នាយក​រដ្ឋមន្ត្រី​ឆែក​ ប្រាប់​លោក ​ហ៊ុន​ សែន​ ថា​សិទ្ធិមនុស្ស​ជា​ចំនុច​អាទិភាព​នៃ​គោល​នយោ​បាយ​​ការបរទេស​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម Andrej Babis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក ក្នុងជំនួបពិភាក្សាចង្អៀត និង ធ្វើជំនួបកំពូលទ្វេភាគី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក (ប្រភព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

នាយក​រដ្ឋមន្ត្រី​ឆែក​ លោក​ Andrej​  Babis​ ប្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា ​អាទិភាព​នៃ​គោលនយោបាយ​ការទូត​របស់​ខ្លួន​គឺ​ សិទ្ធិមនុស្ស​  និង​លទ្ធិប្រជាធិបតេយ្យ​ ស្រប​ពេល​ដែល​មេដឹកនាំ​កម្ពុជា​បង្ហាញ​ជំហរ​ចង់​ឃើញ​សហភាព​អឺរ៉ុប​ផ្តល់​យុត្តិធម៌​ ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA​។

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ឆែក​ នេះ​ធ្វើឡើង​នៅ​ទីក្រុង​ប្រាក​ នា​ថ្ងៃទី១៤ខែតុលា​ ក្នុង​ពេល​ដែល​លោក​ ធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​។

តាមរយៈ​អ្នកបកប្រែ​ នាយក​រដ្ឋមន្ត្រី​ឆែក​ លើកឡើង​ថា ​ កិច្ច​សហប្រតិបត្តិ​ការណ៍​កម្ពុជា​ ឆេកូស្លូវ៉ាគី​ (មុន​ឆ្នាំ១៩៩២​  សាធារណរដ្ឋ​ឆែក​ និង​សាធារណរដ្ឋ​ស្លូវ៉ាគី​  ជា​ប្រទេស​តែមួយ​) មាន​ទំនាក់ទំនង​គ្នា​ល្អ​ ដែល​ថា ​ឆែក​បាន​ដោះស្រាយ​លុបចោល​បំណុល​ ជួយ​កសាង​មន្ទីរពេទ្យ​មួយចំនួន​នៅ​ខេត្ត​សៀមរាប​ ​ផ្តល់​ជំនួយ​ផ្នែក​អភិវឌ្ឍន៍​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ជាដើម​។

​បន្ថែម​លើ​នេះ​ លោក​ ​Andrej​  Babis​ ​ក៏បាន​បញ្ជាក់​ដោយ​ផ្ទាល់​ប្រាប់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​  ថា​ ការ​លើកកម្ពស់​សិទ្ធិមនុស្ស ​ និង​ប្រជាធិបតេយ្យ​ជា​បញ្ហា​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​សាធារណរដ្ឋ​ឆែក​។

លោក​មានប្រសាសន៍​ថា​៖«ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ជា​ចំនុច​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​យើង​។ ខ្ញុំ​ធានា​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​និង​​កោត​សរសើ​កម្ពុជា ​ដែល​បាន​សហការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ របស់​​អង្គការ​សហប្រជាជាតិ​អំពី​សិទ្ធិមនុស្ស​ ហើយ​យើង​រីករាយ​ចំពោះ​ការ​អភិវឌ្ឍ​​នូវ​របាយ​ការណ៍​នេះ​»។

នាយក​រដ្ឋមន្ត្រី​ឆែក​ លើកឡើង​ទៀត​ថា​  ជំ​ហវិ​ជ្ជ​មាន​ពី​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​របស់​កម្ពុជា​  ជាផ្នែក​មួយ​ជំរុញ​ដល់​ការស្វែងរក​ដំណោះស្រាយ​ បញ្ហាEBA​ ​ក្នុង​កម្រិត​ក្រុមប្រឹក្សារដ្ឋ​។

លោក​បន្ត​ថា​៖ « ចំពោះ​ឆែក​ [EBA​]នេះ​ជា​ឧបករណ៍​ដ៏​មាន​សារសំខាន់​ ដែល​កម្ពុជា​ បាន​បង្ហាញ​នូវ​ជំហរ​វិជ្ជមាន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ ដែល​ប្រទេស​ជាច្រើន​មាន​ការ​ព្រួយបារម្ភ​។ ហើយ​យើង​បាន​និយាយ​ជាច្រើន​ពី​កិច្ចការ​នេះ​ជា​យូ​ហើយ​ ហើយ​ខ្ញុំ​ជឿ​​ថា​ គណៈកម្មាធិការ​អឺរ៉ុប​ នឹង​និយាយ​ពី​បញ្ហា​នេះ​ ហើយ​យើង​នឹង​ស្នើ​ឱ្យ​ប្រធាន​គណៈកម្មាធិការ​ថ្មី​និយាយ​ក្នុង​កម្រិត​ក្រុមប្រឹក្សារដ្ឋ​»។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន ​ ក្រៅពី​ថ្លែង​អំណ​គុណ​ប្រទេស​ឆែក​ ដែល​បានសម្រេច​លុបចោល​បំណុល​ កន្លងទៅ​ដែល​កម្ពុជា​ជំពាក់​អំឡុង​ទសវត្ស៨០​ និង​ការដែល​ឆែក​ បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ សម្រាប់​អភិវឌ្ឍ​នោះ ​ មេដឹកនាំ​កម្ពុជា​រូប​នេះ​ ក៏​បង្ហាញ​ក្ដី​សង្ឃឹមថា ​ តាមរយៈ​នៃ​ការ​បន្ត​គាំទ្រ​របស់​ឆែក​ កម្ពុជា​នឹង​ទទួល​​បាន​យុត្តិធម៌​ពី​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​ទៅ​នឹង​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ។

លោក​ មានប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​អរគុណ​ឆែក​ ដែល​បាន​អះអាង​ជាថ្មី​ ក្នុង​ជំហ​គាំទ្រ​កម្ពុជា​ ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប​។ ខ្ញុំ​សង្ឃឹមថា​ បណ្ដា​ប្រទេស​នៅ​សភាព​អឺរ៉ុប​ នឹង​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​»។

អ្នកវិភាគ​នយោបាយ​លោក​ ឯម​ សុវណ្ណ​រ៉ា​ ពន្យល់​ថា​ ឆែក​ជា​មិត្ត​កុម្មុយ​នី​ស្ដ​ចាស់​របស់​កម្ពុជា​ ហើយ​ឆែក​ ក៏​ជា​សហ​ជិ​កអឺរ៉ុប​មួយ​ក្នុងចំណោម​សមាជិក​ ២៧ផ្សេងទៀត​។

លោក​ ឯម​ សុវណ្ណារ៉ា​ យល់ថា ​ការដែល​មេដឹកនាំ​កម្ពុជា​ស្វែងរក​ការ​គាំទ្រ​ពី​ឆែក​ អាច​ជា​ការ​ចង់​ទប់ស្កាត់​កុំ​ឱ្យ​សហភាព​អឺ​រ៉ុ​មាន​សំឡេង​គ្រប់គ្រាន់​សម្រាប់​បោះឆ្នោត​ដកEBAពី​កម្ពុជា​ ដោយ​ថា ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​នេះ​ សហភាព​អឺរ៉ុប​ត្រូវការ​សំឡេង៥៥ភាគរយ​ពី​សមាជិក​របស់​ខ្លួន​។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​រូប​នេះ​ បង្ហាញ​ការយល់ឃើញ​ថា ​ គន្លឹះ​នៃ​ការ​រក្សាទុកEBA​ នៅពេល​នេះ​ គឺ​ ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​។

លោក​ថា​៖«ទស្សនៈ​របស់​ប្រទេស​ឆែក​ដែល​ថា ​ឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស​និង​ប្រជា​ធិបតេយ្យ​នឹង​បញ្ជាក់​ថា ​ឆែក​ឈរ​លើ​គោលការណ៍​អឺរ៉ុប​ហើយ​។ អ៊ីចឹង​កម្ពុជា​ត្រូវ​តែ​​​មាន​យន្តការ​ឆ្លើយតបទៅនឹង​អ្វី​ដែល​ឆ្លើយតបទៅនឹង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​​ហ្នឹង​ ឱ្យ​តាម​សំណូមពរ​របស់​សហភាព​អឺរ៉ុប​លើកឡើង​ បើមិនដូច្នោះទេ​ កម្ពុជា​យើង​​អាច​បាត់បង់EBAនេះ​ហើយ​»។

​សហភាព​អឺរ៉ុប​ បាន​យក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​ ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ ដោះលែង​លោក​ កឹម​ សុខា​ និង​ឱ្យ​អតីត​គណបក្ស​ប្រឆាំង​ បាន​ដំណើរការ​ឡើងវិញ​ ជា​ថ្នូរ​នឹង​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ​GMAC​ ​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ​ បើ​កម្ពុជា​មិន​អាច​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA​ របស់​សហភាព​អឺរ៉ុប​នេះ​បានទេ​ នឹង​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ ៧៥ម៉ឺន​នាក់ ​ និង​ប៉ះពាល់​ដល់​ពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ផ្សេងទៀត​ដោយប្រយោល​។

របាយការណ៍​របស់​ក្រុម​អ្នកបញ្ជា​ទិញ​បញ្ជាក់​ថា​ នៅ​ឆ្នាំ២០១៨​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ និង​អាមេរិក​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​GSP​ ​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​មាន​ទំហំ​ទឹកប្រាក់​សរុប ​ ៨,៥ពាន់​លាន​ដុល្លារ​ ស្មើនឹង​ ៨៣ភាគរយ​នៃ​ផលទុន​សរុប​ (GDP​)របស់​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កំពុង​ដឹកនាំ​គណៈប្រតិភូ​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​ខាងកើត​រយៈពេល៥ថ្ងៃ​គឺ ​ចាប់​ថ្ងៃទី១៣​ រហូតដល់​ថ្ងៃទី១៧ខែតុលា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ លោកនាយក​រដ្ឋមន្ត្រី​  និង​គណៈប្រតិភូ​កម្ពុជា ជួប​ជាមួយ​មេដឹកនាំ​សាធារណរដ្ឋ​ឆែក​ ​ហុងគ្រី​  និង​សាធារណរដ្ឋ​ប៊ុល​ការី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ