ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងចោទថា អាជ្ញាធរមូលដ្ឋានបង្កការរំខានមិនឲ្យពួកគេជួបប្រជុំ

នគរបាលឃុំជីខលើចុះថតរូប និងឃ្លាំមើលពលរដ្ឋ១៩៧គ្រួសារនៅកោះកុងដែលកំពុងប្រជុំកាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩ (ប្រភពរូប៖ ប្រជាពលរដ្ឋខេត្តកោះកុង)

ក្រុមពលរដ្ឋ ១៩៧ គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុបនៅស្រុកស្រែអំបិល ខេត្តកោះកុង បានចោទថាអាជ្ញាធរមូលដ្ឋានបង្កការរំខានដល់ការជួបប្រជុំរបស់ពួកគេដែលពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយរឿងដីធ្លី។

ប្រជាពលរដ្ឋ១៩៧គ្រួសារនៅភូមិតានី ភូមិជីខ និង​ភូមិឈូក ស្ថិតក្នុងឃុំជីខលើ និងស្ថិតក្នុងភូមិចំបក ឃុំជីខក្រោម អះអាងថា ពួកគេមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ តាំងពីឆ្នាំ២០០៧ រហូតពេលបច្ចុប្បន្ននេះពុំទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

អ្នកស្រី ដេត ហួ ដែលអះអាងថា តំណាងឲ្យប្រជាពលរដ្ឋ១៩៧គ្រួសារ ប្រាប់វីអូឌីថា ក្រោយពីមិនទទួលបានដំណោះស្រាយរឿងវិវាទដីធ្លីនេះ អ្នកភូមិតែងតែជួបប្រជុំគ្នា ដើម្បីពិភាក្សាស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ន​ពាក់ព័ន្ធផ្សេងៗទៀត ប៉ុន្តែអ្នកស្រីថា រាល់ការជួបប្រជុំគ្នានោះគឺ សមត្ថកិច្ចតែងតែចុះមកថតរូប និងតាមឃ្លាំមើលរាល់សកម្មភាព​របស់ប្រជាពលរដ្ឋមិនឲ្យពិភាក្សាគ្នាបានឡើយ។

អ្នកស្រី បន្ថែមថា៖«និយាយរួមទៅប្រជុំមិនកើត រវល់តែមានសមត្ថកិច្ចប៉ូលីសមករករឿងរហូត។ មកអុកឡុកក្នុងអង្គប្រជុំ មានប៉ូលីសដែលគាត់ស្លៀកពាក់ស៊ីវិលមកចូលរួមអង្គប្រជុំ និងថតរូបពួកយើងតំណាងៗទៀត។ ហើយយើងបានសំណូមពរឲ្យគាត់ចេញពីអង្គប្រជុំគាត់មិនព្រម។ ហើយគាត់បែរជាមកនិយាយថា យើងបំពានច្បាប់ដេញសមត្ថកិច្ចទៅវិញ»

តំណាងពលរដ្ឋម្នាក់ទៀត លោក ឆាន់ ឈឿន មានប្រសាសន៍ថា ករណីអាជ្ញាធរចុះតាមដាន និងឃ្លាំមើលសកម្មភាពអ្នកភូមិនេះបានធ្វើឲ្យពួកគាត់មានការភ័យខ្លាចមិនហ៊ាននិយាយអ្វីនោះទេ។

តំណាងពលរដ្ឋរូបនេះ បានស្នើទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ និងបញ្ឈប់ការតាមដានប្រជាពលរដ្ឋតទៅទៀតដើម្បីកុំឲ្យពួកគេមានការភ័យខ្លាច។

លោកបន្ថែមថា«ខ្ញុំសំណូមពរ ពេលដែលបងប្អូនសហគមន៍ខ្ញុំប្រជុំ ខ្ញុំអត់ចង់ឲ្យប៉ូលីសមករំខាន មកស៊ើបអង្កេតទេព្រោះពួកខ្ញុំប្រជុំតែរឿងបាត់បង់ដីធ្លី។ ហើយសំណូ​មពរមួយទៀត សុំឲ្យខាងអាជ្ញាធរជួយរកដំណោះ​ស្រាយដីធ្លីជូនពួកខ្ញុំឲ្យបានឆាប់ៗទៅកុំឲ្យពួកគាត់រវល់ច្រើន។ បើអត់ដោះស្រាយ​ទេពួកគាត់នៅតែហៅតំណាងទៅប្រជុំរហូតរវល់អាជ្ញាធរដដែល»

អភិបាលស្រុកស្រែអំបិលដែលទើបឡើងកាន់តំណែងថ្មីលោក ជា ចាន់កញ្ញា មានប្រសាសន៍ថា ពុំមានអាជ្ញាធរណាទៅបំភិតបំភ័យ និងគំរាមកំហែងដល់ពលរដ្ឋមិនឲ្យជួបប្រជុំគ្នានោះទេ។ លោកបន្តថា ករណីសមត្ថកិច្ចចុះទៅសួរនាំពលរដ្ឋជួបប្រជុំគ្នានោះដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងឃុំប៉ុណ្ណោះ។

លោកបន្ថែមថា ៖«ពាក់ព័ន្ធនឹងប៉ូលីសប៉ុស្តិ៍ហ្នឹងគាត់ធ្វើការនៅក្នុងមូលដ្ឋានរបស់គាត់។ អីចឹងតែកាលណាមានការជួបជុំប្រមូលផ្តុំអីគាត់អត់ដឹង។ អីចឹងគាត់ត្រូវទៅពិនិត្យមើល ព្រោះវាពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់គាត់។    អីចឹងគាត់ចូលទៅសួរនាំ បើសិនអត់មានអីទេគាត់ចេញមកវិញ។ គាត់ពុំវិធានការអី អត់ទេ»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុងលោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ករណីអាជ្ញាធរទៅរំខានដល់ការជួបប្រជុំរបស់អ្នកភូមិនោះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងធ្វើផ្ទុយពីច្បាប់ដែលពលរដ្ឋមានសិទ្ធិជួបប្រជុំដោយសន្តិវិធី។

លោកបន្ថែមថា៖«វាផ្ទុយពីច្បាប់នៃការជួបជុំដោយសន្តិវិធី។ ប្រសិនបើអាជ្ញាធរគាត់ទៅសុំថតរូបមួយប៉ុស២ប៉ុសគាត់ត្រឡប់មកវិញមិនជាបញ្ហាអីទេ។ ប៉ុន្តែគាត់នៅអង្គុយឃ្លាំមើលតាមដានតាំងពីដើមរហូតដល់ចប់អីចឹង ធ្វើឲ្យប្រជាពលរដ្ឋហ្នឹង មិនអាចបង្ហាញមតិយោបលរបស់គាត់ទៅកាន់ក្រុមគាត់បានទេដោយសារមានការភិតភ័យដែលអាជ្ញាធរឃ្លាំមើលអីចឹង»

បច្ចុប្បន្ននេះ ពលរដ្ឋ ១០នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៩៧​​គ្រួសារ​នោះ ត្រូវបានតុលាការ​ខេត្ត​កោះកុង កោះហៅឲ្យ​ចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់ ទៅតាមបណ្តឹងរបស់ប្រធានក្រុមហ៊ុន ហេង ហ៊ុយ ដោយចោទប្រកាន់ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ