អតីតមន្ត្រី CNRP ៣រូបរងការចោទក្រោយផ្តល់បទសម្ភាសន៍បញ្ជាក់ជំហរនយោបាយ

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង៣រូប លោក ម៉ៅ វិបុល (ឆ្វេង) លោក ម៉ោញ សា​រ៉ាត់​ (កណ្តាល) និង លោកស្រី វ៉ែន (ស្តាំ) ដែលត្រូវតុលាការចោទប្រកាន់ក្រោយពីផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន វីអូអេ និង អាស៊ីសេរី ដែលបញ្ជាក់ពីគោលជំហរនយោបាយ កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ(CNRP)​កើនឡើង៣នាក់ដែលត្រូវតុលាការចោទប្រកាន់បន្តបន្ទាប់ក្រោយពីផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន វីអូអេ និង អាស៊ីសេរី ដែលបញ្ជាក់ពីគោលជំហរនយោបាយ។

អតីតមន្ត្រី បក្សសង្គ្រោះជាតិ៣ នាក់ ក្នុងនោះមាន ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តស្វាយរៀងលោក ម៉ៅ វិបុល, លោកស្រី វ៉ែន ដារ៉ាអតីតសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន, និងអតីតប្រធាន​ក្រុមការងារ​ប្រចាំ​ខេ​ត្ត​ឧត្តមា​នជ័យ លោក ម៉ោញ សា​រ៉ាត់​ ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ដូចគ្នា តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ចែងថា បុគ្គលដែលត្រូវជាប់ចោទ​ពី«បទរួមគំនិតក្បត់» ​ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ទោសពី១០ឆ្នាំ ទៅ ២០ឆ្នាំ។

ការចោទប្រកាន់របស់តុលាការខេត្តទាំង៣ពីបទរួមគំនិតក្បត់នេះ   ធ្វើឡើងបន្ទាប់ពីពួកគេផ្ដល់បទសម្ភាស៍ជាមួយវិទ្យុអាស៊ីសេរី និង វីអូអេ កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធ កៀងគរប្រជាពលរដ្ឋនៅស្រុក និងពលករនៅថៃ គាំទ្រនិងវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ។

អតីតមន្ត្រីគណបក្សប្រឆាំង៣រូបនេះ  កំពុងគេចខ្លួនទៅក្រៅប្រទេសចៀសវាងការចាប់ខ្លួន ដោយពួកគេថា នេះជាវិធានការក្រោមហេតុផលនយោបាយ។​

គិតត្រឹមថ្ងៃនេះ អតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង៣៧ នាក់ ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅពន្ធនាគារនិងត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ចំនួន ១៨ នាក់ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំ​ទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក​សម​ រង្ស៊ី​ មក​កម្ពុជា​វិញ។

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា  ចាត់ទុកការចោទប្រកាន់របស់តុលាការទៅលើប្រជាពលរដ្ឋដែលគ្រាន់តែធ្វើការបញ្ចេញមតិនេះថា កំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ  ផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកថា៖«ការបញ្ចេញទាំងអស់របស់ប្រជាពលរដ្ឋទោះបីជាមតិនោះស្របក្ដី ផ្ទុយក៏ដោយ មតិរិះគន់ក៏ដោយ អាហ្នឹងក៏នៅក្នុងរង្វង់នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ​ដែរ។ ហើយយើងមិនអាចយកគ្រាន់តែប្រជាពលរដ្ឋប្រើប្រាស់សិទ្ធបញ្ចេញមតិ ដាក់ជាបទល្មើសបានទេ ព្រោះនៅក្នុងគោលការណ៍ច្បាប់យើងធានាឱ្យប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ច្បាប់ធានា ប៉ុន្តែយើងធ្វើការចាប់កំហុស ដាក់ទោសទណ្ឌដោយសារការបញ្ចេញមតិ អាហ្នឹងយើងចាត់ទុកថាជាការរិតត្បិតសិទ្ធិសេរីភាពហើយ»

រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានៅជំពូក​ទី​៣ នៃមាត្រា ៣១ ស្តី​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ សេរីភាព​ខាង​ជំនឿ​សាសនា និង​សេរីភាព​ខាង​ការ​ដើរហើរ។

ពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​ទទួល​ការ​រ៉ាប់រង​ដោយ​សង្គម សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន អះអាងថា ការចាប់ខ្លួន និងចោទប្រកាន់កន្លងមកគឺ ធ្វើទៅតាមច្បាប់។

លោកថា៖«ខ្ញុំអត់ចង់ឆ្លើយតបជាមួយចោទប្រកាន់ហ្នឹងទេ គេចាប់មនុស្ស គេមានអង្គច្បាប់  និងមានអង្គហេតុរបស់គេ សម្រាប់ដាក់ចោទប្រកាន់។ សេរីភាពដើរពារអ៊ីចឹងសេរីភាពដែរ ប្រទេសជាតិកំពុងសុខសន្តិភាពដល់ពេលមកប្រឆាំងអ៊ីចឹងអាហ្នឹងសេរីភាពដែរអី»

នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារព្រមានជាថ្មីទៀតថា អ្នកដែលចូលរួមធ្វើយុទ្ធនាការកៀងគរ ទទួលលោក សម រង្ស៊ី វិលចូលក្នុងប្រទេសវិញជាអំពើខុសច្បាប់ត្រូវតែមានទោស។ លោក ហ៊ុន សែន ចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ីជា អំពើក្បត់ជាតិដែលឱ្យសង្គមកើតចលាចលឬ សង្គ្រាម។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ