លោក ហ៊ុន សែន ប្រាប់ មេដឹកនាំ​ប៊ុលហ្គារី​ថា​​​​ ​ប្រ​ជា​​ធិបតេយ្យនៅកម្ពុជាមិនដើរថយក្រោយទេ

ប្រតិភូកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ពិភាក្សាជា​មួយសមភាគីប៊ុលហ្ការី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេស ប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ក្នុង​ដំណើរទស្សនកិច្ច​ទៅ​កាន់​អឺរ៉ុប​ខាងកើត​ បាន​ប្រាប់ប្រធានាធិបតី​ប៊ុលហ្គារី​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ដើរថយក្រោយ​នោះទេ​​។

លោក​ ហ៊ុន​ សែន​ នៅ​សប្តាហ៍​នេះ​ បានទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត ដូចជា​សាធារណរដ្ឋ​ឆែក​ ​ ហុងគ្រី​ និង​សាធារណរដ្ឋ​ប៊ុល​ការី​ ដែលប្រទេសទាំង៣នេះ ជាសមាជិកអឺរ៉ុបផងដែរ។

លោក ហ៊ុន សែន បានបង្ហោះលើ​ហ្វេ​សប៊ុ​ករបស់លោកថា​​ ក្នុង​ជំនួប​ជា​មួយ​ប្រធានា​ធិប​តេយ្យ​ប៊ុលហ្គារី​ គឺលោក​ រ៉ូមែ​ន រ៉ា​ដេវ​ លោក​បាន​ស្នើ​ជួយ​ផ្តល់​យុត្តិធម៌​សម្រាប់​កម្ពុជា​ពី​បញ្ហា​ EBA​ ហើយថា​ប្រជាធិបតិបនៅកម្ពុជាមិនបាន​ដើរថយក្រោយទេ ។

លោក​ ហ៊ុន​ សែន ​បញ្ជាក់​ថា​«បច្ចុប្បន្ន​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ មិន​មានដំណើរ​ការ​ថយក្រោ​យ​​នោះ​​ទេ​។ជាក់​ស្តែង​ការបោះឆ្នោត​ឆ្នាំ២០១៨កន្លងទៅ​ឆ្នាំនេះ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​បំផុត​ដោយសារ​មាន​គណបក្ស​ចូលរួម​ច្រើន​ និង​មាន​អ្នក​ចេញទៅ​បោះឆ្នោត​រហូតដល់​ទៅ​ជាង​ ៨៣ភាគរយ​»។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មូរ​ សុខ​ហួរ​ ចាត់ទុក​ការបោះឆ្នោត​ឆ្នាំ២០១៨ ថា​ជា​ផែនការ​កម្ទេច​ប្រជាធិបតេយ្យ​ និង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ការ​កាត់​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​​ពី​សហគមន៍​អន្តរជាតិ​ ។

លោកស្រី​ថា​៖«ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ជា​សេ​ណា​រី​យូ​របស់​លោក​ ហ៊ុន​ សែន​ នៅក្នុង​សេ​ណា​រី​យូ​នោះ​គឺ​ច្បាស់​ណាស់​គឺ​កម្ទេច​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ចាប់ផ្តើម​ពី​ការ​ចាប់​លោក​ប្រធាន​ កឹម​ សុខា​ ដែល​ឃុំឃាំង​រហូតដល់​ពេលនេះ​ ។ទាំងអស់​នេះ​ ជា​ការបោះឆ្នោត​ដោយ​ក្លែងក្លាយ​មិន​សេរី​ មិន​យុត្តិធម៌​ ដែល​សហគមន៍​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ គេ​ថ្កោលទោស​ គេ​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ទេ​ »។

មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​នៅ​អង្គ​ការ​ខុ​មហ្វ្រែ​លលោ​ក កន​ សា​វាង្ស ពន្យល់​ថា​ ការបោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ក្រៅពី​មាន​គណបក្ស​ចូលរួម​ប្រកួត​ច្រើន​ គេ​ត្រូវ​ធ្វើការ​ប្រកួត​នោះ​មាន​តម្លាភាព​ គ្មាន​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​។

លោក​ថា​៖«យើង​ឃើញថា​ ការបោះឆ្នោត​ឆ្នាំ២០១៨រឿង​សំខាន់​មួយ​គឺ​ការ​បដិសេធ​គណបក្ស​នយោបាយ​[សង្គ្រោះ​ជាតិ​]ដែល​ជាគូ​ប្រកួតប្រជែង​ដ៏​សំខាន់​មួយ​ ដែល​យើង​ឃើញ​កន្លងមក​គណបក្ស​ដែល​ត្រូវ​បាន​បដិសេធ​ហ្នឹង​គឺជា​គណបក្ស​ដែល​មាន​អ្នកគាំទ្រ​ប្រហាក់​ប្រហែល​បក្ស​កាន់អំណាច​បច្ចុប្បន្ន​។អ៊ីចឹង​យើង​ឃើញថា​ការ​មិនបាន​ចូលរួម​ការបោះឆ្នោត​នេះ​ គឺជា​ចំនុច​មួយ​សំខាន់ណាស់​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ៨ខែ​ មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨មកដល់​ ។

​សហភាព​អឺរ៉ុប​ បានជូនដំណឹងដល់កម្ពុជាកាលពីខែកុម្ភៈដើមឆ្នាំនេះ ពីវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗ​គ្រប់​យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ជាបណ្ដោះ​អាសន្ន​ក្រោយខ្លួនរកឃើញថា រដ្ឋាភិបាលកម្ពុជា មិន​បាន​ធ្វើឲ្យប្រសើរពីស្ថានភាពសិទ្ធិមនុ​ស្ស​ និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​GMAC​បង្ហាញ​ក្ដី​បារម្ភ​ថា​ កម្មករ​ក្នុង​វិស័យ​កាត់ដេរ៧៥ម៉ឺន​នាក់​នឹង​រង​ផល​ប៉ះពាល់​ រីឯ​ពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ផ្សេងទៀត​ នឹងប៉ះពាល់​ដោយប្រយោល​ បើ​កម្ពុជា​មិន​អាច​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុបបាន​។

ទោះជាយ៉ាងណា​ លោក​ ហ៊ុន​ សែន​ អះអាង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅកាន់​អឺរ៉ុប​ខាងកើត​នេះ​ មានការគាំទ្រ​ពី​សាធារ​ណរដ្ឋ​ឆែក​ ហុងគ្រី​ និង​ប៊ុលហ្គារី​ ​គាំទ្រ​សំ​ណើរ​កម្ពុជា​ពី​បញ្ហា​EBA​  ដើម្បីជំរុញទៅ​សភាព​អឺរ៉ុប ឲ្យ​ផ្តល់​យុត្តិ​ធម៌​​ដល់​កម្ពុជា​ ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ