អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្ថិតក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរថយន្តព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ នៅព្រឹកថ្ងៃនេះ។
របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា រថយន្តដឹកនាំសម្ដេចក្រុមព្រះ និងព្រះជាយាអ្នកម្នាង អ៊ុក ផល្លា បានបុកគ្នាជាមួយរថយន្តតាក់ស៊ី នៅម៉ោងជិត ៩ព្រឹកថ្ងៃនេះ នៅភូមិអូរតាសេក ស្ថិតក្នុងស្រុកព្រៃនប់។
បើតាមរបាយការណ៍ដដែល ក្រៅពីសម្ដេចក្រុមព្រះ និងព្រះជាយា មនុស្ស ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា សម្ដេចក្រុមព្រះ និងអ្នកម្នាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅខេត្តព្រះសីហនុ បន្ទាប់ពីរងរបួសធ្ងន់ ក្រោយរថយន្តទាំងពីរបុកគ្នា។
បើតាមអ្នកនាំពាក្យរូបនេះ សម្ដេចក្រុមព្រះ និងអ្នកម្នាង ស្ថិតក្នុងដំណើរចុះទៅជួបសំណេះសំណាលជាមួយសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចនៅឯខេត្តកំពត និងបន្តដំណើរទៅខេត្តព្រះសីហនុ។
សម្ដេចក្រុមព្រះ និងអ្នកម្នាង បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍កម្រិតធ្ងន់ម្ដងរួចមកហើយកាលពីឆ្នាំ២០១៥ អំឡុងពេលធ្វើដំណើរត្រឡប់មកពីជួបអ្នកគាំទ្រគណបក្សរាជានិយមនៅឯខេត្តកំពង់ចាម៕