យោងតាមអភិបាលក្រុងកោះរ៉ុង លោក ងួន ប៊ុនថុល ឲ្យដឹងថា ម្ចាស់សំណង់អាគារកាស៊ីណូឈ្មោះ ជីន ទីង បានស្នើសុំពន្យាពេលរុះរើសំណង់អាគារកាស៊ីណូ ដែលត្រូវបានចោទប្រកាន់ថាសាងសង់រំលោភលើដីឆ្នេរសមុទ្រ នៅកោះរ៉ុងសន្លឹម រហូតដល់សំណង់កាស៊ីណូថ្មីត្រូវបានសាងសង់រួចរាល់។
នៅក្នុងលិខិតជូនដំណឹងមួយជូនទៅលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៤ តុលា ២០១៩ ហើយត្រូវបានគេបង្ហោះលើទំព័រ Facebook របស់រដ្ឋបាលខេត្តកាលពីម្សិលមិញ លោក ងួន ប៊ុនថុល ឱ្យដឹងថា សំណើនេះធ្វើឡើងដោយក្រុមហ៊ុនម្ចាស់កាស៊ីណូ ដើម្បីរក្សាទុកសម្ភារក្នុងអាគារបណ្តោះអាសន្ន រង់ចាំការសាងសង់អាគារនៅទីតាំងថ្មីរួចរាល់ ទើបរើសម្ភារទាំងអស់ទៅដាក់នៅទីនោះ។
លិខិតដដែលបញ្ជាក់បន្ថែមថា បន្ទាប់ពីផ្ទេរសម្ភារទៅកាន់អាគារកាស៊ីណូថ្មី ខាងក្រុមហ៊ុននឹងធ្វើការរុះរើសំណង់អាគារចាស់ដោយខ្លួនឯង។ ទោះយ៉ាងណា លោក ងួន ប៊ុនថុល ជូនដំណឹងនៅក្នុងលិខិតនោះថា សម្រាប់អាគារថ្មី ក្រុមហ៊ុនកំពុងស្នើសុំគោលការណ៍ពីខាងក្រសួងពាក់ព័ន្ធដើម្បីសាងសង់។
លិខិតជូនដំណឹងនេះ ធ្វើឡើងខណៈដែលក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើធម្មយាត្រាដើរដោយថ្មើរជើងទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តអនុវត្តនីតិវិធីច្បាប់ចុះរុះរើសំណង់កាស៊ីណូជីន ទីង។
អភិបាលក្រុងកោះ រ៉ុង លោក នួន ប៊ុនថុល ថ្លែងប្រាប់អ្នកយកព័ត៌មានVODតាមទូរស័ព្ទនៅរសៀលថ្ងៃច័ន្ទនេះថា លោកកំពង់រង់ចាំការឯកភាពពីអភិបាលខេត្តព្រះសីហនុ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍ថាលោកកំពុងនៅការដ្ឋាន ហើយឲ្យសួរទៅអ្នកនាំពាក្យ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកជាប់ប្រជុំមិនអាចនិយាយបាន។
កាស៊ីណូ ជីន ទីង ត្រូវបានអាជ្ញាធរខេត្តព្រះសីហុនចុះបង្ខំឱ្យបិទកាលពីខែឧសភា ឆ្នាំ២០១៩នេះ ក្រោយរកឃើញថាបានសាងឡើងរំលោភដីឆ្នេរសាធារណៈ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងបើកអាជីវកម្មហួសសុពលភាព។ អាជ្ញាធរខេត្តព្រះសីហនុបានចេញលិខិតជូនដំណឹងឱ្យម្ចាស់អាគារកាស៊ីណូ ជីន ទីងនេះបិទចំនួន២លើករួចមកហើយ៕