អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់​ពន្ធនាគារ​

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ​គិតត្រឹមថ្ងៃទី១៤ ខែតុលា។ នេះបើតាមទិន្នន័យនៃចំនួនមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងសំណុំរឿងនយោបាយដែលចែកផ្សាយដោយអនុប្រធានគណបក្សប្រឆាំង អ្នកស្រី មួរ សុខហួរ។

ទិន្នន័យដែលចេញផ្សាយនេះ ចងក្រងជាភាសាអង់គ្លេសដែលបញ្ជាក់ពីឈ្មោះ ភេទ អាយុ ទីកន្លែងរស់នៅ  ទីកន្លែងដែលត្រូវចាប់ខ្លួន និងស្ថានភាពសុខភាពរបស់អ្នកដែលត្រូវគេចាប់ខ្លួន។ ទិន្នន័យនេះក៏រួមបញ្ចូលទាំងយុវជន២នាក់គឺគង់ រ៉ៃយ៉ា និង សួងនាគព័ន្ធ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលខួបបីឆ្នាំនៃព្រឹត្តិការបាញ់សម្លាប់ លោកកែម ឡីកាលពីខែកក្កដាដែរ។

អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស  លោក ម៉ន ផល្លា បានថ្លែងប្រាប់វីអូឌីតាមរយៈសារអេឡិចត្រូនិកថា ការប្រកាសតាមចាប់ខ្លួនរូបលោក និង ការចាប់ខ្លួនសកម្មជនដ៏ទៃទៀត ធ្វើឡើងដោយរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់។ លោកបញ្ជាក់ថា លោកនឹងមិននៅតែមិនប្ដូរជំហរឡើយបើទោះជាប្រឈមនឹងការជាប់ពន្ធនាគារ​ដ៏ដោយ។

លោក ម៉ន ផល្លា បញ្ជាក់​ថា៖ «ខ្ញុំមិនមានការភ្ញាក់ផ្អើលទេចំពោះរបបផ្ដាច់ការដែលតែងតែធ្វើបាបសកម្មជន ស្នេហាប្រជាធិបតេយ្យ។ខ្ញុំនៅតែប្ដេជ្ញាចិត្តត្រឡប់មកវិញតាមលោកសមរង្ស៊ីនៅថ្ងៃទី០៩វិច្ឆកា»។

លោក ម៉ន ផល្លា ត្រូវបានតុលាការចេញដីការចាប់ខ្លួនបន្ទាប់ពីអតីតមន្ត្រីមូលដ្ឋានរបស់បក្សប្រឆាំង២រូបឆ្លើយដាក់ក្នុងវីដេអូសារភាពនៅមុខកាម៉េរ៉ារបស់សមត្ថកិច្ចកាលពីថ្ងៃទី១១តុលា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការចេញដីកាចាប់ខ្លួនអតីតសមាជិកបក្សសង្គ្រោះជាតិទាំងនេះ គឺដោយសារតែតុលាការរកឃើញភស្ដុតាងល្មើសច្បាប់របស់អ្នកទាំងនោះ។

លោក ជិន ម៉ាលីន មានប្រសាសន៍​ថា​៖ «យើងមិនអាចកំណត់ថាឈប់ចាប់ខ្លួនត្រឹមណាទេ ឱ្យតែតុលាការរកឃើញថាល្មើសច្បាប់តុលាការនឹងអនុវត្តនិតិវិធីច្បាប់។ ចំណែកឯកិច្ចសហប្រតិបត្តិការចំពោះការនាំយកជនល្មើសមកផ្ដន្ទាទោសហ្នឹងប្រទេសណាក៏ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តផ្អែកលើទំនាក់ទំនងការទូតនិងកិច្ចព្រមព្រៀងរវាងគ្នា      »។

ទោះជាយ៉ាងណាលោក ជិន ម៉ាលីន មិនបានបញ្ជាក់ទេថាកម្ពុជានឹងសហការកម្រិតណាជាមួយប្រទេសជិតខាងដើម្បីចាប់ខ្លួនអ្នកទាំងនោះឡើយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឆាយ គឹមឃឿន នៅថ្ងៃទី១៥ តុលា មានប្រសាសន៍ប្រាប់វីអូឌីថា សមត្ថកិច្ចកំពុងបន្តនិតិវីធី ស្រាវជ្រាវរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងផែនការរបស់លោកសម រង្ស៊ី។ប៉ុន្ដែលោកមិនបញ្ជាក់លម្អិតឡើយ។

លោក ឆាយ គឹមឃឿន ប្រាប់ថា​៖ «ដំណើរការដល់កម្រិតណាពូអត់ជម្រាបជូនឱ្យក្មួយបានទេ ដោយឡែកយើងត្រូវពង្រឹងការអនុវត្តច្បាប់ ចំពោះថាអនុវត្តន៍យ៉ាងម៉េចបើពូប្រាប់គឺដូចជាប្រាប់ផ្លូវឱ្យពួកហ្នឹងរត់អ៊ីចឹង»។

កាលពីថ្ងៃទី១៤ខែតុលា តុលាការសាលាដំបូងខេត្តសៀមរាប​ ក៏បានចេញដីកាចាប់ខ្លួនអតីតចៅសង្កាត់វ័យក្មេង សង្កាត់សាលាកម្រើកក្រុងសៀមរាប ជិន សុខង៉េង និង សកម្មជន២នាក់ទៀតនៅខេត្តបាត់ដំបងក្នុងបទចោទរួមគំនិតក្បត់។ តុលាការតាមសាលាដំបូងនៅខេត្តនានា បានចេញដីកាចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ រាប់សិបករណីគិតត្រឹមថ្ងៃទី១៥តុលានេះ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់វិអូឌីថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នេះបាននឹងបង្ករភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ លោកព្រមានថាទង្វើបក្សកាន់អំណាចពេលនេះអាចនឹងនាំ ប្រទេសឱ្យប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យ។

លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖ «យើងអាចនិយាយដល់ប្រព័ន្ធផ្តាច់ការ ដើម្បីគាបសង្កាត់ បង្ក្រាបប្រជាពលរដ្ឋនៅក្នុងរបបកុម្មុនីសផ្ដាច់ការឬមូលធនផ្ដាច់ការ របបហ្នឹងកាន់តែលែងទុកចិត្តប្រជាពលរដ្ឋនិងធ្វើឱ្យពលរដ្ឋលែងទុកចិត្តដូចមុន»។

កាលពីខែកញ្ញា ប្រមុខការទូតកម្ពុជាលោកប្រាក់ សុខុនធ្លាប់ប្រកាសប្រាប់អ្នកកាសែតថា កម្ពុជាបានស្នើឱ្យប្រទេសក្នុងតំបន់អាស៊ានចាប់លោក សមរង្ស៊ីនិងអ្នកពាក់ព័ន្ធទៀតផង។ ប៉ុន្តែស្របពេល​ជាមួយគ្នា​នោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកមហាធៀមហាម៉េត បានប្រាប់វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកថា លោកមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេហើយក៏មិនបានទទួលលិខិតសុំឱ្យចាប់ខ្លួនលោកសមរង្ស៊ីដែរ។

សមត្ថកិច្ច  បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចាប់តាំង​ពីការ​ប្រកាស​វិលចូល​ស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆកានៅឆ្នាំនេះ។ ​ភាគច្រើនអ្នកដែលត្រូវចាប់​ខ្លួន​ត្រូវជាប់​ចោទពី​បទរួមគំនិតក្បត់ហើយត្រូវដាក់ពន្ធនាគារ​  ខណៈដែលអ្នកសារភាព និងលាតត្រដាងពីផែនការនៃការ​វិល​ត្រលប់​របស់លោក សម រង្ស៊ី​ ​ចំនួន៥នាក់ត្រូវ​បាន​រួចខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ