អ្នកវិភាគថាព្រះរាជបណ្តាំ​អតីតព្រះមហាក្សត្រចង់ឱ្យរួបរួមគ្នាហាក់​រសាត់ឆ្ងាយពីអ្នកនយោបាយបច្ចុប្បន្ន

អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ យាងពីប្រទេសចិនមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

អ្នកវិភាគ លើកឡើងថាក្រោយការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ អ្នកដឹកនាំខ្មែរនៅមិនទាន់អនុវត្តតាមព្រះរាជបណ្តាំរបស់ទ្រង់ ដោយចង់ឃើញការរួបរួម និងសាមគ្គីជាតិកាន់ខ្លាំងក្លា ឱ្យបានជោគជ័យនៅឡើយទេ។

ការលើកឡើងរបស់អ្នកវិភាគនេះ ធ្វើឡើងនាឱកាស​ខួបគម្រប់៧ឆ្នាំ នៃការយាងសោយទិវង្គត របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ​ព្រះបាទនរោត្តម សីហនុនៅថ្ងៃនេះ។

មួយឆ្នាំមុនការយាងចូលទិវង្គតរបស់ព្រះអង្គ ពោលគឺនៅថ្ងៃទី ៣១ តុលា ឆ្នាំ២០១១ ក្នុងឱកាស​​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើន​ព្រះជន្ម​ព្រះអង្គយាង​ចូល​៩០​ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានមានព្រះរាជបណ្តាំផ្ញើជនរួមជាតិទាំងអស់ ពិសេសអ្នកនយោបាយខ្មែរឱ្យនាំគ្នារួបរួមសាមគ្គី និងឯកភាពគ្នាកាន់តែរឹងមាំ។

ព្រះរាជបន្ទូល​ជាង​២០​នាទី កាល​នោះ ព្រះអង្គបញ្ជាក់ថា កម្ពុជា​មិន​ចង់​ធ្វើជា​មហាអំណាច​ទេ តែ​ចង់​ឲ្យ​ពិភពលោកទទួលស្គាល់ថា​ប្រជាជាជាតិកម្ពុជារួប​រួម​សាមគ្គីគ្នា ដោយថាជា​កម្លាំងរ៉ឹងមាំរបស់កម្ពុជា។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «យើងសប្បាយណាស់ដែលជាលើកទីមួយហើយ យើងបានរួបរួមគ្នាជាធ្លុងមួយ ដែលនរណាក៏បំបែកបំបាក់មិនបានដែរ ធ្វើឱ្យទន់ខ្សោយទៅវិញមិនបានដែរ។ យើងច្បាស់ចេះតែខ្លាំងទៅៗ នូវវិស័យអ្វីក៏ដោយ ក៏យើងចេះតែខ្លាំងទៅហើយ»។

យ៉ាងនេះក្តី អ្នកវិភាគចាស់វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មុនពេលអតីតព្រះមហាក្សត្រខ្មែរ ចូលសោយទិវង្គត ​កម្ពុជាបានផ្សះផ្សារជាតិ ដែលធ្លាប់បែកបាក់​ជាក្រុម ជាបក្ខជាពួក និង​ការច្បាំងគ្នា មកជាការបង្រួបបង្រួមជាតិនិងឯកភាពជាតិ បញ្ចប់ជម្លោះឬចម្បាំងទាំងឡាយ ដោយចុងក្រោយ​តាមរយៈនយោបាយឈ្នះៗរបស់រដ្ឋាភិបាល។

យ៉ាងនេះក្តី លោក​ថា ក្រោយអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ​សោយទិវង្គតទៅ ​​ព្រះរាជបន្ទូលចុងក្រោយរបស់ព្រះអង្គឱ្យខ្មែរសាមគ្គីគ្នានោះ អ្នកនយោបាយខ្មែរមិនបានអនុវត្តឱ្យបានជោគជ័យទេ ដោយថាដើមចមមកពីភាពអយុត្តិធម៌ ការរំលោភអំណាច និងការរំលោភទ្រព្យសម្បត្តិផង​។

លោកមានប្រសាសន៍ថា៖ «ដូច្នេះក្រោយពេលព្រះករុណា ចូលទិវង្គត នៅថ្ងៃទី ១៥ តុលា ២០១២ហ្នឹង យើងមិនទាន់បានអនុវត្តឱ្យបានជោគជ័យនៅឡើយនូវគោលនយោបាយបង្រួបបង្រួមជាតិ នូវបណ្តាំរបស់ព្រះមហាក្សត្ររបស់យើងនៅពេលនោះទេ»។

កាលពីចុងឆ្នាំ២០១៧ ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានចាប់និងឃុំខ្លួន ហើយបក្សដែលមានសំឡេងគាំទ្រស្ទើរកន្លះនគរមួយនេះក៏ត្រូវបានតុលាការកំពូលរំលាយចោល។

លើសពីនេះ មានអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាង១រយនាក់ត្រូវបានក្នុងបម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយតំណែងតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់តំណាងរាស្ត្រ ក៏ត្រូវបានគេដកហូត យកទៅចែកជូនបក្សផ្សេង ប្រសិនបើពួកគេមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាចទេ។

លោកថាទាំងនេះ ក៏ជាការបង្ហាញ​ថែមទៀតអំពីការបែកបាក់ជាតិ ផ្នែកនយោបាយផងដែរ។

រីអ្នកឃ្លាំមើលសង្គម និងជាអ្នកវិភាគនយោបាយ មួយរូបទៀតលោក ឯម សុវណ្ណរ៉ា មើលឃើញថាព្រះរាជបណ្តាំរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ឱ្យរួបរួមគ្នាជាធ្លុងមួយបានរសាត់ឆ្ងាយពីអ្នកនយោបាយខ្មែរ។

លោកថា ស្ថិរភាពនយោបាយកម្ពុជាបច្ចុប្បន្ន និងអនាគតនឹងមិនរឹងមាំបានទេ ដោយថាអ្នកនយោបាយបច្ចុប្បន្នខិតខំធ្វើគ្រប់យ៉ាងដើម្បីចង់ឈ្នះចាញ់ដៃគូប្រជែងនយោបាយរបស់ខ្លួន និងចង់ឱ្យពួកគេសាបសូន្យតែម្តង ដោយមិនអាចក្រុមផ្សេងឬ បក្ខផ្សេង​រស់បានឡើយ ​ជាហេតុរុញឱ្យសង្គមខ្មែរបែកបាក់គ្នាកាន់តែខ្លាំង។  

លោកបន្តថា៖ «ដោយពុំគិតយកផលប្រយោជន៍ជាតិជាផលប្រយោជន៍រួមហ្នឹង ដាក់ឱ្យធំជាងផលប្រយោជន៍បក្ខពួកខ្លួនហ្នឹង ដែលធ្វើឱ្យ មានហានិភ័យសម្រាប់អនាគតកាល សម្រាប់ស្ថិរភាពនយោបាយកម្ពុជា។ នេះជាព្រឹត្តិការណ៍ដែលយើងជាពលរដ្ឋមានការបារម្ភដែរ »

​យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត មានប្រសាសន៍ថាព្រះរាជបណ្តាំរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ គឺ ត្រឹមត្រូវណាស់ ដោយស្របតាមស្មារតីកិច្ចព្រមព្រៀងក្រុងប៉ា​រីសផង និងស្របតាមបរិបទកម្ពុជានាពេលបច្ចុប្បន្នផង។

​លោកបន្តថា ក្រោមហេតុផលនេះហើយ បានជារដ្ឋាភិបាល​​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យកម្ពុជាមានសន្តិភាព និងឯកភាពជាតិ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវព្រះរាជបណ្តាំរបស់អតីតព្រះមហាក្សត្រ។ លោកថា កម្ពុជាបច្ចុប្បន្នគ្មានការបែកបាក់ជាតិទេ គឺ មានតែក្រុមដែលត្រូវចាត់វិធានការតាមច្បាប់ប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «សម្រាប់គណបក្សកាន់អំណាចគឺគោរពបានត្រឹមត្រូវតាមព្រះរាជបណ្តាំរបស់ព្រះករុណាព្រះបរមរតនៈកោដ្ឋ ប៉ុន្តែដូចខ្ញុំជម្រាបខាងដើមអីចឹង។ ដោយសារបក្សប្រកួតប្រជែងដណ្តើមអំណាចមិនបានតាមបំណង តាមសំណូមពរ ក៏លេងផ្លូវកាត់ ដែលជាការរំលោភគោលការណ៍ប្រជាធិបតេយ្យនិងនិតីរដ្ឋហ្នឹងឯង»។  

​សម្រាប់អតីតមន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន នៅតែយល់ថាព្រះរាជបណ្តាំរបស់ព្រះករុណាព្រះបាទ ​នរោត្តម សីហនុ មានតម្លៃកាត់ថ្លៃមិនបាន ប៉ុន្តែព្រះរាជបណ្តាំទាំងនោះត្រូវបានអ្នកនយោបាយខ្មែរបំភ្លេចចោល ត្បិតបច្ចុប្បន្នការបែកបាក់ជាតិកាន់តែមានសភាពធ្ងន់ធ្ងរ។

លោកបន្តថា៖ «ប៉ុន្តែយ៉ាងណាក៏ដោយ ឱ្យតែប្រទេសមួយមានគោលការណ៍ច្បាស់លាស់ ឈរលើគោលការណ៍ហើយពន្យល់ប្រជាពលរដ្ឋ ឱ្យយល់ទៅពីគោលការណ៍មួយ ដែលអាចរួបរួមគ្នាកើត ហើយអាចស្វែងរកឯកភាពជាតិកើត។ អាហ្នឹងយើងអនុវត្តទៅតាមហ្នឹងទៅ ភាពបែកបាក់ជាតិនឹងលែងមានហើយ»។

ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អ្នកស្រី ឡុង កញ្ញា មានការសោកស្តាយជាខ្លាំងនៅពេលអ្នកនយោយបាយខ្មែរមិនបានអនុវត្តន៍តាមព្រះរាជបណ្តាំចុងក្រោយរបស់ព្រះបិតាឯករាជ្យជាតិ។

អ្នកស្រី កត់សម្គាល់ថា ភាពបែកបាក់ជាតិ ហាក់កើតឡើងដោយសារទំនាស់បុគ្គលនៃអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និងអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ហើយអូសទាញសង្គមទាំងមូលធ្លាក់ទៅក្នុងវិបត្តិនយោបាយ។ 

អ្នកស្រីបន្ថែមថា ៖«អីចឹងអ្វីដែលយើងចង់បានពីពេលនេះទៅ យើងចង់ឱ្យអ្នកនយោបាយខ្មែរ មានឯកភាពគ្នា ក្នុងការដោះស្រាយវិបត្តិជាតិ។ យើងសាទរ ប្រសិនបើសម្តេចហ៊ុន សែន និងលោក សម រង្ស៊ី គាត់ជជែកគ្នា ហើយគាត់ដោះស្រាយជម្លោះរបស់ពួកគាត់»។

រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាមាត្រា ៥២ ចែងថារាជរដ្ឋាភិបាលមានកាតព្វកិច្តប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី។ លើសពីនេះអនុវត្តនយោបាយបង្រួបបង្រួមជាតិដើម្បីការពារឯកភាពជាតិ រក្សាទំនៀមទម្លាប់ និងប្រពៃណីរបស់ជាតិ។  

ចំណែកមាត្រា ៥៣ វិញ ចែងថាកម្ពុជាប្រកាន់ភ្ជាប់នូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធឡើយ។

លោក ឯម សុវណ្ណរ៉ា ថាក្នុងរដ្ឋធម្មនុញ្ញចែងពីរបបនយោបាយបែបនេះ ប៉ុន្តែសម្រាប់ទំនោរកម្ពុជាបច្ចុប្បន្នគឺបោះពួយខ្លាំងទៅរកចិន ដែលបង្កភាពល្អក់កករជាមួយបណ្តាប្រទេសលោកខាងលិច។

បញ្ហានេះ អ្នកវិភាគដដែលយល់ថា នឹងមិនអាចធ្វើឱ្យកម្ពុជារកសុខសន្តិភាព ស្ថេរភាពនយោបាយបានយូរអង្វែងឡើយ ហើយកម្ពុជាក៏អាចក្លាយជាទីលានប្រកួតប្រជែងមនោគមន៍វិជ្ជានយោបាយលោកសេរី និងកុម្មុយនីស្តជាថ្មីទៀត ។

ដោយឡែក លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថានៅពេលអ្នកនយោបាយខ្មែរនៅមិនទាន់រកឯកភាពជាតិ និងសាមគ្គីជាតិបានពិតប្រាកដស្របតាមព្រះរាជបណ្តាំអតីតព្រះមហាក្សត្រ គឺបង្ហាញថាអ្នកដឹកនាំនយោបាយមានចិត្តជាទេវតា ប៉ុន្តែមានកាយវិការជាទេវទត្តទៅវិញ។  

ទាំងលោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏ដូចជា លោក ឯម សុវណ្ណរ៉ា យល់ថាអ្នកនយោបាយខ្មែរគប្បីតម្កល់ផលប្រយោជន៍ជាតិឱ្យធំជាងផលប្រយោជន៍បុគ្គល ឬ ក្រុមបក្ខពួកខ្លួន នោះភាពឯកភាពជាតិ សាមគ្គីជាតិនឹងកើតឡើងយ៉ាងពិតប្រាកដមិនខាន។

អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី ១៥ តុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម៩០ឆ្នាំ នាទីក្រុងប៉េកាំង ប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ