ជនជាតិ​ចិន​គ្រប់គ្រង​មុខរបរ​ដែល​ខ្មែរ​ធ្លាប់ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​

ក្រាហ្វិចបង្ហាញពី អាជីវកម្មដែលគ្រប់គ្រងដោយជនជាតិ នៅខេត្តព្រះសីហនុ ដោយផ្អែកតាមរបាយការណ៍របស់ស្នងការខេត្តព្រះសីហនុ បច្ចុប្បន្នភាព ត្រឹមខែកក្កដា ឆ្នាំ២០១៩

លោក​ ចេង​ ឃាង​ គឺជា​អ្នកលក់​បាយ​ម្នាក់​នៅក្នុង​ក្រុង​ព្រះសីហនុ​។ គាត់​និយាយ​ថា​ សព្វថ្ងៃ​នេះ​អ្នក​ដែល​រកចំណូល​បាន​ជា​ធម្យម​ ៣០០ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ​គឺ​ ពិបាក​រស់នៅ​ណាស់​។ សម្រាប់​លោក​ ឃាង​ ទំនិញ​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ​គឺ​បាន​ឡើងថ្លៃ​ខ្ពស់​។

“ហើយ​ពេល​ជនជាតិ​ចិន​មក​ សព្វសារពើ​ ទំនិញ​ខេត្ត​ផ្សេង​ខ្ញុំ​អត់​និយាយ​ទេ​ តែ​សម្រាប់​កំពង់សោម​មួយ​គឺ​ very​ very​ high​” ។

លោក​ ឃាង​ និយាយ​ថា ​ ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បើកហាង​អាហារ​ដើម្បី​លក់​ឲ្យ​ជនជាតិ​ចិន​ដូចគ្នា​។ លោក​បញ្ជាក់​ថា​ អាហារ​នៅក្នុង​ហាង​ចិន​គឺ​មានតម្លៃ​ខ្ពស់​។

“របស់​ពួកគាត់​អត់មាន​ប្រើ​ស្ករ​ ប្រើ​ប៊ីចេង​ គឺ​ ប្រើ​តែ​អំបិល​ និង​ម្ស៉ៅ​អី​តិចតួច​។ ហើយ​ជនជាតិ​ចិន​បើកហាង​លក់​សម្រាប់​តែ​ពួកគាត់​។ ខ្មែរ​អត់មាន​លទ្ធភាព​ចូល​ទេ​។ ម្ហូប​សុទ្ធតែ​មួយ​ចាន​ ២០ទៅ៣០ដុល្លារ​អាម៉េរិក”។

​លោក​ ចេង​ ឃាង​ មិនមែន​តែ​ជា​អាជីវករ​ម្នាក់​ដែល​កំពុងតែ​បាត់បង់​ចំណូល​ទេ​។ អ្នកលក់​ដូរ​ផ្សេង​ៗទៀត​និយាយ​ថា​ពួកគេ​រកចំណូល​បាន​តិច​ជាង​មុន​។

រូបសំណាកតោពីរ ឈរកំដរសំណង់អគារក្រុមហ៊ុនចិន កណ្តាលក្រុងព្រះសីហនុ

អ្នកស្រី​ ជន​ ប៊ក​ ប្រកបមុខរបរ​លក់​មឹក​អាំង​តាម​ឆ្នេរ​អូរ​ឈើទាល​។ អ្នកស្រី​និយាយ​ថា​ ការ​រកចំណូល​របស់​គាត់​បាន​ថយ​ចុះពី​ ១០ម៉ឺន​រៀល​ មក​ ៤ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ អ្នកស្រី​ ប៊ក​ គិតថា​ ការបាត់បង់​ចំណូល​របស់​គាត់​គឺ​ដោយសារ​ភ្ញៀវ​ក្នុង​ស្រុក​ធ្លាក់ចុះ​ និង​សម្ភារៈ​ទិញ​ចូល​ថ្លៃ​។

“ពីមុន​បាន​ តែ​ឥឡូវ​អត់​បានទេ​[ចំណូល​]។ មឹក​ឡើងថ្លៃ​យើង​នៅ​លក់​តម្លៃ​ដដែល​។ ឥវ៉ាន់​ឡើងថ្លៃ​គ្រប់មុខ​។ ម៉ូយ​ទិញ​ក៏​ឡើងថ្លៃ​ព្រោះអី​បើ​យើង​ដេក​យូរ​ទៅ​អត់​ទាន់​ចិន​ទេ​ចិន​យក​អស់​។ ចិន​ទិញ​កើប​យក​ទាំង​អស់​ៗហ្នឹង​។ វាយ​កទៅ​ហូប​ និង​លក់​ក្នុង​ហាង​ចិន​។ អត់មាន​ខ្មែរ​ទេសចរ​មក​ មានតែ​ពួក​សំណង់​។ អ្នក​ភ្នំពេញ​ក៏​កម្រ​មក​ដែរ​ ព្រោះ​ផ្ទះសំណាក់​ឡើងថ្លៃ​”។

អ្នកស្រី​ អាំ​ អតីត​អ្នកលក់​មឹក​អាំង​នៅ​តាម​ឆ្នេរ​អូរ​ឈើទាល​ឲ្យដឹង​ថា​ តូប​ខ្មែរ​នៅសល់​ប្រមាណ១០តូប​ប៉ុណ្ណោះ​កំពុង​ដំណើរការ​អាជីវកម្ម​នៅ​លើ​ឆ្នេរ​អូរ​ឈើទាល​ ក្នុង​ខេត្ត​ព្រះសីហនុ​។ គាត់​និយាយ​ថា​ ក្នុងចំណោម​នេះ​ មាន​ខ្លះ​អត់មាន​ភ្ញៀវ​ចូល​ហូប​ទេ​។ ចំណែក​តូប​ប្រមាណ៩០ភាគរយ​គឺ​ មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ និង​ក្រៅពី​នេះ​ តូប​ចំនួន០៤មាន​ម្ចាស់​ជា​ជនជាតិ​ជាតិអឺរ៉ុប​។

ទោះបី​មាន​ហាង​អឺរ៉ុប​មួយចំនួន​នៅ​បន្ត​បើកទ្វារ​ធ្វើអាជីវកម្ម​ ប៉ុន្តែ​ម្ចាស់ហាង​ខ្លះ​និយាយ​ថា​ ពួកគេ​ប្រឈម​មុខនឹង​ការ​បិទទ្វារ​នៅពេល​ខាងមុខ​។

ម្ចាស់ហាង​អឺរ៉ុប​មួយ​កន្លែង​ឈ្មោះ​ សាន់​សេត​ ឡោញ​(Sunset​ Lounge​ Beach​ Resort​) ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​សំឡេង​បាន​លើកឡើង​ថា​ ហាង​របស់​អ្នកស្រី​ប្រឈមមុខនឹង​បិទទ្វារ​នៅ​ខែធ្នូ​ចុងឆ្នាំ​នេះ​។ អ្នកស្រី​និយាយ​ថា​ ដី​ហាង​ដែល​អ្នកស្រី​កំពុង​ជួល​នេះ​គឺ​ ត្រូវ​បាន​ជួល​បន្ត​ឲ្យ​ទៅ​ជនជាតិ​ចិន​ហើយ​។ ​; យោង​តាម​កិច្ចសន្យា​ដែល​ម្ចាស់ហាង​សាន់​សេត​ ឡោញ​ បាន​ធ្វើជា​មួយ​នឹង​ម្ចាស់ដី​ គឺ​វា​មាន​រយៈពេល៦ឆ្នាំ​ទៀត​។ ស្រ្តី​ម្ចាស់ហាង​រូប​នេះ​និយាយ​ថា​ ម្ចាស់​បាន​ជួល​ដី​នេះ​ទៅ​ឲ្យ​ជនជាតិ​ចិន​ក្នុង​តម្លៃ​ខ្ពស់​។ គាត់​និយាយ​ដែរ​ថា​ ភ្ញៀវ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ ហើយ​គាត់​មិន​ទទួល​បាន​ភ្ញៀវ​ច្រើន​ដូចមុន​ទៀត​ទេ​ ដូច្នេះ​អ្នកស្រី​ត្រូវ​បិទទ្វារ​ និង​បញ្ចប់​កិច្ចសន្យា​ជួល​ដី​មុនពេលកំណត់​។

លោក​ អ៊ី​ វ៉ាង ​ គឺជា​អ្នក​បើករថយន្ត​ដឹក​ភ្ញៀវ​ប្រចាំ​នៅ​ហាង​អឺរ៉ុប​ជិត​អតីត​ព្រះរាជ​ដំណាក់​ ក្នុង​ខេត្ត​ព្រះសីហនុ​។ គាត់​និយាយ​ថា​ កាលពី២ឆ្នាំមុន​ លោក​អាច​រកចំណូល​បាន​ពី​ការ​ដឹក​ភ្ញៀវ​ជា​ធម្យ​មក្នុង​មួយថ្ងៃ​ចន្លោះ​ពី​ ៨ម៉ឺន​ទៅ១២ម៉ឺន​រៀល​។ លោក​បន្ត​ថា​ អ្នក​វិនិយោគ​ចិន​ចូល​មក​ ភ្ញៀវ​អឺរ៉ុប​ធ្លាក់ចុះ​ ចំណែក​រូបលោក​រកចំណូល​បាន​ជាមធ្យម​ប្រហែល៤ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។

“បញ្ហា​វា​ពិបាក​រកស៊ី​ជាង​មុន​ឆ្ងាយ​។ កាល​ជនជាតិ​អឺរ៉ុប​នៅ​ច្រើន​ យើង​អាច​រកស៊ី​បាន​ច្រើន​។ ដល់ពេល​ជនជាតិ​ចិន​មក​នៅ​ គេ​មាន​របស់​គេ​ គេ​មិនសូវ​ប្រើប្រាស់​របស់​យើង​ណា​។ ដូច្នេះ​យើង​វា​ពិបាក​។ ក្នុង​មួយថ្ងៃ​ ឥឡូវនេះ​រកចំណូល​ជួនកាល​រក​មិនបាន​១០ដុល្លារ​​អា​មេ៉​រិក​ផង​ ”។

លោក អ៊ី វ៉ាង អ្នកបើករថយន្តដឹកភ្ញៀវប្រចាំនៅហាងអឺរ៉ុប ជិតអតីតព្រះរាជដំណាក់ ក្នុងខេត្តព្រះសីហនុ

លោក​ ឃាង​ ភា​រម្យ​ គឺជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​។ គាត់​ទទួលស្គាល់​ថា​ មាន​ជនជាតិ​ចិន​ច្រើនជាង​ជនជាតិ​ផ្សេងទៀត​ដែល​កំពុងតែ​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ​។

“នៅ​ខេត្ត​ព្រះសីហនុ​យើង​នេះ​ យើង​ឃើញថា​ យើង​មាន​ចម្រុះ​ជាតិសាសន៍​។ សម្រាប់​អ្នក​មក​វិនិយោគ​ហ្នឹង​ជា​ជនបរទេស​មាន​ច្រើន​ជាតិសាសន៍​។ ប៉ុន្តែ​ក្នុង​នោះ​យើង​សង្កេតឃើញ​ថា​ វិនិយោគទុន​បរទេស​ដែល​ជា​ជនជាតិ​ចិន​មាន​វត្តមាន​គាត់​ច្រើនជាង​សាសន៍​ដទៃទៀត​ ” ។

របាយការណ៍​ស្តី​ពី​ជំរឿន​ស្ថិតិ​ជនបរទេស​ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ចេញផ្សាយ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឲ្យដឹង​ថា​ មាន​ជនបរទេស​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​ព្រះសីហនុ​ជាង​ ៤០៧៧០នាក់​ ក្នុងចំណោម​ ៥៧សញ្ជាតិ​។

លោក​ គង់​ សុ​ភក្រ្តា​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍​មានប្រសាសន៍​ថា​ គិត​ត្រឹម៧ខែ​ដើមឆ្នាំ​២០១៩ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​លំដាប់​លេខ១​ បន្ទាប់ពី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​។ តាម​លោក​ សុ​ភក្រ្តា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​កើនឡើង​ជាង​ ២០ម៉ឺន​នាក់​ស្មើ​ប្រមាណ១០១.៨ភាគរយ​ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​សរុប​ ៤៨ម៉ឺន​នាក់​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បង្ហាញថា ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ដែល​ទៅ​ទស្សនា​នៅ​ខេត្ត​ព្រះសីហនុ​បាន​ថយ​ចុះ​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​២០១៩នេះ​។ បើ​តាម​របាយការណ៍​ដដែល​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​នៅ​អឺរ៉ុប​ និង​អាមេរិក​មានតែ​ជាង​ ៦ម៉ឺន​នាក់​ គិត​ត្រឹម៧ខែ​ដើមឆ្នាំ២០១៩នេះ​។

កញ្ញា​ វ៉ុន​ ស្រី​ណែ​ត អ្នកលក់​ដូរ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ ឲ្យដឹង​ថា​ កាលពី២ឆ្នាំមុន​ ក្រុម​គ្រួសារ​របស់​ខ្លួន​អាច​រកចំណូល​បាន​ពី​ការ​លក់​គ្រឿង​សមុទ្រ​ នៅ​តាម​មាត់​ឆ្នេរសមុទ្រ​ប្រមាណ​ ២៥០ដុល្លារ​អា​មេ៉​រិក​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ ស្រី​ណែ​ត អះអាង​ថា​ ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ចំណូល​ធ្លាក់ចុះ​ ហើយ​ពេលខ្លះ​រក​មិនបាន​ ១០០ដុល្លារ​អា​មេ៉​រិក​ផងក៏មានដែរ​ក្នុង​មួយថ្ងៃ​។បើ​តាម​ វ៉ុន​ ស្រី​ណែ​ត មូលហេតុ​នៃ​ការបាត់បង់​ចំណូល​នេះ​ ដោយសារ​មិន​មាន​ភ្ញៀវ​ទៅលេង​កំពង់សោម​ដូចមុន​។ ម្យ៉ាងវិញទៀត​ ចិន​ចាប់ផ្តើម​បើកហាង​លក់ដូរ​ នៅ​តាម​ឆ្នេរសមុទ្រ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​។

ស្រី​ណែ​ត លើកឡើង​ថា​ “ពីមុន​មួយថ្ងៃ​បាន​ប្រមាណ​ពី​ ២០០ទៅ៣០០ដុល្លារ​អា​មេ៉​រិក​អីដែរ​។ ប៉ុន្តែ​ថ្ងៃ​ខ្លះ​វា​ឡើង​ហើយ​ថ្ងៃ​ខ្លះ​វា​ចុះទៅ​តាម​នឹង​។ មកដល់​ឥឡូវនេះ​វិញ​ យើង​រក​មិនសូវ​បានទេ​ទីមួយ​ភ្លៀងជាប់​រហូត​ ហើយ​ទីមួយ​ស្ងាត់​ភ្ញៀវ​ផង​ អត់​ដូច​លើក​មុន​ទេ​”។

លោក​ រី​ រឿន​ អ្នករក​ស៊ី​ដឹក​ភ្ញៀវ​ទេសចរណ៍​ប្រចាំ​ប្រលាន​យន្តហោះ​កំពង់សោម​ ឲ្យដឹង​ថា​ សព្វថ្ងៃ​នេះ​ពលរដ្ឋខ្មែរ​មួយចំនួន​ធំ​បាន​បោះបង់​មុខរបរ​ ហើយ​ចាកចេញ​ទៅ​ខេត្ត​ផ្សេង​វិញ​។ ប្រភព​បន្ត​ថា​ មូលហេតុ​សំខាន់​ពួកគាត់​សម្រេច​ជួល​ដី​ឲ្យ​ចិន​ព្រោះ​បាន​ថ្លៃ​។ ហើយ​ហេតុផល​មួយទៀត​ដោយសារ​ចំនួន​ភ្ញៀវ​ក្នុង​ស្រុក​ និង​អឺរ៉ុប​ធ្លាក់ចុះ​ ធ្វើឲ្យ​អ្នក​ធ្លាប់​រកស៊ី​ត្រូវ​បាត់​ចំណូល​។ លោក​ រឿន​ លើកឡើង​ទៀត​ថា​ ហេតុផល​នេះ​ហើយដែល​បង្ខំចិត្ត​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​មួយចំនួន​ត្រូវ​ចាកចេញ​ពី​កំពង់សោម​។ លោក​ឲ្យដឹង​ថា​ “កត្តា​វា​មាន​ច្រើន​គឺ​ អ្នក​តាម​ខេត្ត​ និង​ទីក្រុង​ភ្នំពេញ​ពួកគាត់​មិនសូវ​មកលេង​ដូចមុន​ ព្រោះ​ដោយសារ​ទីមួយ​ខ្វះ​ផ្ទះសំណាក់​។ ផ្ទះសំណាក់​ភាគច្រើន​ពេលនេះ​អត់មាន​ខ្មែរទេ​ មានតែ​ចិន​។ ជា​ធម្មតា​ខ្មែរ​ និង​ចិន​ខុសគ្នា​។ ចិន​ចូលចិត្ត​មា​ត់​ឮៗ​ និង​រញ៉េរញ៉ៃ​ច្រើន​ មិន​ដូច​អឺរ៉ុប​គាត់​រួសរាយ​ “ ។

លោក​ សន​ ស៊ី​ផល​ ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​។ គាត់​ទទួលបន្ទុក​ប្រមូល​ទិន្នន័យ​ការ​ចុះ​ បញ្ជី​ក្បាលដី​ និង​ផ្ទះ​។ លោក​ ស៊ី​ផល​ បដិសេធ​ថា​ លោក​មិនដែល​បានដឹង​ពី​តួលេខ​ប្រជាពលរដ្ឋ​ជួល​ដី​ ឬផ្ទះ​ឲ្យ​ចិន​ទេ​។

​ដោយ​ត្រូវ​បាន​ជួប​សម្ភាស​ន៍​ផ្សេង​ៗពីគ្នា​ ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ៣០នាក់​បាន​ប៉ាន់ប្រមាណ​ថា​ យ៉ាង​ហោចណាស់​មាន​ពលរដ្ឋ៦០ភាគរយ​កំពុង​ទទួលរង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​នេះ​។ ពួកគេ​ប៉ាន់ប្រមាណ​ថា​ ពលរដ្ឋ​ប្រហែលជា៤០ភាគរយ​បាន​ទទួលផល​ខ្ពស់​ពី​ការអភិវឌ្ឍន៍​។

ហាងទំនិញ និងក្រុមហ៊ុនអចលនទ្រព្យរបស់ជនជាតិចិន នៅក្រុងព្រះសីហនុ

យោង​តាម​ទិន្នន័យ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩​ មាន​ក្រុមហ៊ុន​ចំនួន​ ៥២ក្រុមហ៊ុន​កំពុងតែ​វិនិយោគ​នៅក្នុង​ខេត្ត​នេះ​។ របាយការណ៍​ដដែល​បញ្ជាក់​ថា​ ប្រហែល៩០ភាគរយ​គឺជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​។

របាយការណ៍​វិនិយោគ​ចិន​ដែល​វី​អូ​ឌី​ទទួល​បាន​ពីទី​ចាត់ការ​ផែនការ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ គិត​ត្រឹម​ខែមេសា​ ឆ្នាំ២០១៩​ បង្ហាញថា​ ការ​វិនិយោគ​មាន​ទឹកប្រាក់​ជាង​ ៨ពាន់៤៦០លាន​ដុល្លារ​អា​មេ៉​រិក​(៨.៤៦០.៤១៨.៣៦៤​$)។ ទំហំ​ទឹកប្រាក់​ដែល​គ្រប់​ដណ្តប់​គម្រោង​ទាំង​ ៥២គម្រោង​នេះ​ គឺ​ក្តោប​ទៅលើ​វិស័យ​សំ​ខាន់​ៗក្នុង​ខេត្ត​ព្រះសីហនុ​ ដូចជា​ វិស័យ​សេវាកម្ម​ទេសចរណ៍​ អចលនទ្រព្យ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ឧស្សាហកម្ម​។

និស្សិត​នៃ​មហាវិទ្យាល័យ​សិង្ហ​បូរី​ (Singapore​) លោក​ Carl​ Khouri​ Klink​  បាន​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។ របាយការណ៍​នេះ​រក​ឃើញថា​ ចន្លោះ​ពីឆ្នាំ១៩៩៤​ ដល់​ឆ្នាំ​ ២០១៣​ ប្រទេស​ចិន​បាន​ចំណាយ​ថវិកា​ប្រមាណ​ ១០ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។

តាម​របាយការណ៍​ ការ​វិនិយោគ​នោះ​គឺ​ផ្តោត​លើ​វិស័យ​កសិកម្ម​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ទំនប់​វារីអគ្គិសនី​ និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​។ របាយការណ៍​ដែល​បិទ​បញ្ចប់​ការស្រាវជ្រាវ​កាលពី​ខែសីហា​ ឆ្នាំ២០១៩​ បង្ហាញ​ដែរ​ថា​ចន្លោះ​ពីឆ្នាំ២០១៣​ ដល់​ឆ្នាំ២០១៧​ ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ ៥,៣​ ពាន់​លាន​ដុល្លារ​អា​មេ៉​រិក​មក​កម្ពុជា​ គឺ​កើន៥ដង​បើ​ប្រៀបធៀប​នឹង​ចន្លោះ​ឆ្នាំ១៩៩៤​ ដល់​ឆ្នាំ២០១៣​។ ក្នុង​របាយការណ៍​បញ្ជាក់​ថា​ ខេត្ត​ព្រះសីហនុ​ទទួល​បាន​គម្រោង​វិនិយោគ​ដែល​មានតម្លៃ​ជា​ទឹកប្រាក់១,១​ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៧​។

អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តព្រះសីហនុ។ អ្នក​ស្រីប្រាប់​ថា ពលរដ្ឋ​នៅក្នុង​ខេត្ត​ទទួល​បាន​ផល​តិច​តួច​ពីការ​ចូលមក​​វិនិយោគ​របស់ជនជាតិ​ចិននៅក្នុង​ខេត្ត​នេះ។ គាត់​អះអាងថា ផលប្រយោជន៍បានតែទៅលើចិនគ្នាឯងច្រើនជាង។ អ្នក​ស្រី ​សុធារី កត់សំគាល់​ថា ខ្មែរ​ដែល​មានលទ្ធភាពដូចជាមានអាគារ និងដីជាដើម ពួកគេសម្រេចជួលឲ្យចិន រួចបន្តចាកចេញពីខេត្ត ទៅរស់នៅ​កន្លែង​ផ្សេងវិញ។

“បើ​និយាយ​ពី​ការ​ប្រកបមុខរបរ​រកស៊ី​ហ្នឹង​ភោជនីយ​ដ្ឋាន​ធំៗ​គឺ​ពួក​ចិន​ច្រើនជាង​ខ្មែរ​។ អ៊ីចឹង​គាត់​ទិញ​តែ​ផលិតផល​ដែល​ក្រុម​គ្នា​គាត់​យក​មក​ទេ​។ បើ​របស់​គ្នា​គាត់​អត់មាន​បាន​គាត់​(ចិន​)មក​ទិញ​របស់​យើង​(ខ្មែរ​)។ អ៊ីចឹង​ខ្ញុំ​សួរ​ថា​យើង​(ខ្មែរ​)លក់​ឲ្យ​ពីណា​ប្រើ​?។ បើ​ខ្មែរយើង​មួយចំនួន​ធំ​គឺ​គាត់​ចាកចេញ​។ ហើយ​ខ្មែរយើង​មួយចំនួន​ឈប់​លក់ដូរ​”។

នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​ ឆមាស​ទី១ដើមឆ្នាំ២០១៩​ លោក​ យន្ត​ មីន​ បញ្ជាក់​ថា​ ដោយសារ​ការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នេះ​ហើយ​ ជំរុញ​ឲ្យ​ខេត្ត​ព្រះសីហនុ​កាត់បន្ថយ​ភាព​ក្រីក្រ​ធ្លាក់ចុះ​មក​នូវ​ត្រឹម​ ១០,៧២ភាគរយ​ក្នុង​មួយឆ្នាំ​។ លោក​ យន្ត​ មីន​ មានប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ចំណូល​គិតជា​មធ្យម​ ៣ពាន់៣៥៨ដុល្លារ​អា​មេ៉​រិក​ក្នុង​មួយឆ្នាំ​។

លោក​ ហ៊ុន​ សំណាង​ អតីតប្រធាន​សមា​គមរ៉ឺ​ម៉ក់​កង់​បី​។ បច្ចុប្បន្ន​លោក​ សំណាង​ គឺជា​ប្រធាន​ផ្នែក​ឡានក្រុង​ក្រុមហ៊ុន​ រិទ្ធ​មុ​ន្នី​។ លោក​និយាយ​ថា​ ការ​បើក​ចំហរ​ឲ្យ​ចិន​វាយលុក​ទីផ្សារ​ខ្នាត​តូច​រាប់​ចាប់តាំងពី​លក់​បន្លែ​ និង​រត់តាក់ស៊ី​ វា​ជា​ការ​គំរាមកំហែង​ផ្នែក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​។ លោក​បន្ត​ថា​ ប្រសិនបើ​ចិន​នៅតែ​បន្ត​ប្រកួតប្រជែង​ដូចនេះ​ ហើយ​រដ្ឋាភិបាល​មិន​មាន​មធ្យោបាយ​ទប់ស្កាត់​ទេ​ នោះ​គឺជា​ការ​បិទផ្លូវ​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​នា​ពេល​ខាងមុខ​មិនខាន​ឡើយ​។

“បាទ​មាន​ចិន​រត់​ តុក​ តុក​ និង​បើក​តាក់ស៊ី​មែន​។ បើ​បណ្តោយ​ឲ្យ​ពួកគាត់​(ចិន​)ធ្វើ​ចឹង​ថ្ងៃក្រោយ​ទៅ​ពួក​ខ្ញុំ​បាន​អី​រកស៊ី​ ” ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក​ វ៉ន់​ ពៅ​ ប្រធាន​សមាគម​ IDEA​ ឲ្យដឹង​ថា​ នៅ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​រត់​ម៉ូតូ​កង់​បី​ឬហៅ​ថា​ តុក​តុក​ និង​ឡាន​តាក់ស៊ី​ចំនួន​ ៣៥០០គ្រឿង​។ លោក​បន្ត​ថា​ នៅមុន​ពេល​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​ មាន​ជនជាតិ​ចិន​រត់តាក់ស៊ី​ និង​ម៉ូតូ​កង់​បី​ប្រមាណ​ ៤០ភាគរយ​។ តែ​ក្រោយពី​អនុវត្ត​ច្បាប់​ចំនួន​នេះ​បាន​ថយ​ចុះ​នៅ​កំពង់សោម​ប្រមាណ​ ២០ភាគរយ​។ បើ​ទោះជា​បែប​ណា​ពួកគេ​(ចិន​)មួយចំនួន​នៅ​បន្ត​ដឹក​ភ្ញៀវ​លួចលាក់​តាមរយៈ​អន​ឡាញ​ (Online​) វី​ឆាត​(WeChart​)ខ្លះ​ដែរ​។

នៅពេល​ដែល​ផលរបរ​តូចតាច​ខ្លះ​កំពុង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​ចូល​មករ​កស៊ី​របស់​ជនជាតិ​ចិន​ អ្នកលក់​ដូរ​គ្រឿងសំណង់​ខ្លះ​និយាយ​ថា​ ពួកគេ​រកចំណូល​បាន​ច្រើនជាង​មុន​។

ម្ចាស់​អាជីវកម្ម​គ្រឿងសំណង់​ឈ្មោះ​ សៀវ​ គួង​ ឲ្យដឹង​ថា​ ចាប់តាំងពី​លំហូរ​ជនជាតិ​ចិន​ចូល​មក​ លោក​អាច​រកចំណូល​បាន​ពី​វិស័យ​សំណង់​ច្រើន​គួរសម​ក្នុង​មួយ​ថ្ងៃ​ៗ។ ប៉ុន្តែ​លោក​ គួង​ បដិសេធន៍​ពី​ចំនួន​ជាក់លាក់​នៃ​ចំណូល​ដែល​រកបាន​ពី​វិស័យ​សំណង់​នេះ​។ លោក​ គួង​ បន្ត​ថា​ ជនជាតិ​ចិន​ប្រមាណ៨០ភាគរយ​មានមុខ​របរ​ផ្គត់ផ្គង់​គ្រឿងសំណង់​ដូច​ខ្មែរ​ដែរ​។ ប៉ុន្តែ​តួលេខ​នេះ​បាន​ថយ​ចុះទៅ​វិញ​ក្រោយពី​រដ្ឋាភិបាល​ដាក់​វិធានការ​ប្រឆាំង​បទល្មើស​អន​ឡាញ​ទៅលើ​ជនជាតិ​ចិន​។

“ល្បី​ថាទៅ​វិញ​ក៏​ស្បើយ​ជាង​មុន​ដែរ​។ អ្នក​អន​ឡាញ​វា​មក​វា​ដៃ​ទូលាយ​ ដល់អញ្ចឹង​កន្លែងណា​ក៏​ជួល​ៗ ហើយ​រក​ស៊ី​ស្អី​ៗក៏​វា​ធូរ​ដែរ​។ ដល់​ឥឡូវនេះ​ដល់​វា​(ចិន​)ទៅវិញ​ក៏​ស្បើយ​ច្រើន​ដែរ​។ ចិន​ធ្លាក់ចុះ​ប្រហែល៥០ភាគរយ​។ ធ្លាក់ចុះ​នេះ​ធ្លាក់ចុះ​ច្រើន​មែន​ទែន”។

នៅ​ខេត្ត​ព្រះសីហនុ​ ជនជាតិ​ចិន​បើកហាង​ដូរលុយ​ ហាត់​កាត់សក់​ ជាង​ផ្សារដែក​ រថ​តាក់ស៊ី​ ម៉ូតូ​កង់​បី​ឥណ្ឌា​ និង​ហាង​ម៉ាស្សា​ ហាង​លក់​គ្រឿងទេស​ លក់​បន្លែ​ ត្រី​ និង​សាច់​ជ្រូក​ដូច​ពលរដ្ឋខ្មែរ​ម្ចាស់​ស្រុក​ដែរ​។

ស្នងការ​ខេត្ត​ព្រះសីហនុ​លោក​ ជួន​ ណា​រិន្ទ​ ឲ្យដឹង​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩​ ថា​ អាជីវកម្ម​ស្ទើរ៩០ភាគរយ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។ អាជីវកម្ម​ទាំងនោះ​រាប់​ចាប់តាំងពី​ផ្ទះ​សំណាក់​ សណ្ឋាគារ​ ហាង​ម៉ាស្សា​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ជាដើម​។

លោក​ ជួន​ ណា​រិន្ទ​ បញ្ជាក់​ថា​ សណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ ១៥០ទីតាំង​ក្នុងចំណោម១៥៦កន្លែង​ ត្រូវ​គ្រប់គ្រង​ដោយ​ចិន​។ កាស៊ីណូ​ចំនួន៦២កន្លែង​ក្នុង​នោះ៤៨កន្លែងត្រូវ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​។ ក្លិប​កម្សាន្ត​-ខារ៉ាអូខេ៤១កន្លែង​ គ្រប់គ្រង​ដោយ​ចិន​ចំនួន១៨កន្លែង​។ ហាង​ម៉ាស្សា៤៦ទីតាំង​គ្រប់គ្រង​ដោយ​ចិន​ក្នុងចំណោម​ចំនួន​សរុប៦៣​។ ភោជនីយដ្ឋាន៩៥ភាគរយ​ ក្នុងចំណោម​ហាង៤៣៦ទីតាំង​ ត្រូវ​គ្រប់គ្រង​ដោយ​ចិន​។

កាស៊ីណូចិន នៅតាមបណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ

ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​សម្រេច​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩​ ដោយ​កំណត់​ប្រភេទ​មុខរបរ​ និង​ការងារ​ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស​។ តាមរយៈ​សេចក្តី​សម្រេច​នេះ​ រដ្ឋាភិបាល​បាន​ហាមឃាត់​មុខរបរ១០ប្រភេទ​ មិន​ឲ្យ​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​អាជីវកម្ម​។

មុខរបរ​ទាំងនោះ​រួមមាន​ អ្នកបើកបរ​យាន​ជំ​និៈ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជាអាទិ៍​៖ អ្នក​បើក​ទោចក្រយាន​យន្ត​ អ្នក​បើក​ត្រីចក្រយាន​យន្ត​ អ្នក​បើក​ទោចក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក​ អ្នក​បើក​ម៉ូតូ​កង់​បួន​ អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ​ និង​ដឹកទំនិញ​។ មុខរបរ​ផ្សេងទៀត​រួមមាន​ អ្នកលក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង​ ឬយានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​ អ្នក​ម៉ាស្សា​ចាប់​សរសៃ​តាម​ទី​សាធារណៈ​ អ្នក​កាត់សក់​ អ៊ុតសក់​ និង​ថែរក្សា​សម្ផស្ស​ អ្នក​ផ្តល់​សេវាកម្ម​ដេរ​ និង​សម្អាត​ស្បែកជើង​ អ្នក​កាត់ដេរ​ អ្នក​ប៉ះ​កង់​ និង​ជាង​ជួល​ជុល​យានយន្ត​ អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​ អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ​ បាត្រ​លោក​ និង​ព្រះពុទ្ធរូប​ និង​ជាងទង​ ឬជាង​ច្នៃត្បូង​ពេជ្រ​។

ក្រសួងការងារ​ព្រមាន​ថា​ នឹង​មិន​បន្ត​សុពលភាព​ប័ណ្ណ​សៀវភៅ​ការងារ​ទេ​ បើ​រក​ឃើញថា​ ជនបរទេស​ធ្វើអាជីវកម្ម​ដែល​បាន​ហាមឃាត់​។

អ្នកនាំពាក្យ​ក្រសួងការងារ​ លោក​ ហេង​ សួរ​ បញ្ជាក់​ថា​ ជនបរទេស​ដែល​ល្មើស​នឹង​ទណ្ឌកម្ម​នេះ​ នឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ផ្អែក​តាមច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​។

សម្រាប់​អ្នកលក់​បាយ​នៅ​ខេត្ត​ព្រះសីហនុ​ដូចជា​ លោក​ ចេង​ ឃាង​ ចង់​ឃើញ​មាន​ចំណាត់ការ​ដែល​មានប្រសិទ្ធភាព​ លើ​សេចក្តី​សម្រេច​ដែល​ចេញ​ដោយ​ក្រសួងការងារ​។

“ខ្ញុំ​ដូចជា​បានឃើញ​សេចក្តី​ប្រកាស​នៅក្នុង​ហ្វេ​សប៊ុ​កគេ​បង្ហោះ​ដែរ​។ ខាង​រដ្ឋាភិបាល​គេ​នឹង​ទប់ស្កាត់​មុខរបរ​តូចតាច​ហ្នឹង​ដែរ​។ ប៉ុន្តែ​នៅ​ខេត្ត​កំពង់សោម​ ខ្ញុំ​អត់​ឃើញ​អាជ្ញាធរ​​​គេ​ចាត់វិធានការ​អី​ផង​។ ប្រហែល​គាត់​ទូងស្គរ​ហើយ​ប្រហែល​គាត់​មិនទាន់​ដល់ពេល​វាយ​ស្គរ​ គ្រាន់តែ​ទូង​ឲ្យ​ឮសម្លេង​សិន​ ”។

អ្នកស្រី​ កេន​ ឆេង​ឡាង​ អនុប្រធាន​សហព័ន្ធ​សហជីព​ជាតិ​ នៃ​ឧស្សាហកម្ម​វាយ​ណភណ្ឌ​កាត់ដេរ​កម្ពុជា​។ អ្នកស្រី​ចង់​ឃើញ​វិធានការ​របស់ក្រ​សួង​ គ្រប់​ដណ្តប់​ទៅលើ​មុខរបរ​ផ្សេងទៀត​ ឲ្យ​មាន​វិសាលភាព​ជាង​នេះ​។

“យើង​ជជែក​ច្រើន​ដែរ​។ ដល់ហើយ​ទៅ​ក្រសួង​ឆ្លើយតប​ថា​ មុខរបរ១០ប្រភេទ​ហ្នឹង​សាកល្បង​សិន​។ នេះ​លើកទីមួយ​ គាត់​ឆ្លើយ​មក​បែបហ្នឹង​អ្វី​ដែល​យើង​ជជែក​។ និយាយរួម​ទៅ​ច្បាប់​ហ្នឹង​ហាម​តែ​អ្នករក​ស៊ី​ផ្ទាល់ខ្លួន​ បើ​គាត់​មាន​ក្រុមហ៊ុន​ ហើយ​ចុះបញ្ជី​ត្រឹមត្រូវ​អត់អី​ទេ​ គាត់​ធ្វើ​បាន​”។

លោក​ វ៉ន់​ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ​លោក​ វ៉ន់​ ពៅ​ ទទូច​ឲ្យ​ក្រសួង​បញ្ចូល​ជនបរទេស​ដែល​ប្រកបរបរ​នៅក្នុង​វិស័យ​សំណង់​ ឲ្យ​ដាក់បញ្ចូល​ទៅ​ក្នុង​បទប្បញ្ញត្តិ​ហាមឃាត់​សម្រាប់​ជនបរទេស​នេះ​ផង​។ លោក​ វ៉ន​ ពៅ​ ជម្រុ​ញឲ្យ​ក្រសួង​អនុវត្ត​វិធានការ​ឲ្យ​មានប្រសិទ្ធភាព​។

“យើង​ឃើញថា​ វា​ហាក់ដូចជា​មិនបាន​ចំណេញ​អី​ទេ​ ហេតុ​អី​បាន​និយាយ​ដូច្នេះ​ពីព្រោះ​អ្នកធ្វើសរសៃ​នៅ​តាម​មាត់​ឆ្នេរ​តិចតួច​ទេ​ សំខាន់​អ្នក​បើកហាង​ម៉ាស្សា​នៅក្នុង​ខេត្ត​ទាំងអស់​។ នេះ​ទើប​ជា​ការត្រឹមត្រូវ​ និង​ស៊ីជម្រៅ​មានន័យថា​ សេចក្តី​ប្រកាស​របស់ក្រ​សួង​ការងារ​ធ្វើឲ្យ​វា​ស៊ីជម្រៅ​ជាង​នេះ​ វា​ជាការល្អ​ និង​វា​ជា​ការ​ប្រសើរ​ ”។

បើ​តាម​ លោក​ ហេង​ សួរ​ តាមពិត​ប្រកាស​របស់ក្រ​សួង​ការងារ​នេះ​ មាន​ទម្ងន់​ទៅលើ​តែ​មុខរបរ​ស្វ័យ​និ​យោជន៍​ ឬសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ប៉ុណ្ណោះ​។ លោក​ថា​ ជនបរទេស​បម្រើការ​នៅ​តាម​សហគ្រាស​ និង​គ្រឹះស្ថាន​គឺ​អនុវត្ត​ទៅតាមច្បាប់​ស្តី​ពី​ការងារ​។

លោក​ ស្រេង​ វ៉ាន់​លី​ ជា​អ្នកសម្របសម្រួល​អង្គការ​លី​កាដូ​ ប្រចាំ​ខេត្ត​ព្រះសីហនុ​។ លោក​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​ពីមុខ​របរ​ និង​តម្រូវការ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ដើម្បី​បង្កើន​ការ​ទទួល​បានផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋខ្មែរ​។

“បើ​យើង​មិនបាន​កំណត់​ទេ​ នៅ​ថ្ងៃ​អនាគត​ប្រហែលជា​ខ្សត់​ទៅៗ​នូវ​ប្រជាពលរដ្ឋ​ខ្មែរយើង​ដែល​គាត់​ប្រកបរបរ​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ហ្នឹង​។ ទី១ប្រជាពលរដ្ឋ​ខ្មែរ​មិន​មានលទ្ធភាព​ជួល​ទីតាំង​ និង​ទី២ប្រជាពលរដ្ឋ​បាន​ចាក​ចេ​ញប​ណ្តើរៗ​ ខ្លះ​គាត់​ជួល​ឲ្យ​គេ​ទៅ​ ហើយ​ខ្លះទៀត​មិន​មានលទ្ធភាព​ក្នុង​ការជួល​ ”។

លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រាប់​ថា​ ក្រសួង​នឹង​ពិនិត្យមើល​លើ​ការងារ​ស្វ័យ​និ​យោជន៍​ ឬការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ លោក​បញ្ជាក់​ថា​ ប្រសិនបើ​រក​ឃើញ​ពិតជា​មាន​មែន​ នឹង​អនុវត្ត​ដូច​មានកំណត់​នៅក្នុង​សេចក្តី​ប្រកាស​របស់ក្រ​សួង​។

សំណង់អគារធំៗរបស់ក្រុមហ៊ុនចិន កំពុងសង់លើដីរាប់សិបហិកតា នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ

លោក​ ង៉ែត​ ជូ​ អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​។ សម្រាប់​លោក​ ង៉ែត​ ជូ ​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​នៅពេល​នេះ​នឹង​មិន​មាន​ស្ថេរ​ភាព​រយៈពេល​វែង​ឡើយ​។ លោក​និយាយ​ថា​ សន្ទុះ​សេដ្ឋកិច្ច​របៀប​នេះ​ អាច​នឹង​មាន​ឱនភាព​ចុះទៅ​វិញ​នៅចន្លោះ​ពី​ ៣ ទៅ៥ឆ្នាំក្រោយ​ គឺ​ក្នុង​ពេល​សកម្មភាព​សាងសង់​ត្រូវ​បាន​កាត់បន្ថយ​។

“ទៅមុខ​ទៀត​យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ​ ពីព្រោះ​ការសាងសង់​កាស៊ីណូ​មិន​ចេះតែ​សាងសង់​រហូត​ទេ​។ កាលណា​វា​គ្រប់​ចំនួន​ឬក៏​ដល់​ដំណាក់កាល​មួយ​ឈប់​សាងសង់​គឺ​វា​ត្រូវ​ទាក់ទង​នឹង​ការចូលរួម​ចំណែក​នៅក្នុង​វិស័យ​កាស៊ីណូ​ហ្នឹង​វិញ​។ បងប្អូន​គាត់​អាច​ធ្វើការ​ក្នុង​វិស័យ​ហ្នឹង​ កូនចៅ​គាត់​អាច​ធ្វើការ​ក្នុង​វិស័យ​ហ្នឹង​។ អ៊ីចឹង​វា​ត្រូវការ​ជំនាញ​ និង​បទពិសោធន៍​មួយផ្សេងទៀត​”។ 

ទោះ​យ៉ាងណា​ ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ លោក​ ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ ឲ្យដឹង​ថា​ សព្វថ្ងៃ​មុខរបរ​ខ្នាត​តូច​ដែល​ជនបរទេស​ប្រកប​អាជីវកម្ម​នេះ​ ត្រូវ​បាន​កាត់បន្ថយ​ជាង​មុន​ច្រើន​ហើយ​។

លោក​ ឃាង​ ភា​រម្យ​ និយាយ​ថា​ អាជ្ញាធរ​នឹង​ចុះ​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ច្បាប់​បន្ថែម​ដល់​ជនបរទេស​ ដើម្បីឲ្យ​ប្រាកដ​ថា​ បញ្ហា​នេះ​[ជនបរទេស​ដែល​បើកមុខ​របរ​ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ហាមឃាត់​]នឹង​លែងកើត​មានត​ទៅទៀត​៕

ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ