កម្ពុជា​ទទួល​ស្គាល់​ថា ភ្នាក់ងារចារកម្ម​​តួកគីចាប់ខ្លួនអតីតនាយកសាលា​ហ្សាម៉ាន់​

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារកំពូលទ្វេភាគី​ទល់មុខគ្នាមួយទល់មួយ​ ជាមួយ​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

អាជ្ញាធរ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា ​បុរស​សញ្ជាតិ​ម៉ិកស៊ិក​ដើម​កំណើត​តួកគី​ម្នាក់ ពិត​ជា​ត្រូវ​បាន​ខ្លួន និង​បញ្ជូន​ទៅ​ប្រទេស​តួកគី ទៅ​តាម​សំណើ​ស្នើ​សុំ​កិច្ច​សហការ​របស់​សមត្ថកិច្ច​តួកគី។

ទូរទស្សន៍អារ៉ាប់ Aljazeera បានផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ​ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តួកគីបានចាប់ខ្លួន​បុរស​សញ្ជាតិ​​ម៉ិកស៊ិក​ដើម​កំណើត​តួកគី​ម្នាក់​ពី​ប្រទេស​កម្ពុជា ហើយ​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​តួកគី ក្រោម​ការ​ចោទ​ថា បាន​បង្កើត និង​រៀប​ចំ​ផែនការ​រដ្ឋប្រហារ។

ទូរទស្សន៍​ដដែល​នេះ បាន​ផ្សាយ​ថា បុរស​រូប​នោះ​មាន​ឈ្មោះ​ថា អូស្មាន់ ការ៉ាកា (Osman Karaca) គឺ​ជា​អតីត​នាយក​គ្រប់​គ្រង​នៃ​សាលា​ហ្សាម៉ាន់​អន្តរជាតិ​​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​សាលា​ប៉ារ៉ាហ្គន​អន្តរជាតិ​។

សាលា​បង្រៀន​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​តួកគី​របស់​លោក តាយយីប អឺដូហ្គេន ចោទ​ថា ជា​បណ្ដាញ​«ភេរវកម្ម»​ដែល​ដឹកនាំ​ដោយ​បុព្វ​ជិត Fethullha Gulen ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​សហរដ្ឋ​អាមេរិក។

ទូរទស្សន៍​អារ៉ាប់ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​លើ​សម្ដី​របស់​ភរិយា​លោក ការ៉ាខា អ្នកស្រី Grace ដែល​ជា​ពលរដ្ឋ​ម៉ិកស៊ិក​ដើម​កំណើត​តួកគី​ផង​ដែរ។

អ្នកស្រី Grace បាន​ប្រាប់​ទៅ​ទូរទស្សន៍ Aljazeera ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ហើយ​អ្នកស្រី​ពុំ​អាច​ទាក់ទង​ស្វាមី​បាន​នោះ​ឡើយ​ចាប់​តាំង​ពី​ពេល​នោះ​មក។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ឆាយ គឹមឃឿន បាន​ថ្លែង​ទទួល​ស្គាល់​ថា បុរស​សញ្ជាតិ​ម៉ិកស៊ិក​រូប​នោះ ពិត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​ទៅ​តាម​សំណើ​សុំ​សហការ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​តួកគី។

លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍ «មិនមែនគេមកលួចចាប់ទេ គឺគេសហការ។ គាត់[លោក ការ៉ាខា]ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ដែលសមត្ថកិច្ចតួកគី គេមានឯកសារមានអី ហើយគេស្នើសុំកិច្ចសហការ​ស្នើសុំបញ្ជូនខ្លួនទៅតួកគី។ អាហ្នឹងមានមែន វាមានមែនជាជនជាតិតួកគី​ពាក់ព័ន្ធជាមួយនឹងបទឧក្រិដ្ឋមួយចំនួន មិនមែនគេលួចចាប់យើងមិនដឹងទេអាអូន។ អាគេមកបំពានអធិបតេយ្យយើងបានទេ? បំភ្លឺជូនអូនមែន ចាប់មែន បញ្ជូនទៅតួកគីវិញហើយ»

បើ​តាម​សារព័ត៌មាន Aljazeera ស្ថានទូត​ម៉ិកស៊ិក​​ប្រចាំ​កម្ពុជា ដែល​មាន​និវេសដ្ឋាន​នៅ​ប្រទេស​វៀតណាម​នោះ បាន​ឱ្យ​ដឹង​ថា ខ្លួន​ក៏​បាន​ដឹង​អំពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​របស់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​តួកគី​ផង​ដែរ ប៉ុន្តែ មិន​បក​ស្រាយ​លម្អិត​នោះ​ឡើយ។

អ្នកស្រី Grace បាន​អះ​អាង​ប្រាប់​ទូរទស្សន៍ Aljazeera ថា៖ «ប្តីរបស់ខ្ញុំគ្មានកំហុសទេ» ហើយ​​អ្នកស្រី​ប្ដេជ្ញា​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​តួកគី លោក តាយយីប អឺដូហ្គេន (Tayyip Erdogan)។

បើ​តាម Aljazeera រដ្ឋាភិបាល​លោក អឺដូហ្គេន បាន​​ចាប់​ផ្ដើម​ការ​បង្ក្រាប​យ៉ាង​ធំធេង​ទៅ​លើ​ក្រុម​អ្នក​គាំ​ទ្រ​បុព្វ​ជិត​ឥស្លាម លោក Gulen និង​បាន​បិទ​សាលាបង្រៀន​នានា​ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ចលនា​បុព្វ​ជិត​រូប​នេះ បន្ទាប់​ពី​​រដ្ឋប្រហារ​បរាជ័យ​មួយ​កាល​ពី​ឆ្នាំ​២០១៦។

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ ពុំ​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​សម្រាប់​ដោះ​ដូរ​​ឧក្រិដ្ឋន​ជាមួយ​តួកគី​នោះឡើយ ប៉ុន្តែ លោក​ថា ការ​ចាប់​បញ្ជូន​ខ្លួន​លោក ការ៉ាខា នេះ អាច​ធ្វើ​ឡើង​ទៅ​បាន​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា។

លោក ជិន ម៉ាលីន ប្រាប់​វីអូឌី​តាម​តេឡេក្រាមថា​៖ «ចំពោះ​កម្ពុជា​ យើង និង​តួកគី មិន​មាន​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​ទេ ក៏​ប៉ុន្តែ ជា​គោលការណ៍​អន្តរជាតិ ទោះបី​ជា​មិន​មាន​កិច្ច​ព្រម​ព្រៀង​ក៏​ដោយ ផ្អែក​ទៅ​កិច្ច​សហ​ប្រតិបត្តិការ និង​ទំនាក់​ទំនង​ការទូត​ គឺ​អាច​ធ្វើ​បាន​ណ៎ា! ដោយសារ​ប្បញ្ញត្តិ​ច្បាប់​ជាតិ​របស់​យើង ក្រម​ព្រហ្ម​ទណ្ឌ​​របស់​យើង ក៏​មាន​ចែង​ពី​គោលការណ៍ និង​លក្ខន្តិកៈ​ធ្វើ​បត្យាប័ន​ដែរ»

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ករណី​ចាប់​ខ្លួន​លោក ការ៉ាខា ទាំង​បង្ខំ ធ្វើ​ឱ្យ​លោក​ប្រឈម​មុខ​​នឹង​ហានិភ័យ​​ពិត​ប្រាកដ​នៃ​ការ​ប្រព្រឹត្ត​ពី​សំណាក់​អាជ្ញាធរ​តួកគី និង​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក Phil Robertson ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​លើក​ឡើង​ថា ​លោក ការ៉ាខា នឹង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទារុណកម្ម រង​ការ​ចាប់​ដាក់​ឃុំ​​ក្នុង​ស្ថានភាព​ដ៏​រន្ធត់ និង​ចុង​ក្រោយ​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​របស់​តួកគី ដែល​បម្រើ​និន្នាការ​នយោបាយ​របស់​លោក អឺដូហ្គេន។

ទំនាក់​ទំនង​​ទ្វេភាគី​កម្ពុជា-តួកគី ត្រូវ​បាន​បង្កើន​ឡើង​ បន្ទាប់​ពីដំណើរទស្សនកិច្ច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​តួកគី​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ