អ្នកប្រកបរបរខ្នាតតូចខកចិត្តក្រោយ​រដ្ឋាភិបាលបើក​ឱ្យ​ជន​បរទេស​ប្រកប​ការងារ​ខ្នាតតូចឡើង​វិញ

ជនជាតិចិនប្រកបរបរលក់ពោតស្ងោរនៅក្នុងប្រទេសកម្ពុជា

អ្នក​ប្រកប​របរ​ខ្នាត​តូច​មួយចំនួន បង្ហាញក្ដីបារម្ភ​អំពី​ទីផ្សារ​ការងារ​​របស់ពួកគេ​ទៅថ្ងៃខាងមុខ បន្ទាប់ពី​រដ្ឋាភិបាល​​បាន​ចេញ​សេចក្ដីសម្រេច​ដោយអនុញ្ញាតឱ្យជនបរទេសប្រកបរបរ ១០​ប្រភេទឡើងវិញ។

ក្រសួងការងារ កាលពីថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៩​ បានចេញ​ប្រកាសមួយ​ដោយ​ហាមជនបរទេស​មិនឱ្យប្រកបមុខរបរ​ចំនួន​១០ប្រភេទ ដោយ​ថា ជនបរទេសដែល​ប្រកបមុខរបរ​ខ្នាតតូច​ទាំង​នេះ បាន​ធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ។

បើគិតត្រឹម​ថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ ពោលគឺតែ ១​ខែ ៧​ថ្ងៃប៉ុណ្ណោះ ក្រសួងការងារ បានចេញ​សេចក្ដីជូនដំណឹង​លុបចោលការហាមជនបរទេស​មិនឱ្យប្រកបរបរមុខចំនួន ១០​ប្រភេទវិញ។

កំពុងអង្គុយរង់ចាំភ្លៀវនៅម្ដុំកោះពេជ្រ លោក វិន តាក់ស៊ី ដែលជាអ្នកប្រកប​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ពី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត​​គោលដៅ​ទេសចរណ៍​នានា បានរៀបរាប់ប្រាប់​អ្នកសារព័ត៌មានថា បច្ចុប្បន្ន ជនជាតិចិន​មួយចំនួន កំពុងប្រកបរបររត់តាក់ស៊ីដូចរូប​គាត់​ដែរ ដែលបង្កផលប៉ះពាល់​ដល់ការ​ប្រកបរបរ​ចិញ្ចឹមជីវិត​ពួក​គាត់។

បុរសអាយុ ៣៥​ឆ្នាំ​រូបនេះ និយាយថា បើសិនជាជនជាតិចិនប្រកបរបររត់តាក់ស៊ីច្រើន លោកថា ជនជាតិចិន​នឹងមិន​ជិះតាក់ស៊ីពួកគាត់ឡើយ គឺគេជិះតាក់ស៊ីចិនគ្នាគេប៉ុ​ណ្ណោះ។

លោក វិន តាក់ស៊ី ប្រាប់ថា៖ «ព្រោះរាល់ចិនដែលមកស្រុកខ្មែរ គាត់មិនចេះអង់គ្លេស ឬចេះ​ខ្មែរណា។ ចិនភាគច្រើនគាត់ចេះតែចិនទេ ហើយពួកខ្ញុំពេលខ្លះប្រើ Google បកប្រែ​ខ្លះទៅ។ តែបើសិនចិនគាត់រត់តាក់ស៊ីដែរ អ៊ីចឹងពួកខ្ញុំដាច់បាយបាត់ហើយ មានអីរស់ទៀត»

ជា​អ្នករត់​ម៉ូតូ​កង់​បី លោក ចាប ផល្លី លើកឡើងថា កន្លងមក គាត់អាចរកចំណូលក្នុងមួយថ្ងៃយ៉ាងតិច ២៥​ដុល្លារ ប៉ុន្តែ ចាប់ពីមានជនបរទេសប្រកបមុខរបរដូចពួកគាត់មក លោកថា ចំណូលរបស់​គាត់បានថយចុះ ពោល​គឺ ៤​ថ្ងៃ ទើបអាច​រក​បានប្រាក់ ២០​ដុល្លារ។

លោក ចាប ផល្លី ប្រាប់ថា៖ «គ្រួសារកាន់តែខ្វះខាតហើយ ណាមួយកូនរៀន ណាមួយ​បំណុល​គេ ណាមួយជួលផ្ទះ ហើយរកចំណូលថយអ៊ីចឹង យើងកាន់តែវេទនាទៅទៀត។ អ៊ីចឹង សូមឱ្យអាហ្នឹងកុំ​ឱ្យមាន កុំមានជនបរទេសមករកស៊ីមុខរបរអ៊ីចឹងៗ។ គេមកៗទៅ តែឱ្យគេ​រក​ស៊ីមុខរបរអីដែលធំៗទៅ ព្រោះគេមានលុយ ព្រោះមុខរបរតូចតាច​សមម្រាប់​ប្រជាជនខ្មែរ​អ្នកក្រទេ»

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ។ ប៉ុន្តែ ក្នុង​បទសម្ភាសន៍ជាមួយវិទ្យុបារាំង លោក ហេង សួរ លើកឡើងថា ក្រសួងយល់ព្រម​អនុញ្ញាតឱ្យ​ជន​បរទេស​ប្រកបមុខ​របរឡើងវិញ គឺឆ្លើយ​តប​​ទៅ​តាម​សំណើ​​របស់​វិស័យឯកជន។

លោក ហេង សួរ មាន​ប្រសាសន៍ថា៖ «តម្រូវការចំាបាច់ពីវិស័យឯកជន ហើយក៏​សំណូម​ពរ​ពីវិស័យ​ធុរកិច្ចជនធំៗនៅក្នងព្រះរាជាណាចក្រកម្ពុជាយើង មិនមែនតែ​ទៅ​លើ​ជនជាតិ​ណាមួយទេ គឺមានការសំណូមពរពីរ​ទៅ​បី​បួន​ប្រទេស ដែលសុទ្ធតែជា​ប្រភព​វិនិយោគធំៗ ហើយជាទូទៅបណ្ដាលប្រទេសអាស៊ីខាងកើត​ទាំងអស់នេះ គាត់មាន​វប្បធម៌មួយ គឺចង់បានរស់ជាតិ ឬមួយប្រភេទសេវាកម្មមួយ ស្របទៅ​តាមអ្វីដែល​ជា​ទម្លាប់របស់គាត់។ មិនមែនមានតែនៅកម្ពុជាយើងទេ ទោះបីជា​នៅកន្លែងណា​ផ្សេង​ទៀត ដែលគាត់មានការវិនិយោគ គឺគាត់មានការធ្វើដូច្នេះ»

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ  ចាត់ទុកសេចក្ដី​សម្រេចរបស់​ក្រសួងការងារ​ថា កំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ នឹងបង្ហាញឱ្យឃើញថា រដ្ឋាភិបាលមិន​បាន​យក​ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលប្រកបមុខរបរតូចតាច ដោយលោកថា ខុសពីរដ្ឋាភិបាល​ប្រទេសដទៃ។

លោក វន់ ពៅ និយាយ​ថា៖ «ខ្ញុំឃើញផលប៉ះពាល់អាចមានការប្រកួតប្រជែង ដណ្ដើម​មុខ​របរប្រជាពលរដ្ឋខ្មែរ អាចធ្វើឱ្យខ្មែរ​បាត់មុខរបរ​បាត់អាជីពធ្វើការ​ក្នុងរបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឬស្វ័យនិយោជន៍ហ្នឹង ​ហើយអាចបាត់បង់ប្រាក់ចំណូល ធ្លាក់ខ្លួន​ជីវភាព​ក្រីក្រ អាចបង្ខំចិត្តចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស។ ចំណុចសំខាន់មួយទៀត ជា​ការ​វាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬស្វ័យ​និយោជន៍​ហ្នឹងឯង»

មុខរបរចំនួន ១០ប្រភេទ ដែល​កម្ពុជា​បានសេចក្ដីប្រកាសហាម​កាលពីខែសីហា​នោះ រួមមាន ​របរ​បើកយាន​ជំនិះគ្រប់​ប្រ​​ភេទ​ជាលក្ខណៈអាជីវកម្ម លក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ​នៅទីសា​ធារណៈ ម៉ាស្សា និងចាប់សសៃរតាមសាធារណៈ កាត់សក់ អ៊ុតសក់ និង​ថែរក្សាសម្ពស្ស  ប៉ះកង់ និងជួស​ជុលយាន្តយន្ត​។

ក្រៅពីនេះ ក៏មាន​មួយមុខរបរមួយចំនួនទៀតដូ​ចជាកាត់ដេរ សេវាកម្មដេរ និងសំអាតស្បែកជើង ផលិតវត្ថុ​អនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប​ និងជាងទង ជាងច្នៃត្បូងពេជ្រជាដើម។

បើតាមប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ឱ្យដឹងថា ក្នុងឆ្នាំ២០១៨ មានប្រជាពលរដ្ឋដែលប្រកប​មុខរបរខ្នាតតូច មានចំនួន ៣​លាន ៩​សែននាក់។  

សហជីព អង្គការស៊ីវិល និង​សមាគន៍ចំនួន​៥៣ បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង​ចំពោះសេចក្ដីជូនដំណឹង​របស់​ក្រសួងការងារ​ដែលបានអនុញ្ញាត​ឱ្យជនបរទេស​ប្រកបមុខរបរចំនួន ១០​ប្រភេទឡើងវិញ។

ក្រុមអង្គការស៊ីវិល​ចាត់ទុកសេចក្ដីជូនដំណឹង​របស់​ក្រសួងការងារ​ថា ជាការបើកឱកាស​ឱ្យជនបរទេស​មកដណ្ដើម​មុខរបរ​របស់កម្មករ និងប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរខ្នាត​តូចទាំងអស់​នឹង​បាត់បង់​ចំណូល មុខរបរ និងជា​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើចំណាកស្រុកកាន់​ច្រើន​ជាមុន។

របាយការណ៍បូក​សរុបការងារ​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញ​កាលពីខែមីនា ឆ្នាំ២០១៨ ឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រសួងការងារ​​បានផ្តល់ប័ណ្ណ និងសៀវភៅ​ការងារដល់​កម្មករបរទេស​ចំនួនជាង ៥ម៉ឺននាក់(៥៦ ៩៧៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ