រដ្ឋាភិបាលប្រកាសយក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី​មក​គ្រប់គ្រងជា​បណ្តោះអាសន្ន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ដកយក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី​មក​គ្រប់​គ្រង​ជាប​ណ្ដោះអាសន្ន​ ដោយ​អះអាងថាដើម្បីជំរុញការធ្វើកំណែទ​ម្រង់​​​ពីការសម្អាតទីក្រុង។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ នៅ​រាជធានី​ភ្នំពេញ​នាថ្ងៃអង្គារ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លើកឡើង​ថា​ក្រុមហ៊ុនប្រមូល​សំរាមស៊ិនទ្រី​ខ្វះ​លទ្ធភាព​ប្រមូល​សំរាមនិងធ្វើឲ្យមានការកកស្ទះ​។ លោក​បន្តថាបញ្ហា​សំរាម​ មិន​អាច​បន្ត​ឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ធ្វើ​តែម្នាក់ឯង​បាន​ទៀត​ទេ​​ ព្រោះវាបានបន្សល់ទុកនូវបញ្ហាជាច្រើន សម្រាប់បរិស្ថានទីក្រុង។

«ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ស៊ុន​ទ្រី​មានការ​ខាតបង់​រដ្ឋ​ត្រូវ​យក​ក្រុមហ៊ុន​នឹង​មកវិញ​សិន​ ទាំង​បុគ្គលិក​ទាំង​ស្អី​ៗ[សម្ភារ​ក្រុមហ៊ុន​]ស៊ិន​ទ្រី​ ហើយ​រដ្ឋ​ត្រូវ​កាន់កាប់​ក្រុមហ៊ុន​នឹង​សិន​។ ឥឡូវ​ក្រុមហ៊ុន​មាន​ឡាន​ប៉ុន្មាន​អី​ប៉ុន្មាន​យក​មក​ ហើយ​បុគ្គលិកប៉ុន្មាន​យក​មក​។ បន្ទាប់​ទៅ​ចំ​យើង​ដាក់​ឱ្យ​ដេញថ្លៃ​»។

លោក ហ៊ុន សែន អះអាងថា លោកនឹងប្រកាសឲ្យដឹងពពីវិធានការដកហូតនេះ នៅក្នុងកិច្ចប្រជុំ​​គណៈរដ្ឋ​មន្ត្រី​ នា​ចុង​សប្តាហ​នេះ​ ​។

បើ​តាម​នាយក​រដ្ឋមន្ត្រី​ ក្រុមហ៊ុន​ដែល​រដ្ឋ​បើកផ្លូវ​ឱ្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅពេល​ខាងមុខ​ មានយ៉ាងតិច៤ ក្នុងនោះ​ក្រុមហ៊ុន​ស៊ិន​ទ្រីក៏អាចដាក់ពាក្យដេញថ្លៃបានដែរ។ លោកថាសម្រាប់ទីក្រុង​​ត្រូវ​បែងចែក​ជា៤តំបន់​ ដើម្បីឲ្យក្រុមហ៊ុនមួយ ​ទទួលបន្ទុក​ប្រមូល​សំរាម​តែមួយ​តំបន់​ប៉ុណ្ណោះ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ លោក​ ងួន​ ស៊ី​ផេន​ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដោយ​អះអាង​ថា​ លោក​មិនទាន់​ទទួល​បាន​ព័ត៌មានពីរដ្ឋាភិបាល ជុំវិញវិធានការដកហូតសិទ្ធិនេះ​នៅឡើយ​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន​ ជ័យ​ ហៅ​វិធានការ​របស់​រដ្ឋាភិបាល​នេះ​ថា​ ជា​ចំនុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​កំណែទម្រង់​លើ​បញ្ហា​បរិស្ថាន​ក្នុង​ទីក្រុង។​ ប៉ុន្តែ​លោក​ថា​ បើ​ក្រុមហ៊ុន​ថ្មី​នៅតែ​ជា​ខ្នងបង្អែក​របស់​មន្ត្រី​ពាក់ព័ន្ធ​ដដែល​នោះ​​ ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​កំណែទម្រង់​នឹង​មិន​អាច​កើតមាន​ទេ​ ។

«យើង​ចង់​ឃើញ​បរិយាកាស​មួយ​ដែល​អ្នក​ប្រមូល​សំរាម​ស្ដាប់មតិ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​ ហើយ​ដោះ​​ស្រាយ​ភ្លាម​ៗ ខណៈ​ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី​នេះ​បាន​ធ្វើ​កិច្ចសន្យា​ពី​ថ្នាក់​ក្រុង​រហូត​ថ្នាក់​ខណ្ឌ​អី​មែន​ ការប្រែប្រួ​ល​​ហាក់ដូចជា​គ្មានអ្វី​ថ្មី​» ។​

ក្រុមហ៊ុន​ស៊ិន​ទ្រី​ បាន​ទទួល​សិទ្ធិ​តែម្នាក់ឯងពីរដ្ឋាភិបាល សម្រាប់​ទទួលខុសត្រូវ លើការប្រមូល​សំរាម​ សម្អាត​ទីក្រុង​ ចាប់ពី​ឆ្នាំ១៩៩៦មក​។

បើ​តាមនាយក​រដ្ឋមន្ត្រី​ ការ​ចុះហត្ថលេខាផ្តល់សិទ្ធិឲ្យក្រុមហ៊ុនស៊ិនទ្រីពេលនោះ​  ​សំរាម​មានតែ​ត្រឹម៥០០តោន​ប៉ុណ្ណោះ​ក្នុង១ថ្ងៃ​ រី​ឯទំហំ​ទីក្រុង​ភ្នំពេញវិញ​មានតែ​ជាង៣០០គីឡូម៉ែត្រ​ការ៉េ​។  ​លោក​បញ្ជាក់ថា​ ឥឡូវនេះ សំរាម​ បាន​កើនឡើង​ជាង៣០០០តោន​ក្នុង១ថ្ងៃ​ ហើយ​ទំហំ​ទីក្រុង​បាន​កើនឡើង​ជាង៦០០គីឡូម៉ែត្រ​ការ៉េ។ លោក​មានប្រសាសន៍ថារដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់។

បើ​តាម​នាយក​រដ្ឋមន្ត្រី​ដដែល​ ក្រៅពី​បង្កើត​ឱ្យ​មាន​ក្រុមហ៊ុន​ច្រើន​ដេញថ្លៃ​ប្រមូល​សំរាម​ រដ្ឋាភិបាល​ក៏​នឹង​ពិចារណា​ឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត​ កែច្នៃ​សំរាម​ ដែល​ប្រមូល​បាន​នេះ​ បង្កើត​ថាមពល​អគ្គិសនី​ផងដែរ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ