ប្រធានក្រុមអង្គរក្សរបស់លោក សម រង្ស៊ី ត្រូវបានជនមិនស្គាល់មុខពីរនាក់លួចវាយពីក្រោយ បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមកាលពីម្សិលមិញ ខណៈដែលអង្គរក្សរូបនេះដើរត្រឡប់មកពីផ្សារម្នាក់ឯងបម្រុងទៅផ្ទះ។
ប្រធានក្រុមអង្គរក្សរបស់លោក សម រង្ស៊ី គឺ លោក ពូក ចន្ដា ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២២ ខែកញ្ញាមានជនមិនស្គាលមុខ ២នាក់ បានជិះម៉ូតូមិនស្គាល់ម៉ាក និងពាក់មួយសុវត្តភាពជិត បានយកដំបងដែកមកវាយលោកពីក្រោយទាំងមិនដឹងខ្លួន ហើយថា ក្រោយលួចវាយរួច ជនល្មើសទាំងនោះបានជិះម៉ូតូរត់គេចខ្លួនបាត់អស់។
លោក ពូក ចន្ដា បញ្ជាក់ថា ហេតុការណ៍ហិង្សានេះ កើតឡើងចម្ងាយប្រមាណ ១០០ម៉ែត្រពីទីស្នាក់ការធំរគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រធានក្រុមអង្គរក្សអតីតមេដឹកនាំបក្សឆាំងសរូបនេះ អះអាងថា របួសក្បាលដែលជនល្មើសលួចវាយនោះ ត្រូវបានពេទ្យដេរអស់ប្រាំថ្នេរ ហើយថា ក្រោយកើតហេតុ លោកបានប្តឹងករណីនេះទៅប៉ុសិ៍នគរបាលសង្កាត់ចាក់អង្រែពីបទមនុស្សឃាត។
លោក ពូក ចន្តា បន្ថែមថា៖ «ខ្ញុំដាក់ពាក្យបណ្តឹងទៅម្សិលមិញហើយ។ ខ្ញុំដាក់ពាក្យទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ឲ្យដឹងលឺ ដោយខ្ញុំប្រាប់គេថា មានជនល្មើសពីរនាក់វាលួចវាយយើងពីក្រោយ និងធ្វើមនុស្សឃាតដល់អាយុវជីវិតយើង។ គ្រាន់តែដាក់ពាក្យឲ្យគេដឹងលឺទេ។ បើគេស្រាវជ្រាវរកមុខជនដៃឱ្យយើង គេរកទៅ ប៉ុន្តែ មិនងាយទេនៅស្រុកយើង»។
លោក ពូក ចន្តា អះអាងថា លោកមិនធ្លាប់មានជម្លោះជាមួយអ្នកណាពីមុននោះទេ ប៉ុន្តែ សព្វថ្ងៃនេះ លោកជាអ្នកយាមផ្ទះឱ្យលោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែក្រោម។
ប្រធានក្រុមអង្គរក្សរបស់លោក សម រង្ស៊ីរូបនេះ សុំមិនឆ្លើយសំណួរដែលត្រូវសួរថា តើអំពើហិង្សារលើរួមគាត់នោះជាប់ពាក់ព័ន្ធរឿងអ្វីនោះ ហើយលោកក៏មិនរំពឹងទទួលបានយុត្តិធម៌សម្រាប់ខ្លួនផងដែរចំពោះអំពើហិក្សាមួយនេះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ប្រាប់វីអូឌីថា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ ដោយលោកថា ពុំមានការរើសអើងចំពោះអ្នកមាននិន្នការនយោបាយទៅខាងបក្សណាមួយឡើយ។
លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា៖ «សូមបញ្ជាក់ថា អ្នកណាក៏ដោយឱ្យតែជនរងគ្រោះ គឺសុទ្ធតែត្រូវការពារដោយច្បាប់ ហើយសមត្ថកិច្ចយើងការពារដូចគ្នា និងអ្នកណាក៏ដោយឱ្យតែជាជនល្មើស គឺសមត្ថកិច្ចយើងត្រូវតែស្វែងរកចាប់មកអនុវត្តច្បាប់ដោយមិនប្រកាន់ថា គាត់ពីមុនមកជាអ្នកការពារ សម រង្ស៊ី ទេ។ ពលរដ្ឋខ្មែរណាក៏ដោយឱ្យតែធ្វើខុសគេស្រាវចាប់ខ្លួនដូចគ្នាហ្នឹង»។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា មួយរយៈចុងក្រោយនេះ សកម្មភាពចាប់ខ្លួន និងការបង្កហិង្សាទៅសកម្មជនគណបក្សប្រឆាំង មានសភាពកាន់តែធ្ងនធ្ងរ ដែលលោកចាត់ទុកករណីនេះថា ជាការគំរាមកំហែងទៅលើសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងទាំងនោះ។
លោក អំ សំអាត បានបង្ហាញការព្រួយបារម្ភចំពោះការធ្វើទុកបុកម្នេញទៅលើអ្នកគាំទ្រគណបក្សប្រឆាំងនេះផងដែរ ដោយថា ប្រសិនបើករណីនេះនៅតែបន្តកើតមានតទៅទៀត វានឹងធ្វើឲ្យមានការរិះគន់ពីអន្តរាជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP របស់សហរដ្ឋអាមេរិក ដែលប្រទេសមហាអំណាចទាំងនោះ កំពុងដាក់លក្ខខណ្ឌឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យឡើវិញនោះ។
លោក អំ សំអាត បន្ថែមថា៖ «យើងមានការព្រួយបារម្ភ ព្រោះយើងមើលស្ថានភាពចុងក្រោយនេះ វាមានការវិវត្តកាន់តែធ្ងន់ធ្ងរទៅជាពិសេសការចាប់ខ្លួន និងការបង្កហិង្សាទៅលើអតីតសកម្មជនបណបក្សប្រឆាំង ហើយយើងបានការបារម្ភណាស់ ក្រែងករណីនេះបន្តកើនឡើងទៀតវានាំឲ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរពីសំណាក់អន្តរជាតិ ហើយមួយទៀតយើងបារម្ភខ្លាចវាប៉ះពាល់ដល់ EBAដែលគេកំពុងដាក់លក្ខខណ្ឌឲ្យកម្ពុជាស្តាឡើងវិញនៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសថា សមាជិករបស់ខ្លួន ២៦នាក់ហើយ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារ ខណៈដែលសង្គមស៊ីវិលរកឃើញថា សមាជិកបក្សប្រឆាំងជាង ១៥០នាក់ ត្រូវបានកោះហៅទៅសួរនាំពាក់ព័ន្ធបញ្ហានយោបាយ៕