ម៉ាឡេស៊ី គ្រោងបន្ទាបតម្លៃ​ខុនដូដើម្បីជំរុញ​ទីផ្សារដែល​កំពុងធ្លាក់ចុះ

ខុនដូរនៅក្នុងប្រទេសម៉ាឡេស៊ី(រូបភាព៖អិនធឺណិត)

ម៉ាឡេស៊ី ត្រៀមដាក់ចេញគោលនយោបាយបន្ទាបតម្លៃលក់អប្បរមាខុនដូតាមទីក្រុងធំៗ ដើម្បីសង្គ្រោះ​ទីផ្សារដែល​កំពុងជួបបញ្ហាធ្លាក់ចុះចំនួនអ្នក​វិនិយោគ ប៉ុន្តែអ្នកវិភាគព្រមានថា ដំណោះស្រាយនេះ​នឹងជំនួស​មកវិញនូវការលុកលុយពីអ្នកទិញជាជនជាតិបរទេស។

រដ្ឋាភិបាលម៉ាឡេស៊ី កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងដាក់ចេញគោលនយោបាយ​ទម្លាក់តម្លៃ​អប្បបរមា​ខុនដូ​ប្រ​ណិត​​​ពី​១លានរីងហ្គីត (១រីងហ្គីត=០,២៤ដុល្លារអាមេរិក) មកត្រឹម៦សែនរីងហ្គីត​ក្នុង​មួយ​យូនីត ដើម្បីកាត់បន្ថយចំនួនយូនីតលក់មិនចេញតាមទីក្រុងសំខាន់ៗ ដែលសរុបមានតម្លៃ ៨,៣ពាន់​លាន​រីងហ្គីត​។

អ្នកជំនាញសេដ្ឋកិច្ចម្នាក់ គឺលោក Azrul Azwar លើកឡើងថា សេចក្តីសម្រេចនេះ នឹងលើកទឹកចិត្តដល់​ក្រុមអ្នកវិនិយោគសាងសង់កាន់តែច្រើនថែមទៀតនូវខុនដូខ្ពស់ៗតម្លៃលើ ៦សែនរីងហ្គីត ក្នុងមួយយូនីត និង​ជម្រុញ​ឱ្យម្ចាស់អចលនទ្រព្យបង្កើនតម្លៃលក់ចេញទៅភាគីបន្ទាប់ ដែលនិន្នាការនេះនឹង​នាំឱ្យទីផ្សារ​លំនៅ​ដ្ឋាន​​ឡើងពពុះ​។

លោក Azwar បន្ថែមថា គោលនយោបាយថ្មីនេះនឹងទាក់ទាញអ្នកទិញមកពីក្រៅប្រទេសដូចជា ចិន ហុងកុង និងសិង្ហបុរី ដែលប៉ះពាល់ដល់ភាពជាម្ចាស់កម្មសិទ្ធិរបស់ពលរដ្ឋម្ចាស់ស្រុក។

លោកផ្តល់យោបល់ថា៖ «រដ្ឋាភិបាលគួរតែបង្ខំឱ្យក្រុមអ្នកអភិវឌ្ឍធ្វើយ៉ាងណាបញ្ចុះតម្លៃលក់ខុនដូរបស់ពួកគេ និងដាក់ចេញគោលនយោបាយផាកពិន័យលើក្រុមណាដែលមានខុនដូនៅសល់ ដើម្បីស្តារស្ថានការទីផ្សារ​ដែល​កំពុង​ជួប​បញ្ហា»

រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសម៉ាឡេស៊ី លោក Lim Guan Eng ទាត់ចោលនូវក្តីកង្វល់ខាងលើ។ លោកពន្យល់ថា គោលន​យោបាយថ្មីនោះ ដាក់ចេញតែសម្រាប់ខុនដូដែលនៅសល់ និងចាប់ផ្តើមអនុវត្តន៍ពីដើមឆ្នាំ២០២០​រហូតដល់បំណាច់ឆ្នាំប៉ុណ្ណោះ។

លោក Lim មានប្រសាសន៍ថា៖«វាមិនរាប់បញ្ចូលគម្រោងថ្មីៗដែលមិនទាន់បានចាប់ផ្តើមដំណើរការនោះទេ។ វិធានការនេះ នឹងផ្តល់ផលចំណេញដល់វិស័យអចលនទ្រព្យ ដោយមិនប៉ះពាល់ផលប្រយោជន៍ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​ឡើយ​»។ 

នៅថ្ងៃអង្គារ៍កន្លងទៅនេះ ប្រធានាធិបតីម៉ាឡេស៊ី លោក Mahathir Mohamad លើកឡើងថា គោលនយោបាយ​បន្ទាប​តម្លៃខុនដូត្រូវបានដាក់ចេញឡើងក្នុងគោលបំណងដើម្បីបញ្ជៀសវិបត្តិសេដ្ឋកិច្ច។

លោក Mahathir មានប្រសាសន៍ថា៖«យើងត្រូវតែលក់ខុនដូដែលនៅសល់ទាំងនោះចេញ។ បើមិនដូច្នេះទេ ក្រុមអ្នកអភិវឌ្ឍន៍នឹងជួបបញ្ហា។ បញ្ហារបស់ពួកគេ នឹងទាញជាតិធ្លាក់ក្នុងវិបត្តិ ដូចជាវិបត្តិដែលបាន​កើត​ឡើង​​​នៅទីក្រុងហុងកុង និងតូក្យូ ដោយ​សារ​ការ​អភិវឌ្ឍន៍ហួសប្រមាណ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ