អតីត​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង​ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​កន្លះ​

​លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក Kong Mas

អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តស្វាយរៀង​ លោក​ គង់​ ម៉ាស ​ ត្រូវ​តុលាការ​ប្រកាស​សាលក្រម​សម្រេច​ឱ្យ​ជាប់ពន្ធ​នា​គារ​ចំនួន១ឆ្នាំ​ ៦ខែ​ ពី​បទ​ប្រមាថ​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​អំ​ពើ​បង្ក​រឱ្យ​មាន​ភាព​វឹកវរ​ដល់​ពលរដ្ឋ​ក្នុង​សង្គម​។ នេះ​បើ​តាម​ការប្រកាស​របស់​ចៅក្រម​ លោក​ ពេជ្យ វិទ្យាធរ​ នា​រសៀល​ថ្ងៃ​ ទី១៨​ ខែតុលា​។

ក្រោយ​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី០២​ ខែតុលា​ ដើម្បី​សួរដេញដោល​ បញ្ជាក់​បន្ថែម​លើ​ភស្តុតាង​នានា​ មាន​សារ​ជា​សម្លេង​ សារ​ជា​អក្សរ​ និង​អត្ថ​បទ​ផ្សេង​ៗ ដែល​មន្ត្រី​ជា​សាក្សី​បំភ្លឺ​មក​ពី​នាយកដ្ឋាន​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រមូល​ចេញពី​គណនេយ្យFacebookចំនួន៥​ រួចមក​នោះ​ នៅ​ថ្ងៃនេះ​តុលាការ​បាន​ប្រកាស​សាលក្រម​លើ​សុំណុំរឿង​របស់​លោក​ គង់​ ម៉ាស​ នៅ​ថ្ងៃនេះ​។

ចៅក្រម​ ពេជ្យ វិទ្យាធរ​ បាន​អាន​សាលក្រម​ថា​៖ «តុលាការ​ក្រោម​ពី​បាន​ស្តាប់​ចម្លើយ​អំពី​ភស្តុតាង​ ក្រោយពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​ ក៏បាន​ពិនិត្យ​ និង​ពិចារណា​ សម្រេច​សេចក្តី​ដូចតទៅ​ មួយ​ទណ្ឌិត​ឈ្មោះ​គង់​ ម៉ាស​ ភេទប្រុស​ កើត​នៅ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ថ្ងៃទី១៤​ ខែ​មិនា​ ឆ្នាំ១៩៨៨​ ជាតិខ្មែរ​ ដាក់​ពន្ធនាគារ១ឆ្នាំ​ និង៦ខែ​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​អំ​ពើ​បង្ក​រឱ្យ​មាន​ភាព​វឹកវរ​ដល់​ពលរដ្ឋ​ក្នុង​សង្គម​»។

បើ​គិត​ចាប់តាំងពី​ថ្ងៃ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​នា​ថ្ងៃទី១៩​ ខែមករា​ ដើម្បី​សូរ​ចម្លើយ​ ស្វែងរក​ភស្តុតាង​រហូតដល់​ថ្ងៃ​ប្រកាស​សាលក្រម​នេះ​ លោក​ ម៉ាស ​បាន​ជាប់​មន្ទី​ឃុំឃាំង​ប្រមាណ៩ខែ​ហើយ​។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ គង់​ ម៉ាស់​ លោក​ សំ​ សុ​គង់​ បាន​អះអាង​ថា​ ការសម្រេច​សេចក្តី​របស់​តុលាការ​ចំពោះ​កូន​ក្តី​របស់​លោក​នារ​សៀ​លនេះ​ គឺ​ពុំ​បាន​ផ្តល់​យុត្តិធម៌​ពេញលេញ​ឱ្យ​កូន​ក្តី​របស់​លោក​ឡើយ​។ លោក​ថា​ កូន​ក្តី​របស់​លោក​ពុំ​បាន​ប្រព្រឹត្តិ​ខុស​ដូច​ការ​ចោទ​ ហើយ​រាល់​សកម្មភាព​ដែល​តុលាការ​បាន​លើកឡើង​ធ្វើជា​ភស្តុតាង​នោះ​ គឺ​គ្រាន់​ជា​ការប្រើ​ប្រាស់​សិទ្ធ​បញ្ចេញមតិ​ និង​សិទ្ធ​ចូលរួម​ធ្វើនយោបាយ​ប៉ុណ្ណោះ​។

លោក​ សំ​ សុខ​គង់​ បាន​រៀបរាប់​ថា​៖ «ជាពិសេស​គឺ​ ជា​ព័ត៌មាន​ ជា​ពាក្យពេចន៍​នៃ​ការរិះគន់​ទៅ​រដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​ដែល​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​ខ្ញុំ​គិតថា​ ប្រជាពលរដ្ឋ​រិះគន់​អ្នកដឹកនាំ​មិនមែន​ជា​កំហុស​ទេ​»។

លោក​មេធាវី​ សំ​ សុខ​គង់​ បាន​បញ្ជាក់​បន្ថែម​ថា​ លោក​នឹង​ទៅ​ពន្ធនាគារ​ជួប​លោក​ គង់​ ម៉ាស​ ដោយ​ផ្ទាល់​ ដើម្បី​ពិភាក្សា​ផ្នែក​ផ្លូវច្បាប់​ និង​សិទ្ធ​ក្នុង​ការ​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​។ លោក​មេធាវី​បាន​បញ្ជាក់​បន្ថែម​ថា​ ភរិយា​លោក​ គង់​ ម៉ាស​ គឺ​អ្នកស្រី​ កុល​ សាត​ ក៏បាន​មក​ពិភាក្សា​ជាមួយ​លោក​រួចរាល់​ហើយ​ ដើម្បី​ធ្វើ​បណ្តឹង​សារទុក្ខ​ដាក់​ទៅ​ឧទ្ធ​ណ៍​បន្ត​ទៅទៀត​។

អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តស្វាយរៀង​លោក​ គង់​ ម៉ាស​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅក្នុង​ហាង​កាហ្វេ​មួយ​ស្ថិតនៅ​ជិត​ស្ថានទូត​រុស្ស៊ី​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១៩កន្លងទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ