លោក ហ៊ុន សែន ស្នើហុងគ្រី​បន្ត​គាំទ្រ​កម្ពុជា​រឿង​​EBA

ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ អាឌឺ (ឆ្វេង) ស្វាគមន៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ក្រោមប្រធានបទ«ការទប់ស្កាត់វិបត្តិទឹក» នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបខាងកើតនាសប្តាហ៍នេះ បានស្នើប្រ​ទេ​ស​​ហុងគ្រី ជាសម្ព័ន្ធមិត្តចាស់ឲ្យបន្តគាំទ្រកម្ពុជាជុំវិញបញ្ហាEBA ។

លោក ហ៊ុន សែន នៅសប្តាហ៍នេះ ប្រើពេល៥ថ្ងៃ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ទៅជួបមេដឹកនាំសាធា​រណរដ្ឋឆែក  ហុងគ្រី និងសាធារណរដ្ឋប៊ុលការី ។

តាមហ្វេសប៊ុកនាយករដ្ឋមន្ត្រីហ៊ុន សែន​ កាលពីថ្ងៃអង្គារម្សិលមិញ មេដឹកកម្ពុជាបានស្នើប្រធានាធិបតីហុងគ្រី លោក ជេណូស អាឌឺ (Janos ADER) ឲ្យ​បន្តគាំទ្រកម្ពុជាពីបញ្ហាEBA ។

បើតាមនាយករដ្ឋមន្ត្រី«អ្វីដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិ​​​ធម៌សម្រាប់ប្រទេសកម្ពុជា»។ប្រភព​ដ​ដែ​ល បញ្ជាក់ថាសំណើរនេះ ត្រូវបានប្រធានាធិបតីហុងគ្រីគាំទ្រ ។

VOD មិនអាចសុំការបញ្ជាក់ពីស្ថានទូតហុងគ្រី តាមសារអេឡិចត្រូនិចបាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ ដោយពុំទាន់មានអ្នកឆ្លើយតប។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ការចង់បាន​យុត្តិធម៌​ពីសហភាព​អឺរ៉ុបពាក់ព័ន្ធនឹងបញ្ហាEBA ត្រូវផ្តើមចេញពីការផ្តល់យុត្តិធម៌ឲ្យ​គណបក្សសង្គ្រោះជាតិ​ដែលបានផាត់ចេញ​ពី​ឆាក​នយោបាយ។

លោក មានប្រសាសន៍ថា៖«ខ្ញុំយល់ថា អាចរដ្ឋាភិបាលយល់ថាមិនយុត្តិធម៌សម្រាប់គាត់ ប៉ុន្តែអ្វីដែល​សហភាព​​អឺរ៉ុបគេទាមទារ ខ្ញុំយល់ថាជាយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរ ព្រោះការរំលោភបំពាន​និងបំបាត់​សំឡេង​ប្រឆាំង​ដែលមានអ្នកគាំទ្រប្រ​ហា​ក់​​ប្រ​ហែលគ្នា។ យើងយល់ថា អាហ្នឹងជារឿងយុត្តិធម៌សម្រាប់ខ្លួនឯង តែសម្រាប់ម្ខាងទៀត[អតីតបក្សប្រឆាំង]គេយល់ថាអាហ្នឹងមិនយុត្តិធម៌សម្រាប់គេ»។

​សហភាព​អឺរ៉ុប​ បានជូនដំណឹងដល់កម្ពុជាកាលពីខែកុម្ភៈដើមឆ្នាំនេះ ពីវិធានការដកEBA ក្រោយខ្លួនរកឃើញថា រដ្ឋាភិបាលកម្ពុជា មិនបានធ្វើឲ្យប្រសើរពីស្ថានភាពសិទ្ធិមនុ​ស្ស​ និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។

លក្ខខណ្ឌនោះ សហភាពអឺរ៉ុប ធ្លាប់ទាមទារឲ្យដោះលែង ​​លោក​ កឹម​ សុខា​ ត្រូវធានាឲ្យមានការបោះឆ្នោតឡើងវិញមានលក្ខណៈសេរី និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យ មានអតីតគណបក្សប្រឆាំងចូលរួមប្រ​កួតឡើងវិញ។

វិធានការនេះ សហភាពអឺរ៉ុបនឹងប្រកាសជាផ្លូវការនៅចុងឆ្នាំនេះ ហើយសុពលភាពនៃការអនុវត្តវិធានការ នឹងចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលខែកុម្ភៈដើមឆ្នាំ២០២០ទៅ ។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ GMAC​ បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ បើ​កម្ពុជា​មិន​អាច​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ របស់​សហភាព​អឺរ៉ុប​នេះ​បានទេ​ នឹង​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ៧៥ម៉ឺន​នាក់​ និង​​ពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ផ្សេងទៀត​ដោយប្រយោល​។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា ហៅដំណើរទស្សនកិច្ចស្វែងការគាំទ្រពីប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតនេះ​ មិនអាចទប់ស្កាត់វិធានការប្លុកលោកសេរីមួយនេះបានទេ ។

ប៉ុន្តែអ្នកវិភាគរូបនេះ ផ្តល់ជាយោបល់ថា បើរដ្ឋាភិបាលកម្ពុជា ចង់រក្សាទុកប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺ​រ៉ុបពិតប្រាកដមែនត្រូ​វ​ស្វែងរកដំណោះស្រាយនយោបាយធានាដំណើ​រ​កា​​​​រប្រជាធិបតេយ្យឡើងវិញតាមលក្ខខណ្ឌរបស់​សហភាពអឺរ៉ុប ។

លោ​ក និយាយថា៖«កម្ពុជា​ត្រូវតែ​មាន​យន្តការ​ឆ្លើយតបទៅនឹង​អ្វី​ដែល​ឆ្លើយតបទៅនឹង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហ្នឹង​ ឱ្យ​តាម​សំណូមពរ​របស់​សហភាព​អឺរ៉ុប​លើកឡើង​ បើមិនដូច្នោះទេ​កម្ពុជា​យើង​អាច​បាត់បង់​EBA​នេះ​ហើយ​»។

ទោះជាយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់អះអាងថា កម្ពុជានឹងមិនយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរនឹងលក្ខ​ខណ្ឌ​ជំនួយណាមួយពីអន្តរជាតិនោះទេ ហើយថាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAនឹងមិនធ្វើឲ្យកម្ពុជាស្លាប់ដែរ ហើ​យ​បើប្រព័ន្ធនេះនៅរក្សាទុក ក៏មិនធ្វើឲ្យកម្ពុជាក្លាយជាអ្នកមានដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ