តុលាការកោះហៅតំណាងសហគមន៍ខណៈពលរដ្ឋតវ៉ាឲ្យទម្លាក់ចោលបទចោទ

រូបភាពពីហ្វេសប៊ុក មាតាធម្មជាតិ

ក្រុមប្រជាពលរដ្ឋ នៅខេត្តកណ្តាល អះអាងថា ពួកគេប្រមាណ៥០នាក់នៅថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្តកណ្តាល ដើម្បីសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ខណៈតំណាងរបស់ពួកគេពីរនាក់ចូលបំភ្លឺ តាមបណ្តឹងរបស់ក្រុមហ៊ុនចំនួន៣ ដែលប្តឹងពួកគេ ពាក់ព័ន្ធរឿងតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ដែលធ្វើឲ្យបាក់ផ្ទះពលរដ្ឋពេលកន្លងមក។

ក្នុងដីកាកោះចំនួនបីចុះថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ដូចគ្នា អយ្យាការអមសាលាដំបូងខេត្តកណ្តាល លោក លាវ ស្រេង បានកោះហៅ តំណាងពលរដ្ឋបីនាក់មានលោក ហែម ហឿន អ្នកស្រី លី លាភ ឲ្យចូលបំភ្លឺនៅតុលាការថ្ងៃ៣០នេះ និងអ្នកស្រី មុត ប៉ុម ឲ្យចូលបំភ្លឺនៅថ្ងៃស្អែកទី៣១ខែតុលា តាមបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនបូមខ្សាច់ចំនួន៣ មានអ្នកស្រី វណ្ណ គឹមផា លោក ហាក់ សុង និងលោក ឡេង​ជិន ដែលប្តឹងពីបទញុះញង់ឲ្យមានហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាដល់ការវិនិយោគ។

តំណាងពលរដ្ឋម្នាក់អ្នកស្រី មុត ប៉ុម ឲ្យដឹងថា ក្រុមហ៊ុនចំនួនបីមានក្រុមហ៊ុន ពោនិរន្តរិ៍ ក្រុមហ៊ុន ឡុង ជីញ និងក្រុមហ៊ុន ហាក់ សុង ទទួលបានសិទ្ធិវិនិយោគធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល រយៈពេលជាង៣ឆ្នាំហើយ ដោយថា អំឡុងពេលក្រុមហ៊ុនទាំងនោះប្រតិបត្តិការបូមខ្សាច់ បានធ្វើឲ្យបាក់ច្រាំងទន្លេបង្ករ ការខូចខាតដល់ផ្ទះប្រជាពលរដ្ឋនៅទីនោះជាច្រើនខ្នង និងខូចខាតផលដំណាំជាច្រើនហិកតាទៀត។

អ្នកស្រី បន្តថា ពេលពលរដ្ឋនាំគ្នាតវ៉ាទាមទារសំណង និងបញ្ឈប់ការបូមខ្សាច់បែរជាត្រូវក្រុមហ៊ុនទាំងនោះប្តឹងពួកគាត់ថា ញុះញង់ពលរដ្ឋឲ្យតវ៉ា និងធ្វើឲ្យខូចខាតដោយចេតនាដល់ការវិនិយោគទៅវិញ។

អ្នកស្រីបន្ថែមថា «កន្លងមកផ្ទះដែលបាក់ទៅចូលទន្លេហ្នឹងវាមាន៩ខ្នង ហើយក្រោយនេះ១០ខ្នងទៀត តែគ្រាន់ថា វាបាក់ ទៅតែមួយកំណាត់ៗ ហើយផលដំណាំវិញអំពៅខ្ញុំខូចអស់៤០% ហើយតំឡូងវិញវាខូចទាំងស្រុងអស់ហើយត្រូវប្រមូល ផលតាំងពីពាក់កណ្តាលខែ៩នោះហើយឥលូវហ្នឹងតំឡូវហ្នឹងវាលិចរលួយមឿមអស់ហើយ គាស់បានមួយមឿមដែរទុកភុស្ភតាំង»។

តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី លី លាភ និយាយថា ករណីក្រុមហ៊ុនប្តឹងពួកគាត់នេះជារឿងអយុត្តិធម៌បំផុត ដោយថាក្រុមហ៊ុនបង្ករភាពគ្រោះថ្នាក់ដល់ពលរដ្ឋហើយ និងប្តឹងពលរដ្ឋទៅតុលាការថែមទៀត។

អ្នកស្រីបានអំពាវនាវសុំរដ្ឋាភិបាលជួយអន្តរាគមន៍ និងសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ដោយថា ពួកគាត់មិនមានកំហុសដូចការចោទប្រកាន់របស់ក្រុមហ៊ុននោះទេ។

អ្នកស្រីបន្ថែម «ខ្ញុំចង់ឲ្យរដ្ឋាភិបាល និងតុលាការចុះស៊ើបអង្កេតរឿងក្តីហ្នឹងដោយផ្ទាល់ ព្រោះអីវាមិនមែនដូចជាការចោទ ប្រកាន់របស់ក្រុមហ៊ុនទេ ការពិតក្រុមហ៊ុនខុសទាំងស្រុងបូមខ្សាច់បាក់ដីរបស់ប្រជាជនហើយ បាត់ផ្ទះមិនសងហើយថែមទាំងប្តឹងប្រជាជនទៀតដូចវាអយុត្តិធម៌ចំពោះប្រជាជនអ្នកក្រអ្នកអត់ណាស់ ចង់ឲ្យគាត់ចុះទៅមើលដឹងថា ដីនេះបាក់ឥលូវក្រុមហ៊ុនសងប្រជាជនឬអត់ ដូចវាចុះកិច្ចសន្យាជាមួយប្រជាជនអត់? វាធ្វើសន្យាខ្យល់ហ្នឹង ៧គ្រួសារមុនវាគេ សងដី ដល់១០គ្រួសារក្រោយនេះមិនទាន់បានអីណា អត់សោះ អត់សងហើយថែមទាំងប្តឹងពួកខ្ញុំទៀត»។

វិអូឌីមិនអាចសុំម្ចាស់ក្រុមហ៊ុនណាមួយបំភ្លឺបន្ថែមលើបណ្តឹងបណ្តឹងបានទេ។

បើតាមពលរដ្ឋ តំណាងពួកគេ២នាក់ ដែលចូលបំភ្លឺនៅថ្ងៃនេះ មិនត្រូវបានតុលាការឃាត់​ ឬឃុំខ្លួននោះទេដោយតំណាងទាំងពីរនាក់នោះបានមកផ្ទះវិញទាំងអស់គ្នា។

កន្លងមកប្រជា​ពលរដ្ឋ​រាប់រយ​នាក់នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ទៅ​ក្រុមហ៊ុន​បូម​ខ្សាច់ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ដោយ​ពលរដ្ឋ​ថា បាន​ធ្វើ​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេខូចខាតផ្ទះ និងដីដំណាំរបស់ពួកគេ ហើយថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​កាលណោះមាន​ជាង ១០០​គ្រួសារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ