វៀតណាមហាក់មិនបារម្ភ EU និង US ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោកប្រធានសហភាពអឺរ៉ុប Antonio Tajani និងលោកប្រធានាធិបតីវៀតណាម Nguyen Phu Trong

វៀតណាមជាប្រទេសកុម្មុយនីស្តកំពុងតែអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ហើយបានទទួលយកលក្ខខណ្ឌមួយចំនួន ដើម្បីភ្ជាប់ខ្លួនជាមួយបណ្តាប្រទេសលោកសេរី ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។​

សេដ្ឋកិច្ចវៀតណាមកំពុងតែមានការប្រែប្រួលទៅរកភាពប្រសើរឡើងច្រើន ដោយសារតែមានការជួយជ្រោមជ្រែងដោយផ្ទាល់ និងដោយប្រយោលពីប្រទេសកាន់របបសេរី។​

វៀតណាម និង អាមេរិក

បើរំឭកពីអតីតកាលជាង៤០ឆ្នាំមុន គឺចន្លោះឆ្នាំ១៩៥៥ ដល់១៩៧៥ គឺជាព្រឹត្តិការណ៍សង្គ្រាមរវាងអាមេរិក​និងវៀតណាម​ បណ្តាលឲ្យកងទ័ពអាមេរិកពី៦ទៅ៧ម៉ឺននាក់ស្លាប់ ចំណែកជនស៊ីវិល និងកងទ័ពវៀតណាម​ស្លាប់អស់រាប់លាននាក់។ ប៉ុន្តែ បច្ចុប្បន្នមេដឹកនាំប្រទេសទាំងពីរចាប់ដៃ និងឱបគ្នាដូចគ្មានអ្វីកើតឡើង។​

ចាប់តាំងពីឆ្នាំ២០១៦ ក្រោយពេលអាមេរិកសម្រេចដកទណ្ឌកម្មអាវុធចេញពីវៀតណាមមក ទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។​

នៅឆ្នាំ២០១៩នេះ ទំនាក់ទំនងរវាងអាមេរិកនិងវៀតណាម​កាន់តែស្និទ្ធ គឺជើងហោះហើរវៀតណាម​អាចហោះផ្ទាល់ទៅអាមេរិក ចំណែកក្រុមហ៊ុន​យក្សពីររបស់អាមេរិកគឺ Google និង Facebook ក៏បានបើកការិយាល័យក្នុងប្រទេសវៀតណាម។​ 

វៀតណាម និង អឺរ៉ុប

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វៀតណាម និងសហភាពអឺរ៉ុប បានបញ្ចប់ដំណើរការចរចា និងយល់ព្រមលើការចុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA)។​

គោលការណ៍ចូលជាតំបន់ពាណិជ្ជកម្មសេរី គឺភាគីទាំងពីរអាចនាំទំនិញទៅលក់នៅក្នុងតំបន់គ្នាទៅវិញទៅមកដោយកាត់បន្ថយពន្ធ៩៩ភាគរយ និងបង្កើតវិធានការនានាដើម្បីការពារផលប្រ យោជន៍ភាគីទាំងពីរ។​

ហេតុអ្វីវៀតណាម​មិនបារម្ភអាមេរិក និង អឺរ៉ុបជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង?​

រាល់ជំនួបនានាទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប តែងតែជំរុញឲ្យវៀតណាម​ដោះលែងអ្នកតស៊ូមតិប្រឆាំងរដ្ឋាភិបាល ក៏ដូចជាជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស។ ជាការឆ្លើយតបកន្លងមក វៀតណាមតែងតែលើកឡើងពីទុក្ខលំបាករបស់ខ្លួន ហើយក៏មានការដោះលែងអ្នកជាប់ឃុំម្នាក់ឬ ២នាក់ ហើយក៏បានសន្យាព្យាយាមធ្វើឲ្យមានភាពប្រសើរឡើង។​

បើគ្រាន់តែមានការដោះលែងអ្នកតស៊ូមតិតាមអ៊ិនធើណែតម្នាក់ ឬ ២នាក់ប្រហែលមិនអាចធ្វើឲ្យអាមេរិក​និងអឺរ៉ុបជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានទេ ខណៈបច្ចុប្បន្ន វៀតណាម​ជាប្រទេសលេចធ្លោក្នុងតំបន់ដែលបង្កើនថវិកាក្នុងវិស័យការពារជាតិ។

បើវៀតណាមមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង និងវិស័យការពារជាតិរឹងមាំនោះ ប្រទេសមហាអំណាចកាន់តែមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាន ព្រោះក្នុងអតីតកាលប្រមាណ៥០ឆ្នាំមុន អាមេរិក និងបារាំងសុទ្ធតែចាញ់សង្គ្រាមនៅវៀតណាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ