តុលាការ ​នឹង​ចេញ​ដីការ​តាម​ចាប់ខ្លួន​អតីតប្រធាន​​បក្ស​ប្រឆាំងប្រចាំ​​ខេ​ត្ត​ឧត្តរមា​នជ័យក្រោមបទ«រួមគំនិតក្បត់»

លោក ម៉ោញ សារ៉ាត អតីត​មន្រ្តី​​បក្ស​ប្រឆាំង

មន្ត្រី​ជាន់ខ្ពស់​សាលាដំបូង​ខេ​ត្ត​ឧត្តមា​នជ័យ​អះអាង​ថា​ ខ្លួន​នឹង​ចេញដីកា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អតីត​ប្រធាន​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​នេះ​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា​ «រួមគំនិតក្បត់​» ប្រឆាំង​រដ្ឋាភិបាល ​។

កាលពី​ម្សិលមិញ​ សាលាដំបូង​ខេ​ត្ត​ឧត្តរមា​នជ័យ​ បាន​ចេញប្រកាស​មួយ​ បញ្ជាក់​ថា​ខ្លួន​សម្រេច​ចោទ​ លោក​ ម៉ោញ​ សា​រ៉ា​ត ពី​បទ​ «រួម​គំ​និ​តក្ប​ត់» ដែល​លោក​ ម៉ោញ​ សា​រ៉ាត់​ ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ខេ​ត្ត​ឧត្តមា​នជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មុនពេល​​តុលាការ​កំពូល​រំលាយ​ ។

តុលាការ​ខេ​ត្ត​ឧត្តមា​នជ័យ​ អះ​អា​ថា​ ការចោទប្រកាន់​នេះ​ ដោយសារ​លោក​ ម៉ោញ​ សា​រ៉ាត់​ ​បាន​ធ្វើ​បទ​សម្ភាស​ជា​មួ​​យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក VOA ​កាលពី​ថ្ងៃទី២៦កញ្ញា ​ថា​​បាន​កៀរគរ​ប្រជាពលករ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ឱ្យ​ចូលរួម​ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ពេល​លោក​ សម​ រង្ស៊ី​ មក​កម្ពុជា​ នៅ​ថ្ងៃទី៩វិច្ឆិកា​ ឆ្នាំ២០១៩​។

ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​ខេ​ត្ត​ឧត្តមា​នជ័យ​ លោក​ ហង់​ ហ៊ី​ដ្ក្រា​ អះអាង​ថា​ ដី​កា​បង្គាប់​ឱ្យ​តាម​ចាប់​ខ្លួន​ជន​ង្ស័យ​នឹង​ចេញ​ឆាប់​ៗដោយ​ថា​ ព្រះរាជអាជ្ញា​ បាន​ស្នើ​ចៅក្រម​ស៊ើប​រួចហើយ​។

លោក​ថា​៖«ចៅក្រម​ស៊ើប​ប្រហែល​អត់​ទាន់​ចេញដីកា​ចាប់​ទេ​ ព្រោះ​ក្នុង​លក្ខណ​ដែល​គាត់​កំពុងតែ​ចាត់ការ​ ហើយ​ព្រះ​រាជអាជ្ញា​បាន​សុំ​ឱ្យ​ចេញដីកា​ចាប់​ហើយ​»។

លោក​ ម៉ោញ​ សា​រ៉ាត់​ ដែល​កំពុង​និរទេស​ខ្លួន​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ តុលាការ​ជា​ឧ​បក​រ​ណ៍​នយោបាយ​របស់​បក្ស​កាន់អំណាច​ មិនដែល​ផ្តល់​យុត្តិធម៌​ដល់​អ្នកនយោបាយ​ប្រឆាំង​ឡើយ​ ។

ប៉ុន្តែ​អតីត​មន្រ្តី​​បក្ស​ប្រឆាំង​រូប​នេះ​ អះអាង​ថា​ អ្វី​ដែល​លោក​កៀរគរ​ ពលរដ្ឋ​ឱ្យ​ទៅ​ទទួល​លោក​ សម​ រង្ស៊ី​ ជា​ការជំរុញ​រដ្ឋាភិបាល​ឱ្យ​ងាក​មក​ផ្សះផ្សា​ជាតិ​ ដើម្បី​បញ្ចៀស​ការ​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ ។

លោក​ថា​៖ « យើង​ចង់​ឱ្យ​កម្ពុជា​ហ្នឹង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិមនុស្ស​ឱ្យ​វា​ប្រសើរ​ឡើង​។ អាហ្នឹង​​យើង​ធ្វើ​ឱ្យ​ឆ្លើយតបទៅនឹង​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​ដែលគេ​ចង់​ឃើញ​កម្ពុជា​ហ្នឹង​គោ​រព​គោលការណ៍​ប្រជាធិបតេយ្យ​ ហើយ​កុំ​ឱ្យ​មានការ​គំរាមកំហែង​នូវ​សិទ្ធិ​សេរីភាព​របស់​គណបក្ស​ប្រឆាំង​ដូច​កំពុង​កើត​មាន​ដូច​បច្ចុប្បន្ន​នេះ​»

គិត​ត្រឹម​​ថ្ងៃអង្គារ​នេះ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ជាង៣០នាក់​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ចោទ​ពី​បទ​រួមគំនិតក្បត់​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក​ សម​ រង្ស៊ី​ មក​កម្ពុជា​វិញ​នេះ​។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​ការ​ចាប់ខ្លួន​​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​នេះ​ថា​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី៏ មូរ សុខហួរ ចាត់ទុកការចោទប្រកាន់នេះ ថាជាលេសដើម្បីបន្តគាបសង្កត់គណបក្សប្រឆាំង និងពលរដ្ឋដែលចង់ឃើញមានការស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតែប៉ុណ្ណោះ។

លោកស្រី ថា៖ «ការដាក់មាតុភូមិនិវត្តន៍ថាជាការក្បត់ជាតិនេះគឺជាលេសមួយសម្រាប់បន្តការជិះជាន់ និងបិទសិទ្ធិប្រជាពលរដ្ឋ»

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំមួយចំនួនមកកម្ពុជានៅថ្ងៃទី៩វិច្ឆិកាខាងមុខដើម្បីជំរុញឲ្យមានការផ្សះផ្សាជាតិ ដើម្បីបញ្ចៀសកម្ពុជាពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ គ្មានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់ទេ។

ក្រសួង​យុត្តិធម៌កាលពី ​ថ្ងៃទី២០កញ្ញា បានចេញសេចក្តីថ្លែងការណ៍មួយ​ថា​ សារ​នយោបាយ​របស់​លោក​  ​សម​ រង្ស៊ី​ ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រ​ហា​ តាមរយៈ​ការប្រើ​ប្រាស់​វិធី​ញុះញង់​ ដើម្បី​អូសទាញ​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ​ ឱ្យ​បះ​បោរ​តាម​រូបភាព​ជា​បដិវត្តន៍​ដោយ​ហិង្សា​ ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ក្រោម​រូបភាព​ប្រជាធិបតេយ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ