របរ​ជាកម្មករ​ឆ្លាក់​រូប​នេះ​នៅ​កំពង់ធំ​ និង​សៀមរាបអស់រយៈពេល​១ឆ្នាំ។

«ឆ្នាំនោះឯង មិនដឹងផ្ញើតាមណាទេ តាមវីងតាមវ៉ា អីខ្ញុំអត់ដឹងផងអត់ស្គាល់។ រហូតទៅដល់ពេលភ្ជុំ ពេលចូលឆ្នាំមកផ្ទះ បានយក[លុយ]មកតែម្ដង » ។

គាត់អាច​ផ្ញើលុយ​តែ​២ដង​ក្នុង​មួយ​ឆ្នាំ​ជូន​ម្តាយ​គាត់​ នៅពេលដែលមក​លេង​ស្រុក​ផ្ទាល់​នៅពេល​មាន​បុណ្យ​ទានដូច​ជា ពេលចូលឆ្នាំ និងបុណ្យភ្ជុំ។

ម្តាយ​របស់​ ឃ្លី នី អាយុ៥៨ឆ្នាំ។

អ្នក​នាង ឃ្លី នី និង​ម្ដាយ​ អង្គុយក្រោម​ផ្ទះរបស់​ពួកគាត់​ នៅ​ភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖សាញ់ ប៊ុនហឿន)

ប្អូន​ស្រី​របស់​ ឃ្លី នី ឈ្មោះ ឃ្លី អ៊ិត អាយុ៣២ឆ្នាំ។ គាត់​រំលឹក​ប្រាប់​ពី​ហេតុការ​ណ៍កាលពី​ឆ្នាំ២០០៤។

«ពីមុនមកបងខ្ញុំគេដើរធ្វើខាងទៅណាទេទៅវិចខ្ចប់ ទៅខាងចម្លាក់ទៅខាងអី ដល់ពេលខ្ញុំពិបាកខ្ញុំថា ខ្ញុំមានកូន ខ្ញុំទៅស្រែបាត់ ដល់ពេលមកផ្ទះបាត់ម៉ែ ម៉ែដើរបាត់។ ទៅពិបាកណាស់ពេកខ្ញុំតេឲ្យបងខ្ញុំមកវិញ ខ្ញុំឈប់ឲ្យទៅ»

ក្នុង​ឆ្នាំ​២០០៤​នោះហើយ ដែល​ឃ្លី នី បានសម្រេចចិត្តឈប់​​ពី​ការងារជា​កម្មករ​ឆ្លាក់រូបមកនៅផ្ទះវិញ។ គាត់​សម្រេច​ចិត្ត​​នៅ​ផ្ទះ​មើល​ថែម្តាយ​ដែល​​មានជំងឺ និង​ក្មួយតូចៗ។

« ពេល​ត្រលប់​ពី​ធ្វើ​កម្មករ​ចម្លាក់​វិញ​ខ្ញុំ​មិន​ថា​ធ្វើ​អី​ទេ ប្អូន​ខ្ញុំ​វា​មិន​ឱ្យ​ខ្ញុំ​ដើរ​ទេ អញ្ចឹង​បាន​ជា​ខ្ញុំ​ដាំ​ក្រូចរកលុយ​ខ្លះ​មកដល់​សព្វថ្ងៃ មិន​ដឹង​ទៅ​រក​អី​បើ​យើង​នៅ​តែ​ផ្ទះ​។ បើ​ធ្វើ​រួច​នៅ​ឯនេះ​ហើយ​ខ្ញុំ​ទៅ​ជួយប្អូន​ខ្ញុំ​នៅ​ចម្ការ​ទៀត បាន​ជួយ​យក​ដំឡូង​យក​អី។ ខ្ញុំ​មិន​ចេះ​នៅ​ស្ងៀម​ទេ លុះ​ត្រាតែ​ទៅ​អត់​រួច​នៅ​ឈឺ​ដេក​មួយ​កន្លែង​បាន​ខ្ញុំ​នៅ »។

នៅ​ដើម​ឆ្នាំ​២០១៦​ គម្រោង​មួយ​របស់​អង្គការ​ស្បៀង​​ និង​កសិកម្មនៃ​សហប្រជាជាតិ​បានចុះធ្វើ​សកម្មភាព​នៅក្នុង​ភូមិ​កោះសំរោង ឃុំ​ពពក។ ឃ្លី នី​ គឺជា​​អ្នក​ទទួល​ផលម្នាក់​ ក្នុង​ចំណោម​​សមាជិកក្នុងភូមិប្រហែល៤៥គ្រួសារ​ផ្សេងទៀត​​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ក្នុងឆ្នាំនោះ។​ ​ឃ្លី នី ទទួល​បានការគាំទ្រក្នុងការ​បង្កើត​ផែន​ការ​អាជីវកម្ម ​បច្ចេកទេស​ដាំ​បន្លែ ចិញ្ចឹម​សត្វ និង​​ការ​ប្រើប្រាស់​ទឹក​ដែល​បណ្តុះបណ្តាលដោយអង្គការនេះ​។

​​កញ្ញា ឃ្លី នី បានខ្ចីប្រាក់ពីក្រុមរបស់គាត់ (ក្រុមស្រ្តីឈានមុខ) ចំនួន ៤០០០០០ រៀល កាលពីខែមិនា ឆ្នាំ ២០១៨។ គាត់បានប្រើប្រាស់ប្រាក់កម្ចី​ទិញម៉ាស៊ីន​បូមទឹក​ដើម្បី​ស្រោចស្រព​ដំណាំ​ក្រូចឆ្មា​ក្នុង​ភូមិ​របស់​គាត់ផង និងប្រើប្រាស់ក្នុងគ្រួសារផង។

« ដល់​ពេល​លោក​គ្រូមក​ ខ្ញុំ​ចេះ​ថែ​ក្រូច​ បាន​ម៉ាស៊ីន​បាន​អីចាក់​ទឹក ខ្ញុំ​ក៏​រក​ម៉ូយ​ខ្លួនឯង​នៅ​ស្រុក​ស្ទោង។ ពី​មុនលក់​នៅ​តែ​នេះ​ឯង ១ផ្លូន លក់​បាន​តែ​៤​ពាន់​រៀល​ទេ បើ​ខែ​នេះខែ​វស្សា​បាន​តែ​២ពាន់​រៀលទេ។ ដល់​អញ្ចឹង​ខ្ញុំ​ឈប់​លក់​នៅ​នេះ​ក៏​ទៅ​លក់​ដល់​ម៉ូយ​នៅ​ស្រុក​ស្ទោង​ខ្លួន​ឯង »។  ​

ឃ្លី នី ប្រាប់​ថា​ គាត់​បាន​ពង្រីក​ផៃ្ទ​ដី​ដាំ​​ក្រូច​ឆ្មា​របស់​ខ្លួន​បាន​ជិត១ហិតានៅ​ឆ្នាំនេះ។ ​​អង្គការ​ស្បៀង​​ និង​កសិកម្មនៃ​សហប្រជាជាតិបាន​គាំទ្របច្ចេក​ទេស និង​ថវិកា​មួយ​ចំនួន​ដើម្បី​តំឡើងប្រព័ន្ធតំណក់ទឹក​នៅក្នុង​ចំការ​ក្រូច​ឆ្មា​របស់ ឃ្លី នី។ គាត់​និយាយថា​ វា​បាន​ជួយ​សន្សំ​សំចៃទឹក និងកាត់បន្ថយ​កម្លាំងពលកម្ម។

អ្នកស្រី អ៊ឹម វី អាយុ៥២ឆ្នាំ គឺជាមេភូមិ​កោះ​សំរោង។​  គាត់​ប្រាប់​ថា គាត់​បាន​ស្គាល់​ក្រុមគ្រួសារ​របស់​ឃ្លី នី ជិត១៥ឆ្នាំមកហើយ។ គាត់និយាយថា ការ​តស៊ូ​របស់​ឃ្លី នី គឺ​ជា​ឧទាហរណ៍​សំខាន់​មួយ​ដល់​មនុស្ស​ផ្សេង​ទៀតនៅ​ក្នុង​ភូមិ។

« ខ្ញុំឃើញ​គាត់​ទន់​ខ្សោយ​ណាស់​ ​ដូចថា​​មើល​ទៅ​ម្ដាយ​ក៏​គាត់​ធ្វើការ​មិន​កើត ​ហើយ​គាត់​ក៏​ធ្វើ​អត់កើត​។ ចឹង​ក៏​ខ្ញុំចេះ​តែ​​ជំរុញ​គាត់​ទៅ​ថា ​អូន​អើយ​ធ្វើ​ទៅ​យើង​ដាំ​ក្រូច​ដាំអី​ទៅយើង​លក់​ទៅ​យើង​ធ្វើអី​ អត់​កើតរហូត​​មក​ដល់​សព្វ​ថ្ងៃ​ហ្នឹង​ ​ក៏​ខ្ញុំ​ចេះ​តែ​ណែនាំ​ថា ​ប្រសិន​គេ​(FAO) មក​ជួយ​យើង​ហើយ​យើង​ខំ​ប្រឹងប្រែង​ទៅ​ចឹង​ដល់​ពេលគាត់​ចេះ​តែ​ខំប្រឹងប្រែង​ទៅ​ណា រហូតទល់​នឹង​សព្វថ្ងៃនេះ​»

យោងតាម​មន្ទីរកិច្ច​ការ​នារី​ខេត្ត​កំពង់ធំ នៅក្នុង​ខេត្តនេះមានអង្គការ​មិនមែនរដ្ឋាភិបាល​ចំនួន៣ទៅ៤កំពុង​ប្រតិបត្តិការជួយ​ដល់​ស្រ្តី​លើ​ផ្នែកផ្សព្វផ្សាយច្បាប់អំពីអំពើហឹង្សា សុខភាពនឹងអនាម័យទឹកស្អាតស្រ្តីមានផ្ទៃពោះនឹងអាហារូបត្ថម្ភ។

មន្ត្រីសម្របសម្រួលអង្គការ​ស្បៀង និង​កសិកម្មហៅ​កាត់​ថា​FAO ប្រចាំខេត្តកំពង់ធំ លោក ញ៉ក់ ស៊ីវើនបាន​រៀបរាប់ថា អង្គការនេះ​កំពុង​ផ្តល់ការ​គាំទ្រ​ដល់​ស្រ្តី​នៅក្នុង​ខេត្តកំពង់​ធំ​ ដើម្បី​ឲ្យ​ពួកគាត​​យល់​ដឹង​ពីការ​ធ្វើកសិកម្ម​វៃ​ឆ្លាត ដោយ​បន្ស៊ាំខ្លួន​ជាមួយនឹ​ងការប្រែប្រួល​អាកាសធាតុតាម​រយៈការ​គិតគូរ​លើ​ការ​គ្រប់គ្រងទីជំរាល​ខ្នាតតូច ការ​ធ្វើ​កសិកម្មវៃឆ្លាតទៅ​នឹង​អាកាស​ធាតុ ការ​បញ្ជ្រាប​យេនឌ័រ និងការ​ចិញ្ចឹម​ជិវីត​សម្រាប់​ក្រុម​ស្រ្រ្ដី​ក្នុង​សហគមន៍។  គាត់​និយាយថា​ ឃ្លី នីខិត​ខំ​រៀនសូត្រ និង​មានការ​តាំង​ចិត្ត​ខ្ពស់​។

អ្នក​នាង ឃ្លី នី បង្ហាញ​ជើងពិការ​របស់គាត់ដល់​អ្នកយកព័ត៌មាន​នាថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព​៖សាញ់ ប៊ុនហឿន)

« ខ្ញុំចាំថាកាលពីឆ្នាំ២០១៦ យើងណែ​នាំ​ដំណាំបន្លែដំបូង ឃ្លី នី​ ជាជនពិការ​ដែល​មាន​រោង​បន្លែ​មុនគេ​នៅផ្ទះ​គាត់ មានសួនប្រហែលជា១០ ម៉ែត្រការ៉េ ។ ស្របពេល​ដែល​អ្នក​ផ្សេងៗ​មាន​កាយសប្ប​ទាមាំមួន ​អត់​ទាន់​មានទេ! […] ការខិតខំប្រឹងប្រែងរបស់កញ្ញាឃ្លី នី មិនត្រឹមតែជួយខ្លួនឯង និងជីវភាពក្រុមគ្រួសារទេ តែនាង​បាន​ធ្វើឲ្យ​ផ្នត់​គំនិត​អ្នកភូមិមានការផ្លាស់ប្តូរ និងធ្វើជាគំរូរដល់អ្នកភូមិ។ ចឹងចំណុចទាំងអស់ហ្នឹងហើយដែលរុញច្រានគាត់ ធ្វើឲ្យ​អ្នក​ភូមិ​ផ្សេងទៀត​សម្លឹងមើលគាត់។ សម្លឹងមើលក្នុងលក្ខខណ្ឌមួយអញ្ចេះ មើលគាត់ពិការជើងប៉ុន្តែគាត់ខំប្រឹងណាស់ គាត់មិនដែលអស់សង្ឃឹមក្នុងជីវិតរបស់គាត់ទេ »

លោក ញ៉ក់ ស៊ីវើន និយាយថា​​អង្គការ​​របស់លោក សហការ​ជាមួយ​មន្ទីរ​កសិកម្ម និង​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កំពង់ធំ បាន​ជ្រើសកសិករគម្រូ៤រូបនៅឆ្នាំនេះ។ គាត់និយាយថា​ ឃ្លី នី គឺជា​កសិករ​គម្រូម្នាក់​ក្នុង​ចំណោម​បួននាក់នោះ។ ឃ្លី នី ​ត្រូវ​បាន​ជ្រើ​សរើ​សលើ​ភាព​ជា​គម្រូ​របស់គាត់​លើការ​ដាំ​ដំណាំ​ក្រូចឆ្មា។ កសិករ​បីរូប​ផ្សេងទៀត​នឹង​ត្រូវ​បាន​ជ្រើសរើស​ពីការ​ដាំដំឡូង​មី ស្វាយចន្ទី និង​ដំណាំ​ស្រូវ។

ឃ្លី នី​ លើកទឹក​ចិត្ត​ដល់​អ្នកដែលមានកាយសម្បទា​ផ្សេងទៀត ​ឲ្យ​​ប្រើប្រាស់កាយ​សម្បទា​ដែល​ពួកគេ​នៅ​មាន​ដើម្បី​ជាសវាងមុខរបរ​ដើរ​សុំទាន។

« ខ្ញុំ​តែ​ងតែ​ជួប​ ខ្ញុំ​ឃើញ​អ្នក​សុំ​ទាន​ ខ្ញុំ​ចេះ​តែ​និយាយ​ក្នុង​ចិត្ត​ថា​មិច​មិន​ចេះ​ខ្មាស់​គេ ខ្លួន​ដើរ​រួច​សោះ​បែ​រ​ជា​សុំ​គេ។ ខ្ញុំ​ធ្លាប់​ទៅ​លេង​អង្គរ​វត្ត ខ្ញុំ​អង្គុយ​ចុះ​ស្រាប់​តែ​មាន​អ្នក​ឱ្យ​លុយ​ខ្ញុំៗ​ថា​ខ្ញុំ​អង្គុយលេង​ទេ កុំ​ឱ្យ​លុយ​ខ្ញុំ! ខ្ញុំ​មិន​ធ្វើ​ខ្លួន​ឱ្យ​ដល់​ថ្នាក់​ដើរ​សុំបែប​​ហ្នឹង​ទេ»។

កាលពីកំឡុងខែកក្កដាឆ្នាំ​២០១៨នេះ ឃ្លី នី បាន​សាងសង់​ផ្ទះ​ឈើ​ថ្មី​មួយ ដែល​មានទំហំ​ប្រហែលជា​ប្រាំមួយម៉ែត្រ​គុណនឹង​ដប់ពីរម៉ែត្រ​ ប្រក់​ក្បឿង និង​មានជញ្ជាំងបាំងបិទ​ពី​ឈើ។ វា​មានកំពស់​ខ្ពស់​ផុត​ពី​ដី។ គាត់​បាន​សង់​វា​ឡើង​នៅ​ស្រប​គ្នា​នឹង​ផ្ទះ​ចាស់​របស់​គាត់។​

ចំការ​ក្រូច​ឆ្មា​ជិត​មួយហិចតា​​ដែលគាត់​ទើប​ដាំ​ក្រោយ​មិន​ទាន់​ផ្តល់​ផល​ឲ្យ​គាត់ទេ។ ប៉ុន្តែគាត់អាច​លក់​ផ្លែក្រូច​ឆ្មា​ ដែលគាត់បាន​ដាំពីមុនមកពីរ​ខែម្តង ដោយ​ទទួល​បាន​ចំណូល​យ៉ាង​តិចម្ភៃ​​ម៉ឺន​រៀល៕​

ដោយ៖ លោក វ៉ា សុភានុត និង កញ្ញា ម៉ៅ ស៊ីណា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ