អតីតចៅសង្កាត់ជាប់ឆ្នោតក្មេងជាងគេ​នៅសៀមរាប ត្រូវតុលាកាចេញដីកាចាប់ខ្លួន

អតីតចៅសង្កាត់សាលាកំរើក លោក ជិន សុខង៉េង ក្នុងពេលទទួលត្រាចៅសង្កាត់ពីតំណាងរដ្ឋបាលក្រុងសៀមរាប កាលពីថ្ងៃ៧ខែក្កដាឆ្នាំ២០១៧ នៅបរិវេណសង្កាត់ (រូបថតហ្វេសប៊ុក ជិន សុខង៉េង)

លោក ជិន សុខង៉េង ដែល​បាន​ជាប់​ឆ្នោត​ជាចៅសង្កាត់​វ័យក្មេងជាងគេកាលពីអំឡុងពេល​បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧  ត្រូវបានតុលាការខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនក្នុងបទចោទរួមគំនិតក្បត់។

សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះកាលបរិច្ឆេទនៅថ្ងៃទី១៤តុលា បញ្ជាក់ថា តុលាការសម្រេចចោទលោកជិន សុង៉េង វ័យ​២៨ឆ្នាំ​ ​ពីបទរួមគំនិតក្បត់តាមមាត្រា៤៥៣នៃក្រមព្រហ្មទ័ណ្ឌ។

ស្ថាប័ននេះបញ្ជាក់ទៀតថា ការចោទប្រកាន់គឺធ្វើឡើងបន្ទាប់ពីលោកសុខង៉េង ជាអតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦សីហាឆ្នាំ២០១៩បានទៅចូលរួមជាមួយយុវជនផ្សេងទៀតទៅជួបលោកសមរង្ស៊ី នៅប្រទេសម៉ាឡេស៊ីដើម្បីទទួលផែនការផ្តួលរំលំនិងប្រឆាំងរាជរដ្ឋាភិបាល។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបញ្ជាក់ថា៖ «អ្នកពាក់ព័ន្ធនិងការគាំទ្រឬចូលរួមអនុវត្តផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនឹងចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលអាចជាប់ពន្ធនាគារពី០៥ឆ្នាំទៅ១០ឆ្នាំ លើកលែងតែអ្នកចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងទោស»។

លោក ជិន សុខង៉េង  បានជាប់ជាចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ កន្លងទៅ ។ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ចំនួន ៥០០៧អាសនៈ ដែលបានមកពីការបោះឆ្នោតឃុំ-សង្កាត់ ត្រូវបាត់បង់ទាំងស្រុង គណបក្សត្រូវរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ តំណែងលោកសុខង៉េង កាន់ការងារជាចៅសង្កាត់សាលាកំរើក បានតែជាង ៣ ខែ ក៏ត្រូវបាត់បង់តំណែងវិញ តាមនោះដែរ។

លោកធ្លាប់ល្បីឈ្មោះក្នុងបណ្ដាញសារព័ត៌មាននានា ទន្ទឹមគ្នានឹងចៅសង្កាត់វ័យក្មេងរបស់បក្សប្រឆាំងនៅខេត្តបាត់ដំបងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិតដែរ។ យុវជនសុខង៉េង ក៏សព្វថ្ងៃជាអ្នកប្រកបរបរលក់ដូរធម្មតា និងជានិស្សិតផ្នែកវេជ្ជសាស្ដ្រផង។ លោកធ្លាប់បញ្ជាក់ថាអ្នកកាសែតថា ៖« លោកមិនអាចចូលរួមសកម្មភាពនយោបាយជាមួយគណបក្សកាន់អំណាចឡើយ»

ទោះជាយ៉ាងណាក្ដីប្រភពពីតុលាការខេត្តសៀមរាបបញ្ជាក់ថា អាជ្ញាធរមិនទាន់ចាប់ខ្លួនលោកជិន សុង៉េង បាននៅឡើយទេ។

តុលាការតាមសាលាដំបូងនៅខេត្តនានា បានចេញដីកាចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ រាប់សិបករណីគិតត្រឹមថ្ងៃទី១៥តុលានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ