តុលាការកាត់​ទោសអតីត​សកម្មជន CNRP ម្នាក់ក្រោយរិះគន់​ការដំឡើង​ឋានៈលោក យន្ត មីន

លោក ម៉ៃ ហុងស្រៀង អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោស ក្រោមបទចោទប្រកាន់ពីរបទ «ញុះញង់ឱ្យមានការរើសអើង និងបទញុះញង់ឱ្យប្រព្រឹត្តអំពើឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក Chor Kosal)

សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានសម្រេចផ្ដន្ទាទោសអតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុម្នាក់ ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្ត​អំពើឧក្រិដ្ឋជាអាទិ៍ដោយសារតែបុរសនោះ​រិះគន់​ការដំឡើងបុណ្យសក្តិលោក យន្ត មីន​ បន្ទាប់ពីមាន​ហេតុការណ៍បាក់រលំ​អាគារនៅខេត្តព្រះសីហនុ។

អាគារកម្ពស់៧ជាន់​មូយកន្លែង​នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា បាន​បាក់​រលំ​ដែល​បណ្ដាលឲ្យ​មនុស្សស្លាប់២៨ នាក់ និងរបួស២៦នាក់។ នៅថ្ងៃទី២៤ ខែមិថុនា លោក យន្ត មីន ដែល​ជាអតីត​អភិបាល​ បានចេញមុខសុំទោស និង​លាលែងពីដំណែងជាអភិបាល​ខេត្ត​នេះ។ ប៉ុន្តែ​ក្រោយការលាលែងបាន​តែ៣ថ្ងៃប៉ុណ្ណោះ លោក ត្រូវបាន​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ស្នើ​តែង​តាំង​ជារដ្ឋលេខា​ធិការ​ក្រសួងការពារជាតិ។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសំណុំរឿងអតីតសកម្មជនគណបក្សប្រឆាំងនៅខេត្តព្រះសីហនុលោក លោកម៉ៃ ហុងស្រៀងក្រោមបទចោទប្រកាន់ពីរបទ«ញុះញង់ឱ្យមានការរើសអើង និងបទ​ញុះញង់ឱ្យប្រព្រឹត្តអំពើ​ឧក្រិដ្ឋជាអាទិ៍​ ករណីដែលលោករិះគន់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ ក្រោយពីបើកសវនាការតុលាការបានកំណត់យកថ្ងៃទី១០ ខែតុលា ដើម្បីប្រកាសសាលក្រម។

មេធាវីការពារក្ដីឱ្យលោកម៉ៃ ហុងស្រៀង គឺលោក កែត ឃី ប្រាប់វីអូឌីនៅថ្ងៃនេះថា  ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចទម្លាក់បទចោទ«ញុះញង់ឱ្យមានការរើសអើង»ចោល ប៉ុន្តែតុលាការបានសម្រេចចោទប្រកាន់និងផ្ដន្ទាទោស កូនក្ដីរបស់លោកឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍។

លោកបន្តថា ការដែលតុលាការសម្រេចចោទប្រកាន់ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍ ដោយតុលាការលើកយកចំណុចមួយដែលកូនក្ដីរបស់លោករិះគន់អតីតអភិបាលខេត្តព្រះសីហនុលោក យន្ត មីន ពីរឿងបាក់អគារបណ្ដាលឱ្យមនុស្សស្លាប់ តែបែរ​ជា​បានឡើងបុណ្យសក្តិ។

លោកមេធាវី កែត ឃី ថា៖«ខ្ញុំសម្គាល់ឃើញគេសង្កត់នោះ គឺបញ្ហាដែលគាត់និយាយពីអភិបាលខេត្តកំពង់សោម(អតីតអភិបាលខេត្តព្រះសីហនុលោក យន្ត មីន) ដែល អគារចិនបាក់រលំមានការស្លាប់មនុស្សអីអ៊ីចឹងទៅគេដកគាត់ បែបជាឃើញឡើងផ្កាយ។ គាត់តើនិយាយថាធ្វើឱ្យស្លាប់បែរជាឡើងបុណ្យឡើងសក្តិឡើងផ្កាយកាន់តែធំជាងមុន ចំណុចដែលគេយកមកសង្កត់គឺចំណុចត្រង់ហ្នឹង»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សដោយប្រជាពលរដ្ឋមានសិទ្ធិក្នុងការរិះគន់លើមន្ត្រីសាធារណៈ បើសិនជាមន្ត្រីទាំងណាដែលបំពេញតួនាទីរបស់ខ្លួនមិនល្អនោះ។

លោកថា៖«ជាពិសេសទៅទៀតអ្នកដែលមន្ត្រីសាធារណៈគឺត្រូវតែទទួលការរិះគន់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើការកែលម្អឬក៏ធ្វើការស្ថាបនា ខ្លួនឯង។ ហើយបើសិនយើងជាមន្ត្រីសាធារណៈឬក៏ជាអ្នកដឹកនាំ រដ្ឋមួយយើងមិនទទួលហើយ ប្រើវិធានការ ចាត់វិធានការទៅលើប្រជាពលរដ្ឋបែបនេះ យើងគិតថាក្នុងសង្គមនេះគួរថាជាសង្គមមួយដែលមិនមែនជាលទ្ធិប្រជាធិបតេយ្យអ្វីទៀតទេ»

អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំផ្លូវ២០០៤ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០១៩ ក្រោយលោកភៀសខ្លួនចេញពីការឡោមព័ន្ធរបស់សមត្ថកិច្ចខេត្តព្រះសីហនុ។

គិតមកដល់ថ្ងៃនេះ មានមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រហែល៤០នាក់ហើយ ត្រូវឃុំខ្លួននៅពន្ធនាគារ ដោយអ្នកខ្លះត្រូវតុលាការចោទប្រកាន់ពីបទ  ញុះញង់ឱ្យប្រព្រឹត្ត ឧក្រិដ្ឋជាអាទិ៍​  ហើយនឹងបទចោទ រួមគំនិតក្បត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ