កម្ពុជាគ្រោងទិញយន្តហោះស៊ើបការណ៍ និងអាវុធមួយចំនួនទៀតពីឆែក ដើម្បីការពារជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជាលោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឆែក លោក Andrej Babis ថតរូបរួមគ្នាក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា នៅទីក្រុងប្រាក សាធារណរដ្ឋឆែក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ទំព័រហ្វេកប៊ុក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា គ្រោងទិញយន្តហោះស៊ើបការណ៍ប្រភេទថ្មីL39 និងអាវុធ​មួយ​ចំនួន​បន្ថែម​ទៀត​ពី​ប្រទេស​ឆែក ដោយថាដើម្បីការពារជាតិ ខណៈកម្ពុជាធ្លាប់បានទិញយន្តហោះ​ប្រភេទនេះចំនួន៦គ្រឿង​រួចម្តងមក​ហើយនាពេលកន្លងមក។

​ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រមុខរដ្ឋាភិបាលឆែក នៅ​ទីក្រុង​ប្រាកកាលពី​ថ្ងៃទី១៤ខែតុលា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះយន្តហោះស៊ើបការណ៍ប្រភេទថ្មីរបស់ឆែក ហើយលោកបានស្នើឲ្យមានការពិភាក្សារអំពីលទ្ធភាពដែលកម្ពជាយន្តហោះប្រភេទនេះ និងអាវុធមួយចំនួនទៀត ដែលលោកថាដើម្បីរក្សាសន្តិសុខ និងការពារជាតិ។  ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទិញពេលណានោះទេ។

លោក បន្ថែមថា៖«នៅព្រឹកមិញនេះ ខ្ញុំក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាព ដែលកម្ពុជាអាចទិញយន្តហោះស៊ើបការណ៍ L39ប្រភេទថ្មី៣ទៅ៤គ្រឿងបន្ថែមទៀត។ ហើយយើងនឹងពិភាក្សាអំពីបញ្ហានេះ រួមទាំងអាវុធមួយចំនួនទៀតដែលកម្ពុជាកំពុងនាំចូល និងអាចបន្ថែមអាវុធធនស្រាលមួយចំនួនផ្សេងទៀតនៅក្នុងវិស្ស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់យើង»

អ្នកនាំពាក្យក្រសួងការពារលោក ឈុំ សុជាតិ មានប្រសាសន៍ថា ការទិញយន្តហោះស៊ើបការណ៍​និងអាវុធ​ចូល​បន្ថែម​នេះគឺដើម្បីអភិវឌ្ឍន៍​វិស័យ​ការពារជាតិ ដោយថាបច្ចុប្បន្នកម្ពុជាកំពុងខ្វះមធ្យោបាយ​ក្នុង​ការស៊ើប​ការណ៍​តាម​យន្តហោះ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការទិញយន្តហោះ និងអាវុធបន្ថែមនេះ​មិនមែនដើម្បី​គំរាម​កំហែ​ង​ទៅ​​លើក្រុមណា និងប្រទេសណាមួយឡើយ។

លោកបន្ថែមថា៖«ការទិញនេះ គឺដើម្បីពង្រឹងការរីកចំរើន និងការកែទម្រង់កងយោធពល​ខេមរ​ភូមិន្ទ​យើង​ឲ្យ​រឹងមាំ ដើម្បីធានាបាននូវការការពារបូរណភាពទឹកដី និងមាតុភូមិរបស់យើង។ ហើយនេះជាតម្រូវការ​ការពារ​ជាតិ​មិនមែន​ជាការគំរាមកំហែងប្រទេសណាមួយនោះទេ»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសារទរចំពោះរដ្ឋាភិបាលដែលទិញយន្តហោះ និងអាវុធ​ទំនើប​ថ្មីៗឲ្យកងទ័ពប្រើប្រាស់ដើម្បីការពារជាតិ ប៉ុន្តែលោកក៏ស្នើទៅរដ្ឋាភិបាលត្រូវមាន​យុទ្ធសាស្រ្តថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ ដើម្បីការពារបូរណភាពទឹកដី។

លោក មានប្រសាសន៍ថា៖« ប៉ុន្តែគ្រាន់តែអញ្ចេះទេ ថាតើយើងមានគំនិតឬយុទ្ធសាស្ត្រការពារទឹកដីហ្នឹង បើយើងគិតតែយកកងទ័ពទៅការពារក៏មិនកើតដែរ។ មកទល់សព្វថ្ងៃនេះ កងទ័ពការពារបានអីខ្លះហើយ ព្រំដែនកាន់តែរួញ ព្រំដែនដីគោកហ្នឹងឥលូវនេះសឹងថា មិនច្បាស់លាស់ផង។ អីចឹងហើយបានជាថា យើងត្រូវរកយុទ្ធសាស្ត្រថ្មីកុំពឹងផ្អែកទៅកងទ័ព និងអាវុធខ្លាំងពេក»

អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រទេសលើពិភព​លោក​មួយចំនួន​ដែល​កំពុង​ជួបអសន្តិសុខ និងវិបត្តិសង្គ្រោម គឺពួកគេចាំបាច់ត្រូវតែទិញសព្វា​វុធមកប្រើប្រាស់ដើម្បីការពារ ។ ប៉ុន្តែសម្រាប់ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បលោកមើលឃើញថា រដ្ឋាភិបាលមិនគួរសម្រុកទិញសព្វា​វុធទាំងនោះច្រើនពេកទេ ខណៈកម្ពុជាកំពុងជាប់បំណុលច្រើន ហើយប្រជាពលរដ្ឋក៏ជួបបញ្ហាជីវភាពដែរនោះ។

លោកបន្ថែមថា៖«វាជារឿងល្អប្រសើរប្រសិនបើប្រទេសហ្នឹងជាប្រទេសស្ថិតនៅក្នុងស្ថានភាពប្រឈមនឹង​សង្គ្រាមជាមួយបរទេសហ្នឹងយើងគួរតែប្រើប្រាស់យន្តហោះដើម្បីស៊ើបការណ៍ដឹងពីស្ថានភាពរបស់សត្រូវជាដើមហ្នឹង។ ប៉ុន្តែខ្ញុំមើលឃើញថា ការប្រើប្រាស់យន្តហោះស៊ើបការណ៍​ក្នុងស្ថានភាពប្រទេសកំពុង​ជួប​វិបត្តិ​ក្រី​ក្រ​​ និងជាប់បំណុលគេច្រើន ហើយបញ្ហាប្រជាពលរដ្ឋអត់ការងារធ្វើច្រើន អីចឹងវាមិនមែនជាស្ថានភាពមួយ​ល្អទេ​។ អីចឹងវានឹងមានការរិះគន់ពីខាងប្រជាពលរដ្ឋ។ អីចឹងមុនសម្រេចធ្វើអីមួយរដ្ឋាភិបាលត្រូវគិត​ពីជីវភាព​ប្រជាពលរដ្ឋ»

ក្នុងពិធីពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២៩ កក្តដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា កម្ពុជាបង្កើនកញ្ចប់ថវិកា​៤០លានដុល្លារ​បន្ថែមទៀត​ទៅដល់ក្រសួងការពារជាតិសម្រាប់បញ្ជាទិញសព្វាវុធពីប្រទេសចិន ដែល​លោក​ថាដើម្បី​បំពាក់​ដល់​កង​ទ័ពដែល​ប្រើ​ប្រាស់​អាវុធ​ចាស់​ៗ៕

រាយការណ៍បន្ថែមដោយ៖​ម៉ូវ ម៉ារ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ