លោកហ៊ុន សែនថា កម្ពុជាសល់មាស៣០តោននិងចំណូលពន្ធកើនឡើង

លោក ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យប៊ែលធី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនរស់ចាំតែជំនួយគ្រប់យ៉ាងពីបរទេសទៀតនោះទេ ដោយថាពេលនេះ កម្ពុជាសល់មាស៣០តោន ប្រាក់បម្រុង១៥ពាន់លានដុល្លារ និងចំណូលពន្ធបានលើសពីការរំពឹងទុក។

លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃពុធនេះ ថ្លែងថា ឆ្នាំនេះចំណូ​​ល ពន្ធគយ អាចនឹងលើសការរំពឹងទុក ដល់ទៅជាង ៨០០លានដុល្លារ ។លោកថា នេះមិនរាប់បញ្ជូលចំណូ​លបាន​ពីសា​រពើពន្ធ ឬភ្ញៀវទេសចរ ចំណូលពីពន្ធដារ និងផលពីព្រេងដែលនឹងទទួលបាននៅពេលខាងមុខនោះទេ។

មេដឹកនាំរូបនេះថ្លែងទៀតថា កត្តារីកចម្រើននេះ កម្ពុជានឹងមិនពឹងអ្វីៗគ្រប់យ៉ាងលើតែបរទេសនោះទេ។លោ​កបន្តថា ប្រាក់ចំណូលដែលកម្ពុជារកបាន ប្រមាណជា៥០០លានដុល្លារក្នុង១ខែ ហើយចាយទៅវិញតែ៣០០លានដុល្លារប៉ុណ្ណោះ សល់២០០លានដុល្លារក្នុង១ខែ។

មួយវិញទៀត លោក ហ៊ុន សែន អះអាងថា អធិរាជសាច់ប្រាក់របស់កម្ពុជាមកដល់ពេលនេះ ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ មានជាង១៥ពាន់លានដុល្លារ និងមាស៣០តោននិងសាច់ប្រាក់សម្រាប់ចាយវាយជិត៤ពាន់លានដុល្លារផ្សេងទៀត។

លោកថា៖ «មាសមរតកដើមដែលតម្កល់នៅស្វីស ដែលគេប្រគល់ឲ្យមកវិញចំនួន១២តោន មាសដែលធានាគារជាតិទិញហើយទុកនៅប្រទេសអង់គ្លេសក្រុងឡុងដ៍១៥តោននិងមាសដែលធនាគារជាតិទិញហើយតម្កល់ទុកនៅទីក្រុងភ្នំពេញ៣តោន ។អញ្ចឹងយើងមាន៣០តោន តែអាហ្នឹងវាតិចតួចទេបើគិតជាប្រាក់ដែលយើងមាន ប្រាក់បម្រុងតាំងពីសូន្យដុល្លារ រហូតទៅដល់១៥ពាន់លានដុល្លារយើងអត់ប៉ះពាល់ទេអាហ្នឹង សាច់ប្រាក់ដែលយើងកំពុងមានសព្វថ្ងៃជិត៤ពាន់លានសម្រាប់ចាយរាល់ថ្ងៃ»

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានយកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម​ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យ ដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំង បានដំណើរការឡើងវិញ ជាថ្នូរនឹងការរក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម​នេះ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប(GDP) របស់កម្ពុជា។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បង្ហាញការយល់ឃើញថា ការរំពឹងទុកពីកំណើនប្រាក់ចំណូលក្នុងស្រុកនេះជារឿងមួយ ប៉ុន្តែលោកថា កម្ពុជានឹងមិនអាចរក្សាទីផ្សារការងារ សម្រាប់ពលរដ្ឋច្រើនលាននាក់ និងប្រឈមនិងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង បើរដ្ឋាភិបាលធ្វើឲ្យរបូតប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីលោកសេរីនោះ។

លោកថា៖«យើងមានមាសដល់ប៉ុណ្ណឹងក៏ដោយ ប៉ុន្តែមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជានេះ ខ្ញុំឃើញEBAរបស់សហភាពអឺរ៉ុប និងGSPរបស់អាមេរិក នឹងជាមូលដ្ឋានសេដ្ឋកិច្ចធំណាស់ដែលកម្ពុជាត្រូវតែប្រឹងប្រែងការពារឲ្យបាន ដើម្បីអនាគតកម្ពុជាយូអង្វែង»

សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) កាលពីខែសីហា បានបង្ហាញកង្វល់​តាមសេចក្តីថ្លែងការណ៍ថា កម្មករ​កាត់​ដេរ​កម្ពុជា​ខ្ទង់ ៧៥​ម៉ឺន​នាក់ នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់ និង​ពលរដ្ឋ​កម្ពុជា​ខ្ទង់ ៣​លាន​គ្រួសារផ្សេង​ទៀត នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល ប្រសិន​បើសហភាពអឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជាមែន​នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ