តុលាការ​ឃាត់ខ្លួន​កម្មករ​របស់​ឧកញ៉ា​ ស្រី​ ចន្ធូ​ ៨នាក់ ​សួរនាំ​រឿង​ហ៊ុមព័ទ្ធ​យក​ដីចំការ​រដ្ឋ​

សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

តុលាការខេត្ត​មណ្ឌលគិរី​ នៅ​ព្រឹក​នេះ​ បាន​សួរនាំ​កម្មករ​របស់​ឧកញ៉ា​ ស្រី​ ចន្ធូ​ មនុស្ស​ចំនួន៨នាក់​ ដោយ​សង្ស័យ​ថា​ ពាក់ព័ន្ធ​នឹង​សកម្មភាព​ដាំ​បង្គោល​ថ្ម​ព័ទ្ធ​យក​ដីចំការ​របស់​រដ្ឋ​។

ឧកញ៉ា​ ស្រី​ ចន្ធូ​ ជា​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​ 7NG​។ កាលពី​ថ្ងៃទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ អ្នកជំនួញ​ដីធ្លី​រូប​នេះ​ ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ កែវ​ សុធា​ ចោទប្រកាន់​ពី​បទ​ «ឆបោក​» ពាក់ព័ន្ធ​សំណុំរឿង​លក់​ដី​ខ្យល់​ទំហំ​ ១ម៉ឺន​ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ចាស់​ ឃុំ​វិហារសួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​ផង​ដែរ​។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ លោក​ ម៉ម​ វ៉ាន់​ដា​ អះអាង​ថា​ លោក​ បាន​សហការ​ជាមួយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឃាត់ខ្លួន​កម្មករ​របស់​ឧកញ៉ា​ ស្រី​ ចន្ធូ​  ចំនួន៨នាក់​ កាលពី​វេលា​ម៉ោង ៣រសៀល​ម្សិលមិញ​ ពាក់ព័ន្ធ​ការ​ធ្វើសកម្មភាព​ដាំ​បង្គោល​ថ្ម​ និង​ដាំ​ដើមឈើ​ព័ទ្ធ​យក​ដីចំការ​ស្រល់​របស់​រដ្ឋបាល​ព្រៃឈើ​ ស្ថិតនៅ​ភូមិ​ពូ​រ៉ាង​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​ ខេ​ត្ដម​ណ្ឌល​គិរី​។

លោកមានប្រសាសន៍ថា៖ « យើង​កំពុងធ្វើការ​ផ្ទៀងផ្ទាត់​ថា​តើ​ ក្នុងចំណោម​មនុស្ស​៨​នាក់​​នេះ​ ខ្ញុំ​មិនបាន​ថា ​អ្នកណា​ជា​អ្នក​បង្ក​ជា​អី​ទេ​ យើង​គ្រាន់តែ​យក​មក​សួរមើល​សិន​។ ហើយ​វា​ពាក់ព័ន្ធ​ប៉ុណ្ណា​ ហើយ​បើ​គាត់​មិន​ពាក់ព័ន្ធ​ទេ​ គ្រាន់តែ​ត្រូវ​បាន​គេ​ជួល​មក​ គាត់​មានប្រយោជន៍​ជា​សាក្សី​ ដើម្បីឲ្យ​យើង​បាន​ព័ត៌មាន​បន្ថែម​ ឬក៏​លម្អិត​នៅក្នុង​ករណី​ហ្នឹង​ »។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី​ លោក​ អ៊ុំ​ វណ្ណ​សុ​ភៈ​ បានឱ្យ​ដឹង​ថា ​ក្នុងចំណោម​មនុស្ស​ដែល​ឃាត់ខ្លួន​ទាំង៨នាក់​នោះ​មាន​ម្នាក់​ឈ្មោះ​ ជួង​ សុភា​រុ​ណ ជា​មនុស្សជំនិត​របស់​ឧកញ៉ា​ ស្រី​ ចន្ធូ​។

លោក​ វណ្ណ​សុ​ភៈ​ បន្ត​ថា​ មនុស្ស​ទាំង ៨នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​កាលពី​ម្សិលមិញ​នេះ​។ លោក​ថា​ ដើមចម​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពួកគេ​ទាំង៨នាក់​នោះ​ ដោយសារ​កម្មករ​របស់​ឧកញ៉ា​ ស្រី​ ចន្ធូ​ ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​។

លោកមានប្រសាសន៍ថា៖ « ប៉ុន្មាន​ថ្ងៃក្រោយ​នេះ​ គាត់​ហ៊ុមព័ទ្ធ​បន្ថែម​ ហើយ​គាត់​យកកូន​ឈើ​ទៅ​ដាំ​ក្នុង​ចំការ​ស្រល់​របស់​រដ្ឋ​។ ឥឡូវ​យើង​បញ្ជូន​ទៅ​តុលាការ​ ឥឡូវហ្នឹង​តុលាការ​គេ​ដេញដោល​នីតិវិធី​ម៉េច​ទៀត​ ជា​រឿង​របស់​តុលាការ​ ព្រោះអី​ផុតដៃ​ខ្ញុំ​ហើយ»។

វីអូឌី មិនអាចសុំការបំភ្លឺពីឧកញ៉ាស្រី ចន្ធូ បានទេនៅថ្ងៃនេះ។     

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ អ៊ាង​ ម៉េ​ងលី​ ដែល​អះអាង​ថា​ តាមដាន​ករណីនេះ​ ជំរុញ​ទៅ​មន្ត្រី​តុលាការ​ធ្វើការ​ស៊ើបអង្កេត​លើ​កម្មករ​ទាំង៨នាក់​ និង​ឧកញ៉ា​ស្រី​ ចន្ធូ​ រួម​ទាំង​មន្ត្រី​របស់​រដ្ឋ​មួយចំនួន​ទៀត​ ដែល​ចេញ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ឧកញ៉ា​រូប​នោះ​កាលពី​ឆ្នាំ២០១៨​។ លោក​ថា​ បើ​តុលាការ​ឯករាជ្យ​ ត្រូវ​ធ្វើការ​ឈរ​លើ​គោល​ការ​អព្យាក្រឹត​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​។

លោកជំរុញដូចនេះថា៖ « បើសិនជា​គេ​រក​ឃើញថា​លក់​ដីធ្លី​របស់​រដ្ឋ​ពិតប្រាកដ​មែន​ អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវតែ​តុលាការ​ស្វែងរក​មក​ផ្តន្ទា​ទោស​ទៅតាម​នីតិវិធី​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ជៀស​វៀង​គេ​ថា​អនុវត្តន៍​ច្បាប់​មាន​ស្តង់ដារ​ពីរ​ អនុវត្ត​តែ​ចំពោះ​អ្នក​ក្រីក្រ​ អ្នក​ស្លូតត្រង់​ អ្នកមាន​អំណាច​ អ្នកមាន​បុ​ណ្យ​ស័ក្តអត់​អនុវត្ត​ »។

កាលពី​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៨​ អភិបាលស្រុក​ស្រុក​អូរ​រាំង​ លោក​ នង​ នណ្ណា​វី​ បាន​ចេញ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ចំការ​ស្រល់​របស់​រដ្ឋ​ នៅ​ខាងមុខ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​រាំង​ ស្ថិតនៅ​ភូមិ​ពូ​រ៉ាង​ ឃុំ​សែនមនោរម្យ​ ស្រុក​អូរ​រាំង​ ខេ​ត្ដម​ណ្ឌល​គិរី​ទៅ​ឲ្យ​ឧកញ៉ា​ ស្រី​ ចន្ធូ​ ហើយ​ថែមទាំង​មាន​ប្រធាន​សាខាពន្ធដារ​ខេត្តមណ្ឌលគិរី​ លោក​ ហេង​ ស៊ី​ប៉ា​ បោះត្រា​បង់ពន្ធ​ចូល​រដ្ឋ​កាលពី​ថ្ងៃទី៣០​ ខែ​ មេសា​ ឆ្នាំ២០១៨ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ