កម្ពុជា​​សង់​​រូប​សំណាក​ដំរី​ពី​រណា​យន្ត​​ដើម្បី​ជំរុញ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ

រូប​សំណាក​ដំរី​មួយ​ក្បាល ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពី​រណា​យន្ត​ចំនួន ៣០០​គ្រៀង នឹង​ត្រូវ​នាំ​យក​ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ។ រូបថត៖ ក្រសួង​បរិស្ថាន

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​កសាង​នូវ​រូប​សំណាក​​ដំរី​​មួយ​ ​ដែល​ត្រូវ​បានធ្វើ​ឡើង​ពី​​​​​វត្ថុ​តាង​នៃ​បទ​ល្មើស​ព្រៃឈើ​នោះ ដើម្បី​​ជំរុញ​​ការ​អភិរក្ស​ធនធាន​ធម្មជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា រូប​សំណាក​ដំរី​មួយ​នេះ ត្រូវ​បាន​ផ្គុំ​ចេញ​ពី​បំណែក​នៃ​រណា​យន្ត​ចំនួន ៣០០​គ្រឿង ហើយ​​​​ត្រូវ​ចំណាយ​ថវិកា​ចំនួន ១៧,៥០០​ដុល្លារ​សម្រាប់​ការ​ដំឡើង​រូប​សំណាក​មួយ​នេះ។

លោក នេត្រ ភក្ត្រា ប្រាប់​ថា​៖ «ជាង​នេះ​ទៅ​ទៀត ក៏​ចង់​បង្ហាញ​ប្រាប់​ថា រណា​យន្ត គឺ​ជា​មធ្យោបាយ​ប្រព្រឹត្តិ​បទ​ល្មើស​កាប់​រុក​រាន​ដី​ព្រៃ​របស់​រដ្ឋ និង​ក្នុង​ន័យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​រណា​យន្ត ដែល​នាំ​ឱ្យ​មាន​ការ​បំផ្លិញ​បំផ្លាញ​ធនធាន​ធម្មជាតិ ហើយ​ងាក​មក​ចាប់​អារម្មណ៍​សត្វ​ដំរី​ដែក ១​ក្បាល​ដែល​ធ្វើ​ពី​វត្ថុ​តាង​រណា​យន្ត និង​ចង់​ពញ្ញាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​សកម្មភាព​ការពារ និង​អភិរក្ស​ហ្វូង​សត្វ​ដំរី​រស់​ក្នុង​គោល​ដៅ​បង្កើន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី»

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ រូប​សំណាក​ដំរី​មួយ​ក្បាល​នេះ នឹង​ត្រូវ​នាំ​យក​ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ក្នុង​ឧទ្យាន​សែន​មនោរម្យ ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

​អត្ថបទ​ដែល​ផ្ដល់​ឱ្យ​ដោយ​លោក នេត្រ ភក្ត្រា បង្ហាញ​ថា រូប​សំណាក​ដំរី​មាន​កម្ពស់ ២.៨០​ម៉ែត្រ បណ្ដោយ​ប្រវែង ៣.១០​ម៉ែត្រ និង​ទំហំ​ខ្លួន​ចន្លោះ​ពី ០.៩០ ទៅ​ទំហំ ១​ម៉ែត្រ។

ក្រសួង​បរិស្ថាន ​បាន​កសាង​រូប​សំណាក​ដំរី​មួយ​រួច​មក​ហើយ ដែល​តំណាង​ឱ្យ​កូន​ដំរី​ឈ្មោះ «ឈូក» ដែល​បាន​ដាច់​ជើង​ម្ខាង​ក្រោយ​ពី​ជាន់​អន្ទាក់​ព្រាន​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក​ កាល​ពី​ឆ្នាំ​២០០៧​កន្លងមក។

សព្វ​ថ្ងៃ​នេះ កូន​ដំរី​«ឈូក» បាន​ប្រើ​ប្រាស់​ជើង​សិប្ប​និម្មិត្ត បន្ទាប់​ពី​វា​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​​នាំ​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឧទ្យាន​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ។

លោក នេត្រ ភក្ត្រា បាន​អះ​អាង​នៅ​ក្នុង​អត្ថបទ​នោះ​ថា ដំរី​ជាង ៥០០​ក្បាល ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ដំរី ៣៧៥​ក្បាល​នៅ​ខេត្ត​មណ្ឌលគិរី និង​ដំរី​ជិត ២០០​ក្បាល​ទៀត​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ