តុលាការខេត្តកំពង់ចាមចោទប្រកាន់អតីតប្រធានយុវជនបក្សប្រឆាំងម្នាក់​ពីបទរួមគំនិតក្បត់

អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិលោក ដុង សុវណ្ណារិទ្ធិ (ប្រភព​៖ ហ្វេសប៊ុក លោក ដុង សុវណ្ណារិទ្ធិ)

សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃនេះ បានសម្រេចចោទប្រកាន់អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិលោក ដុង សុវណ្ណារិទ្ធិ ពីបទរួមគំនិតក្បត់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម ឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចចោទប្រកាន់ លោក ដុង សុវណ្ណារិទ្ធិ ពីបទ រួមគំនិតក្បត់។

សេចក្ដីប្រកាស ដដែលថា ការចោទប្រកាន់លោក ដុង សុវណ្ណារិទ្ធិ បន្ទាប់ពីលោកកៀរគរ និងធ្វើការប្រមូលផ្ដុំប្រជាពលរដ្ឋនៅស្រុកបាធាយ ធ្វើការផ្សព្វផ្សាយ និងថតរូបលើកម្រាមដៃ​ជាសញ្ញាក្នុងការគាំទ្រ លោក សម រង្ស៊ីវិលចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

ភរិយាលោក ដុង សុវណ្ណារិទ្ធិ គឺអ្នកស្រី ញ៉ន សុខកៀង  ចាត់ទុកការចោទប្រកាន់របស់តុលាការថាជារឿងអយុត្តិធម៌ ដោយអ្នកស្រីថា ចាប់តាំងពីតុលាការរំលាយគណបក្សសង្គ្រោះជាតិមក ស្វាមីរបស់គាត់មិនដែលធ្វើសកម្មភាពនយោបាយ​អ្វីនោះទេ។

អ្នកស្រី បន្ត​ថា៖«ជូនកាលគេលើកដៃលេងក៏មិនដឹង ហើយយើងគ្រាន់តែឃើញគេលើកម្រាមដៃ ៩ គិតដល់ថ្ងៃ ៩ វិច្ឆិកា ។អានេះនិយាយរួមចិត្តគាត់គិតតាមមាត់គាត់ធ្វើ តាមគាត់ថា។ គាត់ចោទម៉េច តាមគាត់ពិបាកណាស់ព្រោះ ច្បាប់នៅលើគាត់ហើយ។ អត់មានទេ តាំងពីរំលាយគណបក្សមកគាត់មិនដែលធ្វើអីផង គាត់គិតតែពីរកស៊ី លក់ដូរ មិនដែលទៅណាទេ មានជួបមិត្តភក្តិពួកម៉ាក់ មីងមា ផ្ទះបងប្អូនអ៊ីចឹង តែបើជួបរឿងការងារខាងគណបក្សបង្ហោះអីមិនដែរទេ​ ព្រោះហាមតាំងពីរំលាយគណបក្សមក»។

អតីតប្រធានយុវជនគណបក្សសង្រ្គោះជាតិ លោក ដុង សុវណ្ណារិទ្ធិ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ខ្លួននៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៩ ខណៈលោកកំពុងបរិភោគអាហារពេលព្រឹកនៅផ្ទះ។

អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩  បានប្រកាសឱ្យអតីតមន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិទាំងអស់ធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រការវិលចូលមកកម្ពុជារបស់លោក​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

គិតត្រឹមថ្ងៃទី១ ខែតុលា នេះ មានអតីតសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចំនួន៣១នាក់ ត្រូវបានចាប់និងឃុំខ្លួន ហើយ១៤នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

បុគ្គលដែលត្រូវជាប់ចោទ​ពី «បទរួមគំនិតក្បត់» តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ​ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះជាមន្រ្តីសាធារណៈត្រូវជាប់ទោសពី១០ឆ្នាំ ទៅ ២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ