បុរស​ជា​ស្វាមី​ ស្នើ​មន្ទីរពេទ្យ​មួយ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ភរិយា​ខ្លួន​អំឡុង​ពេល​សម្រាល​

បុរសម្នាក់ ដឹក​ដៃកុមារីម្នាក់ចេញពី​មជ្ឈមណ្ឌលគាំពារមាតា និងទារក(ពេទ្យជប៉ុន)កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ស្វាមី​ស្ត្រី​ដែល​បាន​ស្លាប់​បាត់បង់ជីវិត​ក្នុង​វ័យ​ប្រមាណ២៨ឆ្នាំ ​អំឡុង​ពេល​សម្រាល​មុន​កំណត់​នៅ​ឯ មជ្ឈមណ្ឌល​គាំពារ​មាតា ​ និង​ទារក​ (ពេទ្យ​ជប៉ុន​) ទទូច​ឱ្យ​មន្ទីរពេទ្យ​បង្ហាញ​ឯកសារ ​ និង​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ភរិយា​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​។

លោក​ សុភា​ វីរៈ​ ស្វាមី​របស់​អ្នកស្រី​ ឈិន​ សុ​ជា​ ជា​ស្ត្រី​រងគ្រោះ​រហូត​ស្លាប់​បាត់បង់ជីវិត​ដោយ​ការ​សម្រាលកូន​មុន​កំណត់​នៅ​ឯមជ្ឈមណ្ឌល​គាំពារ​មាតា​ និង​ទារក​(ពេទ្យ​ជប៉ុន​)កាលពី​ថ្ងៃទី១១​ ខែតុលា​កន្លងមក​នេះ ​អះអាង​​ថា​ លោក​ និង​សាច់ញាតិ​ក្រុម​គ្រួសារ​មិនសុខចិត្ត​ឡើយ​ ប្រសិនបើ​ខាង​មន្ទី​ពេទ្យ​នៅតែ​មិន​បញ្ជាក់​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រពន្ធ​លោក​ទេ​។ លោក​ថា​ លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​មន្ត្រី​ពេទ្យ​ដែល​បម្រើការ​ក្នុង​មន្ទី​ពេទ្យ​ ព្រោះ​ពួកគេ​គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ម៉ោង​ការងារ​ ព្រោះ​ធ្វេសប្រហែស​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ រហូត​បណ្តាល​ឱ្យ​ប្រពន្ធ​របស់​លោក​ស្លាប់​បាត់បង់ជីវិត​។

លោក​ សុភា​ វីរៈ​បាន​បញ្ជាក់​ថា​៖ « ចង់បាន​យុត្តិធម៌​ឱ្យ​ប្រពន្ធ​ខ្ញុំ​ជាពិសេស​។ ដូច​បាន​ដឹង​ស្រាប់ហើយ​ ការ​ឆ្លងទន្លេ​មិន​គួរ​បាត់បង់ជីវិត​កើត​ទេ​ សម័យនេះ​ទៅ​ហើយ​ ហើយ​មិន​គួរ​ឱ្យ​មាន​ពេទ្យ​មួយចំនួន​ដូចជា​ ឃាតករ​ទៅ​ធ្វើការ​ក្នុង​ហ្នឹង​កើត​ទេ​។ មុខងារ​ធ្វើការ​រដ្ឋ​ចេញ​ប្រាក់ខែ​ឱ្យ​បែរជា​ទៅដេក​ ហេតុផល​នេះ​សម​ដែរ​? អត់​សម​ទេ​។ វា​គួ​ឱ្យ​ឈឺចាប់​ខ្លាំង​ណាស់​ ហើយ​ប្រពន្ធ​ខ្ញុំ​ដូច​ខ្ញុំ​ថា​អីចឹង​ អត់មាន​ឈឺ​អីទាំងអស់​។ បញ្ហា​មួយ​ហ្នឹង​ គឺ​ខ្ញុំ​អត់មាន​ទាមទារ​ឱ្យ​ទារក​នៅ​រស់​ជាមួយ​ម្តាយ​ទេ​ គឺ​ទាមទារ​ឱ្យ​តែ​ម្តាយ​សុខសាន្ត​ប៉ុណ្ណោះ​»។

លោក​ វីរៈ​ បាន​រៀបរាប់​​អំពី​ដើមហេតុ​ដំបូង​ថា​ ប្រពន្ធ​របស់​លោក​ គឺ​អ្នកស្រី​ សុ​ជា​ ជា​ស្ត្រី​មាន​សុខភាព​ល្អ​ធម្មតា​ ហើយ​តែង​ទៅ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​នៅ​មន្ទី​ពេទ្យ​ឯកជន​ក្បែរ​តំបន់​រស់នៅ​ ប៉ុន្តែ​នៅពេល​ដែល​ការ​ពរ​ពោះ​ឈាន​ដល់​ខែទី៧​ ក៏​មាន​អាការៈ​ធ្លាក់ឈាម​តិចតួច​។ ក្រោយ​ទទួលការ​ណែនាំ​ពី​ពេទ្យ​ជំនាញ​ឯខាង​ឯកជន​ថា​ ស្ត្រី​រងគ្រោះ​ខ្វះ​គ្រាប់​ឈាម​ គ្រួសារ​ក៏​សម្រេច​នាំ​អ្នកជំងឺ​មក​មជ្ឈមណ្ឌល​គាំពារ​មាតា​ និង​ទារក​ នា​ថ្ងៃទី០៧​ ខែតុលា​ ហើយ​ពេទ្យ​ក៏​ណែនាំ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​តាមដាន​អាការៈ​រហូត​អាការៈ​ធ្ងន់ធ្ងរ​ ត្រូវ​សម្រាល​មុន​កំណត់​ ហើយ​ស្លាប់​ដោយ​ការ​ឆ្លង​មេរោគ​នា​ថ្ងៃទី១១​ ខែតុលា​តែម្តង​។

លោក​ សុភា​ វីរៈ​បាន​បន្ថែម​ថា​៖ «ម៉ោង​ប្រហែល៤ទាប​ភ្លឺ​ទៅ​ហើយ​ ខ្ញុំ​ទៅ​ប្រាប់​ពេទ្យ​ថា​ប្រពន្ធ​ខ្ញុំ​អត់​ចង់​ដកដង្ហើម​ទេ​ ដកដង្ហើម​អត់​ចង់​រួច​ទេ​ តែ​ពេទ្យ​នៅ​ធ្វើមិនដឹង​ តែ​ខ្ញុំ​នៅតែ​ប្រាប់​ថា​ ប្រពន្ធ​ខ្ញុំ​អត់​ដកដង្ហើម​ទេ​ណា​ រួច​បាន​គេ​ស្ទុះ​មក​ងើប​ឡើង​តើមៗ​មក​មើល​។ ងើប​អត់​រហ័សរហួន​ទេ​ រួច​ទើប​គេ​ដើរទៅ​ដាស់​គ្នាគេ​ម្នាក់ទៀត​ គឺ​គេ​ធ្វើ​ចឹង​»។

VOD បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​អ្នកស្រី​ ទុង​ រដ្ឋា​វី​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​ដើម្បី​ឆ្លើយតបទៅនឹង​ការ​លើកឡើង​របស់​គ្រួសារ​ជនរងគ្រោះ​ខាងលើ​ តែ​ត្រូវ​អ្នកស្រី​បដិសេធ​មិន​ធ្វើការ​ឆ្លើយតប​ ដោយ​លើក​ហេតុផល​ថា​ជាប់​ប្រជុំ​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ាន់​ បាន​អះអាង​ថា​ រហូតមកដល់​ថ្ងៃនេះ​ លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​បញ្ហា​មិន​ប្រក្រតី​ក្នុង​ការ​ព្យាបាល​ ឬថែ​ទាំ​អ្នកជំងឺ​បណ្តាល​ឱ្យ​ស្លាប់​នៅក្នុង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ អះអាង​ថា​ ប្រសិនបើ​មន្ត្រី​ជំនាញ​ពិនិត្យ​រក​ឃើញថា​ មន្ត្រី​សុខាភិបាល​រូប​ណា​បាន​ប្រព្រឹត្តិ​កំហុស​ ឬ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញការងារ​រហូត​បណ្តាល​ឱ្យ​អ្នកជំងឺ​ស្លាប់​មែន​ ក្រសួង​នឹង​ចាត់ការ​ដាក់ទោស​ទៅតាម​ស្ថានភាព​បញ្ហា​ជាក់ស្តែង​ មាន​ផ្អាក​ការងារ​រយៈពេល​ខ្លី​  ឬ​សម្រេច​ធ្វើការ​ដកហូត​សញ្ញាប័ត្រ​ពេទ្យ​តែម្តង​។

លោក​ លី​ សូ​វ៉ាន់​ បាន​បញ្ជាក់​ថា​៖ «បាទ​យើង​អាច​ដាក់​ពាក្យ​បណ្តឹង​មក​ខាង​ក្រសួង​សុខាភិបាល​ ឬមួយ​យើង​ប្រើ​មេធាវី​ យើង​អាច​ដាក់​ទៅ​ដើម្បី​ប្តឹងប្តល់​គ្នា​ទៅ​ បើសិន​យើង​ចង់​ប្រើប្រាស់​ច្បាប់​ ព្រោះ​ពេលនេះ​យើង​មានតែ​រឿង​ច្បាប់​ទេ។​ យើង​មិន​អាច​ចេះ​តែ​ផ្សព្វផ្សាយ​ ដល់ពេល​ច្បាប់​គេ​កាត់​ថា​ឈ្នះ​ចាញ់​រួច​ ចេះតែថា​ គេ​អយុត្តិធម៌​។ ចឹង​បើ​គាត់​មិន​ពេញចិត្ត​ទេ​ គាត់​អាច​ស្នើច្បាប់​មក​ ដាក់​ច្បាប់​ទៅ​បាទ​ កុំឱ្យ​ចេះតែ​មាន​ពាក្យ​ចចាមអារ៉ាម​ ចេះតែ​ឮសូរ្យ​»។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក​ អ៊ូច​ វុទ្ធី​ បាន​ពន្យល់​ថា​ ករណី​ស្ត្រី​ដែល​ពរ​ពោះ​មាន​អាការៈ​ជ្រៀប​ឈាម​តាម​បាត​ ឬ​សុខ​បាំង​មាត់ស្បូន​ ជម្រើស​ជំហាន​ដំបូង​សម្រាប់​ការ​បញ្ជាក់​អំពី​មូលហេតុ​ជំងឺ​ពិតប្រាកដ​ គឺ​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​អេកូ​ពិនិត្យមើល​ទីតាំង​ច្បាស់លាស់​របស់​ទារក​ ដោយ​មិន​ត្រូវ​ទុក​អ្នកជំងឺ​ចោល​លើស​ពី២០នាទី​ឡើយ​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ករណីនេះ​វិធី​ដែល​អាច​សង្គ្រោះ​ជីវិត​ម្តាយ​ មាន​តែ​មួយ​គត់​ គឺ​ត្រូវ​វះកាត់​យកកូន​ចេញ​ ឯការសង្គ្រោះ​ដោយ​វិធី​លូក​ទាញ​ចាប់​យក​បំណែក​របស់​ទារក​ ឬ​ការ​ចាក់ថ្នាំ​ឱ្យ​កើត​ គឺជា​ជ្រើស​វិធី​ខុស​អាច​បណ្តាល​ឱ្យ​អ្នកជំងឺ​ប្រឈម​នឹង​ការ​ហូរឈាម​ច្រើន​រហូត​ស្លាប់​បាន​។

លោក​ អ៊ូច​ វុទ្ធី​ បញ្ជាក់​បន្ថែម​ថា ​ប្រសិនបើ​មានការ​ស្នើសុំ​ឯកសារ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ក្រុម​គ្រួសារ​សព​ មន្ទីរពេទ្យ​ត្រូវតែ​ផ្ដល់ឲ្យ​ពួកគេ​ដើម្បី​ជៀសវាង​ការចោទប្រកាន់​ថា ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​។

លោក​ អ៊ូច​ វុទ្ធី​ មានប្រសាសន៍​ថា​៖ «ករណី​មាន​អ្នកជំងឺ​ស្លាប់​ក្នុង​វេន​យាម​របស់​ពេទ្យ​ណា​? ពេទ្យ​នោះ​ត្រូវ​ទទួលខុសត្រូវ​ អាហ្នឹង​លោក​ដុកទ័រ​ហ្នឹង​ត្រូវ​ទទួលខុសត្រូវ​ហ្មង​ អត់មាន​ឆ្លើយដាក់​អ្នកណា​បានទេ​។ ហើយ​គេ​ត្រូវ​ហៅ​មក​ធ្វើ​និទស្សន៍​ ប្រជុំ​ថា ​តើ​អ្នក​ជំងឺ​ស្លាប់​ដោយសារអ្វី​? គេ​ហៅ​សួរដេញដោល​។ ឯកសារ​បើ​សាមីខ្លួន​ទាមទារ​គឺ​ត្រូវ​ឱ្យ​ អត់មាន​លាក់​ទុក​របស់​គេ​បានទេ​ គេ​ត្រូវ​ឱ្យ​ បើ​លាក់​ទុក​ គឺ​បានន័យ​ថា ​គ្រូពេទ្យ​ហ្នឹង​មិន​ប្រក្រតី​ស្អី​មួយ​ហើយ​។»

តាម​ការ​បញ្ជាក់​របស់​លោក​ សុភា​ វីរៈ​ រហូតដល់​ថ្ងៃ​សព​ភរិយា​របស់​លោក​ត្រូវ​បាន​ដឹក​ចេញពី​ពេទ្យ​ទៅ​ធ្វើ​បុណ្យ​​ឯស្រុកកំណើត​ គ្រួសារ​ទទួល​បាន​ឯកសារ​ត្រឹម​ពីរ​សន្លឹក​ប៉ុណ្ណោះ​ គឺ​លិខិត​មរណភាព​ និង​វិ​ក័យ​ប័ត្រ​ចំណាយ​លើ​ការ​ស្នាក់នៅ​ព្យាបាល​ក្នុង​មន្ទី​ពេទ្យ​។ ឯកសារ​ដ៏​ទៃ​ទៀត​ពេទ្យ​បដិសេធ​ពុំ​ព្រម​ប្រគល់​ឱ្យ​គ្រួសារ​សព​ឡើយ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ