ពលរដ្ឋ៤នាក់ត្រូវបានតុលាការខេត្តព្រះសីហនុឃុំខ្លួនជុំវិវាទដីធ្លីជាមួយឧកញ៉ា

អ្នកមានជម្លោះដីធ្លី៤នាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោយមានវិវាទដីធ្លីជាមួយ​ឧញ្ញ៉ាម្នាក់នៅខេត្តនេះ។

ពលរដ្ឋ​ ៦​នាក់ មក​ពី​​ឃុំអូរត្រេះ ​ស្រុក​ស្ទឹងហាវ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុចាប់​ខ្លួនទាំង​គ្មាន​ដីកា​របស់​តុលាការ​កាលពីចុង​សប្ដាហ៍​កន្លង​មក​នេះ ទៅ​តាម​បណ្ដឹង​របស់​លោក តាន់ តាត់ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ពលរដ្ឋ​ទាំង​នោះ​រង​ការ​ចោទ​ថា រស់នៅ​លើ​ដី​អ្នក​ដទៃ​ដោយ​ខុសច្បាប់។

ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី ៨ឧសភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ឡូត ផារី បានបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នពលរដ្ឋ៤នាក់ក្នុងចំណោម៦នាក់ ដោយចោទពីបទ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។

ប្រធានសមាគមដីធ្លី​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត និយាយថា វិវាទដីធ្លីនេះហាក់មានភាពចម្រូងចម្រាស់​ ដោយថា ពលរដ្ឋបានទៅរស់នៅលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩២ ដោយ​មានការទទួលការស្នាក់នៅពីអាជ្ញាធរមូលដ្ឋាន​នៅឆ្នាំ២០០៣ ប៉ុន្តែ លោក​ថា លោក តាន់ តាត់ មានប័ណ្ណកាន់កាប់លើដីកំពុងមានជម្លោះនោះចេញនៅឆ្នាំ១៩៩៥។

លោក ស៊ុន សុផាត បាន​ស្នើ​ទៅតុលាការឲ្យ​ធ្វើការដោយឯករាជ្យ និងយកយន្តការច្បាប់មកអនុវត្ត និងត្រូវស្រាវជ្រាវជុំវិញការធ្វើប័ណ្ណឲ្យភាគដើមបណ្តឹងផងដែរ។

លោកបន្ថែមថា«ក្នុងនាមខ្ញុំតំណាងសហគមន៍ខ្ញុំអំពាវនាវឲ្យតុលាការ និងអាជ្ញាធរជួយស្រាវជ្រាវនិងពិនិត្យ មើលសុំណុំរឿងសហគមន៍អូរខ្សាច់ហ្នឹងឲ្យបានច្បាស់លាស់កុំឲ្យអ្នកមានលុយមានអំណាចរំលោភលើសិទ្ធ របស់សហគមន៍ដែលកំពុងតែរងគ្រោះនេះ ហើយសូមឲ្យអ្នកសារព័ត៌មានជួយផ្សាយផងដើម្បីពលរដ្ឋហ្នឹងរក បាននូវភាពយុត្តិធម៌មកវិញ»

បើតាមតំណាងពលរដ្ឋ អ្នកភូមិ ៥៦គ្រួសារដែលមានជម្លោះដីធ្លីជាមួយលោក តាន់ តាត់ ជុំ​វិញ​ដី​ទំហំ ៨៤ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ