រដ្ឋាភិបាលគ្រោង​នាំ​អ្នក​សារព័ត៌មាន​ទៅ​ពិនិត្យ​មើល​ទីតាំង​ដែល​កាសែត​អាមេរិកមួយ​​ចោទ​ថា​មាន​មូលដ្ឋាន​ទ័ពចិន​

​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ ថ្លែងក្នុងសន្និសីតកាសែត ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ (រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍)

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នាំ​អ្នក​សារព័ត៌មាន​ជាង​៣០​នាក់​ទៅ​ពិនិត្យ​មើលទី​តាំង​ដែល​កាសែត​អាមេរិក The Wall Street Journal រាយការណ៍​ថា ​កម្ពុជា​បាន​ចុះ​កិច្ច​សន្យា​សម្ងាត់​ឲ្យ​កង​ទ័ព​ចិន​មាន​មូលដ្ឋាន​លើ​តំបន់​នោះ។

ក្នុង​សន្នីសិទ្ធ​សារព័ត៌មាន​នៅ​ព្រឹក​នេះ ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ បាន​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក ទៀ បាញ់ បាន​សម្រេច​ឲ្យ​មន្ត្រី​របស់​ខ្លួន​នាំ​អ្នក​កាសែត​ទៅ​ពិនិត្យ​មើលទីតាំងក្នុង​ខេត្ត​ព្រះសីហនុ លើ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម នៅ​ថ្ងៃ​ស្អែក ដោយ​នឹង​អនុញ្ញាតឲ្យ​អ្នក​ការសែត​សួរ​សំណួរ​ទៅ​កាន់​មន្ត្រី​ដែលដឹក​នាំ​ទស្សនកិច្ច​នោះ​ផង​ដែរ។

លោក​ ផៃ ស៊ីផាន បញ្ជាក់​ថា៖ « អ្នក​ថា​ចង់​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​មន្ទីរ​ប៉ងតាហ្គោល សហរដ្ឋអាមេរិ​ក​ អ្នក​សាក​ទៅ​សុំ​មើល​ៗ​ថា​គេ​ឲ្យ​ចូល​ទេ! អ្នក​សង្ស័យ​ពី​មូលដ្ឋាន​ទ័ព (ប្រទេស​ផ្សេង​) ​​ទៅ​វ៉ៃ​ប្រទេស​នីមួយៗ គេ​ឃាំង គេដាក់​គុក​អ្នក​កាសែត​ រហូត​ដល់​គេ​រៀប​ចំ​ហើយ​បាន​គេ​ឲ្យ​ទៅ។ តែ​កម្ពុជា​គឺ​យើង​ស្មោះស្ម័គ្រ​ជា​មួយ​អ្នក​សារព័ត៌មាន​រហូត គួរ​សប្បាយ​រីករាយ​ជា​មួយ​កម្ពុជា ទោះ​បី​ជា​គេ​ថា​អត់​មាន​សេរី​ភាព។​ សាក​ទៅ​នៅ​សហរដ្ឋអាមេរិក​ទៅ! អ្នក​កាសែត​អាមេរិក មាន​ពេលឯណា​ស្រេច​នឹក​ឃើញ​មក​ជួប​ជុំ​ជា​មួយ​រដ្ឋមន្ត្រី​ ទាល់​តែ​មាន​ឈ្មោះ​ដែល​បាន​ចុះ​នៅ​ហ្នឹង​ហើយ​ស្រេច » ។ ​

កាលពី​ថ្ងៃ​ទី២១ ខែកក្កដា ការ​សែត​អាមេរិក The​ Wall​ Street​ Journal​ បាន​ចុះផ្សាយ​​​ថា​ កម្ពុជា​-ចិន​ បាន​ចុះហត្ថលេខា​សម្ងាត់​ជាមួយគ្នា​ អំឡុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០១៩​នេះ​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុងឈូងសមុទ្រ​កម្ពុជា​ រយៈពេល​ ៣០ឆ្នាំ​។ ប៉ុន្តែ ការចុះផ្សាយ​នេះ ត្រូវបានភាគីកម្ពុជា និងចិន បា​នបដិសេធចោល​ជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ