ពលរដ្ឋខេត្តព្រះសីហនុចោទ​អាជ្ញាធរថា​ឈូសឆាយកម្ទេច​ផ្ទះ​និង ផលដំណាំពួកគេ

សកម្មភាពអាជ្ញាធខេត្តព្រះសីហនុ ដាក់គ្រឿងចក្រឈូសឆាយដំណាំនិងផ្ទះ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី០២ តុលា ២០១៩

ពលរដ្ឋនៅស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ចោទថា អាជ្ញាធរបានដាក់គ្រឿងចក្រឈួសឆាយផលដំណាំ និងផ្ទះសម្បែងរបស់ពួកគេដោយមិនបានជូនដំណឹង និងប្រាប់ហេតុផលច្បាស់លាស់​នោះ​ឡើយ។

ពលរដ្ឋម្នាក់ លោក កុយ សុខា ប្រាប់វីអូឌីថា កាលពីម្សិលមិញនេះ សមត្ថកិច្ចចម្រុះបានដាក់គ្រឿងចក្រអមដោយកម្លាំងនគរបាល ប៉េអឹម និងអាជ្ញាធរស្រុកជិត ១០០នាក់ បានចុះឈូសឆាយផ្ទះពលរដ្ឋអស់ប្រហែល ៤០ខ្នង រួមទាំងផលដំណាំមានចេក ស្វាយ ខ្នុរ និងដំណាំ​ផ្សេងៗទៀតអស់ជាច្រើនហិកតា។

លោក កុយ សុខា ឲ្យដឹងថា ករណីអាជ្ញាធរចុះដាក់គ្រឿងឈួសឆាយផ្ទះ និងផលដំណាំរបស់អ្នកភូមិនេះ គឺមិនបានជូនដំណឹងមុន និងប្រាប់ពីមូលហេតុច្បាស់លាស់នោះទេ ហើយថា ក្នុងហេតុការណ៍ចុះឈូសឆាយនោះ ក៏មានការបាញ់គំរាមកំហែង និងគំរាមចាប់ពលរដ្ឋគុកផងដែរ ប្រសិនបើពលរដ្ឋណាហ៊ានចេញតវ៉ា និងថតផ្តិតយករូបភាពអំពីសកម្មភាពឈូសឆាយ។

លោក កុយ សុខា ប្រាប់​ថា៖ «ដំណាំហ្នឹង ខ្ញុំដាំបាន ២ឆ្នាំហើយ ស្វាយឆ្នាំក្រោយផ្លែ ចេកចេញ​ផ្កាអស់​ហើយ ប៉ុន្តែ គាត់ជាន់ឈួសឆាយរបស់ខ្ញុំអស់។ គិតទៅ ពួកគាត់ហ្នឹងដូចជាឃៅឃៅខ្លាំងពេកហើយ យកអាអ៊ិចទៅវាយដំណាំខ្ញុំចោលអស់។ ភស្តុតាងដំណាំខ្ញុំនៅទាំងអស់»

ពលរដ្ឋម្នាក់ទៀត លោក សុខ ធា អះអាងថា គ្រួសារគាត់ និងអ្នកភូមិមួយចំនួនផ្សេងទៀត ធ្លាប់ចូលទៅរស់នៅលើដីកំពុងមានជម្លោះនោះកាលពីឆ្នាំ១៩៨៩​រួចម្តងមកហើយ ប៉ុន្តែ ក្រោយមកឆ្នាំ២០០៤ តំបន់នោះត្រូវបានរដ្ឋកាត់ចូលជាតំបន់ឧទ្យានជាតិ ហើយប្រជាពលរដ្ឋក៏សម្រេចប្រគល់ដីនោះឱ្យរដ្ឋវិញ។

ពលរដ្ឋរូបនេះបន្តថា រហូតមកដល់ឆ្នាំ២០១៧ អ្នកភូមិឃើញក្រុមហ៊ុនចូលទៅឈូសឆាយដីតំបន់នោះដោយគ្មានមានបញ្ហា អ្នកភូមិនាំគ្នាចូលកាន់កាប់លើដីធ្លីរបស់ខ្លួនវិញ និងបានបង្កបង្កើនផលដោយដាំដំណាំផ្សេងៗរហូតមកដល់បច្ចុប្បន្ន ទើបអាជ្ញាធរយកគ្រឿងចក្រទៅឈូសឆាយ។

លោក សុខ ធា ប្រាប់ថា៖ «ហ្នឹងផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនៅទីនេះ និងមានផលលំបាកយ៉ាងខ្លាំង ព្រោះខែនេះមានភ្លៀងខ្លាំង ដល់មានផ្ទះសម្បែងនៅ។ ដល់អ៊ីចឹង នាំគ្នារស់នៅក្នុងខ្ទម ហើយយើងមានកូនតូចៗពិបាករស់នៅ។ ហើយឥលូវហ្នឹង មិនដឹងជាមានដំណោះស្រាយបែបណា។ អីចឹងយើងមានតែវិលទៅជីវភាពក្រីក្រដូចដើម»

អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បាន​ចុចបិទទូរស័ព្ទ​នៅ​ពេល​វីអូឌី​ស្វែង​រក​ការ​បក​ស្រាយ​ពី​លោក​នៅ​ថ្ងៃ​នេះ។

ចំណែកអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងអភិបាលខេត្ត លោក គួច ចំរើន ទូរស័ព្ទចូលច្រើនដង ប៉ុន្តែ គ្មានអ្នក​ទទួល។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា កាលពីម្សិលមិញនេះ មានករណីអាជ្ញាធរចម្រុះ​យកគ្រឿងចក្រចុះឈួសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋនៅតំបន់តាបិន្ត ស្ថិតក្នុងភូមិស្មាច់ដែង ស្រុកព្រៃនប់ពិតមែន ប៉ុន្តែ លោកស្រី សុំមិន​បកស្រាយលើរឿងនេះទេ ដោយថា មិនទាន់បានចុះស៊ើបអង្កេតនៅឡើយ។

បើតាមមន្ត្រីការពារសិទ្ធិមនុស្សរូបនេះ ឲ្យដឹងថា មួយរយៈចុងក្រោយនេះជម្លោះដីធ្លីនៅខេត្តព្រះសីហនុមានការកើតឡើងស្ទើរគ្រប់កន្លែង ខណៈតម្លៃដីធ្លីនៅខេត្តជាប់មាត់សមុទ្រមួយនេះបាន​ហក់​ឡើង​ខ្ពស់។

បើតាមលោក សុខ ធា នៅតំបន់ដីកំពុងមានជម្លោះ គឺមានប្រជាពលរដ្ឋប្រហែលជាង២០០គ្រួសារទៀតកំពុងប្រឈមការឈូសឆាយផ្ទះ និងផលដំណាំ ដែលថា អ្នកភូមិទាំងនោះមានដីប្រហែល១ហិកតាប៉ុណ្ណោះ ១គ្រួសារសម្រាប់បង្ករបង្កើនផល និងដាំដំណាំផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ