ស៊ើបអង្កេត៖ កង្វះសហជីពឯករាជ្យ ធ្វើឲ្យមានការរំលោភសិទ្ធិនិង​លក្ខខណ្ឌការងារកម្មករនៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ

រូបភាព តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ សូត សុខប្រាថ្នា)

របាយការណ៍បូកសរុបការងារឆ្នាំ២០១៧និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថាសហគ្រាស គ្រឹះស្ថានប្រមាណ ៨៨ភាគរយ មានគិលានដ្ឋានប្រចាំក្នុងរោងចក្រ មានកន្លែងហូបបាយ៣៣ភាគរយ មានបន្ទប់បំបៅដោះកូន២១ភាគរយ និងមានទារកដ្ឋានចំនួន២៨ភាគរយ។ របាយការណ៍ដដែលឱ្យដឹងទៀតថា អង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជីសរុបមានចំនួន៣ ៩៦២។ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន៣ ៧៩៣ សហព័ន្ធសហជីពមានចំនួន១៣៨ សហភាពសហជីពមានចំនួន២៣ និងមានសមាគមនិយោជកចំនួន៨។ របាយការណ៍ដដែលបញ្ជាក់ថា នៅឆ្នាំ ២០១៧ ការដោះស្រាយវិវាទការរងាររួម មានចំនួន ១២៧ករណី គឺថយចុះ៨០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។

ព័ត៌មានសង្ខេបស្ដីពីស្ថានភាពសហជីពនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ

តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​ព្រះ​សីហនុ ត្រូវ​បាន​អនុញ្ញាតិឲ្យ​បើក​កាលពី​ឆ្នាំ២០០៨​ ដោយ​រាជរដ្ឋាភិបាលកម្ពុជា។ រយៈ​ពេល​១០ឆ្នាំចាប់តាំងពី​បាន​បង្កើត​ តំបន់នេះបាន​ទទួល​រោងចក្រ​ សហគ្រាស​ចំនួន១២៥កំពុងតែ​ដំណើរការ។ ប៉ុន្តែកម្មករ និង​សហជីព​និយាយថា រោង​ចក្រស្ទើរតែ​ទាំងអស់​គឺ​មានការ​រើស​អើងសហជីព​ឯករាជ្យ។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

យោងតាម​អត្ថបទស្រាវជ្រាវរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ឆ្នាំ២០១៧ ឲ្យដឹងថា នៅខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន០៧កន្លែង​ ដែល​ទទួលបាន​អាជ្ញាប័ណ្ណវិនិយោគពីរដ្ឋាភិបាល។ ​ ប៉ុន្តែការអនុវត្តក្នុងចំណោមតំបន់​សេដ្ឋកិច្ចពិសេសទាំងនោះ មានតែ​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទេដែលមានសកម្មភាពខ្លាំងជាងគេ។

កម្មករកំពុង ធ្វើការ នៅរោងចក្រមួយ ក្នុងតំបន់សេដ្ឋកិច្ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ច។ (រូបភាព៖ ផ្ដល់ឲ្យ)

របាយការណ៍ដដែល ឱ្យដឹងទៀតថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាកម្មសិទ្ធិឯកជនស្របច្បាប់របស់ក្រុមហ៊ុនលោក ឧកញ៉ា ឡៅ ម៉េងឃីន។ គាត់ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលមានភរិយា ឈ្មោះ ជឹង សុភាពហៅយាយភូ។ ក្រុមហ៊ុន​របស់​អ្នកទាំងពីរក៏ទទួល​បាន​ដី​សម្បទានតំបន់​បឹងកក់​ដើម្បី​វិនិយោគរយៈ​ពេល៩៩ឆ្នាំផង ដែរ។​

កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ​សម្រេចបង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ។ តំបន់នេះ មានទីតាំងស្ថិតនៅ​ភូមិពូធឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្នែកអេ(A)នៃ​តំបន់នេះ មានទំហំជាង ១១ លានម៉ែត្រការ៉េ( ១១ ១៣៩ ៦០០) ដែលស្មើជាង១ពាន់ហិកតា(១ ១១៣)។

តំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុជាគម្រោងអភិវឌ្ឍន៍ និងប្រតិបត្តិការរួមគ្នារវាងវិនិយោគិនចិន-កម្ពុជា។ វាជាការ​វិនិយោគរវាងក្រុមហ៊ុនជាំងស៊ូ ថេហ៊ុ ខេមបូឌា អ៊ិនធើណេស៊ិនណល អេកូណូមិក ខបភើរ៉េស៊ិន អ៊ិនវ៉េសម៉ិន ខូ អិលធីឌី (Jiangsu Taihu Cambodia International Economic Cooperation Investment Co Ltd)  និងក្រុមហ៊ុន ខេមបូឌា អ៊ីនធើណេស៊ិនណល អ៊ីនវ៉េសម៉ិន ឌីវើឡូបមិន គ្រុប ខូ អិលធីឌី (Cambodia International Investment Development Group Co Ltd (CIIDG)។

អត្ថបទស្រាវជ្រាវរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិឱ្យដឹង ថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងក្លាយជាតំបន់វិនិយោគធំជាងគេបំផុតនៅប្រទេសកម្ពុជា ហើយក៏ក្លាយជាតំបន់សិនជិន ឬ ទីក្រុងសិនជិន ទីពីរ​ នៅប្រទេសកម្ពុជា។ ទីក្រុងសិនជិន ជាទីក្រុងមួយដែលមានសេដ្ឋកិច្ចរីកចម្រើន​ស្ថិតនៅក្នុងខេត្តជាំងស៊ូ ប្រទេសចិន ហើយក៏ជាទីក្រុងគោលដៅសេដ្ឋកិច្ចមួយ ភ្ជាប់ទៅបណ្តាប្រទេសនៅតំបន់អាស៊ាន ដែលស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt One Road) របស់ចិន ។

របាយការណ៍បន្ថែមថា សហគ្រាសដែលវិនិយោគភាគច្រើនលើសលប់​ជាក្រុមហ៊ុនរបស់ចិន ហើយមានខ្លះទៀតម្ចាស់សហគ្រាសមកពីសហរដ្ឋអាមេរិក ជប៉ុន ហើយមាន​ប្រទេសមួយចំនួនមកពីអ៊ឺរ៉ុប និងមកពី​ប្រទេសក្នុងតំបន់អាស៊ានផងដែរ។ ផលិតផលដែលសហគ្រាសទាំងនោះ​កំពុងដំណើរការផលិត រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប ស្រោមជើង  គ្រឿងអេឡិចត្រូនិច រោងចក្រតម្លើងកង់ សាឡុង ក្តារបន្ទះ ​ការ៉ូឈើ ផលិតផលផ្ទះបាយ ​ និងផលិតផលមួយចំនួនទៀត។        របាយការណ៍​បញ្ជាក់ថា​ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ត្រូវបាន​នាំចេញទៅកាន់​បណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ទៅសហគមន៍អ៊ឺរ៉ុប ប្រទេសកាណាដា និង​ប្រទេសខ្លះទៀតនៅអាស៊ី។

យោងតាមរបាយការណ៍របស់តំណាង​រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្ញើទៅក្រសួងពាណិជ្ជកម្ម​កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឱ្យដឹងថា​តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ​មានក្រុមហ៊ុន​វិនិយោគ​សរុប​ចំនួន១២៥។ ចំណែកតំបន់សេដ្ឋកិច្ចពិសេស​កំពង់ផែក្រុងព្រះសីហនុ​កំពុងមានសកម្មភាពដំណើរការ ​និងស្ថិតនៅក្បែរគ្នាដែរនោះ ​មានក្រុមហ៊ុនវិនិយោគ​សរុបចំនួន​៣ ក្រុមហ៊ុន។ ដោយឡែកផលទុនវិនិយោគ​សរុបរបស់​ក្រុមហ៊ុនទាំង ១២៨ ក្នុងតំបន់ទាំងពីរនេះ មានចំនួនទឹកប្រាក់​ជាង ៤រយលានដុល្លារសហរដ្ឋអាមេរិក( ៤៤៧ ០៨៧ ៣៤៧,១)។

ក្នុងចំណោមក្រុមហ៊ុនទាំងអស់នៅតំបន់ទាំងពីរ​នេះ មានក្រុមហ៊ុនចំនួន៩៦ កំពុងមានសកម្មភាពផលិត។ ១៣ ក្រុមហ៊ុន ផ្អាកដំណើរការផលិត និង១៩ក្រុមហ៊ុនមិនទាន់ដំណើរការផលិតនៅ​ឡើយ។

របាយការណ៍របស់តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បង្ហាញថានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានស្រូបទាញ​​កម្លាំងពលកម្ម​សរុប​ជិត២ម៉ឺននាក់(១៨ ៣៤០) ក្នុងនោះស្រីមានចំនួនជាង១ម៉ឺននាក់ ហើយប្រាក់  បៀវត្សរ៍​សម្រាប់ចំណាយ​ទៅលើកម្មករក្នុងមួយខែៗ មាន​ចំនួន​ជិត៤លានដុល្លារសហអាមេរិក(៣ ៨៤១ ៦៧៩,៨០)។

រឿងពិតនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

កាលពីដើមខែតុលា ឆ្នាំ២០១៨ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសាលាកបត្រព័ត៌មានរបស់ខ្លួន ដោយលើកឡើងថានៅតំបន់សេដ្ឋកិច្ចពិសេស មានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និង​រំលោភលក្ខខណ្ឌការងារកម្មករ ។ របាយការណ៍លើកឡើងថា មានការរិតត្បិតសិទ្ធិសេរីភាព  និងរើសអើងសហជីព។

នៅក្នុង​ជំនួប​ពីរ​ដាច់​ដោយឡែកពីគ្នា ដែល​រៀបចំ​ដោយ​ក្រុមការងារ​អនុវត្ត​គម្រោង​ របស់​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ(CCIM)កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០១៨ ក្រុមកម្មករចំនួនជាង២០នាក់ មកពីរោងចក្រ១០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរៀបរាប់ថា មានការ​រំលោភបំពានសិទ្ធិ​កម្មករ។ ពួកគេរៀបរាប់ដែរថា ពួកគេស៊ូទ្រាំធ្វើការងារ បើទោះបីជាមានការបង្ខិតបង្ខំ ឬ រំលោភបំពានកម្លាំងពលកម្មយ៉ាងណាក៏ដោយ ដោយ​សារតែ​ជំពាក់​បំណុល​ធនាគារ។

កម្មករ ចេញពីធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ សូត្រ សុខប្រាថ្នា)

កម្មករនៅរោងចក្រផាឡាឌីនឡេក Paladin Lake (Cambodia)ដែលជារោងចក្រផលិតការ៉ូឈើ មានវ័យជាង៣០ឆ្នាំ ​​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មានក្នុងលក្ខខណ្ឌ​សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ​ស្ថានភាពនៅរោងចក្រដែលលោកកំពុងធ្វើបច្ចុប្បន្នគឺមានការកាត់ប្រាក់ឈ្នួលច្រើនហួសហេតុគឺ កាត់ប្រមាណ២០ ដុល្លារ ទៅ ៣០ ដុល្លារ ក្នុងមួយថ្ងៃ នៅពេលឈឺដោយគ្មានការបញ្ជាក់ពីពេទ្យត្រឹមត្រូវ ឬ ពេលសម្រាកដោយគ្មានច្បាប់​។ ​

លោកថា រោងចក្រដែលលោកធ្លាប់ធ្វើកន្លងមកបង្ខំបុគ្គលិកជំនាញ ឱ្យធ្វើការខុសពីជំនាញ​។  ប្រភពដដែល បញ្ជាក់ថា ដោយសារស្ថានភាពការងារមិនសូវល្អប្រសើរ ទើបធ្វើឱ្យលោកសម្រេចចិត្តប្តូរកន្លែងធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពីរោងចក្រមួយទៅរោងចក្រមួយ ប្រមាណ៥រួចមកហើយ។

ក្រៅពីនេះ លោកថាកម្មករត្រូវធ្វើការថែមម៉ោងលើសពីច្បាប់កំណត់ ពោលគឺថែមម៉ោងរហូតដល់ម៉ោងជាង៨ឬ៩យប់ស្ទើររៀងរាល់ថ្ងៃ។

លោកមានប្រសាសន៍បន្ថែម(1) «យើងធ្វើការហ្នឹង យើងទៅបន្ទប់ទឹកញឹកញាប់ក៏អត់បាន។ ហើយកំណត់ចំនួន ឱ្យយើង កំណត់ម៉ោងកំណត់អីហ្នឹងឱ្យគ្រប់ បើមិនគ្រប់គេអាចបញ្ឈប់យើង ឬ ក៏ប្រើយើងខុសបច្ចេកទេស។ ជំនាញយើងខាងភ្លើងឱ្យយើងទៅធ្វើខាងអីៗ អីចឹងទៅ ដើម្បីយកលេសបញ្ឈប់យើង»

ប្រធានរដ្ឋបាលរោងចក្រផាឡាឌីនឡេក (Paladin Lake) ​លោកចិត្រា ធារិទ្ធិ មានប្រសាសន៍កាលពីថ្ងៃទី៤ វិច្ឆិកាថា ​ ខាងរោងចក្រនេះ មិនបានបង្ខំឱ្យកម្មករធ្វើការថែមម៉ោងទេ។ លោកថាការថែមម៉ោងទាំងឡាយគឺធ្វើឡើងតាមការស្ម័គ្រចិត្ត។ លោកថា ការថែមម៉ោង គឺនៅពេលមានតម្រូវការពីអ្នកបញ្ជាទិញច្រើន ហើយខាងក្រុមហ៊ុនក៏បានលើកទឹកចិត្តដល់កម្មករ ដូចជាទិញអាហារ ទឹក ឱ្យពួកគេទៀតផង។

ប្រធានរដ្ឋបាលរូបនេះ បន្តថា ការឈប់សម្រាកវិញ គឺ ខាងក្រុមហ៊ុនតែងអនុវត្តតាមច្បាប់ការងារ ហើយក៏មិនបានកាត់ប្រាក់ឈ្នួលច្រើនហួសហេតុដូចការលើកឡើងដែរ។   លោកថា កម្មករមិនតម្រូវឱ្យធ្វើការងារខុសជំនាញឡើយ ហើយ​លោកថាក្នុងឆ្នាំ២០១៨ នេះ មិនធ្លាប់មានកម្មករតវ៉ាទេ ។

លោកមានប្រសាសន៍បន្ថែមថា«(2)សម្រាប់រោងចក្រគេ ខ្ញុំមិនដឹងទេ តែសម្រាប់រោងចក្រខ្ញុំ ការបង្ខិតបង្ខំ ការកាត់លុយម៉ោងពួកគាត់អី គឺអត់មានទេបង។ មានតែផលចំណេញដល់ពួកគាត់ សម្រាប់កម្មករ អត់មាននេះទេបង។ សូម្បីតែថែមម៉ោង ហួសពីម៉ោង ៦ :២០ ទៅ ថែមត្រឹមម៉ោង៧ យប់ឬ ម៉ោង ៨យប់ ក៏ខាងក្រុមហ៊ុនរៀបចំបាយទឹកជូនពួកគាត់ដែរ»

លោក ចិត្រា ធារិទ្ធ បញ្ជាក់ថារោងចក្រនេះ គ្មានសហជីពទេ ហើយលោកយល់ថាទោះមានសហជីពឬ គ្មានសហជីព ក៏មិនខុសគ្នានោះដែរ ព្រោះខាងរោងចក្រតែងតែអនុវត្តទៅតាមច្បាប់ការងារ។ ចំណែកកិច្ចសន្យាការងារវិញ លោកថា រោងចក្រផាឡាឌីនឡេក (Paladin Lake) អនុវត្តរយៈពេលបីខែ។ លោកចិត្រានិយាយថាបើមើលឃើញកម្មករណាធ្វើការងារល្អនឹង   តម្លើងរយៈពេលកិច្ចសន្យាការងាររហូតដល់៦ខែ។

នៅ​មិនឆ្ងាយ​ពីរោងចក្រ​ ផាឡាឌីនឡេក រោងចក្រវ៉ើលឡាក់(World Luck)គឺជារោងចក្រផលិតកាបូប។ កម្មករម្នាក់រស់នៅស្រុកព្រៃនប់ សុំមិនបញ្ចេញអត្តសញ្ញាណ ហើយ​កំពុងបម្រើការងារនៅរោងចក្រ​នេះឱ្យដឹងថា​គ្រួសារអ្នកស្រីជំពាក់បំណុលគេប្រមាណ២ពាន់ដុល្លារសហរដ្ឋអាមេរិក។ គាត់​ត្រូវសងការប្រាក់ឱ្យធនាគារប្រចាំខែ ក្នុងមួយខែជាង១រយដុល្លារ។ អ្នកស្រីថា រោងចក្រនេះ មិនមានពេទ្យប្រចាំការទេ គឺទាល់តែពេលមានក្រុមអធិការកិច្ចក្រសួងការងារចុះទៅ ទើបឃើញមានពេទ្យម្នាក់មកបង្ហាញខ្លួន។ ចំណែកសហជីពវិញ អ្នកស្រីថា មិនមានឡើយ។

​អ្នកស្រី បន្ថែមថា «(3) អាហ្នឹងយើងចេះតែទ្រាំព្រោះយើងជំពាក់គេ យើងអត់ចុះ។ ព្រោះអ្នករោងចក្ររាល់ថ្ងៃអីចឹង ទោះបីគេថាយ៉ាងម៉េចយើងខ្លាចគេដក យើងអត់លុយសងគេ»។

រោងចក្រវ៉ាយថេកគឺជារោងចក្រផលិតខោទ្រនាប់នៅក្នុ​ងតំបន់​សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ។ កម្មករ​ម្នាក់ដែល​អះអាង​ប្រាប់​ថា គាត់​រស់នៅ​ខេត្តព្រះសីហនុ កំពុង​បម្រើការងារ​នៅរោងចក្រនេះ។ គាត់​ប្រាប់​ថាគាត់​ធ្លាប់បានប្តូររោងចក្រប្រមាណ៥ រួចមកហើយ។​ គាត់​និយាយប្រាប់​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជាការសង្កេតឃើញជាក់ស្តែង ក្រុមហ៊ុនខ្លះ ពិតជាមានការបង្ខំឱ្យកម្មករជំនាញធ្វើការខុសពីជំនាញរបស់ខ្លួនប្រាកដមែន។ លោកថាបញ្ហានេះ ភាគច្រើនកម្មករខ្លះហាក់ខ្លាចរអាក្នុងការប្តឹងទៅក្រសួងឱ្យជួយអន្តរាគមន៍ ដោយថាខ្លាចគេដឹងមុខ នឹងត្រូវខាងភាគីរោងចក្របញ្ចប់កិច្ចសន្យាការងារ។

បុរសវ័យជាង២០ឆ្នាំរូបនេះប្រាប់ថា រោងចក្រវ៉ាយថេកមិនមានសហជីពទេ ហើយ​រោងចក្រ​នេះអនុវត្តកិច្ចសន្យាការងារ         រយៈពេល០៣ ខែប៉ុណ្ណោះ។

កម្មករដដែល​បន្តថា៖ «(4) នៅតាមតំបន់រោងចក្រ ហើយចិនស្រែកឡូឡា ហើយឥលូវចិនគេបាតុកម្មម្តងពីរដង ឱ្យចុះកិច្ចសន្យាជាមួយកម្មករ កុំឱ្យសម្តីធ្ងន់ដាក់កម្មករអីចឹង ហើយបញ្ហាហ្នឹងបញ្ហាធំធេងជាងគេ»

ជំនួយការផ្នែកគណនេយ្យនៅរោងចក្រវ៉ាយថេក សុំមិនបញ្ចេញឈ្មោះនិយាយថា រោងចក្រនេះធ្លាប់មានវិវាទការងារខ្លះ    មែន។ ប៉ុន្តែគាត់បន្ទោសថា​វិវាទការងារនោះគឺកើតឡើង​ នៅពេលអ្នកគ្រប់គ្រងជនជាតិចិនតៃវ៉ាន់មិនយល់ពីទម្លាប់របស់កម្មករ ។ កញ្ញាថា បច្ចុប្បន្នរោងចក្រនេះមានថៅកែជនជាតិម៉ាឡេស៊ី ហើយ​មិនមានបញ្ហាចោទឡើងទេ។

ជំនួយការរូបនេះបន្តថា ​នីតិវិធីធ្វើការងារថែមម៉ោងទាំងឡាយ គឺធ្វើឡើងតាមការស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។

កញ្ញា លើកឡើងដូច្នេះថា(5)«និយាយរួមទៅ បញ្ហាមួយចំនួនតូច ដោយសារចិនមកមុនដំបូងគាត់មិនសូវដឹងទម្លាប់អីចឹង ហើយពួកគាត់ក៏រាងរញ៉េរញ៉ៃអីចឹងដែរ ហើយតានេះ គាត់មិនសូវដឹងពីនេះអីចឹង គាត់ធ្លាប់និយាយគំហកដល់និយាយៗទៅអីចឹង។ ដល់អីលូវអត់អីទេ ធម្មតា»

ប្រភពដដែលឱ្យដឹងទៀតថា ចំពោះការអនុវត្តកិច្ចសន្យាវិញ គឺប្រើកិច្ចសន្យារយៈពេល ០៦ ខែ ចំពោះកម្មករដែលធ្វើការលើសពី២ ឆ្នាំឡើងទៅ។ កញ្ញាថា រោងចក្រវ៉ាយថេក ក៏មានពេទ្យប្រចាំការ និងមានកន្លែងសម្រាកហូបបាយសមរម្យទៀត  ផង។ ប្រភពរូបនេះ បញ្ជាក់ថារោងចក្រនេះ គ្មានសហជីពទេ គឺមានតែតំណាងកម្មករ២នាក់ប៉ុណ្ណោះ។

កម្មករនៅរោងចក្រវ៉ាយថេកទទួល​ស្គាល់​ថា​មានតំណាង​កម្មករ។ កម្មករកត់សំគាល់​ថា​តំណាងកម្មករ អាចជួយពិនិត្យមើលសកម្មភាពការងាររបស់កម្មករទូទៅ ដូចជាខ្វះខាតសម្ភារៈក្នុងដំណើរការផលិត ឬ ជួយកម្មករនៅពេលមានការខ្វះខាតផ្សេង     ទៀត។ ទោះយ៉ាងណាកម្មក​រនិយាយថាការរំលោភសិទ្ធិ ឬ បញ្ហាធំៗដែលកើតមានក្នុងរោងចក្រ តំណាងកម្មករមិនអាចជួយដោះស្រាយបានទេ។

អត្ថបទស្រាវជ្រាវរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ឆ្នាំ២០១៧ បានរកឃើញអំពីបញ្ហាប្រឈមជាច្រើន ដែលកើតឡើងទៅលើកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ផងដែរ។ ក្នុងចំណោមបញ្ហាទាំងនោះ ការកាត់ប្រាក់ឈ្នួលកម្មករនៅពេលពួកគេខកខានមិនបានមកបំពេញការងារមួយថ្ងៃ គឺមានចំនួនប្រមាណ២០ ដុល្លារសហរដ្ឋអាមេរិក។ របាយការណ៍នេះ ក៏បានរកឃើញដែលថា មានករណីបង្ខំឱ្យកម្មករធ្វើការងារថែមម៉ោង ហើយខ្លះមិនទទួលបានប្រាក់ឈ្នួល ហើយពេលខ្លះទៀតការថែមម៉ោង មានរហូតដល់ម៉ោង១១ យប់ទៀតផង។

​មន្ត្រីសម្របសម្រួលប្រចាំតំបន់ខេត្តព្រះសីហនុនៃសហភាពការងារកម្ពុជា លោក អាន រ៉ាម៉ា បានលើកឡើងថានៅពេលណាតំបន់សេដ្ឋកិច្ចពិសេសមួយនេះមិនមានសហជីពច្រើន ពោលគឺក្នុងចំណោមជាង១០០សហគ្រាស ស្ទើរតែទាំងអស់គ្មានសហជីពឡើយ ហើយសហជីពឯករាជ្យដែលមិនចំណុះរដ្ឋាភិបាលឬ មិនចំណុះនិយោជកគឺគ្មានតែម្តង។ លោកបន្ថែមថានៅពេលមិនមានសហជីពឯករាជ្យ ធ្វើឱ្យកម្មករ​បាត់បង់សំឡេង  ព្រោះគ្មានតំណាងរបស់ខ្លួន។

លោក មានប្រសាសន៍បន្ថែម(6)« មានន័យថា ការរៀបចំបណ្តឹង ការរៀបចំឯកសារ ធ្វើតាមនីតិវិធីហ្នឹងគាត់អត់យល់ទេ ក៏ជាបញ្ហាដែលធ្វើឱ្យពួកគាត់មានបញ្ហាដែរ។ អីចឹងនិយាយជារួមនៅពេលណាដែលមានសហជីពតិចធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ហើយនិងគ្មានសហជីពឯករាជ្យ នៅតំបន់សេដ្ឋកិច្ចពិសេស គឺសិទ្ធិកម្មករ ត្រូវបានគេរំលោភបំពាន អត្ថប្រយោជន៍​របស់ពួកគាត់​ត្រូវបាន​គេកេងប្រវ័ញ្ច។ ជាពិសេសសំឡេងរបស់ពួកគាត់ នៅពេលមានបញ្ហាគឺ គ្មានតំណាងការពារ និងគ្មានតំណាងក្នុងការចរចាការពារផលប្រយោជន៍របស់ពួកគាត់នោះទេ »។

សាលាកបត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលចេញការពីដើមខែតុលា ឆ្នាំ២០១៨ បានលើកឡើងថាបញ្ហាលក្ខខណ្ឌការងារ ដូចជាការប្រើប្រាស់កម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប និងកង្វះបទប្បញ្ញត្តិទាក់ទងនឹងប្រាក់ឈ្នួលមុនពេលដែលច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមាត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ ២០១៨ បណ្តាលឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ ការធ្វើការងារលើសម៉ោង និងទទួលបានប្រាក់ឈ្នួលតិចតួច។

បន្ថែមពីនេះ មានការរិតបន្តឹងធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិ ជួបប្រជុំ និងសមាគម ខណៈដែលសមាជិកសហជីព និងសមាគមមួយចំនួន ត្រូវបានរារាំង និងមានការរំលោភបំពានសេរីភាព។  របាយការណ៍នេះបញ្ជាក់ថា សហជីពខ្លះដែលទំនងសំដៅដល់សហជីពឯករាជ្យនោះ ត្រូវប្រឈមនឹងការរើសអើងយ៉ាងខ្លាំង ការបំភិតបំភ័យ និងជួនកាលមានទាំងអំពើហិង្សា ក៏ដូចជាការយាយីពីប្រព័ន្ធតុលាការផងដែរ។

​ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ពន្យល់អំពីពាក្យ សហជីពឯករាជ្យមានន័យថាគឺ ជាសហជីពទាំងឡាយណា ដែលនៅឈរជាមួយផលប្រយោជន៍កម្មករ ការពារកម្មករ ដោយមិនចំណុះរដ្ឋាភិបាល ឬ ចំណុះនិយោជកឡើយ។  លោកថា ប្រសិនបើបង្កើតសហជីពដោយចំណុះនិយោជកឬ ​រដ្ឋាភិបាល នឹងមិនអាចការពារ​​កម្មករបានពេញលេញនោះទេ។

លោកមានប្រសាសន៍បន្ថែម(7) «បើសិន​យើងបង្កើតសហជីពមួយយើងទៅត្រូវជាមួយនិយោជក យើងបង្កើតសហជីពមួយ​យើងទៅត្រូវក្រសួងការងារ  ​យើងអត់អាចការពារកម្មករបានទេ។ អ្នកដែលរំលោភកម្មករ គឺនិយោជក និងមន្ត្រីក្រសួងមួយចំនួនដែលឃុបឃិតជាមួយនិយោជកតាមរយៈអំពើពុករលួយ។ អីចឹងយើងមិនអាចទៅការពារកម្មករបានទេ បើយើងបង្កើតសហជីពមួយនៅក្រោមដំបូលនិយោជក យើងបង្កើតសហជីពមួយនៅក្រោមដំបូលក្រសួងការងារ » ។

អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់(GMAC) លោក កាំង ម៉ូនីកា មានប្រសាសន៍កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨​​ ថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិយោជកជាសមាជិក ជីម៉ាក់ គឺ មានប្រមាណ ២០ក្រុមហ៊ុន ក្នុងចំណោមជាង១០០ក្រុមហ៊ុន ប៉ុន្តែលោកមិនដឹងថារោងចក្រណាខ្លះដែលមិនមែនជាសមាជិករបស់ខ្លួនទេ។

លោកថា បើមានករណីរំលោភបំពានសិទ្ធិ​ និង​លក្ខខណ្ឌការងារនោះគឺ មិនពិបាកដោះស្រាយឡើយ ដោយកម្មករអាចដាក់ពាក្យប្តឹងទៅមន្ទីរការងារខេត្តព្រះសីហនុតែម្តង ។

លោក មានប្រសាសន៍បន្ថែមថា៖ (8)«ហើយយើងដឹងហើយថាការងារថែមម៉ោង គឺ ផ្អែកលើគោការណ៍ស្ម័គ្រចិត្តទេ មិនមាននរណាម្នាក់ទៅបង្ខំពួកគាត់បានទេ។ គាត់អាចធ្វើការតវ៉ាបានគ្រប់ពេលវេលាប្រសិនបើគាត់យល់ថាភាគីថៅកែ បង្ខំគាត់ឱ្យធ្វើការថែមម៉ោង។ ទាក់ទងរឿងសហជីពអីក៏ដូចគ្នាដែរ បើសិនមានការអនុវត្តមិនត្រឹមត្រូវទេ តាមបទដ្ឋានច្បាប់ការងារ គឺបងប្អូនយើងអាចប្តឹងទៅមន្ទីរការងាររបស់ក្រុងព្រះសីហនុបាន »

មន្ត្រីសម្របសម្រួលប្រចាំតំបន់​ខេត្តព្រះសីហនុនៃសហភាព​ការងារកម្ពុជា លោក អាន រ៉ាម៉ា មានប្រសាសន៍ថា កន្លងមកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខាងលោកធ្លាប់បាន​ចងក្រង និងបង្កើតជាសហជីព​មូលដ្ឋានក្នុងរោងចក្រចំនួនបី គឺ រោងចក្រ ជីនចេនយ័ន(Jinchenyuan) ដែលមានម្ចាស់ជាជនជាតិចិនដីគោកផលិតស្រោមជើង។ ទីពីររោងចក្រ កាឡេខ្លូបល ខេមបូឌា ឬ ហៅថារោងចក្រជីជីស៊ី (Galey Global Cambodia) (GGC)   ដែល​ផលិតសម្លៀកបំពាក់នាំចេញទៅខាងក្រៅប្រទេស និងរោងចក្រ ប៉ាស៊ីភិច ហូម( Pacific Home)។

លោក រ៉ាម៉ា និយាយថា ចាប់តាំងពីឆ្នាំ២០១៦មក វត្តមានសហជីពស៊ីខៅឌូ លែងមាននៅក្នុងតំបន់  សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាំងស្រុងតែម្តង។ លោក​បញ្ជាក់ពីមូលហេតុថា នេះ ដោយសារក្រុមហ៊ុនជីជីស៊ី បានបញ្ឈប់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពស៊ីខៅឌូមួយចំនួន ហើយបច្ចុប្បន្នរោងចក្រនេះត្រូវបានបិទទ្វាលែងដំណើរការទាំងស្រុង ព្រោះក្ស័យធន។

ចំណែករោងចក្រមួយទៀតគឺ រោងចក្រជីនចេនយ័ន​បានបញ្ឈប់សកម្មជន និងថ្នាក់ដឹកនាំសហជីពរបស់លោកជាង១០ នាក់ កាលពីចុងឆ្នាំ២០១៤។ ចំណែក​នៅរោងចក្រ ប៉ាស៊ីហ្វិក ហូម ដែលទើបនឹងមានតំណាងកម្មករ គ្រោងនឹងបង្កើតជាសហជីព ក៏បាន​ឈប់ពីការងារ ​។

រោងចក្រ ជីនចេនយ័ន នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖​ ផ្ដល់ឲ្យ)

លោក​ថា មូលហេតុពួកគេឈប់ដោយថា មិនអាចទ្រាំសម្ពាធការងារបាន ម្យ៉ាងពួកគេក៏មិនអាចជួយកម្មករឱ្យបានទូលំទូលាយ​ដែរ ព្រោះនៅពេលមាននរណាម្នាក់ចេញមុខជួយកម្មករឬដឹងថាជាប់ពាក់ព័ន្ធសហជីព ខាងរោងចក្រនឹងបញ្ចប់កិច្ចសន្យាការងារ​។

បើ​តាម​លោក អាន រ៉ាម៉ា ​បន្តថា ក្រោយពេល​សមាជិកសហជីពរបស់លោកត្រូវបានភាគីរោងចក្រជីនចេនយ័នបញ្ឈប់ ពួកគេភាគច្រើនមិនអាចស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសនេះបានទេ ព្រោះ​មានការរើសអើង​​ ម្យ៉ាងតំបន់​នេះ ​ហាក់មានចេតនាមិនចង់ឱ្យមានសហជីពឯករាជ្យទៀតឡើយ។

លោកមានប្រសាសន៍ថា(9)«ខ្ញុំគិតថា វាអយុត្តិធម៌ ហើយវា ជារឿងដែលមិនត្រឹមត្រូវ ហើយហាក់បីដូចជាមិនល្អទាល់តែសោះ ព្រោះតំបន់សេដ្ឋកិច្ចពិសេសមួយទាំងមូល​ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិចិន។ គោលបំណងក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគឺយើងដឹងហើយរដ្ឋាភិបាលមានគោលបំណងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរយើង។ ប៉ុន្តែនៅពេលពលរដ្ឋខ្មែរយើងគាត់ទៅដាក់ពាក្យទៅធ្វើការ ពិសេសសហជីពអីចឹងទៅ គឺមានការរើសអើង មានការបិទរូបថតអីចឹងទៅ ហាក់បីដូចជាកម្មករជាឧក្រិដ្ឋជន ជាអ្នកទោស។ ប៉ុន្តែយើងដឹងហើយថាគឺសិទ្ធិក្នុងការបង្កើតសហជីព សិទ្ធិក្នុងការចូលរួមសកម្មភាពសហជីពគឺ គេបើកទូលាយទៅតាមផ្លូវច្បាប់»។

កាលពីឆ្នាំ ២០១៤ និង ២០១៥ ថ្នាក់ដឹកនាំ សកម្មជនសហជីពស៊ីខៅឌូ នៅតាមរោងចក្រមួយចំនួន​ដូចជា រោងចក្រជីនចេនយ័ន រោងចក្រជីជីស៊ី រោងចក្រវ៉ាន់ធិករីវ៉ើចេកស្តាយ រោងចក្រហុងដូអ៊ិនធើណាហ្សិនណល បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីមន្ត្រីសហជីពសហភាព​ការងារកម្ពុជា​ប្រចាំខេត្តព្រះសហនុ។ លិខិតនោះ ឱ្យដឹងថាពួកគាត់ត្រូវបានខាងក្រុមហ៊ុនបញ្ឈប់ ក្រោមហេតុផលផ្សេងៗ ដូចជាឈប់គ្មានការជូនដំណឹង ហើយពួកគេខ្លះក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារដោយថាក្រុមហ៊ុនផ្អាកការបញ្ជាទិញទំនិញ ហើយត្រូវរំសាយបុគ្គលិក។

ក្នុងលិខិតរបស់កម្មករបញ្ជាក់​ថា ខាងក្រុមហ៊ុនមិនបានទូទាត់ប្រាក់សំណងតាមច្បាប់ការងារទេ ក្រោយពេលបញ្ឈប់ពួកគាត់ពីការងារ។ តាមលិខិតនោះ មានកម្មករខ្លះត្រូវបានរោងចក្រមិនឱ្យចូលធ្វើការវិញឡើយ ទោះបីជាមានការសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យក្រុមហ៊ុនទទួលយកពួកគាត់ចូលធ្វើការវិញក៏ដោយ។

លិខិតសុំកិច្ចអន្តរាគមន៍ដដែលនោះ ឱ្យដឹងថាកម្មករនៅរោងចក្រជីនចេនយ័ន មិនត្រឹមតែទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ខែដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែកម្មករទាមទារឱ្យក្រុមហ៊ុនទទួលពួកគេចូលធ្វើការវិញ ព្រមទាំងរំលឹកប្រាក់ឈ្នួលរហូតដល់ពេលចូលធ្វើការវិញ។ ទោះយ៉ាងណា កម្មករបញ្ជាក់ថាសំណើរនេះត្រូវបានភាគីក្រុមហ៊ុន​បង្ខំឱ្យកម្មករផ្តិតមេដៃលាឈប់ពីការងារជាមុនសិន ទើបខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលជូន។​ ​

លោក សាន សុខាគឺជាអតីតកម្មក​រដែល​ត្រូវ​បាន​បញ្ឈប់។ គាត់​ក៏ជាលេខាសហជីពស៊ីខៅឌូផងដែរ។ លោក សាន សុខា  មានប្រសាសន៍ថា ក្រោយពេលរោងចក្រជីនចេនយ័នបញ្ឈប់លោកពីការងារកាលពីចុងឆ្នាំ២០១៤ លោកបានដាក់ពាក្យចូលបម្រើការងារនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចផ្សេងទៀត ប៉ុន្តែធ្វើបានរយៈពេល១ខែឬ២ខែ ខាងរោងចក្របញ្ចប់កិច្ចសន្យាការងារ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ។

លោកថា ការបញ្ឈប់ពួកលោកនៅពេលនោះ ក្រោយពេលពួកលោកបានតវ៉ាចំពោះការមិនបើកប្រាក់ថែមម៉ោងដល់កម្មករជាច្រើនខែ និងការកាត់ប្រាក់ឈ្នួលច្រើនហួសហេតុពេលឈប់គ្មានច្បាប់ជាដើម។

លោក សាន សុខា (10)«គ្រាន់តែបង្កើតសហជីពដើម្បី ធ្វើការទៅវារលូន រាល់បញ្ហាលំបាកៗរបស់កម្មករហ្នឹង ក៏ត្រូវបានគេរើសអើង ខ្ញុំយល់ថាវាអត់ឱ្យតម្លៃ មនុស្សដូចតែគ្នាសោះ។ ចង់ឱ្យមាន ចង់ស្នើថាបើមានខាងណាជួយ ដោះស្រាយឱ្យពួកខ្ញុំបានចូលធ្វើការងារវិញអីចឹង ទោះបីដឹងថាខ្ញុំ ជាសហជីពក៏ដោយ ក៏អនុញ្ញាតឱ្យខ្ញុំបានបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសដូចគេដូចឯងអីចឹងណា»

លិខិតកិច្ចសន្យាការងារ នៅរោងចក្រជីនចេនយ័ន ដែលVODទទួលបាន បង្ហាញថាកាលពីដើមឆ្នាំ២០១៨ គឺរោងចក្រ​នេះអនុវត្តកិច្ចសន្យារយៈពេលបីៗខែប៉ុណ្ណោះ។

សំណុំរឿងវិវាទការងារនៅរោងចក្រជីនចេនយ័ន ត្រូវបានបញ្ជូនទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីចុងឆ្នាំ២០១៤ ហើយក៏បានរុញបន្តទៅតុលាការ ប៉ុន្តែមិនទាន់ដោះស្រាយឱ្យចប់សព្វគ្រប់នៅឡើយ។

សេចក្តីបង្គាប់របស់អាជ្ញាកណ្តាលកាលពីចុងខែធ្នូ ឆ្នាំ២០១៤ ឱ្យដឹងថាវិវាទការងារក្នុងរោងចក្រ ជីនចេនយ័ន មិនអាចផ្សះផ្សាជាឡើយ ដោយភាគីកម្មករនិយោជិតស្នើឱ្យខាងភាគីរោងចក្រ​មិនត្រូវរើសអើងថ្នាក់ដឹកនាំសហជីព និងកម្មករ​​ដែលចូលជាសមាជិកសហជីពស៊ីខៅឌូ។ ប៉ុន្តែភាគីរោងចក្រ​បដិសេធ​ ដោយមិន​ព្រមទទួលយក​ថ្នាក់ដឹកនាំ និងសកម្មជនសហជីពស៊ីខៅឌូ ចំនួន​១១ នាក់ឱ្យចូលធ្វើការវិញឡើយ ក្រោមហេតុផលថា​ពួកគេទាំងនោះ បានបញ្ចប់កិច្ចសន្យាការងារកាលពីដើមខែធ្នូ ឆ្នាំ២០១៤ រួចទៅហើយ។ ​

ក្នុងសេចក្តីសម្រេច ​របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលពេលនោះ គឺ តម្រូវឱ្យភាគីរោងចក្រទទួលយកភាគីនិយោជិតចំនួន១០ នាក់ ក្នុងនោះក៏មានឈ្មោះ លោក សាន សុខា ឱ្យចូលធ្វើការវិញ ព្រមទាំងគិតប្រាក់រំលឹក ចាប់ពីថ្ងៃបញ្ឈប់រហូត​ដល់ថ្ងៃចូលធ្វើការ ប៉ុន្តែបច្ចុប្បន្នអតីតថ្នាក់ដឹកនាំ និងសកម្មជនសហជីពស៊ីខៅឌូទាំង១០នាក់ មិនបានចូលធ្វើការនៅរោងចក្រនេះវិញទេ។

ប្រធានរដ្ឋបាលរោងចក្រជីនចេនយ័ន លោក ចាន់ សំបូរ មានប្រសាសន៍កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ថាលោកទើបចូលបម្រើការងារនៅរោងចក្រនេះ បាន៤ ឬ៥ ខែប៉ុណ្ណោះ។ លោកថា ចំពោះរឿងរ៉ាវ ដែលធ្លាប់កើតមាននៅរោងចក្រនេះ ពីមុនមក លោកមិនបានដឹងឡើយ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនផលិតស្រោមជើងមួយនេះ បានប្តូរអ្នកបញ្ជាទិញ ហើយក៏មានការកែទម្រង់ខ្សែរចង្វាក់ផលិតកម្មមួយចំនួន និងកែប្រែលក្ខខណ្ឌការងារកម្មករ​ជាច្រើន។

លោក ចាន់ សំបូរបញ្ជាក់​ថា រោងចក្របាន​អនុវត្តការងារថែមម៉ោងមិនឱ្យលើសពី ២ ម៉ោងក្នុងមួយថ្ងៃ និងតាមការស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ហើយព្រមព្រៀងទាំងសងខាងដោយមានផ្តិតមេដៃឬ ហត្ថលេខាកម្មករទៀតផង​។ លើសពីនេះ ការទទួលបានប្រាក់ថែមម៉ោងគឺបញ្ចូលក្នុងប្រាក់ខែតែម្តង ខុសពីពេលមុន។

លោកសំបូរប្រាប់ដែរថា រោងចក្រក៏មានគោលការណ៍បង្រៀនកម្មករឱ្យយល់អំពីច្បាប់ផ្សេងៗ ព្រមទាំងរបៀបបង្ការហានិភ័យការងារផងដែរ ដោយសហការជាមួយមន្ត្រីអង្គការអាយឡូ(ILO)ទៀតផង។

លោក មានប្រសាសន៍បន្ថែម(11) «ព្រោះព័ត៌មានហ្នឹងខ្ញុំទើបចូលថ្មី ខ្ញុំមិនសូវដឹងថាពីមុនមកវាមាន រោងចក្រមានការប៉ះទង្គិចជាមួយកម្មករអីខ្ញុំអត់ដឹងដែរ តែបើថាបច្ចុប្បន្ន តាំងពីពេលខ្ញុំកាន់មកគឺអត់ដែរមានបញ្ហាទេ។ មានបញ្ហាគឺយើងសហការគ្នា ព្រោះពេលខ្លះយើងទាក់ទងការប្តូរថ្ងៃឈប់សម្រាក បើកម្មករគាត់អត់យល់ព្រមទេ ក៏រោងចក្រធ្វើទៅតាមគាត់ដែរ។ គាត់ថាគាត់អត់មានឡានជិះ គាត់មកគាត់ត្រូវចំណាយលុយច្រើន អីចឹងយើងក៏អត់បង្ខំគាត់ដែរ យើងធ្វើទៅតាមច្បាប់កំណត់ »

លោកសំបូរ អះអាងដែរថា រោងចក្រនេះមានកន្លែងសម្រាកពិសារបាយសមរម្យ និងផ្តល់បាយថ្ងៃត្រង់ឱ្យទៀត ព្រមទាំងមានពេទ្យ​ម្នាក់ប្រចាំការដែរ។

កម្មករដែលកំពុងធ្វើការងារនៅរោងចក្រជីងចេនយ័ន អ្នកស្រី ដេត ញ៉ាញ់ បានលើកឡើងថា ក្រោយពេលរោងចក្រនេះ​ប្តូរអ្នកបញ្ជាទិញ និងប្តូរប្រធានរដ្ឋបាលថ្មី ស្ថានភាពការងារនៅរោងចក្រនេះបច្ចុប្បន្ន ​មិនមានការ​កាត់ប្រាក់ឈ្នួលពេលសម្រាកច្រើនហួសហេតុទេ ហើយរោងចក្រក៏បានបើកប្រាក់ថែមម៉ោងជូនកម្មករជាទៀងទាត់ដែរ មានការផ្តល់បាយថ្ងៃត្រង់ជូនកម្មករ ប៉ុន្តែរោងចក្រនេះគ្មានសហជីពដូចមុនឡើយ។ ​

លោក ចាន់ សំបូរ បញ្ជាក់ថាសហជីពគឺ គ្មានមែន តែមានតំណាងកម្មករចំនួន០៤នាក់ក្នុងរោងចក្រ។ លោកថា អតីតថ្នាក់ដឹកនាំ និងសកម្មជនសហជីពស៊ីខៅឌូ ដែលបញ្ឈប់កន្លងមក មិនបានធ្វើការនៅរោងចក្រនេះទៀតទេ។

ប្រធានរដ្ឋបាលរោងចក្រជីនចេនយ័នដដែលថា តំណាងកម្មករទាំង៤ នាក់ ក្រៅពីបំពេញការងារដូចកម្មករធម្មតា ពួកគេអាចជួយមើលការបញ្ហាខ្វះខាតរបស់កម្មករ និងពាំនាំកង្វល់របស់កម្មករមកកាន់តំណាងក្រុមហ៊ុន ព្រមទាំងយកយោបល់របស់ក្រុមហ៊ុនបញ្ជូនទៅកាន់កម្មករ ប៉ុន្តែលោកថាមិនដូចសហជីពទាំងស្រុងនោះទេ។

កាលពី​ចុងខែ​តុលា ឆ្នាំ២០១៨ វីអូឌី បានផ្ញើរសារអេឡិចត្រូនិចឬ អ៊ីម៉ែលចំនួន២ដង​ទៅមន្ត្រីផ្នែកទីផ្សារ និងសេវាកម្មទូទៅនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែល​ត្រូវបានគេស្គាល់​ថាឈ្មោះលោក វ៉ាង ​ ដើម្បីសាកសួរបន្ថែមពីបញ្ហាប្រឈមមួយចំនួនដែលកម្មករលើកឡើង និងស្នើសុំអាស័យដ្ឋានទំនាក់ទំនងទៅអ្នកគ្រប់គ្រងទូទៅនៅតំបន់នោះ។ លោកវ៉ាង​បញ្ជាក់ថាបានទទួលអ៊ីម៉ែលនោះ ប៉ុន្តែគាត់​មិន​ដែល​បាន​ផ្តល់​ព័ត៌មានមកវិញទេ រហូតដល់​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ២០១៨។

មន្ត្រីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបន្ទុក​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ម៉ី គីន និយាយថា គាត់មិនទទួលបាន​បណ្តឹង​ស្តីពីវិវាទការងារនៅ​តំបន់​សេដ្ឋកិច្ចពិសេសនោះទេ។ គាត់និយាយថាមិនមាន​ការរំលោភបំពានកម្លាំងពលកម្មឡើយ។ លោក​បញ្ជាក់​ថាក្រសួង​រិតបន្តឹងមិនឲ្យមានការកាត់ប្រាក់​ឈ្នួល។ លោក​គីន​មានប្រាប់ថា លោកធ្លាប់ទទួលបានពាក្យ​បណ្តឹង​ទាក់ទងនឹងបញ្ឈប់កម្មករពីការងារ តែគាត់​បាន​សម្របសម្រួល​រវាងភាគី​ថៅកែ​និង​កម្មករ។

លោកបន្ថែមដូច្នេះថា  (12) «ហើយករណីស្នើសុំថែមម៉ោងនេះ តាមគោលការណ៍ស្ម័គ្រចិត្ត ហើយក្នុងករណីភាគីកម្មករគាត់មិនព្រមថែមម៉ោង ភាគីនយោជកត្រូវអនុវត្តឱ្យពួកគាត់ឈប់សម្រាកនៅផ្ទះ។ ហើយការកាត់ប្រាក់ឈ្នួលនេះ ខាងក្រសួងក៏រឹតបន្តឹងខ្លាំងដែរបង។ អីចឹងអត់មានការកាត់ប្រាក់ឈ្នួលណាលើស ពីផ្លូវច្បាប់ទេបង។ ករណីគាត់អត់មកធ្វើការប្រចាំថ្ងៃ គឺគាត់អត់ទទួលបានប្រាក់ឈ្នួលនៅថ្ងៃនោះ »

ច្បាប់ស្តីពីការងារ មាត្រា ១៥ បានចែងថាការងារដោយបង្ខំ ឬ ជាកាតព្វកិច្ច ត្រូវបានហាមឃាត់។

ចំណែកមាត្រា ១៤១ បានកំណត់ថា កម្មករអាចធ្វើការងារក្នុង១សប្តាហ៍ចំនួន ៤៨ម៉ោង ហើយការបន្ថែមម៉ោង លើពេល   ធម្មតា មិនឱ្យលើសពី ១ ម៉ោងទេក្នុងមួយថ្ងៃ។

ទាំង​សហជីព និង​តំណាង​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា​មានសហជីព​តែមួយប៉ុណ្ណោះនៅតំបន់   ​សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ។

ប្រធានសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា និងជាប្រធានសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ លោក មុំ សៀក មានប្រសាសន៍កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨​​ថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺមានសហជីពរបស់លោកនៅទីនោះឈ្មោះថា សហព័ន្ធសហជីពស្មារតីកម្មករខ្មែរ។ លោក​ថាសហជីពនេះមាននៅរោងចក្រចំនួន៦។ លោកបន្តថា បច្ចុប្បន្នសហជីពលោកក៏ជួបផលលំបាក ក្នុងការបំពេញការងារជូនកម្មករផងដែរ ព្រោះនិយោជកហាក់​មិនចង់ឱ្យមានសហជីពនៅតំបន់នោះទេ។

លោកអះអាងថា ជាក់ស្តែងកាលពីឆ្នាំ២០១៦ សហជីពលោកមាននៅតាមក្រុមហ៊ុនចំនួន១៨ ប៉ុន្តែបច្ចុប្បន្ននៅមានតែ៦ ក្រុមហ៊ុន ដែលជារចនាសម្ព័ន្ធសហជីព ប៉ុន្តែក្រុមហ៊ុនដែលទទួលបាន​ការចុះបញ្ជីការពីមន្ទីរការងារមាន១ ឬ ២ ប៉ុណ្ណោះ។ លោកថា សហជីពលោកចេះតែថយចុះ ព្រោះការអនុវត្តកិច្ចសន្យារយៈពេលខ្លី ហើយបញ្ឈប់ថ្នាក់ដឹកនាំសហជីពរបស់លោកចេញពីសហគ្រាសចំនួន១២ជាបន្តបន្ទាប់។

លោក មានប្រសាសន៍បន្ថែមថា(13) «ដូចខ្ញុំនិយាយខាងដើមអីចឹងបញ្ហាប្រឈមរបស់បងប្អូនកម្មករ អ្វីដែលគាត់ធ្វើរាល់ថ្ងៃ គឺ ធ្វើឱ្យបានការងារធ្វើទេ បើថាឱ្យគាត់សប្បាយចិត្ត គាត់មិនសប្បាយចិត្តទេដោយសារអី ដោយសារគាត់តវ៉ាអីអត់បានតែម្តង។ គាត់តវ៉ាអីអត់បានហ្មង់ ស្រេចតែនឹងក្រុមហ៊ុនថាហ្មង់។ ក្រុមហ៊ុនថាម៉េចក៏បាន។ ក្រុមហ៊ុនដូចថាមិនអាចបញ្ចេញ នូវអ្វីដែលជាសិទ្ធិរបស់គាត់មាន ដែលគាត់អាចបញ្ចេញមតិបានគឺអត់មាន។ បាទ ជាពិសេសការអនុវត្តកិច្ចសន្យារយៈពេលខ្លី ហ្នឹងហើយ ធ្វើឱ្យនៅពេលមានបញ្ហាទៅ គាត់បើកប្រាក់ខែផ្តាច់ទៅ។  សល់បួនដប់ថ្ងៃ កន្លះខែ ឬ មួយខែអីចឹងទៅ គាត់បើកផ្តាច់ទៅ »

មន្ត្រី​សហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា និយាយថាលោក​បាន​បញ្ជូនករណីនៃការរើសអើង​សហជីព​នេះទៅមន្ទីរការងារខេត្ត។ គាត់​ប្រាប់ថាមន្ទីរក៏បានបញ្ជូនករណីនេះទៅក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការដោះស្រាយនៅឡើយទេ។

​កាលពីដើមឆ្នាំ ២០១៨ ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោកបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធជួយលើកតម្កើងលក្ខខណ្ឌការងាររបស់កម្មករនៅតំបន់នេះ និងត្រូវ ពិនិត្យលើកិច្ចសន្យាការងាររបស់កម្មករ ធ្វើយ៉ាងណាឱ្យពួកគេអាចទទួលបានកិច្ចសន្យាការងាររយៈពេលវែងផងដែរ។

មន្ត្រីតំណាងក្រសួងការងារប្រចាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ម៉ី គីន មានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនឬ សហគ្រាស មួយចំនួនក៏បានអនុវត្តកិច្ចសន្យា  រយៈពេលវែងបានប្រសើរហើយដែរ ដូចជាការអនុវត្តកិច្ចសន្យាការងាររយៈពេល៦ ខែ ១ឆ្នាំ ឬ លើសពីនេះ ប៉ុន្តែលោកមិនដឹងពីចំនួនប្រាកដទេ ។ លោកបន្ថែមថា រោងចក្រភាគច្រើនគឺមានពេទ្យប្រចាំការ និងមានកន្លែងសមា្រកពិសារបាយសមរម្យ។

តួរនាទីរបស់​សហជីពឯករាជ្យ​មាន​ភាព​ចាំ​បាច់​ដើម្បី​ជម្រុញឲ្យ​មានការគោរព​សិទ្ធិ​និងលក្ខខណ្ឌការងារ​របស់កម្មករ

យោងតាមច្បាប់ស្តីពីការងារ មាត្រា ២៦៦ បានចែងអំពីសិទ្ធិក្នុងការបង្កើតសហជីព។ មាត្រានេះ បញ្ជាក់ថា សហជីពអាចបង្កើតឡើងដោយគ្មានការប្រកាន់អ្វីទាំងអស់ និងដោយពុំចាំបាច់មានការអនុញ្ញាតជាមុននោះទេ។ កម្មករនិយោជិតមានសិទ្ធិបង្កើតអង្គការវិជ្ជាជីវៈ តាមការជ្រើសរើសរបស់ខ្លួនក្នុងគោលបំណងសម្រាប់តែការសិក្សា ការលើកតម្កើងផលប្រយោជន៍ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសម្ភារៈជាសមូហភាព និងជាឯកត្តជន ចំពោះបុគ្គលដែលលក្ខន្តិកៈរបស់អង្គការនោះបានកំណត់។

មន្ត្រីតំណាងក្រសួងការងារប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដដែល លោក ម៉ី គីន អះអាងថាខាងមន្រ្តីក្រសួង​តែងចុះប្រជុំនៅតាមមូលដ្ឋានដែលកម្មករស្នាក់នៅ និងតាមបណ្តាសហគ្រាស ដើម្បីឱ្យកម្មករយល់ដឹងពីសិទ្ធិ និងច្បាប់ការងារផ្សេងៗ។

ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យកម្មករនៅតំបន់នេះ ទាក់ទងមកតំណាងក្រសួងផ្ទាល់នៅពេលមានបញ្ហាប្រឈមកើតឡើង ហើយខាងលោកនឹងចុះសម្របសម្រួលដោះស្រាយភ្លាមៗតែម្តង។ លើសពីនេះ លោកក៏ចង់ឱ្យមានសហជីពច្រើន នៅតំបន់នេះ ដើម្បីរួមគ្នាលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករ ប៉ុន្តែចំពោះការរិតត្បិតសេរីភាព និងការរើសអើងសហជីព ពិសេសសហជីពឯករាជ្យនោះ ខាងលោកមិនដែលទទួលបានព័ត៌មាន​ឡើយ។

លោកអះអាងថា ប្រសិនបើមានករណីដូចការលើកឡើងមែន ខាងក្រសួងនឹងចេញលិខិតអញ្ជើញភាគីនិយោជកមកណែនាំឱ្យពួកគេយល់ពីច្បាប់សហជីពថ្មីក្នុងពេលឆាប់ៗ។ ​

យ៉ាងណាលោកថា ប្រសិនបើតំបន់នេះមានវត្តមានសហជីពឯករាជ្យ​នឹងបង្កភាពប្រសើរ ទីមួយសហជីពអាចជួយពង្រឹងលក្ខខណ្ឌការងារ រាល់ចំណុចខ្វះខាតខាងក្រសួងមិនបានចុះដិតដល់។ លោកថា សហជីពធ្វើការជាមួយនិយោជកផ្ទាល់ មានន័យថាម្ចាស់សហគ្រាសផ្ទាល់ ហើយនៅពេលសហជីព​សង្កេតឃើញមានបញ្ហាអីកើតឡើង ពួកគេអាចទាមទារឬអាចប្តឹងមកខាងការិយាល័យតំណាងក្រសួងដើម្បីជួយអន្តរាគមន៍ផងដែរ។

តំណាងនិយោជកលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង លោក កាំង ម៉ូនីកា និយាយថា កម្មករអាចរួមគ្នាបង្កើតសហជីពដោយគ្មានការរើសអើង ឱ្យតែការបង្កើតសហជីពនោះធ្វើឡើងស្របទៅតាមផ្លូវច្បាប់។ លោកថា ប្រសិនបើនិយោជកណា ដែលមិនបានគោរពតាមច្បាប់ កម្មករ និង ក្រុមសហជីពមិនត្រឹមតែអាចប្តឹងទៅមន្ទីរការងារខេត្តឱ្យជួយដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចប្តឹងទៅអង្គការអន្តរជាតិផ្នែកការងារបានទៀតផង។

លោក អាន រ៉ាម៉ា យល់ថា អ្នកដែលអាចដោះស្រាយបញ្ហាប្រឈមរបស់កម្មករ និងបញ្ហាការរើសអើងសហជីព ពិសេសសហជីពឯករាជ្យបាន រួមមានក្រសួងការងារ ស្ថាប័នសមាគមនិយោជក និងភាគីតំណាងកម្មករ ឬសហជីពតែម្តង។ លោកថា ស្ថាប័នទាំងនោះ គប្បីចាត់វិធានការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅតំបន់សេដ្ឋកិច្ចពិសេសមួយនេះចាប់ពីដើមឆ្នាំ២០១៩  ស្របពេលរដ្ឋាភិបាលកំពុងបង្ហាញការយកចិត្តទុកដាក់ដល់កម្មករលើវិស័យកាត់ដេរ និងវិស័យផ្សេងទៀត។

ប្រធានសហភាពសហជីពកម្ពុជា លោក អាត់ ធន់ ជម្រុញឲ្យកម្មករនិយោជិតខ្លួនឯង ឲ្យក្លាហាន ហ៊ានចូលរួមសកម្មភាព ឬ ចូលរួមការបណ្តុះបណ្តាលផ្សេងៗជាមួយសហជីពដែលការពារផលប្រយោជន៍ជូនកម្មករពិតប្រាកដ។ លោកលើកទឹកចិត្ត ឱ្យកម្មករ ហ៊ានដាក់ពាក្យប្តឹងនៅពេលដែលមានការរំលោភបំពានកើតឡើង ព្រោះសហជីពមិនអាចទៅតំណាង ឬ ជួយពួកគាត់ទាំងស្រុងទេ ប្រសិនបើកម្មករមិនព្រមជួយខ្លួនឯងជាមុន។

របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញទៅរដ្ឋាភិបាល ដោយធានាឲ្យមានសេរីភាពសមាគម និងសហជីពនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញការងារជូនកម្មករ ឬសមាជិករបស់ពួកគេដោយគ្មានការរើសអើង និងគំរាមកំហែង។

លោក អាន រ៉ាម៉ា  ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋាភិបាល និងនិយោជក បង្កើតការិយាល័យសហជីព និងមានតំណាងសហជីពអាចបំពេញការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែម្តង ដើម្បីងាយស្រួលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់កម្មករ និងអាចជួយលើកកម្ពស់ការយល់ដឹងដល់ពួកគាត់ តាមរយៈការបើកវគ្គបណ្តុះបណ្តាល ជួបប្រជុំបង្រៀនពីច្បាប់ឬ សិទ្ធិនានាដល់កម្មករ៕


ចំណាំ៖ «ការស្រាវជ្រាវនេះ គឺត្រូវបានផលិតឡើងជាមួយនឹងគាំទ្រដោយមូលនិធី Rosa Luxemburg ជាមួយការផ្តល់មធ្យោបាយផ្នែកហិរញវត្ថុ នៃក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍»។

គាំទ្រដោយ

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ