តុលាការចោទប្រកាន់កម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ១នាក់ ខណៈ៧នាក់ទៀតត្រូវបានដោះលែង

សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

តុលាការខេត្តមណ្ឌលគិរី បានចោទប្រកាន់កម្មកររបស់ឧកញ៉ាស្រីចន្ធូម្នាក់ ពាក់ព័ន្ធនឹង​បទហ៊ុំព័ទ្ធយក​ចំការ​ដីព្រៃ​របស់​រដ្ឋ ខណៈ៧នាក់ទៀតត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ តុលាការខេត្តមណ្ឌលគិរីបានសហការ​ជាមួយសមត្ថកិច្ចឃាត់ខ្លួន​កម្មករ​ឧកញ៉ាស្រី ចន្ធូ ចំនួន៨នាក់ ដើម្បីសួរនាំជុំវិញរឿងទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ លោក​ ម៉ម​ វ៉ាន់​ដា បញ្ជាក់ប្រាប់​វីអូឌីថា ក្រោយពីបញ្ចប់ការ​សាកសួរ​កម្មក​ររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តុលាការបានសម្រេច​ដោះលែងកម្មករ៧នាក់ឲ្យមានសេរីភាពវិញ ខណៈកម្មករម្នាក់ទៀត ត្រូវបានសម្រេចចោទប្រកាន់ពីបទហ៊ុំព័ទ្ធ​យកចំការ​ដីព្រៃរបស់​រដ្ឋ។

លោកមានប្រសាសន៍បន្ថែមទៀតថា៖«សម្រាប់ពេលវេលាក្នុងការបន្តនិតិវិធីរបស់ចៅក្រមនៃតុលាខេត្តមណ្ឌលគិរីមិនអាចកំណត់ទេពីព្រោះវាជានីតិវិធីរបស់ចៅក្រមស៊ើបសួរវាវែងវាខ្លីអាស្រ័យទៅលើអង្គហេតុនៃរឿង»។

ទោះជាយ៉ាងណា ព្រះរាជអាជ្ញារូបនោះ មិនបានបញ្ជាក់ពីឈ្មោះកម្មកររបស់ឧកញ៉ាស្រី ចន្ធូ នោះទេដោយសារ​រឿង​នេះស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីឧកញ៉ាស្រី ចន្ធូ បានទេនៅថ្ងៃនេះ។

អ្នកសម្របសម្រួល​សមាគ​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ អ៊ាង​ ម៉េ​ងលី លើកឡើងថា តុលាការគួរ​តែស៊ើប​អង្កេត​​បន្ថែមទាក់ទងនឹងសំណុំរឿងខាងលើនេះ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត​យកមកផ្តន្ទាទោស​តាម​ច្បាប់​​។

លោកមានប្រសាសន៍ថា៖ «គួរចាត់វិធានការអ្នកដែលមានការពាក់ព័ទ្ធទាំងអស់​មិនថាទាំងអាជ្ញាធរក៏ដូចជា​ពាក់​ព័ទ្ធ​ទៀត​ទេ​​​ដែលបង្កើតអោយមានបទល្មើសហ្នឹងកើតឡើង»។

កាលពី​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៨​ អភិបាលស្រុក​ស្រុក​អូរ​រាំង​ លោក​ នង​ នណ្ណា​វី​ បាន​ចេញ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ចំការ​ស្រល់​របស់​រដ្ឋ​ នៅ​ខាងមុខ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​រាំង​ ស្ថិតនៅ​ភូមិ​ពូ​រ៉ាង​​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​ ខេ​ត្ដម​ណ្ឌល​គិរី​ទៅ​ឲ្យ​ឧកញ៉ា​ ស្រី​ ចន្ធូ​ ហើយ​ថែមទាំង​មាន​ប្រធាន​សាខា​ពន្ធដារ​​ខេត្តមណ្ឌលគិរី​ លោក​ ហេង​ ស៊ី​ប៉ា​ បោះត្រា​បង់ពន្ធ​ចូល​រដ្ឋ​កាលពី​ថ្ងៃទី៣០​ ខែ​ មេសា​ ឆ្នាំ២០១៨ផង​ដែរ​៕

រាយការណ៍បន្ថែម៖ ប៉ាន បូរិន្ទ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ