សកម្មជនថាសមត្ថកិច្ចខេត្តកណ្ដាលចាប់ខ្លួនអ្នកការពារបរិស្ថានម្នាក់

សកម្មជនការពារបរិស្ថានម្នាក់ គឺលោក ហ៊ុយ វណ្ណៈ (FB: Mala San)

អ្នកឃ្លាំមើលអះអាងថា កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនអ្នកការពារបរិស្ថានម្នាក់ បន្ទាប់រូបគាត់បានចូលរួមឃ្លាំមើលការទាមទារឲ្យបញ្ឈប់ការបូមខ្សាច់ នៅខេត្តកណ្ដាល។

សមាជិកអង្គការចលនាមាតាធម្មជាតិម្នាក់ គឺលោក ថុន រដ្ឋា ឲ្យ VOD ដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃចន្ទនេះ កម្លាំងសមត្ថកិច្ចប្រមាណជិត២០នាក់ បានចាប់ខ្លួនសកម្មជនការពារបរិស្ថានម្នាក់ គឺលោក ហ៊ុន វណ្ណៈ ហើយដាក់បញ្ចូលទៅក្នុងឡាន ត្រង់ចំណុចភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ មកទល់ពេលនេះ លោកថា មិនទាន់ដឹង សមត្ថកិច្ចនាំខ្លួនសកម្មជនបរិស្ថានរូបនោះ ទៅដល់ទីណានោះទេ។ ប៉ុន្ដែលោកថា ទំនងជានាំទៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក ថុន រដ្ឋា អះអាងថា ការចាប់ខ្លួននេះ គឺបន្ទាប់ពីសកម្មជនបរិស្ថានរូបនោះ បានចូលរួមឃ្លាំមើលការប្រជុំពិភាក្សាគ្នា រវាងក្រុមហ៊ុនបូមខ្សាច់ឈ្មោះ ឡេង ជីង និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃចន្ទនេះ ដោយថា ដើម្បីឲ្យក្រុមហ៊ុន ឡេង ជីង បញ្ឈប់ការបូមខ្សាច់ នាំឲ្យបាក់ច្រាំងនិងផ្ទះពលរដ្ឋជាបន្ទាន់។

លោកថា៖ «អ្នកភូមិហ្នឹង គឺគាត់ប្រជុំជាមួយអាជ្ញាធរ​និងក្រុមហ៊ុន​ ដើម្បីរកដំណោះស្រាយថ្ងៃហ្នឹង ហើយគាត់ call ហៅបង ហ៊ុយ ​វណ្ណៈ ដែលជាសកម្មជនមាតាធម្មជាតិ ទៅចូលរួមឃ្លាំមើល។​ រហូតដល់១២កន្លះមក គឺបងវណ្ណៈ គាត់ចេញមកញាំបាយហ្នឹង គាត់ត្រូវបានកម្លាំងប៉ូលិស ចាប់ខ្លួន រុញចូលឡាន ហើយធ្វើការដឹកយកមក ឮថាដឹកថា តម្រង់ទៅតាខ្មៅ»។

VOD មិនអាចទាក់ទងតំណាងក្រុមហ៊ុន ឡេង ជីង ដើម្បីបំភ្លឺបានទេ។​

ប៉ុន្ដែស្នងការរងនគរបាលខេត្តកណ្ដាល លោក ឈុន ស៊ីណាត បដិសេធថា មិនមានករណីចាប់ខ្លួនអ្នកការពារបរិស្ថានឡើយ ដោយលោកបែរជាឆ្លើយថា ជាព័ត៌មានមិនពិត និងបំពុលសង្គមទៅវិញ។

ប្រជាពលរដ្ឋម្នាក់ អះអាងថា បានឃើញហេតុការណ៍ដោយផ្ទាល់ លោក ជា ចន្ទ ប្រាប់ VOD ថា នៅពេលថ្ងៃត្រង់នោះ មានកម្លាំងសមត្ថកិច្ចជាច្រើននាក់ចូលមកចាប់ខ្លួនលោក ហ៊ុន វណ្ណៈ បញ្ចូលឡាន ហើយលោកថា ក៏មានប្រជាពលរដ្ឋផ្សេងទៀត ចោមរោមមើលហេតុការណ៍នោះផងដែរ។ លោកថា មកដល់ពេលនេះ មិនទាន់លេចឮដំណឹងពីសុខទុក្ខរបស់លោក ហ៊ុន វណ្ណៈ នៅឡើយទេ។

យ៉ាងណាក៏ដោយ សមាជិកអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ចាត់ទុកការចាប់ខ្លួនអ្នកធ្វើការផ្នែកបរិស្ថាននេះថា ជាការគំរាមកំហែង និងខុសនឹងនីតិវិធីច្បាប់។ បច្ចុប្បន្ន លោកថា កំពុងស្វែងរកជំនួយពីអង្គការផ្នែកសិទ្ធិមនុស្ស ដើម្បីជួយអន្ដរាគមន៍ករណីនេះ៕

រាយការណ៍បន្ថែមដោយ លោក ពេជ្រ ចំរុង​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ