ប្រទេសស្រីលង្កាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរកំពង់ផែ Hambantota នៅភាគខាងត្បូងប្រទេស ទៅឲ្យចិន ដោយមិនខ្វល់ទៅនឹងការជំទាស់ពីក្រុមបក្សប្រឆាំង ដែលទាមទារឲ្យនាំយកបញ្ហានេះទៅជជែកគ្នាក្នុងសភានោះឡើយ។
កំពង់ផែ Hambantota ដែលមានតម្លៃ ១.១ពាន់លានដុល្លារនោះ ត្រូវបានពន្យាពេលសាងសង់ជាយូរមកហើយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនរដ្ឋចំនួនពីរ មានអាជ្ញាធរកំពង់ផែស្រីលង្កា និងក្រុមហ៊ុនចិន China Merchants Port Holdings ដើម្បីដោះស្រាយប្រតិបត្តិការពាណិជ្ជកម្មនៅកំពង់ផែនេះ ដែលត្រូវបានសាងសង់ និងផ្ទេរឲ្យចិនកាន់កាប់រយៈពេល ៩៩ឆ្នាំ។
នៅក្នុងកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនចិននឹងកាន់កាប់ភាគហ៊ុន ៧០ភាគរយ រួមគ្នាជាមួយអាជ្ញាធរកំពង់ផែស្រីលង្កា ដើម្បីគ្រប់គ្រងកំពង់ផែនេះ ដែលជាផ្នែកមួយនៃការបង្វែរកម្ចី ៦ពាន់លានដុល្លារដែលស្រីលង្កាជំពាក់ចិន ទៅជាការវិនិយោគទៅវិញ។
នាយករដ្ឋមន្ត្រីស្រីលង្កា លោក មហិន្ទ្រា សាម៉ារ៉ាសិង្ហ បានប្រាប់មហាជននៅកំពង់ផែកូឡុំបូថា លោកអរគុណដល់ចិន ដែលបានរៀបចំឲ្យមានការវិនិយោគបែបនេះ ដើម្បីជួយសង្គ្រោះប្រទេសពីអន្ទាក់បំណុល។
លោកបន្តថា ក្រុមហ៊ុនចិននឹងវិនិយោគទឹកប្រាក់ ៦០០លានដុល្លារបន្ថែមទៀត ដើម្បីធ្វើឲ្យកំពង់ផែ Hambantota មានដំណើរការ ខណៈដែលទឹកប្រាក់ ១.១២ពាន់លានដុល្លារដែលបានមកពីកិច្ចព្រមព្រៀងនេះ នឹងត្រូវប្រើប្រាស់សម្រាប់ដោះបំណុលប្រទេសចិន៕