ក្រសួងវប្បធម៌ព្រមានវិធានការច្បាប់លើពលរដ្ឋម្នាក់ក្រោយរិះគន់ថាស្ថាប័ននេះបើកដៃឲ្យផលិតរឿងតាមលំនាំថៃ

នាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌ បាន​សរសេរនៅទំព័រហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន ជាការឆ្លើយតបទៅ​ម្ចាស់ ហ្វេសប៊ុក ឈ្មោះ Ma Nout កាលពីថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០១៩ ទាក់ទិននឹងការរិះគន់ថាស្ថាប័ននេះបើកដៃឲ្យផលិតរឿងតាមលំនាំថៃ (ប្រភព៖ ផេកនាយកដ្ឋានសិល្បៈភាពយន្ត)

នាយកដ្ឋានសិល្បភាពយន្តនៃក្រសួងវប្បធម៌ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋម្នាក់ដែលបានរិះគន់ និងប្រមាថ​មន្រ្តី​ស្ថាប័ននេះថា បានបើកដៃឲ្យផលិតរឿងខ្មែរយកលំនាំតាម​ភាពយន្តថៃ​។

ម្ចាស់​គណនីហ្វេសប៊ុកឈ្មោះ Ma Nout (ម៉ានុត) កាលពីម្សិលមិញនេះ បានបង្ហោះនិយាយរិះគន់មន្ត្រីមួយចំនួននៅក្នុងក្រសួងវប្បធម៌ និងនាយកដ្ឋានសិល្បភាពយន្ត ថាចោរម្សៀតដែលអនុញ្ញាតឲ្យថៅកែស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថតរឿង «ពិសស្នេហ៍» ដែលចម្លងស្នាដៃពីប្រទេសថៃ។ ម្ចាស់​ហ្វេសប៊ុកនោះ ថាករណីនេះ គឺជាការចូលដៃចូលជើង ឲ្យបរទេសប្រមាថមើលងាយសង្គមជាតិ និងវប្ប​ធម៌ខ្មែរដោយផ្ទាល់។ ម្ចាស់​ហ្វេសប៊ុកដដែល ក៏បាន​ជំរុញឲ្យក្រសួងវប្បធម៌ និងនាយកដ្ឋានភាពយន្តត្រូវចេញមុខទទួលខុសត្រូវលើបញ្ហានេះ។

ជាការឆ្លើយតប​នាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌ បាន​សរសេរនៅទំព័រហ្វេសប៊ុក​ផ្លូវការរបស់ខ្លួនថា ម្ចាស់ Account Facebook ឈ្មោះ Ma Nout បានសរសេរសារនៅលើហ្វេសប៊ុកថានឹងចាត់ធានការច្បាប់លើម្ចាស់ហ្វេសប៊ុកនោះដោយថាបានប្រើពាក្យប្រមាថ និងបរិហាកេរ្តិ៍ដោយគ្មានមូលដ្ឋានលើមន្ត្រីរាជការ។

នាយកដ្ឋានសិល្បភាពយន្ត ៖ «ក្រសួងវប្បធម៌បានចាត់ទុកការលើកឡើងរបស់ម្ចាស់ Account Facebook ឈ្មោះ​ Ma Nout នោះថា បានប្រើពាក្យពេចន៍ ប្រមាថមាក់ងាយ បរិហារកេរ្តិ៍ដោយគ្មានមូលដ្ឋាន មកលើមន្ត្រីរាជការ នាយកដ្ឋានសិល្បភាពយន្ត ជាហេតុធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្រ្តីរដ្ឋបាលសាធារណៈ »។

ប្រធាននាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស មានប្រសាសន៍បន្ថែមថា រឿង «ពិសស្នេហ៍» ដែលផលិតឡើង សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ជាសាធារណៈនោះម្ចាស់ស្ថានីយ៍ទូរទស្សន៍មិនបានជូនដំណឹងទៅក្រសួងវប្បធម៌ឡើយ។

ទោះជាបែបនេះក្តី លោក បូរក្ស អះអាងថា លោកគាំទ្រនឹងការរិះគន់របស់អ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញការចម្លងតាមបរទេស ប៉ុន្តែលោកថា ការរិះគន់គួរតែធ្វើឡើងស្របតាមច្បាប់ មិនមែនប្រើពាក្យជេរប្រមាថដល់ មន្ត្រីរដ្ឋនោះទេ។

លោកមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាមន្ត្រីសាធារណៈ ខ្ញុំទទួលយកការរិះគន់​ ក៏ប៉ុន្តែការរិះគន់ក្នុងន័យស្ថាបនាគឺយើងទទួលយក ក៏ប៉ុន្តែការរិះគន់បែបដោយញុះញង់បែបនេះ ដែលធ្វើឲ្យមតិមហាជនភាន់ច្រឡំវាជារឿងមួយផ្សេង​ ខ្ញុំទុកភារៈកិច្ចនេះ ឲ្យមេធាវីគាត់ធ្វើការងារបន្តទៀត»

អ្នកជំនាញចែកចាយភាពយន្តខ្មែរ លោក ព្រំ សិលា បានពន្យល់ជាទូទៅថា ការផលិតខ្សែភាពយន្តអ្វីក៏ដោយ ខ្មែរមានសិទ្ធិយកទៅកែឆ្នៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនបាន ប៉ុន្តែត្រូវមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិជាមុនសិន។

អ្នកជំនាញរូបនោះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបក៏មានសិទ្ធិរិះគន់លើស្ថាប័នរដ្ឋ និងម្ចាស់​ក្រុមហ៊ុនឯកជនដែលផលិតរឿងខ្មែរ​យកលំនាំតាមបរទេសដែរ​ ប៉ុន្តែលោកថា អ្នករិះគន់ត្រូវហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ​ ។

លោកមានប្រសាសន៍ថា៖ «បើសិនជាគាត់និយាយត្រូវ គាត់ដឹងសាច់រឿងហ្នឹងត្រូវ ហើយមានអ្នកចោទប្រកាន់ គាត់គួរតែហ៊ានប្រឈមមុខជាមួយការចោទប្រកាន់​ហ្នឹងទៅ។ គាត់អាចបកស្រាយ​មកវិញ បើសិនជាគាត់មានការរិះគន់អត់ត្រឹមត្រូវទេ គាត់ត្រូវទទួលខុសត្រូវ គាត់អាចសុំទោស។ គាត់អាចធ្វើអ្វីមួយ បកស្រាយមក។ ហេតុអ្វីបានជាគាត់ធ្វើចឹង ធម្មតាមនុស្សម្នាក់ៗមានសិទ្ធិក្នុងការនិយាយ ប៉ុន្តែរាល់សម្តីដែលយើងនិយាយត្រូវទទួលខុសត្រូវ»។

មាត្រា​៥០២ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋដែលទទួលបានអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងការបំពេញការងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ ១ពាន់រៀល ទៅ១សែនរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ