លោក ហ៊ុន សែន បញ្ជា​​ឱ្យ​បញ្ចេញ​ទ័ព​ និង​អាវុធ​ទប់​ស្កាត់​​ចលនា​​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមសិស្សប្រឡងជាប់និទ្ទេស A នៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ទៅ​កម្លាំងកង​ទ័ព​នៅ​ថ្ងៃ​នេះ ឱ្យ​បង្ក្រាប​​ទៅ​លើ​ក្រុម​អ្នក​គាំ​ទ្រ​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​បាន​ប្រកាស​អំពី​គម្រោង​វិល​ត្រឡប់​មក​វិញ​នៅ​ខែ​ក្រោយ​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ពី​បទ​បញ្ជា​របស់​លោក​នៅ​អំឡុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​សិស្ស​ប្រឡង​ជាប់​និទ្ទេស A នៅ​ឯ​វិមាន​សន្តិភាព ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ឃើញត្រង់ណាវ៉ៃត្រង់ហ្នឹង ខ្ញុំផ្ដល់សិទ្ធិឱ្យកងទ័ពចេញធ្វើសកម្មភាព ពង្រាយទ័ព ប្រើអាហ្នឹងឃើញត្រង់ណាវ៉ៃត្រង់ហ្នឹង មិនចាំបាច់មានដីកាចាប់ខ្លួនទេ មិនចាប់ខ្លួនទេ អានេះឃើញត្រង់ណាវ៉ៃត្រង់ហ្នឹងតែម្តង។ ផ្ដល់ឱកាសឱ្យកម្លាំងប្រដាប់អាវុធ រួមទាំងកងទ័ពចេញធ្វើសកម្មភាពទៅ កងទ័ពត្រូវដឹងតួនាទីនៅពេលសភាពការធម្មតាទ័ពអត់ចេញទេ។ ចេញតែប៉ូលីស និងកងរាជអាវុធហត្ថទេ ហើយនគរបាលយុត្តិធម៌ តែបើប្រកាសទ័ពបែបនេះហើយបានន័យថាទ័ពត្រូវពង្រាយហើយ ហើយប្រើអាវុធគ្រប់ធុន ព្រោះអានេះមិនមែនជាបាតុកម្មទាមទារឯណា អានេះចូលដល់ប្រដាប់អាវុធ។ ហើយអ្នកគាំទ្រទាំងប៉ុន្មានអត់ចាំបាច់និយាយទេ ឃើញចាប់ៗ ខ្ញុំមិនចាំបាច់និយាយទេព្រោះអានេះភារកិច្ចបានប្រគល់ដោយច្បាប់រួចទៅហើយ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​ចេញ​បញ្ជា​ជា​សាធារណៈ​បែប​នេះ ចំពេល​ដែល​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន និង​កំពុង​ធ្វើ​យុទ្ធនាការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាង​មុខ ចំ​ទិវា​ឯករាជ្យ​ជាតិ និង​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក។

លោកស្រី មូ សុខហួរ៖ « គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ជាថ្មីម្ដងទៀតថាគណបក្សអត់មានប្រដាប់អាវុធទេ ហើយ​មិនដែល​មាន​ប្រដាប់​អាវុធ​ទេ ហើយបំណងមាតុភូមិនិវត្តន៍របស់យើងគឺដោយអហិង្សា » ។ 

អ្នកតាមដាននយោបាយកម្ពុជាលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ការចាត់ទុកក្រុមលោក សម រង្ស៊ី ជាក្រុមឧទ្ទាម​គឺជាការចាត់ទុក​ដោយ​រដ្ឋាភិបាល​កម្ពុជា​តែម្ខាងប៉ុណ្ណោះខណៈអន្តរជាតិនៅមិនទាន់មានប្រទេសណាវាយតម្លៃបែបនេះនោះទេ ហើយ​ការ​បង្ក្រាប​ដោយ​យោធា​លើ​ក្រុមនេះ​ទៀត​សោតវានឹងធ្វើឱ្យប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្ងន់ធ្ងរ។

លោកថា៖ « យើងមិនទាន់ដឹងថាយ៉ាងមិចទេ តែប្រសិនជាមានរូបភាពហ្នឹងកើតឡើងមែន​គឺគេ​ប្រើ​បាន​តែ​ក្នុង​លក្ខខន្ដ​ប្រទេស​មាន​គ្រោះ​អាសន្ន​គឺ​ការ​ប្រើច្បាប់​អាជ្ញាសឹក ហើយបើរូបភាពហ្នឹងកើតឡើងការប្រើច្បាប់អាជ្ញាសឹកបែបហ្នឹង បានន័យថាការអនុវត្ត​ច្បាប់​បែប​លិទ្ធិ​ប្រជាធិបតេយ្យ​នី​តិរដ្ឋហ្នឹង​វាលែងមានហើយ។ វាឃើញរូបភាពមួយគឺកម្ពុជានៅក្នុងគ្រាមានអាសន្នទៅវិញទេ ហើយវាមិនអំណោយ​ផល​សម្រាប់​រូបភាពប្រជាធិបតេយ្យនៅកម្ពុជាទេ »

ចាប់​តាំង​ពី​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​មក លោក សម រង្ស៊ី អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​គាំ​ទ្រ​របស់​លោក និង​ប្រជា​ពលរដ្ឋ​ទូទៅ ឱ្យ​ចូល​រួម​ទទួល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​លោក។

ប៉ុន្តែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ថា មាន​គោលដៅ «ផ្ដួល​រំលំ​រដ្ឋាភិបាល»

គិត​ត្រឹម​ថ្ងៃ០៧ ខែ​តុលា​នេះ អតីត​សកម្មជន និង​អ្នក​គាំ​ទ្រ​​បក្ស​ប្រឆាំង ៣៨​នាក់​​ហើយ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​​ និង​ត្រូវ​បាន​តុ​លា​ការ​ចោទប្រកាន់​ពី​បទ «រួមគំនិតក្បត់» ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោ​ក សម​ រង្ស៊ី​មក​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ