អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិនៅ​កោះដាច់ត្រូវជនមិនស្គាល់មុខវាយបាក់ដៃ

លោក ស៊ិន បូណា កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកមួយម្តុំស្ពានជ្រោយចង្វារ ក្រោយត្រូវជនមិនស្គាល់មុខវាយបាក់ដៃ កាលពីពេលកន្លងទៅ (រូបភាពពី សកម្មជនសង្រ្គោះជាតិ)

អតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខលបវាយពីក្រោយរហូតដល់​បាក់​ដៃនៅព្រឹកនេះ។

លោក ស៊ិន បូណា បានប្រាប់VODថាលោកបានរងរបួសធ្ងន់រហូតបាក់ដៃខាងឆ្វេង ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកមួយម្តុំស្ពានជ្រោយចង្វារ។ លោក បន្តថាករណីវាយប្រហារមកលើរូបលោកកើតឡើង​នាម៉ោងប្រមាណ៩ព្រឹកនេះពេលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A។ លោក ឲ្យដឹងទៀតថាវាជារឿងដែលមានការរៀបចំទុកជាមុន ព្រោះមុនកើតហេតុប្រមាណ១សប្តាហ៍មានជនមិនស្គាល់មុខប៉ុន្មាននាក់បានលបចូលមកក្នុងបរិវេណផ្ទះលោក លួចថតស្លាកលេខរថយន្ត​ និងម៉ូតូ។

លោក ស៊ិន បូណាបានរៀបរាប់ថា៖ «ពេលមានរឿង ខ្ញុំជិះម៉ូតូម៉ាកស្មាស តែអ្នកវាយមានគ្នាពីរនាក់ជិះតាមពីក្រោយគេជិះម៉ូតូអាវេវ។ ហើយមានសៀតកំាភ្លើងខ្លីនៅចង្កេះទៀត តែមើលអត់ស្គាល់ទេ ព្រោះគេពាក់ម៉ាស់ផង ពាក់មួកសុវត្ថិភាពផង។ ពួកវាមកដល់ វាធាក់ម៉ូតូខ្ញុំផ្តួល ហើយវាវាយយកៗ ខ្ញុំគេចអត់ទាន់ ដល់យកដៃរងទៅបាក់ដៃបណ្តោយ ហើយវាក៏ឡើងម៉ូតូទៅបាត់»។

អតីតចៅសង្កាត់មកពីគណបក្សប្រឆាំងដែលធ្លាប់ជាប់ឆ្នោតនាឆ្នាំ២០១៧រូបនេះ បានរម្លឹកបន្ថែមថា លោកបានជួបបញ្ហាគេគេជិះតាមវាយ និងជិះមកបុកចំនួនពីរលើកហើយ។ លោកបានរៀបរាប់បន្តថា លើកទី១នៅឆ្នាំ២០១៨ មានក្មេងប្រុសម្នាក់ជិះឆ្លងថ្នល់មកបុកលោកពេញទំហឹងរហូតបាក់ដៃខាងស្តាំ។

លោក ស៊ិន បូណាបានបញ្ជាក់បន្ថែមថា៖ «បញ្ហាលើកទី១នៅឆ្នាំ២០១៨ គ្រោះថ្នាក់កើតឡើងដូចជារឿងចៃដន្យអីចឹង។ បើសិនខ្ញុំមិនបានស្តាប់ឮផ្ទាល់ត្រចៀក ពេលក្មេងនោះវាបោះពាក្យថា ចង់បុកឱ្យងាប់តែវាបែរជាមិនងាប់ទៅវិញ។​ រឿងលើកទីមួយយើងមានពាក្យបណ្តឹង ប៉ុន្តែការអន្តរាគមន៍វាដូចជាមិនមាន ហើយលើកនេះខ្ញុំបានទូរស័ព្ទទៅប៉ូលីសទាំងបួសដែរ តែគេអត់លើកទូរស័ព្ទ»។

ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក នី សុខា បានរៀបរាប់ថា មួយរយៈចុងក្រោយនេះ លោកសង្កេតឃើញ អតីតសកម្មជនគណបក្សសង្គ្រោះជាតិហាក់ជាមុខសញ្ញាក្លាយជាជនដែលត្រូវរងគ្រោះព្រោះគេតាមវាយជាបន្តបន្ទាប់។ លោក ថាសកម្មភាពវាយប្រហារសុទ្ធកើតនៅទីប្រជុំជនទាំងថ្ងៃ តែសមត្ថកិច្ចគ្មានដំណោះស្រាយជាក់លាក់ ហើយការចាប់ខ្លួនជនបង្ករបញ្ហាយកមកដាក់ទោសតាមច្បាប់ក៏គ្មាន។

លោក នី សុខាបន្ថែម​ថា៖ «បើផ្អែកលើទិដ្ឋភាពច្បាប់ យើងសូមថ្កោលទោសចំពោះអ្នកប្រើប្រាស់អំពើហិង្សា ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌ។ យើងសូមឱ្យសមត្ថ​កិច្ចត្រូវធ្វើយ៉ាងណាអន្តរាគមន៍ស្វះស្វែងរកជនដែលបានប្រព្រឹត្តិបទល្មើសផ្តន្ទាទោសតាមផ្លូវច្បាប់ ចៀសវាងកើតមានអំពើនិទណ្ឌភាព»។

លោក នី សុខា បានសង្កត់ធ្ងន់ថា បើបញ្ហាដដែលៗនេះនៅបន្តអូសបន្លាយ វាឆ្លុះបញ្ជាំងនូវអសម្ថភាពរបស់កងកម្លាំងក្នុងការ​ដោះស្រាយញ្ហាពលរដ្ឋ ហើយដំណាលគ្នានឹងស្ថានភាពនយោបាយច្របូកច្របល់ វាអាចបង្ករមតិរិះគន់ពីសាធារណៈជនជាតិ និងអន្តរជាតិ ពីការគម្រោងវាយគម្រាមសកម្មជនគណបក្សទាក់ទងនឹងនយោបាយ។

អតីតប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក៏ត្រូវ​បានជន​មិន​ស្គាល់មុខ​ពីរ​នាក់លួច​វាយពីក្រោយ បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាម​ ខណៈដែលអង្គរក្សរូបនេះដើរត្រឡប់មកពីផ្សារម្នាក់ឯងបម្រុងទៅផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ