អ្នកភូមិជាង១០០នាក់នៅខេត្តត្បូងឃ្មុំបន្តបាតុកម្មទាមទារឲ្យ​ដោះលែងតំណាងពួកគាត់​២នាក់​

ក្រុមប្រជាពលរដ្ឋ តវ៉ានៅ​មុខសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឲ្យអាជ្ញាធរ​ដោះលែងតំណាងពួកគាត់២រូបនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩​(រូបភាព៖ហ្វេសប៊ុក​ដោះលែងសហគមន៍ដីធ្លី)។

ប្រជាពលរដ្ឋប្រហែល១០០នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្តបាតុកម្មទៀតនៅថ្ងៃនេះ ដោយពួកគាត់​បាននាំគ្នាដើរលើកបដាតាមផ្លូវ និងប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកតំបែរ ដើម្បីទាមទារទៅអាជ្ញាធរឲ្យ​ដោះលែងតំណាងពួកគាត់​២នាក់ឲ្យមានសេរីភាពវិញ។

តំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ គឺលោក សែម សាង ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ និងលោក ផុន ឈឿន ត្រូវចាប់ខ្លួន​កាលពីថ្ងៃទី១៦ ទៅតាមការបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ។

ក្នុងដីកាចុះថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ដែលវីអូឌីទើបទទួលបានថ្ងៃនេះ ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្តត្បូង​ឃ្មុំលោក ហៃ ណៃហេង បានបង្គាប់ឲ្យនាំខ្លួនលោក សែម សាង ទៅសួរចម្លើយនៅសាលាដំបូងខេត្ត ក្រោមការចោទថា «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ» ដែលបានប្រព្រឹត្ត​កាល​ពីឆ្នាំ២០១៦ ប៉ុន្តែសម្រាប់ករណី​លោក ផុន ឈឿន វីអូឌីមិនទាន់ទទួលបានដីកានៅឡើយទេ។

ពលរដ្ឋម្នាក់អ្នកស្រី សុទ្ធ ណុន ដែលចូលរួមតវ៉ាទាមទារដោះលែង​តំណាងជាមួយពលរដ្ឋផ្សេង​ទៀតនៅមុខ​សាលា​ស្រុកតំបែរ​នៅថ្ងៃនេះបាននិយាយថា ករណីសមត្ថកិច្ចចាប់ខ្លួនតំណាងអ្នកភូមិទាំង២នាក់នោះ បានធ្វើ​ឲ្យអ្នក​ភូមិខឹងសម្បារ​ និងមិនសប្បាយចិត្តហើយបាននាំគ្នាមកតវ៉ាទៀតនៅថ្ងៃនេះ។

អ្នកស្រី សុទ្ធ ណុន បានឲ្យដឹងថា កាលឆ្នាំ២០១៦ តំណាងពលរដ្ឋទាំង២នាក់នោះ បានដឹកនាំពល​រដ្ឋចុះ​ទប់​ស្កាត់​​ការចូលកាប់ព្រៃឈើក្នុងសហគមន៍ ដោយថា កាលណោះប្រជាពលរដ្ឋបានដកហូតម៉ាស៊ីន​កាប់ឈើ​របស់​បុគ្គល​ម្នាក់ឈ្មោះ ញ៉ សារឿន មករក្សាទុកក្នុងសហគមន៍ ដោយមិនបានប្រើប្រាស់អាវុធដូចការចោទ​ប្រកាន់​នោះ​ទេ​។

អ្នកស្រីបន្ថែមថា៖«វារឿងអយុត្តិធម៌ណាស់ ព្រោះលោក សែម សាងមិនមានកំហុសអីនោះទេ ហើយ​មិន​សម​គាត់​​ទេ។ គាត់ខំការពារព្រៃសហគមន៍។ ចំណែកអាអ្នកបំផ្លាញព្រៃឈើបែរល្អវិញ។ ខ្ញុំមិនយល់ទេ! កាលទៅ​ឃាត់​នោះ​ប្រជាជន​មានអាវុធពីណា»

អ្នកស្រីបន្តថា ពាក់ព័ន្ធការចាប់ខ្លួនតំណាងពលរដ្ឋ២នាក់ស្រុកតំបែរនេះ គឺអាជ្ញាធរឃុំ ស្រុកមិនផ្តល់​ដីកា​មុន​នោះ​​ទេ ហើយថាពេលចាប់នោះ ក៏មិនបានប្រាប់ហេតុផលច្បាស់លាស់ដែរ។

អភិបាលស្រុកតំបែរលោក សុខ សារិទ្ធ សុំមិនធ្វើអធិប្បាយទេ ដោយលោកថាកំពុងជាប់រវល់ប្រជុំ។ ចំណែក​ស្នង​ការ​​ខេត្តត្បូង​ឃ្មុំលោក បែន រ័ត្ន បង្វែរឲ្យទៅសួរមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក វ៉ា សារិទ្ធ វិញដោយ​លោក​ថា ករណីនេះកងរាជអាវុធហត្ថជាអ្នកចុះចាប់។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ មិនអាចសុំការឆ្លើយបំភ្លឺពាក់ព័ន្ធករណីបាននេះទេ ដោយ​លោកថា កំពុងជាប់រវល់ប្រជុំ។

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលឃ្លាំមើលករណីនេះឲ្យដឹងថា រហូតមកដល់​រសៀលថ្ងៃនេះគឺលោក​ទទួលដំណឹងថា អ្នកដែលត្រូវចាប់ខ្លួននោះត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះ​អាសន្ននៅពន្ធនាគារខេត្តកំពង់ចាមហើយ។

ប្រធានសម្ព័ន្ធសហគមន៍កសិកររូបនេះយល់ថា ករណីសមត្ថកិច្ចចាប់ខ្លួនតំណាងពលរដ្ឋ២នាក់នោះ គឺជាការ​គំរាមកំហែងដោយសារតំណាងពលរដ្ឋទាំងនោះសកម្មក្នុងការចេញតវ៉ារឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុម​ហ៊ុន និងអាជ្ញាធរ។ លោក ថេង សាវឿង បានស្នើ​ទៅតុលាការឲ្យធ្វើការដោយឯករាជ្យដោយ​ធ្វើការស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលត្រូវចាប់ខ្លួន។

លោក មានប្រសាសន៍ថា៖«ការចាប់ខ្លួននេះជារូបភាពគំរាមកំហែងថ្មីមួយពីព្រោះបើតាមយើងពិនិត្យលោក សែម​ សាង នៅក្នុងសហគមន៍គឺគាត់ជាអ្នកដែលធ្វើការងារ​សកម្មទៅលើការការពារដីធ្លីរបស់ពួកគាត់ជាមួយ​ក្រុមហ៊ុន និងជាមួយអាជ្ញាធរនៅក្នុងខេត្តត្បូងឃុំហ្នឹង។ អីចឹងយើងស្នើឲ្យតុលាការផ្តល់យុត្តិធម៌ជូនពួកគេ​តាមស៊ើបអង្កេតឲ្យបានច្បាសលាស់»

កាលពីថ្ងៃទី២២ ខែកក្តដា ក្រសួងរៀបចំដែនដីបានប្រកាសឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់តំណាងពលរដ្ឋ ដែល​ក្រសួង​ចោទថា តំណាងពលរដ្ឋទាំងនោះ បានញុះញង់ឲ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឡើងមកតវ៉ាទាមទារ​ដីព្រៃសហគមន៍នៅក្រសួងរៀបចំដែនដី។

ក្នុងសេចក្តីប្រកាសនោះក្រសួង បានបញ្ជាក់ថា តំណាងសហគមន៍ចំនួន៧នាក់ក្នុងនោះមានលោក សែម សាង ផងដែលអះអាងថា តំណាងឲ្យពលរដ្ឋ៦៧៦គ្រួសារមកពីសហគមន៍ត្រពាំងព្រីង សហគមន៍កំប្រើស សហគមន៍​ស្រែប្រាំង និងសហគមន៍ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលប្តឹងទាមទារ​ដីព្រៃសហគមន៍​៣៧១៨​ហិកតានោះ គឺក្រសួងមិនទទួលការដោះស្រាយជូនឡើយ ដោយថា ពួកគេពុំជាប់ពាក់ព័ន្ធ​រឿងជម្លោះ​ដីធ្លីនោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ