ចិនប្តឹងអាមេរិកទៅ WTO លើកទី៣ករណីដំឡើងពន្ធទំនិញ

លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង

ចិនបានដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មអន្តរជាតិ(WTO) ជាលើកទី៣ដើម្បីទាមទារឱ្យស្ថាប័នអន្តរជាតិមួយនេះជួយស្វែងរកយុត្តិធម៌ ករណីអាមេរិកដាក់ទណ្ឌកម្មដំឡើងពន្ធលើទំនិញចិន ដែលប៉ះពាល់រាប់ពាន់លានដុល្លារ។​

ក្រសួងពាណិជ្ជកម្មរបស់ចិនបានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញដោយបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានបំពានគោលការណ៍ច្បាស់លាស់របស់អង្គការពាណិជ្ជកម្មអន្តរជាតិក្នុងការកំណត់ពន្ធ។​

កាលពីថ្ងៃថ្ងៃទី១ខែកញ្ញា សហរដ្ឋអាមេរិក​បានសម្រេចដំឡើងពន្ធ១៥ភាគរយបន្ថែមទៀតលើផលិតផលរបស់ចិន។ ភ្លាមៗនោះចិនក៏បានដាក់ទណ្ឌត្រឡប់វិញដោយដំឡើងពន្ធនាំទំនិញចូលពីសហរដ្ឋអាមេរិក​ពិសេសលើប្រេងឆៅ ធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែតានតឹងឡើងថែមមួយកម្រិតទៀត។​

ទោះយ៉ាងណាចិនមិនបានបញ្ជាក់លម្អិតពីវិធានការផ្លូវច្បាប់ប្តឹងទៅកាន់អង្គការអន្តរជាតិនេះទេ គ្រាន់តែបញ្ជាក់ថា អាមេរិកដំឡើងពន្ធបន្ថែមនេះធ្វើឱ្យចិនខាតបង់អស់៣០០ប៊ីលានដុល្លារ។​

ក្រសួងពាណិជ្ជកម្មរបស់ចិនបញ្ជាក់ថា វិធានការដំឡើងពន្ធថ្មីៗនេះ ជាការបំពានលើការព្រមព្រៀងរវាងមេដឹកនាំអាមេរិក និងចិន​នៅ Osaka។ ក្នុងសេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ទៀតថា ចិននឹងប្រើប្រាស់ខ្លឹមសារច្បាប់របស់អង្គការពាណិជ្ជកម្មអន្តរជាតិក្នុងការតតាំងជាមួយអាមេរិក។​

ចំណែកខាងសហរដ្ឋអាមេរិកវិញបញ្ជាក់ថា ចិនមានកំហុសក្នុងការលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក​នាំឱ្យមានការដាក់ទណ្ឌកម្មដំឡើងពន្ធនេះ ដូច្នេះច្បាប់របស់អង្គការពាណិជ្ជកម្មអន្តរជាតិមិនអាចការពារចិនបានទេ។​

អ្នកជំនាញនានាបានលើកឡើងថា ចិននិងអាមេរិកបានដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក កំហឹងទល់កំហឹងនេះ ហើយមិនមានការសម្របសម្រួលពីអង្គការពាណិជ្ជកម្មអន្តរជាតិ​នោះមិនមែនជារឿងត្រឹមត្រូវ ហើយមិនអាចដោះស្រាយបញ្ហាជម្លោះនេះបានទេ។​

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ចាប់ផ្តើមឡើងតាំងពីខែកក្កដា ឆ្នាំ២០១៨ គឺអាមេរិក​បានចោទថា ចិនលួចកម្មសិទ្ធិបញ្ញា ឬ លួចផលិតទំនិញហើយប្រើឈ្មោះ និងម៉ាកទំនិញរបស់អាមេរិក​ដើម្បីយកទៅលក់នៅលើទីផ្សារ។​ ពេលនោះអាមេរិកចាប់ផ្តើមដំឡើងពន្ធនាំចូលទំនិញពីចិន ចំណែកចិនក៏ចាប់ផ្តើមដំឡើងពន្ធនាំចូលពីអាមេរិក​ដែរ។​

ក្រោយពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង​ មេដឹកនាំចិន និងអាមេរិកធ្លាប់បានប្រជុំជជែកគ្នា ចំណែកមន្ត្រីជំនាញរបស់ប្រទេសទាំងពីរក៏បានប្រជុំគ្នា​ស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែហាក់មិនមានដំណោះស្រាយអ្វីធំដុំនោះទេ។​

សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមរិក​នេះ មិនមែនប៉ះពាល់តែប្រទេសទាំងពីរនោះទេ គឺប្រទេសឬក្រុមហ៊ុន​ដែលមានមុខជំនួញពាក់ព័ន្ធប្រទេសទាំងពីរក៏ប្រឈមការខាតបង់ដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ