សង្គមស៊ីវិលគ្រោងហែក្បួនដើម្បីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្រ្វែល

ក្រុមអង្គការសង្គមស៊ីវិល គ្រោងដើរហែក្បួនចេញដំណើរពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ទីលានប្រជាធិបតេយ្យថ្មី នៅថ្ងៃទី២៣ ខែតុលានេះ ដើម្បីរំលឹកខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស ដោយគ្រោងមានអ្នកចូលរួមប្រមាណ១ពាន់នាក់។

​អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល(Comfrel) និងជាសមាជិកអង្គការមួយក្នុងចំណោមអង្គការក្នុងស្រុកប្រមាណ១០ ដែលសហការរៀបចំពិធីនេះ លោក កន សាវាង្ស មានប្រសាសន៍ថា​ការរៀបចំពិធីរំលឹកខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ​គ្រោងមានអ្នកចូលរួមប្រមាណ១០០០នាក់។

លោកបញ្ជាក់ថា ពិធីនេះគ្រោងនឹងធ្វើមួយព្រឹក ដោយ​រៀបចំពិធីហែក្បួននៅថ្ងៃទី២៣ តុលាពីរមណីយដ្ឋានវត្តភ្នំ ដើរទៅកាន់ទីលានប្រជាធិបតេយ្យថ្មីស្ថិតនៅក្នុង​ខណ្ឌ​ឬស្សីកែវ។​

លោកថាពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ញើសារទៅកាន់ពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសារសំខាន់នៃកិច្ចព្រមព្រៀងក្រុងប៉ារីសក្នុងការបញ្ចប់ជម្លោះ រវាងខ្មែរនឹងខ្មែរ ព្រមទាំងនាំមកនូវសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់កម្ពុជា ​។ ​

លោកបន្តថា៖ «ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានធ្វើឱ្យប្រទេសយើងបញ្ឈប់នូវសង្គ្រាមបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ។ រឿងសំខាន់គឺកិច្ចព្រមព្រៀងក្រុងប៉ារីសនេះគឺមានការចូលរួមយ៉ាងធំមួយ នៃមហាអំណាចទាំង៥»។

មន្ត្រីសង្គមស៊ីវិលដដែលនេះ បានឱ្យដឹងទៀតថានៅថ្ងៃនេះក៏មានកិច្ចពិភាក្សារវាងអង្គការជាសមាជិក ជាមួយអាជ្ញាធរក្រុងភ្នំពេញផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេ៉ត មាសភក្តី ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថាអាជ្ញាធរបានយល់ព្រមឱ្យពួកគាត់ធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យនិងធ្វើសកម្មភាពនៅទីនោះតែម្តង ប៉ុន្តែមិនអនុញ្ញាតពួកគេធ្វើការជួបជុំកន្លែងផ្សេង ហើយដើរហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យនោះឡើយ។ ដោយឡែក ចំនួនអ្នកចូលរួម១ពាន់នាក់ ដែលពួកគេស្នើសុំ អ្នកនាំពាក្យរូបនេះ ថារង់ចាំការឯកភាពពីក្រសួងមហាផ្ទៃជាមុនសិន ដោយថាច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី អាជ្ញាធរថ្នាក់ក្រោមជាតិអាចសម្រេចឱ្យមានអ្នកចូលរួមមិនលើសពី២រយនាក់ទេ។

លោកបន្ថែមថា៖ «ក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីហ្នឹង រាជធានីខេត្តរបស់យើង ឬ អាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹងអាចមានសិទ្ធិសម្រេច អ្នកចូលរួមហ្នឹងត្រឹមតែក្រោម២រយនាក់។ អីចឹងលើស២រយនាក់ត្រូវសុំទៅក្រសួងមហាផ្ទៃ ។ អីចឹងទេយើងរង់ចាំលទ្ធផលនៃការសម្រេចពីក្រសួងមហាផ្ទៃ ថាឯកភាពឬយ៉ាងណាហ្នឹងពីក្រសួងមហាផ្ទៃជាមុនសិន»

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងថា កិច្ចព្រមព្រៀងក្រុងប៉ារីសនេះ គឺមានតម្លៃសំខាន់ក្នុងការបង្រួបបង្រួមជាតិ ហើយកិច្ចព្រមព្រៀងនេះមានសារសំខាន់តាំងពីពេលដំណើរឈានទៅបង្កើត មកទល់ពេលបច្ចុប្បន្ន និងសម្រាប់ទៅថ្ងៃអនាគតផងដែរ។

លោកបន្តថា៖ «អីចឹងចំណុចសំខាន់បំផុតនៃកិច្ចព្រមព្រៀងហ្នឹង ទី១គឺឯកភាពជាតិ ការបង្កើតនូវយន្តការឯកភាពជាតិ ដែលសរសេរ។ ចំណុចទី២ដែលសំខាន់ៗហ្នឹង ត្រង់ការប្រគល់ឯករាជ្យភាពឱ្យខ្មែរទាំងស្រុងពីភាគីហត្ថលេខី»។

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣តុលា ១៩៩១ ដើម្បីបញ្ចប់ជម្លោះខ្មែរទាំង៤ក្រុម រួមមានក្រុមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រុមខ្មែរក្រហម ក្រុមលោកតាសឺនសាន និងក្រុមព្រះបាទនរោត្តម សីហនុ។ កិច្ចព្រមព្រៀងនេះ ក៏បានជំរុញឱ្យមានការបោះឆ្នោតនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ១៩៩៣ ក្រោមការឃ្លាំមើលរបស់កងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីក្រុងប៉ារីស ដោយមានប្រទេស១៨ជាហត្ថលេខី និងមានប្រទេសសហប្រធានចំនួន២ គឺ បារាំង និងឥណ្ឌូនេស៊ី៕  ​

ដោយលោក ប៉ន ចន្ថា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ